សូមអាន យ៉ាកុប ៥:១៣-២០
ចូរឲ្យអ្នករាល់គ្នាលន់តួទោសនឹងគ្នា ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក ដើម្បីឲ្យបានជាចុះ។ យ៉ាកុប ៥:១៦
មានពេលមួយមិត្តភក្តិខ្ញុំម្នាក់បានផ្ញើសារមកខ្ញុំ ដើម្បីឲ្យយើងទាំងអស់គ្នា នៅក្នុងក្រុមតូច អនុវត្តតាមការបង្រៀនក្នុងបទគម្ពីរ យ៉ាកុប ៥:១៦ សម្រាប់ខែនេះ ដោយបង្កើតបរិយាកាស ដែលមានការទុកចិត្តគ្នាទៅវិញទៅមក និងលាក់ការសម្ងាត់ ដើម្បីឲ្យយើងអាចចែកចាយអំពីបញ្ហាក្នុងជីវិតយើង ក្នុងក្រុម ហើយអធិស្ឋានឲ្យគ្នាទៅវិញទៅមក។
ភ្លាមៗនោះ ខ្ញុំមិនដឹងថា ត្រូវឆ្លើយតបសារគាត់ដូចម្តេចទេ។ សមាជិកក្រុមតូចរបស់យើង បានស្គាល់គ្នាអស់ពេលជាច្រើនឆ្នាំហើយ តែយើងមិនដែលបានចែកចាយ អំពីការឈឺចាប់ និងបញ្ហាដល់គ្នាទៅវិញទៅមក ដោយបើកចំហទេ។ សរុបមក យើងនៅមានការភ័យខ្លាច មិនហ៊ានបើកចំហនៅឡើយទេ។
ប៉ុន្តែ តាមពិត យើងទាំងអស់គ្នា សុទ្ធតែជាមនុស្សមានបាប ហើយយើងសុទ្ធតែមានបញ្ហា។ យើងរាល់គ្នាត្រូវការព្រះយេស៊ូវ។ ការជជែកគ្នាដោយចិត្តស្មោះត្រង់ អំពីព្រះគុណដ៏អស្ចារ្យរបស់ព្រះអង្គ និងអំពីការពឹងផ្អែករបស់យើង ទៅលើព្រះគ្រីស្ទ គឺបានលើកទឹកចិត្តយើង ឲ្យបន្តទុកចិត្តព្រះអង្គ។ ដោយសារយើងមានព្រះយេស៊ូវក្នុងជីវិតយើង នោះយើងអាចឈប់ធ្វើពុតជាមនុស្សដែលគ្មានបញ្ហាក្នុងជីវិត។
ដូចនេះ ខ្ញុំក៏បានយល់ព្រមអនុវត្តតាមបទគម្ពីរនេះ នៅក្នុងក្រុមតូចយើង។ ពីដំបូង យើងមានការខ្មាសអៀន ក្នុងការចែកចាយ។ ប៉ុន្តែ ពេលដែលមានគ្នាយើងម្នាក់ចាប់ផ្តើមចែកចាយ អ្នកផ្សេងទៀតក៏បានចូលរួមចែកចាយផងដែរ។ ទោះគ្នាយើងពីរបីនាក់នៅបន្តស្ងាត់ស្ងៀម ដោយមិនបានចែកចាយអ្វីសោះ យើងមានការយោគយល់គ្នា ដោយគ្មានការដាក់សម្ពាធឡើយ។ យើងក៏បានបញ្ចប់ពេលជួបជុំគ្នានៅថ្ងៃនោះ ដោយការអធិស្ឋានឲ្យគ្នាទៅវិញទៅមក តាមការបង្រៀនរបស់បទគម្ពីរ យ៉ាកុប ៥:១៦។
នៅថ្ងៃនោះ យើងបានដកពិសោធន៍នឹងអំណរនៃការប្រកបគ្នា ជាមួយអ្នកជឿព្រះយេស៊ូវ។ ដោយសារយើងមានជំនឿតែមួយចំពោះព្រះគ្រីស្ទ នោះយើងអាចបើកចំហចំពោះគ្នាទៅវិញទៅមក ហើយពឹងផ្អែកជំនួយរបស់ព្រះអង្គ និងអ្នកដទៃ ក្នុងសេចក្តីកម្សោយ និងទុក្ខលំបាករបស់យើង។—Poh Fang Chia
តើយើងអាចលើកទឹកចិត្តដូចម្តេចខ្លះ ឲ្យមានការចែកចាយដោយបើកចំហ និងស្មោះត្រង់ ក្នុងសហគមន៍នៃពួកជំនុំរបស់អ្នក? តើអ្នកអាចចែកចាយទុក្ខលំបាករបស់អ្នក ដល់នរណាខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការដាក់ទូលបង្គំក្នុងគ្រួសារព្រះអង្គ ដើម្បីឲ្យទូលបង្គំអាចរកឃើញជំនួយ ខណៈពេលដែលទូលបង្គំរីកលូតលាស់ មានលក្ខណៈកាន់តែដូចព្រះគ្រីស្ទ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៦៤-៦៥ និង រ៉ូម ៦