ទោះយើងជានរណាក៏ដោយ?

សូមអាន រ៉ូម ៥:៦-១០

តែឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង​។ រ៉ូម ៥:៨

លោក​រ៉ូបឺត ថដ លីនខិន(Robert Todd Lincoln) បាន​រស់នៅ ក្រោម​ស្រមោល​របស់​ឪពុក​គាត់ គឺ​លោក​ប្រធានាធិបតី​អាមេរិក អ័ប្រាហាំ លីនខិន(Abraham Lincoln)។ បន្ទាប់ពី​ឪពុក​គាត់​បាន​ស្លាប់​ជា​ច្រើន​ឆ្នាំ​ហើយ អត្ត​សញ្ញាណ​របស់​លោក​រ៉ូបឺត ត្រូវ​បាន​គ្រប​ដណ្តប់​យ៉ាង​លើស​លប់ ទៅ​ដោយ​ភាព​ល្បី​ល្បាញ​របស់​ឪពុក​គាត់​។ មិត្ត​ភក្តិ​របស់​គាត់ ឈ្មោះ នី​កូឡាស មួរេយ បាត់ល័រ(Nicholas Murray Butler) បាន​សរសេរ​ថា លោក​រ៉ូបឺត​ច្រើនតែ​និយាយ​ថា គេ​បាន​តែងតាំង​គាត់​ឲ្យ​ធ្វើ​ជា​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ ហើយ​ក្រោយមក គេ​តែងតាំង​គាត់​ជា ឯក​អគ្គ​រាជទូត​អាមេរិក​ប្រចាំ​ចក្រភព​អង់គ្លេស ហើយក៏​បាន​ឲ្យ​គាត់​ធ្វើ​ជា​ប្រធាន​ក្រុម​ហ៊ុន​ភូល​មិន​។ តែ​គាត់​ថា គេ​បាន​ប្រគល់​មុខ​នាទី​ទាំង​អស់​នេះ​ឲ្យ​គាត់ ដោយសារ​គាត់​ជា​កូន​របស់​លោក​អ័ប្រាហាំ លីនខិន​ប៉ុណ្ណោះ មិនមែន​ដោយសារ​សមត្ថភាព​របស់​គាត់​នោះ​ទេ។

មិនមែន​មាន​តែ​កូន​ជន​ល្បី​ឈ្មោះ​ប៉ុណ្ណោះ​ទេ ដែល​ជួប​រឿង​ដែល​គួរ​ឲ្យ​នឿយណាយ​ដូច​នេះ​។ យើង​រាល់​គ្នា​សុទ្ធតែ​ធ្លាប់​មាន​អារម្មណ៍​ថា គេ​មិន​ឲ្យ​តម្លៃ​យើង ដោយសារ​គេ​ដឹង​ថា យើង​ជា​នរណា​។ តែ​យើង​អាច​ដឹង​ច្បាស់​ថា យើង​មាន​តម្លៃ ដោយសារ​ព្រះ​ទ្រង់​ស្រឡាញ់​យើង​។

សាវ័ក​ប៉ុល​បាន​ទទួល​ស្គាល់​ថា យើង​ជា​នរណា​កាល​យើង​នៅ​រស់​ក្នុង​អំពើបាប ហើយ​ក៏​ដឹង​ថា យើង​ជា​នរណា​ក្នុង​ព្រះគ្រីស្ទ​។ គាត់​បាន​បង្រៀន​ថា “ដ្បិត​កាល​យើង​នៅ​ខ្សោយ​នៅឡើយ លុះ​ដល់​កំណត់​ហើយ នោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​សុគត​ជំនួស​មនុស្ស​ទមិល​ល្មើស”(រ៉ូម ៥:៦)។ ព្រះ​ទ្រង់​ស្រឡាញ់​យើង ទោះ​យើង​ជា​នរណា​ក៏ដោយ ហើយ​ទោះ​យើង​អាក្រក់​យ៉ាងណា​ក៏ដោយ​។ សាវ័ក​ប៉ុល​បង្រៀន​ទៀត​ថា “តែ​ឯ​ព្រះ ទ្រង់​សំដែង​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ ដល់​យើង​រាល់​គ្នា​ឲ្យ​ឃើញ​ច្បាស់ ដោយ​ព្រះគ្រីស្ទ​បាន​សុគត​ជំនួស​យើង​រាល់​គ្នា នោះ​គឺ​ក្នុង​កាលដែល​យើង​នៅ​មាន​បាប​នៅ​ឡើយ​ផង”(ខ.៨)។ ព្រះ​ទ្រង់​បាន​ឲ្យ​តម្លៃ​យើង​យ៉ាង​ខ្លាំង បានជា​ព្រះអង្គ​អនុញ្ញាត​ឲ្យ​ព្រះរាជបុត្រា​ព្រះអង្គ យាង​ទៅ​ឈើ​ឆ្កាង ជំនួស​យើង​។

តើ​យើង​ជា​នរណា? យើង​ជា​កូន​ជាទី​ស្រឡាញ់​របស់​ព្រះ​។ តើមាន​អ្វី​ដែល​ល្អ​លើស​នេះ​ទៀត?—Bill Crowder

តើ​អ្នក​ធ្លាប់​រស់នៅ ដោយ​មិន​មាន​គេ​ឲ្យ​តម្លៃ នៅ​ពេលណា​ខ្លះ? តើ​ការ​នេះ​បាន​បង្រៀន​អ្នក​អ្វី​ខ្លះ អំពី​ព្រះ​ដែល​យក​ព្រះទ័យ​ទុកដាក់​ចំពោះ​អ្នក ដោយ​ផ្ទាល់ៗ​ខ្លួន?

ឱ​ព្រះវរបិតា​ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ស្រឡាញ់​ទូល​បង្គំ ទោះ​ទូល​បង្គំ​ជា​មនុស្ស​បែប​ណា​ក៏ដោយ ហើយ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​អត់​ទោស​បាប​ឲុ្យ​ទូល​បង្គំ ហើយ​ស្រឡាញ់​ទូល​បង្គំ​។

For further study, explore Finding Our Identity in Christ at DiscovertheWord.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុក​ដំកើង ៨១-៨៣ និង រ៉ូម ១១:១៩-៣៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles