ព្រឹក

ព្រះដ៏ស្មោះត្រង់អស់កល្ប
ដោយXochitl Dixon
August 11, 2023
សូមអាន ទំនុកដំកើង ៣៣:១-១១ ដ្បិតព្រះបន្ទូលនៃព្រះយេហូវ៉ាត្រឹមត្រូវ ហើយបណ្តាកិច្ចការនៃទ្រង់បានធ្វើដោយស្មោះត្រង់ដែរ។ ទំនុកដំកើង ៣៣:៤ កាលហ្សាវា(Xavier) កំពុងរៀននៅសាលាបឋម ខ្ញុំបានជូនគាត់ទៅសាលា និងទៅទទួលគាត់ចេញពីរៀន ជាទៀងទាត់។ ថ្ងៃមួយ ខ្ញុំបានទៅទទួលគាត់យឺត។ ខ្ញុំបានចតឡាន ហើយក៏បានអធិស្ឋានបណ្តើរ រត់ទៅរកថ្នាក់រៀនគាត់បណ្តើរ។ ខ្ញុំក៏បានឃើញគាត់កំពុងអង្គុយឱបកាបូបស្ពាយគាត់ នៅលើបង់ ក្បែរគ្រូបង្រៀនម្នាក់។ គាត់បានប្រាប់ខ្ញុំថា គាត់ខឹងនឹងខ្ញុំ ព្រោះខ្ញុំបានមកទទួលគាត់យឺត។ ខ្ញុំមិនបន្ទោសគាត់ទេ ខ្ញុំក៏ខឹងនឹងខ្លួនឯងដែរ។ ខ្ញុំស្រឡាញ់កូនប្រុសខ្ញុំ តែខ្ញុំក៏ដឹងដែរថា ថ្ងៃក្រោយ គាត់អាចមានការខកចិត្តចំពោះខ្ញុំទៀត ហើយក៏អាចមានអារម្មណ៍ថា ព្រះទ្រង់បានធ្វើឲ្យគាត់ខកចិត្ត។ ដូចនេះ ខ្ញុំក៏បានខិតខំបង្រៀនឲ្យគាត់បានដឹងថា មនុស្សមិនល្អឥតខ្ចោះ ហើយចេះធ្វើខុស ជារឿងធម្មតា តែព្រះទ្រង់មិនដែលធ្វើខុសព្រះបន្ទូលសន្យាឡើយ។ បទគម្ពីរ ទំនុកដំកើង ជំពូក៣៣ បានលើកទឹកចិត្តយើង ឲ្យអបអរសេចក្តីស្មោះត្រង់របស់ព្រះអង្គ ដោយការសរសើរដោយអំណរ(ខ.១-៣) ព្រោះ “ព្រះបន្ទូលនៃព្រះយេហូវ៉ាត្រឹមត្រូវ ហើយបណ្តាកិច្ចការនៃទ្រង់បានធ្វើដោយស្មោះត្រង់ដែរ”(ខ.៤)។ ព្រះទ្រង់បានបង្កើតពិភពលោកឡើង ធ្វើជាភស្តុតាងបញ្ជាក់អំពីព្រះចេស្ដា និងបង្ហាញថា យើងអាចពឹងផ្អែកព្រះអង្គបាន(ខ.៥-៧) ហេតុនេះហើយ អ្នកនិពន្ធទំនុកដំកើងក៏បានអំពាវនាវ ឲ្យមនុស្សនៅផែនដីថ្វាយបង្គំព្រះអង្គ(ខ.៨)។ ពេលណាផែនការយើងបរាជ័យ ឬមានមនុស្សដែលបោះបង់ចោលយើង យើងប្រហែលជាមានអារម្មណ៍ថា ព្រះទ្រង់បានធ្វើឲ្យយើងខកចិត្ត។ ទោះជាយ៉ាងណាក៏ដោយ យើងអាចពឹងផ្អែកលើព្រះអង្គបាន ព្រោះផែនការរបស់ព្រះអង្គ “នៅជាប់ជានិច្ច”(ខ.១១)។ យើងអាចសរសើរដំកើងព្រះអង្គ សូម្បីនៅពេលដែលអ្វីៗមានការជាប់គាំង ព្រោះព្រះអាទិករនៃយើង ដែលមានក្តីស្រឡាញ់ ទ្រង់ទ្រទ្រង់អ្វីៗគ្រប់យ៉ាង និងមនុស្សម្នាក់ៗ។ ព្រះទ្រង់តែងតែស្មោះត្រង់ជារៀងរហូត។—Xochitl Dixon
ហេតុអ្វីអ្នកពិបាកសរសើរដំកើងព្រះ នៅពេលដែលផែនការរបស់អ្នកបរាជ័យ ឬមនុស្សធ្វើឲ្យអ្នកខកចិត្ត? តើព្រះទ្រង់បានប្រើលោកិយ ដែលព្រះអង្គបានបង្កើត ដើម្បីបង្ហាញអំពីភាពអាចទុកចិត្តបានដ៏ស្ថិតស្ថេររបស់ព្រះអង្គ យ៉ាងដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ សូមព្រះអង្គរំឭកទូលបង្គំ អំពីភាពស្មោះត្រង់របស់ព្រះអង្គកាលពីអតីតកាល ខណៈពេលដែលទូលបង្គំដើរដោយជំនឿ នៅថ្ងៃនេះ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ៨៤-៨៦ និង រ៉ូម ១២
