នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

តែងតែនឹកចាំអធិស្ឋានឲ្យ

តែងតែនឹកចាំអធិស្ឋានឲ្យ

ដោយLisa Samra

July 23, 2023

ខ្ញុំ​អរព្រះគុណ​ដល់​ព្រះ​នៃ​ខ្ញុំ ទាំង​ដំណាល​ពី​អ្នកជា​និច្ច ក្នុង​កាលដែល​ខ្ញុំ​អធិស្ឋាន​ផង។ ភីលេម៉ូន ១:៤ លោក​ម៉ាល​ខុម ខ្លោត(Malcolm Cloutt) បាន​ក្លាយជា​អ្នកទទួល​រង្វាន់​កិត្តិយស Maundy Money ឆ្នាំ២០២១ ពី​ក្សត្រី​អេលីហ្សាប៊ែត ទី២(Elizabet II) ជា​កម្មវិធី​ដែលគេ​ប្រារព្ធ​ធ្វើ​ប្រចាំឆ្នាំ ដើម្បីឲ្យ​រង្វាន់​ដល់​បុរស ឬ​ស្រ្តី​អង់គ្លេស​ណា​ដែល​មាន​ភាព​លេចធ្លោ។ នៅ​ថ្ងៃ​ទទួល​រង្វាន់​នោះ លោក​ខ្លោត​មាន​អាយុ១០០ឆ្នាំ​ហើយ។ គាត់​បាន​ទទួល​រង្វាន់​កិត្តិយស​នេះ ដោយសារ​គាត់​បាន​ចែក​ព្រះគម្ពីរ​ដោយ​ផ្ទាល់ដៃ បាន១ពាន់​ក្បាល ក្នុង​មួយ​ជីវិត​គាត់។ លោក​ខ្លោត​ក៏បាន​ធ្វើការ​កត់ត្រា អំពី​អ្នក​ដែល​បាន​ទទួល​ព្រះគម្ពីរ១ក្បាល​ពី​គាត់ ហើយក៏​បាន​អធិស្ឋាន​ឲ្យ​ពួក​គេ​ជា​ទៀងទាត់។ ភាព​ស្មោះត្រង់​របស់​លោក​ខ្លោត ក្នុង​ការអធិស្ឋាន ជា​គំរូ​នៃ​សេចក្តី​ស្រឡាញ់​ដ៏​មានអំណាច ដែល​យើង​ឃើញ​មាន ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ​របស់​សាវ័ក​ប៉ុល ក្នុង​កណ្ឌ​គម្ពីរសញ្ញាថ្មី។ ជា​ញឹកញាប់ សាវ័ក​ប៉ុល​បាន​លើកទឹកចិត្ត​អ្នកទទួល​សំបុត្រ​របស់​គាត់​ថា គាត់​បាន​អធិស្ឋាន​ឲ្យ​ពួក​គេ​ជា​ទៀងទាត់។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​ផ្ញើ​ទៅ​មិត្តសំឡាញ់​គាត់ ឈ្មោះ ភីលេម៉ូន គាត់​បាន​សរសេរ​ថា “ខ្ញុំ​អរព្រះគុណ​ដល់​ព្រះ​នៃ​ខ្ញុំ ទាំង​ដំណាល​ពី​អ្នកជា​និច្ច ក្នុង​កាលដែល​ខ្ញុំ​អធិស្ឋាន​ផង”(ភីលេម៉ូន ១:៤)។ ក្នុង​សំបុត្រ​ដែល​គាត់​សេរ​សេរ​ផ្ញើ​ទៅ​លោក​ធីម៉ូថេ គាត់​សរសេរ​ថា “ខ្ញុំ​អរព្រះគុណ​ដល់​ព្រះ ដែល​ខ្ញុំបំរើ​ដោយ​បញ្ញា​ចិត្ត​ដ៏​បរិសុទ្ធ ដូចជា​ពួក​ឰយុកោ​ខ្ញុំ​ដែរ ដោយ​ព្រោះ​ខ្ញុំ​នឹក​ចាំ​ពី​អ្នកជា​និច្ច ក្នុង​កាលដែល​ខ្ញុំ​ទូល​អង្វរ ទាំងយប់​ទាំង​ថ្ងៃ”(២ធីម៉ូថេ ១:៣)។ ក្នុង​សំបុត្រ​ដែល​គាត់​បាន​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​រ៉ូម គាត់​បាន​និយាយ​សង្កត់ធ្ងន់​ថា គាត់​បាន​នឹក​ចាំ​អធិស្ឋាន​ឲ្យ​ពួក​គេ​ជានិច្ច និង​គ្រប់ពេលវេលា(រ៉ូម ១:៩-១០)។ យើង​ប្រហែល​មិន​មាន​មនុស្ស១ពាន់​នាក់ សម្រាប់​អធិស្ឋាន​ឲ្យ ដូច​លោក​ម៉ាលខុម​ឡើយ តែ​ការអធិស្ឋាន​អស់ពី​ចិត្ត ឲ្យ​អ្នក​ដែល​យើង​ស្គាល់ មានអំណាច​ណាស់ ព្រោះ​ព្រះ​ទ្រង់​ឆ្លើយតប​ការអធិស្ឋាន​របស់​យើង។ ពេលណា​ខ្ញុំ​បាន​ទទួលការ​បណ្តាល​ចិត្ត និង​ព្រះ​ចេស្តា​ពី​ព្រះវិញ្ញាណ​បរិសុទ្ធ ដើម្បី​អធិស្ឋាន​ឲ្យ​នរណា​ម្នាក់ ខ្ញុំ​បាន​ប្រើ​ប្រតិទិន សម្រាប់​បែងចែក​ពេល​អធិស្ឋាន​ឲ្យ​ពួក​គេ។ ការ​សរសេរ​ឈ្មោះ​មនុស្ស​ខុសៗគ្នា ដាក់​ក្នុង​កាលវិភាគ​ប្រចាំថ្ងៃ ឬ​ប្រចាំ​សប្តាហ៍ ក្នុង​ប្រតិទិន​របស់ខ្ញុំ បាន​ជួយ​ឲ្យ​ខ្ញុំ​មាន​ភាព​ស្មោះត្រង់ ក្នុង​ការអធិស្ឋាន​ឲ្យ​ពួក​គេ​ជា​ទៀងទាត់។ ការ​នឹក​ចាំ​អធិស្ឋាន​ឲ្យ​អ្នកដទៃ គឺជា​ការ​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​ប្រពៃ​ណាស់។—LISA M. SAMRA

