អ្នកធ្វើការតូចទាបថ្វាយព្រះអម្ចាស់

អស់ទាំង​អវយវៈ​ក្នុង​រូបកាយ ដែល​មើលទៅដូចជា​ខ្សោយ​ជាងគេ នោះ​មានប្រយោជន៍​ជាជាង​វិញ។ ១កូរិនថូស ១២:២២

មិត្តភក្ដិ​របស់ខ្ញុំ​ម្នាក់ ធ្វើការ​ក្នុង​មន្ទីរពេទ្យ​នៅ​លើ​កប៉ាល់ ដែល​មានឈ្មោះ​ថា សេចក្តី​មេត្តាករុណា​អាហ្វ្រិក ដែល​បាន​នាំ​សេ​វ៉ា​ព្យាបាល​ដោយ​ឥតគិតថ្លៃ ទៅកាន់​ប្រទេស​ក្រីក្រ។ ជា​រៀង​រាល់​ថ្ងៃ បុគ្គលិក​ពេទ្យ​នៅ​លើ​កប៉ាល់​នេះ បាន​ព្យាបាល​អ្នកជំងឺ​រាប់​រយ​នាក់ ដែល​គ្មាន​លទ្ធភាព​ស្វែងរក​ការ​ព្យាបាល​នៅកន្លែង​ផ្សេង។

បុគ្គលិក​ស្ថានីយ​ទូរទស្សន៍​មួយ​ក្រុម​បាន​ឡើងកប៉ាល់​នោះ​ម្តងម្កាល ដើម្បី​ថត​សកម្មភាព​របស់​បុគ្គលិក​ពេទ្យ កំពុង​ដេរ​បបូរ​ម៉ាត់​ឆែប​ឲ្យ​ក្មេង​តូច និង​តម្រង់ជើង​ក្មេង​ដែល​លូតលាស់​វៀច។ ជួនកាល ពួក​គេ​ក៏បាន​ចុះទៅ​បន្ទប់​ខាងក្រោម​របស់​នាវា​នោះ ដើម្បី​សម្ភាស​បុគ្គលិក​នាវា តែ​មិន​មាន​នរណា​ម្នាក់​កត់សំគាល់​ការងារ​ដែល​លោក​មី​ក(Mick) កំពុង​ធ្វើ​ឡើយ។

លោក​មី​ក ជា​វិស្វករ បាន​ទទួលស្គាល់​ថា គាត់​មានការ​ភ្ញាក់ផ្អើល ចំពោះ​ការងារ​ដែលគេ​បាន​ចាត់តាំង​ឲ្យ​គាត់​ធ្វើ។ គាត់​មាន​តួនាទី​ថែទាំ និង​ជួសជុល​ប្រព័ន្ធ​លូ​ទឹក​ស្អុយ​របស់​នាវា។ មាន​កាកសំណល់​ជាតិ​រាវ៤ម៉ឺន​លីត្រ ដែលគេ​បាន​ផលិត នៅ​លើ​នាវា ជា​រៀងរាល់ថ្ងៃ ដូចនេះ ការគ្រប់គ្រង​សារធាតុពុល​នេះ គឺជា​កិច្ចការ​ដ៏​សំខាន់។ បើ​គ្មាន​លោក​មីក​មើល​ថែ​បំពង់​លូ និង​ម៉ាស៊ីនបូម​ទឹកលូ​ទាំងនោះ​ទេ នោះ​កម្មវិធី​ព្យាបាល​នៅ​លើ​នាវា​មេត្តាករុណា​អាហ្វ្រិក​នេះ​មុខ​ជា​ជាប់​គាំង​មិនខាន។

ដូចនេះ គេ​ងាយ​នឹង​អបអរ​អ្នក​ដែល​កំពុងធ្វើការ​បម្រើ​ព្រះ នៅ​ជាន់​ខាងលើ​របស់​នាវា ហើយ​ទន្ទឹម​នឹង​នោះ មើល​រំលង​អ្នក​ដែល​កំពុងធ្វើការ​ក្នុង​បន្ទប់​ជាន់ក្រោម។ កាល​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស​បាន​លើក​ដំកើង​អ្នក​ដែល​មាន​អំណោយទាន​ដ៏​អស្ចារ្យ ឲ្យ​ខ្ពស់​ជាង​អ្នកដទៃ សាវ័ក​ប៉ុល​ក៏បាន​រំឭក​ពួក​គេ​ថា អ្នកជឿ​ម្នាក់​ៗ​សុទ្ធតែ​មាន​តួនាទី​នៅក្នុង​ការងារ​បម្រើ​ព្រះ(១កូរិនថូស ១២:៧-២០) ហើយ​អំណោយ​ទាន​នីមួយ​ៗ​សុទ្ធតែ​សំខាន់ ទោះ​អំណោយ​ទាន​នោះ ជា​ការ​ប្រោស​ជំងឺ ឬ​ជួយ​យក​អសារ​អ្នក​ដទៃ​ក្តី(ខ.២៧-៣១)។ តាម​ពិត តួនាទី​​កាន់តែ​តូច​ទាប គឺ​កាន់តែ​សក្តិ​សមនឹង​ទទួល​កត្តិយស (ខ.២២-២៤)។

តើ​អ្នកជា​មនុស្ស​ដែល​កំពុង​មាន​តួនាទី​តូច​ទាប ក្នុង​រូបកាយ​ព្រះគ្រីស្ទ​ឬ? សូមកុំ​បាក់ទឹកចិត្ត​ឡើយ។ កិច្ចការ​ដែល​អ្នកធ្វើ​ថ្វាយព្រះ​អង្គ​មានតម្លៃ​ចំពោះ​ព្រះអង្គ ហើយ​មិន​អាច​ខ្វះ​បាន សម្រាប់​យើង​រាល់គ្នា។—SHERIDAN VOYSEY

តើ​ការប្រៀបធៀប​អំណោយទាន​របស់​អ្នក ជាមួយ​អ្នកដទៃ នាំមក​នូវ​ផលវិបាក​អ្វីខ្លះ? នៅ​ថ្ងៃនេះ តើ​អ្នក​អាច​លើក​ទឹក​ចិត្ត​នរណា​ខ្លះ ដែល​កំពុង​មាន​តួនាទី​តូច​ទាប?

ឱ​ព្រះ​អម្ចាស់ ទូលបង្គំ​សំខាន់​ចំពោះ​ព្រះអង្គ។ ទូលបង្គំ​សូម​អរព្រះគុណ​ព្រះអង្គ ដែល​បាន​កត់សំគាល់​ទូលបង្គំ ទោះ​អ្នកដទៃ​ខ្វល់​អំពី​ទូលបង្គំ​ឬ​អត់​ក៏ដោយ។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៥១-៥៣ និង រ៉ូម ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles