ហ៊ានធ្វើការល្អថ្វាយព្រះ
សូមអាន ម៉ាថាយ ១២:៩-១៤ ឯមនុស្ស តើមានដំឡៃលើសជាងចៀមអម្បាលម៉ានទៅទៀត។ ម៉ាថាយ ១២:១២ នៅថ្ងៃមួយ សិស្សថ្នាក់ទី៦ម្នាក់ បានឃើញមិត្តរួមថ្នាក់របស់នាង កំពុងអារដៃខ្លួនឯងនឹងផ្លែឡាម។ នាងបានព្យាយាមជួយគាត់ ដែលជាទង្វើដ៏ត្រឹមត្រូវ ដោយយកឡាមចេញពីគាត់ ទៅបោះចោល។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គេមិនបានសរសើរនាងទេ តែផ្ទុយទៅវិញ សាលាដាក់ពិន័យមិនឲ្យនាងចូលសាលារយៈពេល១០ថ្ងៃ។ តើហេតុអ្វី ព្រោះគេឃើញនាងកាន់ផ្លែឡាមនោះ ជាអ្វីដែលគេបានហាមមិនឲ្យយកចូលសាលា។ ពេលគេសួរនាងថា តើនាងនឹងធ្វើដូចនេះទៀតទេ នាងក៏បានឆ្លើយថា នាងនឹងធ្វើដូចនេះទៀត ទោះគេពិន័យនាងក៏ដោយ។ ក្រោយមក គេក៏បានដឹងថា តាមពិត នាងកំពុងតែព្យាយាមជួយមិត្តរួមថ្នាក់នាង ដូចនេះ គេក៏បានលប់ចោលការពិន័យនោះ។ រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំអំពីបញ្ហាដែលព្រះអង្គមានជាមួយពួកអ្នកដឹកនាំសាសនា ពេលដែលព្រះអង្គកំពុងបំពេញព្រះរាជកិច្ចជួយសង្គ្រោះមនុស្សជាតិ។ ពួកផារិស៊ីបានចោទប្រកាន់ថា ការដែលព្រះយេស៊ូវបានប្រោសបុរសស្វិតដៃម្នាក់ឲ្យជា នៅថ្ងៃសាបាត គឺជាការបំពានក្រឹត្យវិន័យ។ ព្រះគ្រីស្ទក៏បានប្រាប់ពួកគេថា ព្រះទ្រង់អនុញ្ញាតឲ្យរាស្រ្តព្រះអង្គជួយសង្គ្រោះសត្វចៀមដែលកំពុងមានគ្រោះថ្នាក់ នៅថ្ងៃសាបាត តែមនុស្សមានដំឡៃលើសជាងចៀមអម្បាលម៉ានទៅទៀត(ម៉ាថាយ ១២:១២)។ ដោយសារព្រះអង្គជាព្រះអម្ចាស់នៃថ្ងៃសាបាត ព្រះយេស៊ូវអាចសម្រេចថា មានការអ្វីខ្លះដែលគេអាច ឬមិនអាចធ្វើនៅថ្ងៃសាបាត(ខ.៦-៨)។ ព្រះអង្គជ្រាបថា ពួកអ្នកដឹកនាំសាសនាមុខជាខឹងមិនខាន តែព្រះអង្គនៅតែប្រោសដៃរបស់បុរសនោះឲ្យជា(ខ.១៣-១៤)។ ជួនកាល អ្នកជឿព្រះគ្រីស្ទអាចត្រូវគេបៀតបៀន ដោយសារពួកគេធ្វើកិច្ចការអ្វីដែលថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ តែព្រះអង្គនៅតែសព្វព្រះទ័យឲ្យពួកគេបន្តជួយអ្នកដទៃ។…
Read article