ព្រឹក

តើព្រះបានសុគតនៅលើឈើឆ្កាងឬ?
ដោយUltimately with R.C. Sproul
August 21, 2023
នៅពេលដែលព្រះយេស៊ូវផុតដង្ហើមនៅលើឈើឆ្កាង តើព្រះទ្រង់សុគតឬ? នៅថ្ងៃនេះដែរ លោកគ្រូ អ ស៊ី ស្រ្ពោល(R.C. Sproul) សូមធ្វើការបកស្រាយឲ្យបានច្បាស់ អំពីភាពខុសគ្នាដ៏សំខាន់ រវាងភាពជាព្រះ និងភាពជាមនុស្សរបស់ព្រះយេស៊ូវ។ អត្ថបទ ខ្ញុំចូលចិត្តច្រៀងបទទំនុកសកលមានចំណងជើងថា “ហេតុអ្វីព្រះរបស់ខ្ញុំសុគត” តែខ្ញុំចង់ឲ្យយើងយល់ន័យរបស់ទំនុកដំកើងនេះឲ្យបានច្បាស់ ព្រោះឃ្លាដែលច្រៀងថា “ហេតុអ្វីព្រះនៃខ្ញុំទ្រង់សុគតជួសខ្ញុំ? ព្រះនៃខ្ញុំទ្រង់សុគតជួសខ្ញុំ?” តាមពិត ព្រះទ្រង់មិនដែលសុគតទេ។ តែព្រះកាយរបស់ព្រះអង្គទេ ដែលបានសុគត ដោយលក្ខណៈជាមនុស្សរបស់ព្រះយេស៊ូវទេ ដែលបានសុគតនៅលើឈើឆ្កាង នៅថ្ងៃនោះ។ តើនឹងមានរឿងអ្វីកើតឡើង បើសិនជាព្រះវរបិតាបានវិនាសនៅថ្ងៃសុក្រនោះ? ជាការពិតណាស់ ព្រះយេស៊ូវក៏នឹងសុគត ជាមួយព្រះវរបិតា ហើយលោកពុនទាស ពីឡាត់ លោកកៃផាសក៏នឹងត្រូវវិនាស ឈើឆ្កាងក៏រលាយបាត់។ ទីក្រុងយេរូសាឡិមក៏លែងមាននៅវិនាទីនោះ។ លោកិយទាំងមូលក៏លែងមានដែរ។ បើព្រះសុគត អ្វីៗផ្សេងទៀតក៏លែងមានវត្តមាន។ យើងរាល់គ្នាក៏ស្លាប់ ព្រោះក្នុងព្រះអង្គ យើងមានជីវិតរស់ ហើយបើគ្មានអំណាចជាបឋមរបស់ព្រះទេ គ្មានអ្វីអាចរស់នៅបាន សូម្បីតែមួយវិនាទី។ បើគ្មានអំណាចជាបឋមរបស់ព្រះទេ គ្មានអ្វីអាចមានវត្តមានបានឡើយ។ ក្នុងព្រះអង្គ យើងរស់នៅ និងមានចលនា ហើយមានកាយ និងចិត្តរបស់យើង។ ខ្ញុំមិនមែនជាជីវិតដែលឯករាជនោះឡើយ តែខ្ញុំពឹងផ្អែកលើព្រះ។ មានពេលដែលខ្ញុំនឹងមិនមានជីវិត។ ៦៦ឆ្នាំមុន គ្មានលោកគ្រូ អ ស៊ី ស្ព្រោល រស់នៅលើផែនដីនេះទេ តែមានជីតាខ្ញុំដែលមានឈ្មោះនេះដែរ តែខ្ញុំមិនមានវត្តមានទេ។ ពិភពលោកនេះគ្មានខ្ញុំទេ។ ខ្ញុំគ្មានកាយគ្មានចិត្ត។ តែខ្ញុំមានវត្តមាននៅលើផែនដី ចាប់តាំងពីពេលដែលខ្ញុំបានចាប់កំណើតក្នុងផ្ទៃម្តាយខ្ញុំ ដោយព្រះបានបង្កើត និងទ្រទ្រង់ឲ្យខ្ញុំមានជីវិត ព្រោះមានតែទ្រង់ទេ ដែលមានអំណាចក្នុងអង្គទ្រង់ សម្រាប់ធ្វើការនេះបាន។ ចុះចំណែកឯចលនានៃរបស់សព្វសារពើវិញ? បើគ្មានព្រះទេ ក៏គ្មានអ្វីទាល់តែសោះ។ គ្មានអ្វីអាចមានចលនា។ ហើយក៏គ្មានដៃ ជើង ភ្នែករបស់ខ្ញុំ ដែលអាចមានចលនាដែរ។ ផ្កាយក៏គ្មានរូបរាង្គ គ្មានចលនាដែរ។ ដ្បិតគឺដោយសារទ្រង់ហើយ ដែលយើងរាល់គ្នាបានរស់ កំរើក ហើយមាននៅផង(កិច្ចការ ១៧:២៨)។ សេចក្តីនេះដែលមានចែងក្នុងព្រះគម្ពីរសញ្ញាថ្មី ជាទ្រឹស្តីដែលមានន័យបំផុត ដែលយើងអាចយល់បាន។
