នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះចេស្តារបស់ព្រះគ្រីស្ទមកលើខ្យល់ព្យុះ

ព្រះចេស្តារបស់ព្រះគ្រីស្ទមកលើខ្យល់ព្យុះ

ដោយXochitl Dixon

August 19, 2023

សូមអាន ម៉ាកុស ៤:៣៥-៤១ តើ​លោក​នេះ​ជា​អ្វី បានជា​ខ្យល់ និង​សមុទ្រ​ក៏​ស្តាប់​បង្គាប់​លោក​ដូច្នេះ? ម៉ាកុស ៤:៤១ កាលពី​ឆ្នាំ២០១៣ ទស្សនិកជន​ប្រហែល​៦០០នាក់ បាន​មក​មើល​លោក​នីក វលលែនដា(Nik Wallenda) ដើរ​នៅ​លើ​ខ្សែកាប ដែល​គេ​បាន​ចង​ភ្ជាប់​ពី​ជ្រោះ​មួយ​ទៅ​ជ្រោះ​មួយ​ទៀត ដែល​ស្ថិត​នៅ​ចម្ងាយ៤៥៧ម៉ែត្រពី​គ្នា នៅ​ក្បែរ​ជ្រលង​យក្ស​គ្រែន ឃែនញាន​។ លោក​វលលែនដា​បាន​បោះ​ជំហាន ដើរ​នៅ​លើ​ខ្សែកាប​ដែក​មានកំរ៉ាស់៦សង់ទីម៉ែត្រ ហើយ​អរ​ព្រះគុណ​ព្រះយេស៊ូវ សម្រាប់​វីដេអូ​ទេសភាព​ដ៏​ស្រស់​ស្អាត ដែល​គាត់​បាន​ថត និង​កាំមីរ៉ា​ដែល​ភ្ជាប់​ពីលើ​ក្បាល​គាត់ បែរ​ទៅ​រក​ជ្រោះ​ដែល​នៅ​ខាង​ក្រោម​។ គាត់​បាន​អធិស្ឋាន ហើយ​សរសើរ​ដំកើង​ព្រះយេស៊ូវ ខណៈ​ពេល​ដែល​គាត់​ដើរ​កាត់​ពីលើ​ជ្រលង​នោះ ដោយ​ចិត្ត​ស្ងប់ គឺ​ហាក់​ដូចជា​កំពុង​ដើរ​លើ​ផ្លូវ​រាប​ស្មើ​។ ពេលណា​ខ្យល់​បក់​មក​ខ្លាំង គាត់​ក៏​បាន​ឈប់ ហើយ​ក្រាប​ចុះ​។ គាត់​ក៏​បាន​ក្រោកឈរ ហើយ​ក៏​បាន​ទប់​ខ្លួន​ឲ្យ​នឹង​ឡើង​វិញ ដោយ​អរ​ព្រះគុណ​ព្រះ ដែល​បាន​ជួយ​ទប់​ខ្សែកាប​ឲ្យ​នឹង​។ ក្នុង​ការ​បោះ​ជំហាន​នីមួយៗ នៅ​លើ​ខ្សែកាប​នោះ គាត់​បាន​បង្ហាញ​ចេញ​នូវ​ការ​ពឹង​ផ្អែក​ទៅលើ​ព្រះ​ចេស្តា​របស់​ព្រះគ្រីស្ទ ទៅដល់​មនុស្ស​ម្នាក់ៗ​ដែល​កំពុង​ស្តាប់ និង​ទស្សនា​វីដេអូ​ដែល​កំពុង​ផ្សាយ​បន្ត​ផ្ទាល់​ទូ​ទាំង​ពិភពលោក​។ កាល​ខ្យល់​ព្យុះ​បាន​បណ្តាល​ឲ្យ​មាន​រលក​ធំៗ ធ្វើ​ឲ្យ​ពួក​សាវ័ក​ភ័យ​តក់​ស្លុត ពួកគេ​ក៏​បាន​ទូល​អង្វរ​ព្រះ​យេស៊ូវ​ឲ្យ​ជួយ​សង្រ្គោះ​ពួកគេ(ម៉ាកុស ៤:៣៥-៣៨)។ បន្ទាប់​ពី​ព្រះយេស៊ូវ​បាន​ធ្វើ​ឲ្យ​ព្យុះ​ភ្លៀង​នោះ​ស្ងប់​ស្ងាត់ ពួកគេ​ក៏​បាន​ដឹង​ថា ព្រះអង្គ​មាន​អំណាច​គ្រប់​គ្រង​មក​លើ​ខ្យល់ព្យុះ និង​អ្វីៗ​ទាំង​អស់(ខ.៣៩-៤១)។ ពួកគេ​ក៏បាន​រៀន​ទុកចិត្ត​ព្រះអង្គ​កាន់តែ​ខ្លាំង​។ បទ​ពិសោធន៍​ផ្ទាល់​ខ្លួន​ដែល​ពួកគេ​មាន​ជាមួយ​ព្រះយេស៊ូវ អាច​ជួយ​ឲ្យ​អ្នក​ដទៃ​ដឹង​ថា ព្រះយេស៊ូវ​តែងតែ​ត្រៀម​ជា​ស្រេច​ដើម្បី​ជួយ​ពួកគេ ដោយ​ព្រះ​ចេស្តា​ដ៏​អស្ចារ្យ​។ ខណៈ​ពេល​ដែល​យើង​ដក​ពិសោធន៍​នឹង​ខ្យល់​ព្យុះ​នៃ​ជីវិត ហើយ​ដើរ​នៅ​លើ​ខ្សែកាប​នៃ​ការ​ទុកចិត្ត ឆ្លង​កាត់​តាម​ជ្រោះ​ដ៏​សែន​ជ្រៅ​នៃ​ទុក្ខ​លំបាក យើង​អាច​បង្ហាញ​ចេញ​នូវ​ការ​ទុកចិត្ត លើ​ព្រះចេស្តា​របស់​ព្រះគ្រីស្ទ​។ ព្រះ​ទ្រង់​នឹង​ប្រើ​ការ​ដើរ​ដោយ​ជំនឿ​របស់​យើង ដើម្បី​បណ្តាល​ចិត្ត​អ្នក​ដទៃ​ឲ្យ​ទុកចិត្ត​ព្រះអង្គ​ផង​ដែរ​។—Xochitl Dixon