ប្រភេទ
ល្ងាច

ពេលដែលព្រះដ៏ជាជាងស្មូនកាន់ខាងយើង
ដោយJohn Piper
August 11, 2023
វេទនាដល់អ្នកណាដែលតតាំងនឹងព្រះ ដែលបានបង្កើតខ្លួនមក គេជាអំបែងឆ្នាំង១នៅក្នុងអស់ទាំងអំបែងនៅផែនដី តើដីឥដ្ឋនឹងប្រកែកចំពោះជាងស្មូនថា តើធ្វើអ្វីដូច្នេះ ឬការដែលឯងធ្វើនឹងហ៊ានថា គេគ្មានថ្វីដៃទេ ឬអី? អេសាយ ៤៥:៩ យើងកាន់តែចង់សរសើរដំកើងព្រះតេជះរបស់ព្រះអង្គ ពេលណាយើងជញ្ជឹងគិតអំពីព្រះអង្គ ដោយផ្អែកទៅលើព្រះរាជកិច្ចនៃការបង្កើតរបស់ព្រះអង្គ (បង្កើតរបស់សព្វសារពើ ចេញពីភាពទទេ)។ ព្រះអង្គបង្គាប់ភាពទទេ ហើយវាក៏ស្តាប់បង្គាប់ ហើយក្លាយជាអ្វីមួយ។ ព្រះអង្គបង្កើតដីឥដ្ឋចេញពីភាពទទេ ហើយបង្កើតយើងចេញពីដីឥដ្ឋ ជាឆ្នាំងដីដែលព្រះអម្ចាស់បានសូន(អេសាយ ៤៥:៩) ជាកម្មសិទ្ធិរបស់ព្រះអង្គ ក្នុងគោលដៅដើម្បីថ្វាយសិរីល្អដល់ព្រះអង្គ និងពឹងផ្អែកលើព្រះអង្គទាំងស្រុង។ “ត្រូវឲ្យដឹងថា ព្រះយេហូវ៉ាទ្រង់ជាព្រះ គឺទ្រង់ដែលបានបង្កើតយើងខ្ញុំ យើងខ្ញុំជារបស់ផងទ្រង់ យើងខ្ញុំជារាស្ត្ររបស់ទ្រង់ ហើយជាហ្វូងចៀម នៅទីគង្វាលរបស់ទ្រង់(ទំនុកដំកើង ១០០:៣)។ យើងមានចិត្តចង់បន្ទាបខ្លួន ពេលដែលបានដឹងថា យើងជាចៀម និងជាឆ្នាំងដីរបស់នរណាម្នាក់។ ព្រឹកនេះ ពេលខ្ញុំអានបទគម្ពីរអេសាយ ខ្ញុំក៏បានឃើញការប្រកាសមួយទៀត អំពីព្រះតេជះរបស់ព្រះ។ ពេលណាខ្ញុំគិតអំពីអំណាចធំបណ្តាច់ និងសិទ្ធិរបស់ព្រះ ក្នុងនាមជាព្រះអាទិករក្នុងពេលតែមួយ មានបន្ទុះមួយបានកើតឡើងក្នុងចិត្តខ្ញុំ។ បទគម្ពីរអេសាយ ៣៣:២១ បានចែងថា “គឺព្រះយេហូវ៉ាទ្រង់នឹងគង់ជាមួយនឹងយើងរាល់គ្នានៅទីនោះ”។ ត្រង់ចំណុចនេះមានន័យថា ព្រះអង្គកាន់ខាងយើង។ គឺកាន់ខាងយើង។ ព្រះអាទិករកាន់ខាងយើង គឺមិនមែនទាស់នឹងយើងទេ។ ព្រះអង្គកាន់ខាងយើង ដោយអំណាចចេស្ដាគ្រប់យ៉ាង ក្នុងចក្រវាល និងសិទ្ធិដាច់មុខ សម្រាប់ធ្វើអ្វីដែលព្រះអង្គសព្វព្រះទ័យនឹងធ្វើ ជាមួយស្នាព្រះហស្តព្រះអង្គ! “ភ្នែកមិនដែលឃើញព្រះឯណាក្រៅពីទ្រង់ ដែលធ្វើការជំនួសអ្នកដែលសង្ឃឹមដល់ទ្រង់ឡើយ”(អេសាយ ៦៤:៤)។ “បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន”(រ៉ូម ៨:៣១)។ តើមានអ្វីដែលកម្សាន្តចិត្ត ផ្តល់ការធានា និងធ្វើឲ្យអរសប្បាយជាងការដឹងថា ព្រះអម្ចាស់ដ៏មានតេជះ កាន់ខាងអ្នកឬទេ?