នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះដ៏ស្មោះត្រង់អស់កល្ប

ព្រះដ៏ស្មោះត្រង់អស់កល្ប

ដោយXochitl Dixon

August 12, 2023

សូមអាន ទំនុក​ដំកើង ៣៣:១-១១ ដ្បិត​ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ត្រឹម​ត្រូវ ហើយ​បណ្តា​កិច្ចការ​នៃ​ទ្រង់​បាន​ធ្វើ​ដោយ​ស្មោះ​ត្រង់​ដែរ​។ ទំនុក​ដំកើង ៣៣:៤ កាល​ហ្សាវា(Xavier) កំពុង​រៀន​នៅ​សាលា​បឋម ខ្ញុំ​បាន​ជូន​គាត់​ទៅ​សាលា និង​ទៅ​ទទួល​គាត់​ចេញពី​រៀន​ ជា​ទៀងទាត់។ ថ្ងៃ​មួយ ខ្ញុំ​បាន​ទៅ​ទទួល​គាត់​យឺត​។ ខ្ញុំ​បាន​ចត​ឡាន ហើយ​ក៏​បាន​អធិស្ឋាន​បណ្តើរ រត់​ទៅ​រក​ថ្នាក់​រៀន​គាត់​បណ្តើរ​។ ខ្ញុំ​ក៏បាន​ឃើញ​គាត់​កំពុង​អង្គុយ​ឱប​កាបូប​ស្ពាយ​គាត់ នៅ​លើ​បង់ ក្បែរ​គ្រូ​បង្រៀន​ម្នាក់​។ គាត់​បាន​ប្រាប់​ខ្ញុំ​ថា គាត់​ខឹង​នឹង​ខ្ញុំ ព្រោះ​ខ្ញុំ​បាន​មក​ទទួល​គាត់​យឺត​។ ខ្ញុំ​មិន​បន្ទោស​គាត់​ទេ ខ្ញុំ​ក៏​ខឹង​នឹង​ខ្លួនឯង​ដែរ​។ ខ្ញុំ​ស្រឡាញ់​កូន​ប្រុស​ខ្ញុំ តែ​ខ្ញុំ​ក៏​ដឹង​ដែរ​ថា ថ្ងៃ​ក្រោយ គាត់​អាច​មាន​ការ​ខក​ចិត្ត​ចំពោះ​ខ្ញុំ​ទៀត ហើយក៏​អាច​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​គាត់​ខក​ចិត្ត​។ ដូច​នេះ ខ្ញុំ​ក៏បាន​ខិតខំ​បង្រៀន​ឲ្យ​គាត់​បាន​ដឹង​ថា មនុស្ស​មិន​ល្អ​ឥត​ខ្ចោះ ហើយ​ចេះ​ធ្វើ​ខុស ជា​រឿង​ធម្មតា តែ​ព្រះ​ទ្រង់​មិន​ដែល​ធ្វើ​ខុស​ព្រះបន្ទូល​សន្យា​ឡើយ​។ បទ​គម្ពីរ ទំនុក​ដំកើង ជំពូក៣៣ បាន​លើក​ទឹក​ចិត្ត​យើង ឲ្យ​អបអរ​សេចក្តី​ស្មោះ​ត្រង់​របស់​ព្រះអង្គ ដោយ​ការ​សរសើរ​ដោយ​អំណរ(ខ.១-៣) ព្រោះ “ព្រះបន្ទូល​នៃ​ព្រះយេហូវ៉ា​ត្រឹម​ត្រូវ ហើយ​បណ្តា​កិច្ចការ​នៃ​ទ្រង់​បាន​ធ្វើ​ដោយ​ស្មោះ​ត្រង់​ដែរ”(ខ.៤)។ ព្រះ​ទ្រង់​បាន​បង្កើត​ពិភព​លោក​ឡើង ធ្វើ​ជា​ភស្តុតាង​បញ្ជាក់​អំពី​ព្រះ​ចេស្ដា និង​បង្ហាញ​ថា យើង​អាច​ពឹង​ផ្អែក​ព្រះអង្គ​បាន(ខ.៥-៧) ហេតុ​នេះ​ហើយ អ្នក​និពន្ធ​ទំនុក​ដំកើង​ក៏បាន​អំពាវនាវ ឲ្យ​មនុស្ស​នៅ​ផែនដី​ថ្វាយបង្គំ​ព្រះអង្គ(ខ.៨)។ ពេលណា​ផែនការ​យើង​បរាជ័យ ឬ​មាន​មនុស្ស​ដែល​បោះបង់ចោល​យើង យើង​ប្រហែល​ជា​មាន​អារម្មណ៍​ថា ព្រះ​ទ្រង់​បាន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​។ ទោះជា​យ៉ាងណា​ក៏ដោយ យើង​អាច​ពឹង​ផ្អែកលើ​ព្រះអង្គ​បាន ព្រោះ​ផែនការ​របស់​ព្រះអង្គ “នៅ​ជាប់​ជានិច្ច”(ខ.‌១១)។ យើង​អាច​សរសើរ​ដំកើង​ព្រះអង្គ សូម្បី​នៅ​ពេល​ដែល​អ្វីៗ​មាន​ការ​ជាប់​គាំង ព្រោះ​ព្រះអាទិករ​នៃ​យើង ដែល​មាន​ក្តី​ស្រឡាញ់ ទ្រង់​ទ្រទ្រង់​អ្វីៗ​គ្រប់​យ៉ាង និង​មនុស្ស​ម្នាក់ៗ​។ ព្រះ​ទ្រង់​តែងតែ​ស្មោះ​ត្រង់​ជា​រៀង​រហូត​។—Xochitl Dixon

ហេតុ​អ្វី​អ្នក​ពិបាក​សរសើរ​ដំកើង​ព្រះ នៅពេល​ដែល​ផែនការ​របស់​អ្នក​បរាជ័យ ឬ​មនុស្ស​ធ្វើ​ឲ្យ​អ្នក​ខក​ចិត្ត? តើ​ព្រះ​ទ្រង់​បាន​ប្រើ​លោកិយ ដែល​ព្រះអង្គ​បាន​បង្កើត ដើម្បី​បង្ហាញ​អំពី​ភាព​អាច​ទុកចិត្ត​បាន​ដ៏​ស្ថិត​ស្ថេរ​របស់​ព្រះអង្គ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​រំឭក​ទូល​បង្គំ អំពី​ភាព​ស្មោះ​ត្រង់​របស់​ព្រះអង្គ​កាលពី​អតីត​កាល ខណៈ​ពេល​ដែល​ទូល​បង្គំ​ដើរ​ដោយ​ជំនឿ នៅ​ថ្ងៃ​នេះ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុក​ដំកើង ៨៤-៨៦ និង រ៉ូម ១២

ល្ងាច

ពេលដែលព្រះដ៏ជាជាងស្មូនកាន់ខាងយើង

ពេលដែលព្រះដ៏ជាជាងស្មូនកាន់ខាងយើង

ដោយJohn Piper

August 12, 2023

វេទនា​ដល់​អ្នកណា​ដែល​តតាំង​នឹង​ព្រះ ដែល​បាន​បង្កើត​ខ្លួន​មក គេ​ជា​អំបែង​ឆ្នាំង១នៅក្នុង​អស់ទាំង​អំបែង​នៅ​ផែនដី តើ​ដីឥដ្ឋ​នឹង​ប្រកែក​ចំពោះ​ជាង​ស្មូន​ថា តើ​ធ្វើអ្វី​ដូច្នេះ ឬ​ការ​ដែល​ឯង​ធ្វើនឹង​ហ៊ាន​ថា គេ​គ្មាន​ថ្វីដៃ​ទេ ឬអី? អេសាយ ៤៥:៩ យើង​កាន់តែ​ចង់​សរសើរ​ដំកើង​ព្រះ​តេជះ​របស់​ព្រះអង្គ ពេលណា​យើង​ជញ្ជឹងគិត​អំពី​ព្រះអង្គ ដោយ​ផ្អែក​ទៅលើ​ព្រះរាជកិច្ច​នៃ​ការបង្កើត​របស់​ព្រះអង្គ (បង្កើត​របស់​សព្វសារពើ ចេញ​ពី​ភាព​ទទេ)។ ព្រះអង្គ​បង្គាប់​ភាព​ទទេ ហើយ​វា​ក៏​ស្តាប់​បង្គាប់ ហើយ​ក្លាយជា​អ្វីមួយ។ ព្រះអង្គ​បង្កើត​ដីឥដ្ឋ​ចេញពី​ភាព​ទទេ ហើយ​បង្កើត​យើង​ចេញពី​ដីឥដ្ឋ ជា​ឆ្នាំងដី​ដែល​ព្រះអម្ចាស់​បាន​សូន(អេសាយ ៤៥:៩) ជា​កម្មសិទ្ធិ​របស់​ព្រះអង្គ ក្នុង​គោលដៅ​ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ និង​ពឹងផ្អែក​លើ​ព្រះអង្គ​ទាំងស្រុង។ “ត្រូវឲ្យ​ដឹង​ថា ព្រះយេហូវ៉ា​ទ្រង់​ជា​ព្រះ គឺ​ទ្រង់​ដែល​បាន​បង្កើត​យើងខ្ញុំ យើងខ្ញុំ​ជា​របស់​ផង​ទ្រង់ យើងខ្ញុំ​ជា​រាស្ត្រ​របស់​ទ្រង់ ហើយ​ជា​ហ្វូង​ចៀម នៅ​ទី​គង្វាល​របស់​ទ្រង់(ទំនុកដំកើង ១០០:៣)។ យើង​មាន​ចិត្តចង់​បន្ទាបខ្លួន ពេល​ដែល​បានដឹង​ថា យើង​ជា​ចៀម និង​ជា​ឆ្នាំងដី​របស់​នរណា​ម្នាក់។ ព្រឹក​នេះ ពេល​ខ្ញុំ​អាន​បទ​គម្ពីរ​អេសាយ ខ្ញុំ​ក៏បាន​ឃើញ​ការប្រកាស​មួយទៀត អំពី​ព្រះ​តេជះ​របស់​ព្រះ។ ពេលណា​ខ្ញុំ​គិត​អំពី​អំណាច​ធំ​បណ្តាច់ និង​សិទ្ធិ​របស់​ព្រះ ក្នុងនាម​ជា​ព្រះ​អាទិករ​ក្នុង​ពេល​តែមួយ មាន​បន្ទុះ​មួយ​បាន​កើតឡើង​ក្នុងចិត្ត​ខ្ញុំ។ បទ​គម្ពីរ​អេសាយ ៣៣:២១ បាន​ចែងថា “គឺ​ព្រះយេហូវ៉ា​ទ្រង់​នឹង​គង់​ជាមួយនឹង​យើង​រាល់គ្នា​នៅ​ទីនោះ”។ ត្រង់​ចំណុច​នេះ​មានន័យថា ព្រះអង្គ​កាន់​ខាងយើង។ គឺ​កាន់​ខាងយើង។ ព្រះ​អាទិករ​កាន់​ខាងយើង គឺ​មិនមែន​ទាស់​នឹង​យើង​ទេ។ ព្រះអង្គ​កាន់​ខាងយើង ដោយអំណាច​ចេស្ដា​គ្រប់យ៉ាង ក្នុង​ចក្រវាល និង​សិទ្ធិដាច់មុខ សម្រាប់​ធ្វើអ្វី​ដែល​ព្រះអង្គ​សព្វព្រះទ័យ​នឹង​ធ្វើ ជាមួយ​ស្នា​ព្រះហស្ត​ព្រះអង្គ! “ភ្នែក​មិនដែល​ឃើញ​ព្រះ​ឯណា​ក្រៅពី​ទ្រង់ ដែល​ធ្វើការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ទ្រង់​ឡើយ”(អេសាយ ៦៤:៤)។ “បើសិនជា​ព្រះ​កាន់​ខាងយើង តើ​អ្នកណា​អាច​ទាស់​នឹង​យើង​បាន”(រ៉ូម ៨:៣១)។ តើមាន​អ្វី​ដែល​កម្សាន្ត​ចិត្ត​ ផ្តល់​ការធានា​ និង​ធ្វើឲ្យ​អរ​សប្បាយ​ជាង​ការ​ដឹង​ថា ព្រះអម្ចាស់​ដ៏​មាន​តេជះ កាន់​ខាង​អ្នក​ឬទេ?

ប្រភេទ