តើ​ទី​បន្ទាល់​អំពី​ព្រះ​ចេស្តា​របស់​ព្រះគ្រីស្ទ ក្នុង​ជីវិត​អ្នក​ដទៃ​បាន​ជួយ​ពង្រឹង​ជំនឿ​របស់​អ្នក​ដូច​ម្តេច​ខ្លះ? តើ​ការ​អធិស្ឋាន​បាន​ជួយ​អ្នក​ឲ្យ​ដើរ​ដោយ​ជំនឿ​យ៉ាងណា​ខ្លះ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ជួយ​ចិត្ត​ទូល​បង្គំ​ឲ្យ​ស្ងប់​រម្ងាប់ ពេល​ណាទូល​បង្គំ​ទុកចិត្ត​ព្រះអង្គ ក្នុង​ការ​ឆ្លង​កាត់​រដូវ​កាល​នៃ​ជីវិត​ដែល​មាន​ព្យុះ​ភ្លៀង​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុក​ដំកើង ១០៣-១០៤ និង ១កូរិនថូស ២

ល្ងាច

Devotional illustration

ដំណឹងល្អជាសង្ខេប៦ចំណុច

ដោយJohn Piper

August 19, 2023

ព្រោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​រងទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺជា​ព្រះ​ដ៏​សុចរិត ទ្រង់​រងទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បីនឹង​នាំ​យើង​រាល់គ្នា​ទៅដល់​ព្រះ។ ១ពេត្រុស ៣:១៨ ខាងក្រោម​នេះ​ជា​សេចក្តី​សង្ខេប​នៃ​ដំណឹងល្អ ដែល​ជួយ​ឲ្យ​អ្នក​ងាយស្រួល​យល់ អរ​សប្បាយ និង​ចែកចាយ​ដំណឹងល្អ! ១) ព្រះ​ទ្រង់​បង្កើត​យើង​មក ដើម្បី​សិរីល្អ​របស់​ព្រះអង្គ “ចូរ​នាំ​អស់ទាំង​កូនប្រុស​របស់​អញ​មក​ពី​ទី​ឆ្ងាយ ហើយ​ពួក​កូនស្រី​អញ​មក​ពី​ចុង​ផែនដី​ចុះ គឺ​គ្រប់​មនុស្ស​ដែល​បាន​ហៅ​តាម​នាមឈ្មោះ​អញ ជា​អ្នក​ដែល​អញ​បាន​បង្កើត​មក​សំរាប់​សិរីល្អ​នៃ​អញ”(អេសាយ ៤៣:៦-៧)។ ព្រះ​ទ្រង់​បង្កើត​យើង​រាល់គ្នា​មក ឲ្យ​ដូចជា​រូប​ព្រះអង្គ ដើម្បីឲ្យ​យើង​បង្ហាញ​ចេញ ឬ​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ឃើញ​ចរិយា​សម្បត្តិ និង​សម្រស់​នៃ​ក្រមសីលធម៌​របស់​ព្រះអង្គ។ ២) ដូចនេះ មនុស្ស​ម្នាក់​ៗ​គួរ​តែ​រស់នៅ ដើម្បី​សិរីល្អ​របស់​ព្រះ “ដូច្នេះ ទោះ​បើ​ស៊ី ឬ​ផឹក ឬ​ធ្វើ​ការ​អ្វីក៏ដោយ នោះ​ចូរ​ធ្វើ​ទាំងអស់​សំរាប់​ចំរើន​សិរីល្អ​ដល់​ព្រះ​ចុះ”(១កូរិនថូស ១០:៣១)។ ដើម្បី​រស់នៅ​ថ្វាយ​សិរីល្អ​ដល់​ព្រះ យើង​ត្រូវ​ស្រឡាញ់​ព្រះអង្គ (ម៉ាថាយ ២២:៣៧) ទុកចិត្ត​ព្រះអង្គ (រ៉ូម ៤:២០) ដឹងគុណ​ព្រះអង្គ (ទំនុកដំកើង ៥០:២៣) ស្តាប់​បង្គាប់ (ម៉ាថាយ ៥:១៦) ហើយ​ឲ្យ​តម្លៃ​ទ្រង់​លើស​អ្វី​ៗ​ទាំង​អស់(ភីលីព ៣:៨ ម៉ាថាយ ១០:៣៧)។ ពេលណា​យើង​បាន​អនុវត្ត​ដូចនេះ​ហើយ គឺ​មានន័យថា យើង​កំពុង​ថ្វាយ​សិរីល្អ​ដល់​ព្រះ​ហើយ។ ៣) ទោះជាយ៉ាងណា​ក៏ដោយ យើង​រាល់គ្នា​សុទ្ធតែ​បាន​ធ្វើអំពើ​បាប និង​ខ្វះ​មិនដល់​សិរីល្អ​ព្រះ។ “ពីព្រោះ​គ្រប់គ្នា​បាន​ធ្វើបាប ហើយ​ខ្វះ​មិនដល់​សិរីល្អ​នៃ​ព្រះ”(រ៉ូម ៣:២៣)។ “ព្រោះ​កាល​គេ​បាន​ស្គាល់​ព្រះ នោះ​គេ​មិនបាន​ដំកើង​ទ្រង់ ទុកជា​ព្រះ​ទេ ក៏​មិនដឹង​គុណ​ទ្រង់​ដែរ … គឺ​គេ​បំផ្លាស់​សិរីល្អ​នៃ​ព្រះ​ដែល​មិន​ចេះ​ខូច ឲ្យ​ទៅជា​រូប មើលទៅដូចជា​មនុស្ស ដែល​តែងតែ​ខូច​វិញ”(រ៉ូម ១:២១-២៣)។ ក្នុងចំណោម​យើង គ្មាន​នរណា​ស្រឡាញ់ ឬ​ទុក​ចិត្ត ឬក៏​អរព្រះគុណ ឬមួយ​ស្តាប់​បង្គាប់ ឬ​ឲ្យ​តម្លៃ​ព្រះ ដូចដែល​ខ្លួន​គួរ​ធ្វើ​នោះ​ទេ។ ៤) ដូចនេះ យើង​រាល់គ្នា​សុទ្ធតែ​សមនឹង​ទទួលទោស​អស់​កល្ប​ជានិច្ច “ដ្បិត​ឈ្នួល​របស់​អំពើបាប នោះ​ជា​សេចក្តី​ស្លាប់ តែ​អំណោយទាន​នៃ​ព្រះ​វិញ គឺជា​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច ដោយ​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា”(រ៉ូម ៦:២៣)។ អ្នក​ដែល​មិន​ស្តាប់​បង្គាប់​ព្រះអម្ចាស់ “នឹង​រងទុក្ខ​ទោស ជា​សេចក្តី​ហិន​វិនាស​អស់​កល្ប​ជានិច្ច ឃ្លាតពី​ព្រះ​ភក្ត្រ​នៃ​ព្រះអម្ចាស់ ហើយពី​សិរីល្អ​នៃ​ព្រះ​ចេស្ដា​ទ្រង់”(២ថែស្សាឡូនិច ១:៩)។ ឯ​ពួក​អ្នក​ទាំងនោះ​នឹង​ថយ​ទៅ មានទោស​អស់​កល្ប​ជានិច្ច តែ​ពួក​សុចរិត​នឹង​ចូល​ទៅ​ក្នុង​ជីវិត​ដ៏​នៅ​អស់​កល្ប​ជានិច្ច​វិញ(ម៉ាថាយ ២៥:៤៦)។ ៥) តែ​ដោយ​សេចក្តី​មេត្តា​ដ៏​អស្ចារ្យ​របស់​ព្រះ នោះ​ព្រះអង្គ​បាន​ចាត់​ព្រះរាជបុត្រា​តែមួយ ព្រះនាម​យេស៊ូវ​គ្រីស្ទ ចូល​មក​ក្នុង​លោកិយ​នេះ ដើម្បី​បើកផ្លូវ​ឲ្យ​មនុស្ស​មាន​បាប ចូល​ទៅ​រក​ជីវិត​អស់​កល្ប។ “ដ្បិត​ព្រះ​ទ្រង់​ស្រឡាញ់​មនុស្សលោក ដល់​ម៉្លេះ​បាន​ជា​ទ្រង់ប្រទាន​ព្រះរាជបុត្រា​ទ្រង់​តែ១ ដើម្បីឲ្យ​អ្នកណា​ដែល​ជឿ​ដល់​ព្រះរាជបុត្រា​នោះ មិន​ត្រូវ​វិនាស​ឡើយ គឺ​ឲ្យ​មានជីវិត​អស់​កល្ប​ជានិច្ច​វិញ”(យ៉ូហាន ៣:១៦)។ “ព្រះគ្រីស្ទ​ទ្រង់​បាន​លោះ​យើង​រាល់គ្នា ឲ្យ​រួចពី​សេចក្តី​បណ្តាសា​របស់​ក្រឹត្យវិន័យ ដោយ​ទ្រង់​ត្រូវ​បណ្តាសា​ជំនួស​យើង​រាល់គ្នា”(កាឡាទី ៣:១៣)។ “ព្រោះ​ព្រះគ្រីស្ទ​ទ្រង់​បាន​រងទុក្ខ​ម្តង ដោយ​ព្រោះ​បាប​ដែរ គឺជា​ព្រះ​ដ៏​សុចរិត ទ្រង់​រងទុក្ខ​ជំនួស​មនុស្ស​ទុច្ចរិត ដើម្បីនឹង​នាំ​យើង​រាល់គ្នា​ទៅដល់​ព្រះ”(១ពេត្រុស ៣:១៨)។ ៦) ដូចនេះ ជីវិត​អស់​កល្ប​ជាអំណោយ​ឥតគិតថ្លៃ ដល់​អស់អ្នក​ដែល​ទទួល​ជឿ​ព្រះគ្រីស្ទ​ជា​ព្រះអម្ចាស់ និង​ព្រះអង្គ​សង្គ្រោះ និង​ជា​កំណប់ទ្រព្យ​មានតម្លៃ​បំផុត​នៃ​ជីវិត​ពួក​គេ។ “ចូរ​ជឿ​ដល់​ព្រះអម្ចាស់​យេស៊ូវ​គ្រីស្ទ​ទៅ នោះ​នឹង​បាន​សង្គ្រោះ​ហើយ”(កិច្ចការ ១៦:៣១)។ “បើ​មាត់​អ្នក​នឹង​ទទួល​ថ្លែងប្រាប់​ពី​ព្រះអម្ចាស់យេស៊ូវ ហើយ​អ្នកជឿ​ក្នុងចិត្ត​ថា ព្រះ​បាន​ប្រោស​ឲ្យ​ទ្រង់​រស់​ពី​ស្លាប់​ឡើងវិញ នោះ​អ្នក​នឹង​បាន​សង្គ្រោះ​ពិត”(រ៉ូម ១០:៩)។ “ដ្បិត​គឺ​ដោយ​ព្រះគុណ ដែល​អ្នករាល់គ្នា​បាន​សង្គ្រោះ ដោយសារ​សេចក្តី​ជំនឿ ហើយ​សេចក្តី​នោះ​ក៏​មិនមែន​កើត​ពី​អ្នករាល់គ្នា​ដែរ គឺជា​អំណោយទាន​របស់​ព្រះ​វិញ ក៏​មិនមែន​ដោយ​ការប្រព្រឹត្ត​ដែរ ក្រែង​អ្នកណា​អួតខ្លួន”(អេភេសូរ ២:៨-៩)។ “ខ្ញុំ​បាន​ជាប់​ឆ្កាង​ជាមួយនឹង​ព្រះគ្រីស្ទ ប៉ុន្តែ​ខ្ញុំ​រស់នៅ មិនមែន​ជា​ខ្ញុំ​ទៀត គឺជា​ព្រះគ្រីស្ទ​ទ្រង់​រស់​ក្នុង​ខ្ញុំ​វិញ ហើយដែល​ខ្ញុំ​រស់​ក្នុង​សាច់ឈាម​ឥឡូវនេះ នោះ​គឺ​រស់​ដោយ​សេចក្តី​ជំនឿ ជឿ​ដល់​ព្រះរាជបុត្រា​នៃ​ព្រះ ដែល​ទ្រង់​ស្រឡាញ់​ខ្ញុំ ក៏បាន​ប្រគល់​ព្រះអង្គ​ទ្រង់​ជំនួស​ខ្ញុំ​ហើយ”(កាឡាទី ២:២០)។ “ហើយ​ខ្ញុំ​ក៏​រាប់​គ្រប់​ទាំងអស់​ទុកដូចជា​ខាត​ដែរ ដោយ​ព្រោះ​សេចក្តី​ដែល​ប្រសើរ​ជាង គឺ​ដោយ​ស្គាល់​ព្រះគ្រីស្ទយេស៊ូវ ជា​ព្រះអម្ចាស់​នៃ​ខ្ញុំ ដែល​ដោយ​យល់​ដល់​ទ្រង់ ខ្ញុំ​បាន​ខាត​គ្រប់​ទាំងអស់ ហើយ​បាន​រាប់ទាំង​អស់​ទុកដូចជា​សំរាម ប្រយោជន៍ឲ្យ​បាន​ព្រះគ្រីស្ទ​វិញ”(ភីលីព ៣:៨)។

ប្រភេទ