តើ​ធ្វើ​ដូចម្តេច​ឲ្យ​អ្នក​អាច​អធិស្ឋាន ឲ្យ​អ្នកដទៃ ជា​ទៀងទាត់? តើ​អ្នក​បាន​ទទួល​ព្រះពរ​យ៉ាងណា​ខ្លះ តាមរយៈ​ការអធិស្ឋាន​សម្រាប់​​អ្នកដទៃ?

ឱ​ព្រះ​វរបិតា សូម​ព្រះអង្គ​ជួយ​ទូលបង្គំ ឲ្យ​មាន​ភាព​ស្មោះត្រង់ ក្នុង​ការអធិស្ឋាន ដោយ​ដឹង​ថា ព្រះអង្គ​តែងតែ​ស្តាប់​ឮ​ទូលបង្គំ​ជានិច្ច។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៣៣-៣៤ និង កិច្ចការ ២៤

ល្ងាច

Devotional illustration

ពេលដែលមានការគំរាមកំហែងខុសពីធម្មតា

ដោយJohn Piper

July 23, 2023

បើសិនជា​គេ​តិះដៀល​អ្នករាល់គ្នា ដោយ​ព្រោះ​ព្រះគ្រីស្ទ នោះ​មាន​ពរ​ហើយ ពីព្រោះ​ព្រះវិញ្ញាណ​ដ៏​មាន​សិរីល្អ គឺជា​ព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់សណ្ឋិត​លើ​អ្នករាល់គ្នា​ហើយ។ ១ពេត្រុស ៤:១៤ គ្រីស្ទបរិស័ទ​ជាច្រើន ក្នុង​ពិភពលោក​នេះ មិនបាន​ដឹង​អំពី​គ្រោះថ្នាក់​ដែល​គំរាមកំហែង​ជីវិត ដោយសារ​យើង​ជឿ​ព្រះគ្រីស្ទ​នោះ​ឡើយ។ យើង​មាន​ភាពស៊ាំ​នឹង​ការរស់នៅ ដោយ​គ្មាន​ការបៀតបៀន​ទាំងនោះ។ រឿង​នេះ​ហាក់ដូចជា​គ្មានអ្វី​ចម្លែក​ទេ។ ហេតុនេះ​ហើយ ពេលណា​យើង​ជួប​ការ​គំរាមកំហែង​ថា គេ​នឹង​បៀតបៀន​យើង នោះ​ជា​ញឹកញាប់ ប្រតិកម្ម​ឆ្លើយតប​ទីមួយ​របស់​យើង គឺ​ច្រើនតែ​បង្ហាញ​ចេញ​មក ដោយ​កំហឹង។ ប៉ុន្តែ កំហឹង​នោះ​អាច​ជា​សញ្ញា​បង្ហាញថា យើង​កំពុងតែ​ភ្លេច​ថា យើង​ជា​អ្នក​ប្រទេសក្រៅ និង​អ្នក​ដែល​គ្រាន់តែ​សំណាក់​នៅ (“ឱ​ពួក​ស្ងួនភ្ងា​អើយ ខ្ញុំ​ទូន្មាន​អ្នករាល់គ្នា​ទុកដូចជា​ពួក​ប្រទេសក្រៅ ហើយ​ដូចជា​ពួក​អ្នក​ដែល​គ្រាន់តែ​សំណាក់​នៅ​ថា​… “១ពេត្រុស ២:១១)។ ប្រហែលជា​យើង​បាន​រស់នៅ​សុខ​ស្រួល​ពេក ក្នុង​ពិ​ភលោក​​នេះ។ យើង​មិន​មាន​អារម្មណ៍​ថា ចង់ទៅ​នៅជា​មួយ​ព្រះគ្រីស្ទ ដូច​សាវ័ក​ប៉ុល​ទេ ៖ “ឯ​យើង​រាល់គ្នា យើង​ជា​សាសន៍​ស្ថានសួគ៌​វិញ ក៏​នៅចាំ​ព្រះអម្ចាស់​យេ​ស៊ូ​វ​គ្រីស្ទ ជា​ព្រះអង្គ​សង្គ្រោះ ទ្រង់​យាង​មក​ពី​ស្ថាន​នោះ​ឯង”(ភីលីព ៣:២០)។ គ្រីស្ទាន​ជាច្រើន​ត្រូវការ​ឲ្យ​គេ​រំឭក​ថា “ពួក​ស្ងួនភ្ងា​អើយ កុំ​ឲ្យ​មាន​ប្លែក​ក្នុងចិត្ត ដោយ​ភ្លើង​ដ៏​ក្តៅក្រហាយ ដែល​កំពុងតែ​ល្បង​អ្នករាល់គ្នា ទុកដូចជា​កើតមាន​សេចក្តី​ចំឡែក​នោះ​ឡើយ”(១ពេត្រុស ៤:១២)។ រឿង​នេះ​មិន​មាន​អ្វី​ចម្លែក​ទេ។ តើ​អ្នក​ធ្លាប់​ឆ្ងល់​ទេ​ថា អ្នក​នឹង​ធ្វើ​ដូចម្តេច​ខ្លះ ក្នុង​ពេល​ល្បង​ល​ជំនឿ​ដែល​ខ្លាំង​បំផុត​ត? ឧបមា​ថា មាន​ខ្មាន់​កាំភ្លើង​ម្នាក់​បានឃើញ​អ្នក ហើយ​សួរ​អ្នក​ថា “អ្នកជា​គ្រីស្ទាន​មែនទេ?” ព្រះបន្ទូល​ព្រះ​អាច​ជួយ​យើង​ឲ្យ​មាន​សង្ឃឹម​ឡើង ដើម្បី​ត្រៀមខ្លួន​សម្រាប់​ការ​ល្បង​ល​នេះ បាន​ល្អ​លើស​ការ​គិត​របស់​យើង។ គឺ​ដូចដែល​កណ្ឌ​គម្ពីរ​ពេត្រុស​បាន​ចែងថា “បើសិនជា​គេ​តិះដៀល​អ្នករាល់គ្នា ដោយ​ព្រោះ​ព្រះគ្រីស្ទ នោះ​មាន​ពរ​ហើយ ពីព្រោះ​ព្រះវិញ្ញាណ​ដ៏​មាន​សិរីល្អ គឺជា​ព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់សណ្ឋិត​លើ​អ្នករាល់គ្នា​ហើយ”(១ពេត្រុស​ស ៤:១៤)។ ត្រង់​ចំណុច​នេះ សាវ័ក​ពេត្រុស​បាន​លើកទឹកចិត្ត​យើង​ថា ក្នុង​ពេល​ដែល​យើង​ជួប​ការ​គំរាមកំហែង​ខុសធម្មតា(ទោះជា​ការ​ជេរ​ប្រ​ទិច ឬ​សេចក្តី​ស្លាប់​ក្តី) “ព្រះវិញ្ញាណ​ដ៏​មាន​សិរីល្អ គឺជា​ព្រះវិញ្ញាណ​នៃ​ព្រះ ទ្រង់សណ្ឋិត​លើ” យើង​រាល់គ្នា។ តើ​ការ​នេះ​មិន​មានន័យថា ព្រះ​ទ្រង់ប្រទាន​ជំនួយ​ពិសេស ក្នុង​ពេល​ដែល​មាន​វិបត្តិ ដល់​អ្នក​ដែល​រងទុក្ខ​ដោយសារ​ជំនឿ​ទេ​ឬ? ខ្ញុំ​មិន​ចង់​មានន័យថា គាត់​មិន​មានទុក្ខ​លំបាក​ដទៃទៀត ដូច​យើង​នោះ​ទេ។ ខ្ញុំ​គ្រាន់តែ​ចង់​មានន័យថា លោក​ពេត្រុស​កំពុង​ព្យាយាម​ពន្យល់​យើង​ថា អ្នក​ដែល​រងទុក្ខ “ដោយសារ​ព្រះនាម​ព្រះគ្រីស្ទ” និង​បាន​ទទួលការ​សណ្ឋិត​នៅជា​ពិសេស នៃ “ព្រះវិញ្ញាណ​ដ៏​មាន​សិរីល្អ ជា​ព្រះវិញ្ញាណ​នៃ​ព្រះ”។ ចូរ​អធិស្ឋាន​សូមឲ្យ​អ្នកទទួល​បាន​បទពិសោធន៍​នេះ ពេល​ដែល​ការ​ល្បង​លម​ក​ដល់។ ពេលនោះ ព្រះ​ទ្រង់​នឹង​ប្រទាន​ការ​ស៊ូទ្រាំ លើស​ពេលណា​ទាំងអស់។ ចូរ​សង្ឃឹម​ឡើង។

ប្រភេទ