ព្រឹក

ព្រះចេស្តារបស់ព្រះគ្រីស្ទមកលើខ្យល់ព្យុះ
ដោយXochitl Dixon
August 18, 2023
សូមអាន ម៉ាកុស ៤:៣៥-៤១ តើលោកនេះជាអ្វី បានជាខ្យល់ និងសមុទ្រក៏ស្តាប់បង្គាប់លោកដូច្នេះ? ម៉ាកុស ៤:៤១ កាលពីឆ្នាំ២០១៣ ទស្សនិកជនប្រហែល៦០០នាក់ បានមកមើលលោកនីក វលលែនដា(Nik Wallenda) ដើរនៅលើខ្សែកាប ដែលគេបានចងភ្ជាប់ពីជ្រោះមួយទៅជ្រោះមួយទៀត ដែលស្ថិតនៅចម្ងាយ៤៥៧ម៉ែត្រពីគ្នា នៅក្បែរជ្រលងយក្សគ្រែន ឃែនញាន។ លោកវលលែនដាបានបោះជំហាន ដើរនៅលើខ្សែកាបដែកមានកំរ៉ាស់៦សង់ទីម៉ែត្រ ហើយអរព្រះគុណព្រះយេស៊ូវ សម្រាប់វីដេអូទេសភាពដ៏ស្រស់ស្អាត ដែលគាត់បានថត និងកាំមីរ៉ាដែលភ្ជាប់ពីលើក្បាលគាត់ បែរទៅរកជ្រោះដែលនៅខាងក្រោម។ គាត់បានអធិស្ឋាន ហើយសរសើរដំកើងព្រះយេស៊ូវ ខណៈពេលដែលគាត់ដើរកាត់ពីលើជ្រលងនោះ ដោយចិត្តស្ងប់ គឺហាក់ដូចជាកំពុងដើរលើផ្លូវរាបស្មើ។ ពេលណាខ្យល់បក់មកខ្លាំង គាត់ក៏បានឈប់ ហើយក្រាបចុះ។ គាត់ក៏បានក្រោកឈរ ហើយក៏បានទប់ខ្លួនឲ្យនឹងឡើងវិញ ដោយអរព្រះគុណព្រះ ដែលបានជួយទប់ខ្សែកាបឲ្យនឹង។ ក្នុងការបោះជំហាននីមួយៗ នៅលើខ្សែកាបនោះ គាត់បានបង្ហាញចេញនូវការពឹងផ្អែកទៅលើព្រះចេស្តារបស់ព្រះគ្រីស្ទ ទៅដល់មនុស្សម្នាក់ៗដែលកំពុងស្តាប់ និងទស្សនាវីដេអូដែលកំពុងផ្សាយបន្តផ្ទាល់ទូទាំងពិភពលោក។ កាលខ្យល់ព្យុះបានបណ្តាលឲ្យមានរលកធំៗ ធ្វើឲ្យពួកសាវ័កភ័យតក់ស្លុត ពួកគេក៏បានទូលអង្វរព្រះយេស៊ូវឲ្យជួយសង្រ្គោះពួកគេ(ម៉ាកុស ៤:៣៥-៣៨)។ បន្ទាប់ពីព្រះយេស៊ូវបានធ្វើឲ្យព្យុះភ្លៀងនោះស្ងប់ស្ងាត់ ពួកគេក៏បានដឹងថា ព្រះអង្គមានអំណាចគ្រប់គ្រងមកលើខ្យល់ព្យុះ និងអ្វីៗទាំងអស់(ខ.៣៩-៤១)។ ពួកគេក៏បានរៀនទុកចិត្តព្រះអង្គកាន់តែខ្លាំង។ បទពិសោធន៍ផ្ទាល់ខ្លួនដែលពួកគេមានជាមួយព្រះយេស៊ូវ អាចជួយឲ្យអ្នកដទៃដឹងថា ព្រះយេស៊ូវតែងតែត្រៀមជាស្រេចដើម្បីជួយពួកគេ ដោយព្រះចេស្តាដ៏អស្ចារ្យ។ ខណៈពេលដែលយើងដកពិសោធន៍នឹងខ្យល់ព្យុះនៃជីវិត ហើយដើរនៅលើខ្សែកាបនៃការទុកចិត្ត ឆ្លងកាត់តាមជ្រោះដ៏សែនជ្រៅនៃទុក្ខលំបាក យើងអាចបង្ហាញចេញនូវការទុកចិត្ត លើព្រះចេស្តារបស់ព្រះគ្រីស្ទ។ ព្រះទ្រង់នឹងប្រើការដើរដោយជំនឿរបស់យើង ដើម្បីបណ្តាលចិត្តអ្នកដទៃឲ្យទុកចិត្តព្រះអង្គផងដែរ។—Xochitl Dixon
តើទីបន្ទាល់អំពីព្រះចេស្តារបស់ព្រះគ្រីស្ទ ក្នុងជីវិតអ្នកដទៃបានជួយពង្រឹងជំនឿរបស់អ្នកដូចម្តេចខ្លះ? តើការអធិស្ឋានបានជួយអ្នកឲ្យដើរដោយជំនឿយ៉ាងណាខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការជួយចិត្តទូលបង្គំឲ្យស្ងប់រម្ងាប់ ពេលណាទូលបង្គំទុកចិត្តព្រះអង្គ ក្នុងការឆ្លងកាត់រដូវកាលនៃជីវិតដែលមានព្យុះភ្លៀង។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១០៣-១០៤ និង ១កូរិនថូស ២
ប្រភេទ
ល្ងាច

ដំណឹងល្អជាសង្ខេប៦ចំណុច
ដោយJohn Piper
August 18, 2023
ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ។ ១ពេត្រុស ៣:១៨ ខាងក្រោមនេះជាសេចក្តីសង្ខេបនៃដំណឹងល្អ ដែលជួយឲ្យអ្នកងាយស្រួលយល់ អរសប្បាយ និងចែកចាយដំណឹងល្អ! ១) ព្រះទ្រង់បង្កើតយើងមក ដើម្បីសិរីល្អរបស់ព្រះអង្គ “ចូរនាំអស់ទាំងកូនប្រុសរបស់អញមកពីទីឆ្ងាយ ហើយពួកកូនស្រីអញមកពីចុងផែនដីចុះ គឺគ្រប់មនុស្សដែលបានហៅតាមនាមឈ្មោះអញ ជាអ្នកដែលអញបានបង្កើតមកសំរាប់សិរីល្អនៃអញ”(អេសាយ ៤៣:៦-៧)។ ព្រះទ្រង់បង្កើតយើងរាល់គ្នាមក ឲ្យដូចជារូបព្រះអង្គ ដើម្បីឲ្យយើងបង្ហាញចេញ ឬឆ្លុះបញ្ចាំងឲ្យគេឃើញចរិយាសម្បត្តិ និងសម្រស់នៃក្រមសីលធម៌របស់ព្រះអង្គ។ ២) ដូចនេះ មនុស្សម្នាក់ៗគួរតែរស់នៅ ដើម្បីសិរីល្អរបស់ព្រះ “ដូច្នេះ ទោះបើស៊ី ឬផឹក ឬធ្វើការអ្វីក៏ដោយ នោះចូរធ្វើទាំងអស់សំរាប់ចំរើនសិរីល្អដល់ព្រះចុះ”(១កូរិនថូស ១០:៣១)។ ដើម្បីរស់នៅថ្វាយសិរីល្អដល់ព្រះ យើងត្រូវស្រឡាញ់ព្រះអង្គ (ម៉ាថាយ ២២:៣៧) ទុកចិត្តព្រះអង្គ (រ៉ូម ៤:២០) ដឹងគុណព្រះអង្គ (ទំនុកដំកើង ៥០:២៣) ស្តាប់បង្គាប់ (ម៉ាថាយ ៥:១៦) ហើយឲ្យតម្លៃទ្រង់លើសអ្វីៗទាំងអស់(ភីលីព ៣:៨ ម៉ាថាយ ១០:៣៧)។ ពេលណាយើងបានអនុវត្តដូចនេះហើយ គឺមានន័យថា យើងកំពុងថ្វាយសិរីល្អដល់ព្រះហើយ។ ៣) ទោះជាយ៉ាងណាក៏ដោយ យើងរាល់គ្នាសុទ្ធតែបានធ្វើអំពើបាប និងខ្វះមិនដល់សិរីល្អព្រះ។ “ពីព្រោះគ្រប់គ្នាបានធ្វើបាប ហើយខ្វះមិនដល់សិរីល្អនៃព្រះ”(រ៉ូម ៣:២៣)។ “ព្រោះកាលគេបានស្គាល់ព្រះ នោះគេមិនបានដំកើងទ្រង់ ទុកជាព្រះទេ ក៏មិនដឹងគុណទ្រង់ដែរ … គឺគេបំផ្លាស់សិរីល្អនៃព្រះដែលមិនចេះខូច ឲ្យទៅជារូប មើលទៅដូចជាមនុស្ស ដែលតែងតែខូចវិញ”(រ៉ូម ១:២១-២៣)។ ក្នុងចំណោមយើង គ្មាននរណាស្រឡាញ់ ឬទុកចិត្ត ឬក៏អរព្រះគុណ ឬមួយស្តាប់បង្គាប់ ឬឲ្យតម្លៃព្រះ ដូចដែលខ្លួនគួរធ្វើនោះទេ។ ៤) ដូចនេះ យើងរាល់គ្នាសុទ្ធតែសមនឹងទទួលទោសអស់កល្បជានិច្ច “ដ្បិតឈ្នួលរបស់អំពើបាប នោះជាសេចក្តីស្លាប់ តែអំណោយទាននៃព្រះវិញ គឺជាជីវិតដ៏នៅអស់កល្បជានិច្ច ដោយព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”(រ៉ូម ៦:២៣)។ អ្នកដែលមិនស្តាប់បង្គាប់ព្រះអម្ចាស់ “នឹងរងទុក្ខទោស ជាសេចក្តីហិនវិនាសអស់កល្បជានិច្ច ឃ្លាតពីព្រះភក្ត្រនៃព្រះអម្ចាស់ ហើយពីសិរីល្អនៃព្រះចេស្ដាទ្រង់”(២ថែស្សាឡូនិច ១:៩)។ ឯពួកអ្នកទាំងនោះនឹងថយទៅ មានទោសអស់កល្បជានិច្ច តែពួកសុចរិតនឹងចូលទៅក្នុងជីវិតដ៏នៅអស់កល្បជានិច្ចវិញ(ម៉ាថាយ ២៥:៤៦)។ ៥) តែដោយសេចក្តីមេត្តាដ៏អស្ចារ្យរបស់ព្រះ នោះព្រះអង្គបានចាត់ព្រះរាជបុត្រាតែមួយ ព្រះនាមយេស៊ូវគ្រីស្ទ ចូលមកក្នុងលោកិយនេះ ដើម្បីបើកផ្លូវឲ្យមនុស្សមានបាប ចូលទៅរកជីវិតអស់កល្ប។ “ដ្បិតព្រះទ្រង់ស្រឡាញ់មនុស្សលោក ដល់ម៉្លេះបានជាទ្រង់ប្រទានព្រះរាជបុត្រាទ្រង់តែ១ ដើម្បីឲ្យអ្នកណាដែលជឿដល់ព្រះរាជបុត្រានោះ មិនត្រូវវិនាសឡើយ គឺឲ្យមានជីវិតអស់កល្បជានិច្ចវិញ”(យ៉ូហាន ៣:១៦)។ “ព្រះគ្រីស្ទទ្រង់បានលោះយើងរាល់គ្នា ឲ្យរួចពីសេចក្តីបណ្តាសារបស់ក្រឹត្យវិន័យ ដោយទ្រង់ត្រូវបណ្តាសាជំនួសយើងរាល់គ្នា”(កាឡាទី ៣:១៣)។ “ព្រោះព្រះគ្រីស្ទទ្រង់បានរងទុក្ខម្តង ដោយព្រោះបាបដែរ គឺជាព្រះដ៏សុចរិត ទ្រង់រងទុក្ខជំនួសមនុស្សទុច្ចរិត ដើម្បីនឹងនាំយើងរាល់គ្នាទៅដល់ព្រះ”(១ពេត្រុស ៣:១៨)។ ៦) ដូចនេះ ជីវិតអស់កល្បជាអំណោយឥតគិតថ្លៃ ដល់អស់អ្នកដែលទទួលជឿព្រះគ្រីស្ទជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះ និងជាកំណប់ទ្រព្យមានតម្លៃបំផុតនៃជីវិតពួកគេ។ “ចូរជឿដល់ព្រះអម្ចាស់យេស៊ូវគ្រីស្ទទៅ នោះនឹងបានសង្គ្រោះហើយ”(កិច្ចការ ១៦:៣១)។ “បើមាត់អ្នកនឹងទទួលថ្លែងប្រាប់ពីព្រះអម្ចាស់យេស៊ូវ ហើយអ្នកជឿក្នុងចិត្តថា ព្រះបានប្រោសឲ្យទ្រង់រស់ពីស្លាប់ឡើងវិញ នោះអ្នកនឹងបានសង្គ្រោះពិត”(រ៉ូម ១០:៩)។ “ដ្បិតគឺដោយព្រះគុណ ដែលអ្នករាល់គ្នាបានសង្គ្រោះ ដោយសារសេចក្តីជំនឿ ហើយសេចក្តីនោះក៏មិនមែនកើតពីអ្នករាល់គ្នាដែរ គឺជាអំណោយទានរបស់ព្រះវិញ ក៏មិនមែនដោយការប្រព្រឹត្តដែរ ក្រែងអ្នកណាអួតខ្លួន”(អេភេសូរ ២:៨-៩)។ “ខ្ញុំបានជាប់ឆ្កាងជាមួយនឹងព្រះគ្រីស្ទ ប៉ុន្តែខ្ញុំរស់នៅ មិនមែនជាខ្ញុំទៀត គឺជាព្រះគ្រីស្ទទ្រង់រស់ក្នុងខ្ញុំវិញ ហើយដែលខ្ញុំរស់ក្នុងសាច់ឈាមឥឡូវនេះ នោះគឺរស់ដោយសេចក្តីជំនឿ ជឿដល់ព្រះរាជបុត្រានៃព្រះ ដែលទ្រង់ស្រឡាញ់ខ្ញុំ ក៏បានប្រគល់ព្រះអង្គទ្រង់ជំនួសខ្ញុំហើយ”(កាឡាទី ២:២០)។ “ហើយខ្ញុំក៏រាប់គ្រប់ទាំងអស់ទុកដូចជាខាតដែរ ដោយព្រោះសេចក្តីដែលប្រសើរជាង គឺដោយស្គាល់ព្រះគ្រីស្ទយេស៊ូវ ជាព្រះអម្ចាស់នៃខ្ញុំ ដែលដោយយល់ដល់ទ្រង់ ខ្ញុំបានខាតគ្រប់ទាំងអស់ ហើយបានរាប់ទាំងអស់ទុកដូចជាសំរាម ប្រយោជន៍ឲ្យបានព្រះគ្រីស្ទវិញ”(ភីលីព ៣:៨)។