ប្រភេទ
ល្ងាច

ពួកជំនុំដ៏អស់កល្បរបស់ព្រះអង្គ
ដោយPatricia Raybon
August 21, 2023
សូមអាន អេភេសូរ ២:១៤-២២ ទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ។ ម៉ាថាយ ១៦:១៨ មានស្រ្តីជាម្តាយវ័យក្មេងម្នាក់បានមកដល់ព្រះវិហារជាមួយកូនពីរនាក់ ស្របពេលដែលសាលារៀនថ្ងៃអាទិត្យជិតដល់ម៉ោងបញ្ចប់។ គាត់សួរយើងថា “តើកម្មវិធីថ្វាយបង្គំចប់ហើយឬនៅ”? តែអ្នកទទួលភ្ញៀវម្នាក់ក៏បានប្រាប់គាត់ថា នៅតំបន់ជិតខាង មានព្រះវិហារមួយទៀតមានកម្មវិធីថ្វាយបង្គំពីរពេល ហើយម៉ោងទីពីរជិតដល់ពេលចាប់ផ្តើមហើយ។ ហើយក៏បានសួរគាត់ថា តើគាត់ចង់ឲ្យគេបើកឡានជូនគាត់ទៅព្រះវិហារនោះទេ? ស្រ្តីជាម្តាយរូបនោះហាក់ដូចជាមានចិត្តដែលដឹងគុណ ពេលដែលគេជួនគាត់នឹងកូនៗគាត់ទៅព្រះវិហារនោះ។ ក្រោយមក អ្នកទទួលភ្ញៀវរូបនោះ ក៏បានធ្វើការសន្និដ្ឋានដូចនេះថា កម្មវិធីថ្វាយបង្គំរបស់ពួកជំនុំមិនចេះចប់ទេ កម្មវិធីថ្វាយបង្គំរបស់ពួកជំនុំរបស់ព្រះ នឹងបន្តមានជារៀងរហូត។ ពួកជំនុំមិនមែនជា “អគារ” ដែលពុកផុយនោះទេ។ សាវ័កប៉ុលមានប្រសាសន៍ថា ពួកជំនុំរបស់ព្រះ “គឺជាជាតិតែ១នឹងពួកបរិសុទ្ធ ជាពួកដំណាក់ព្រះវិញ ដែលបានស្អាងឡើងលើជើងជញ្ជាំងនៃពួកសាវ័ក និងពួកហោរា ហើយព្រះយេស៊ូវគ្រីស្ទនោះឯង ទ្រង់ជាថ្មជ្រុងយ៉ាងឯក ដែលដោយសារទ្រង់ ដំណាក់ទាំងមូលនោះបានផ្គុំភ្ជាប់គ្នា ទាំងចំរើនឡើងជាវិហារបរិសុទ្ធក្នុងព្រះអម្ចាស់ ហើយអ្នករាល់គ្នាក៏បានស្អាងឡើងក្នុងទ្រង់ដែរ សំរាប់ជាលំនៅនៃព្រះដោយនូវព្រះវិញ្ញាណ”(អេភេសូរ ២:១៩-២២)។ ព្រះយេស៊ូវបានបង្កើតពួកជំនុំរបស់ព្រះអង្គមក ឲ្យមានភាពស្ថិតស្ថេរអស់កល្ប។ ព្រះអង្គបានប្រកាសថា ទោះពួកជំនុំព្រះអង្គជួបបញ្ហាប្រឈម និងទុក្ខលំបាកយ៉ាងណាក៏ដោយ ក៏ “ទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ” (ម៉ាថាយ ១៦:១៨)។ តាមរយៈព្រះបន្ទូលក្នុងបទគម្ពីរនេះ ដែលបានប្រទានអំណាចដល់ពួកជំនុំព្រះអង្គ យើងអាចមើលឃើញពួកជំនុំក្នុងតំបន់របស់យើង ជាផ្នែកមួយនៃពួកជំនុំសកល ដែលបានសង់ឡើង “ដោយសារព្រះគ្រីស្ទយេស៊ូវ រហូតដល់គ្រប់ទាំងដំណមនុស្ស នៅអស់កល្បជានិច្ចរៀងរាបតទៅ”(អេភេសូរ ៣:២១)។—Patricia Raybon
តើពួកជំនុំរបស់អ្នកមានចំណុចអ្វីខ្លះ ដែលអ្នកចង់អរព្រះគុណព្រះអង្គ? តើអ្នកអាចរួមចំណែកយ៉ាងណាខ្លះ ដើម្បីជួយឲ្យពួកជំនុំសកលរបស់ព្រះអង្គមានការរីកចម្រើន?
ឱព្រះយេស៊ូវ ក្នុងនាមទូលបង្គំជាផ្នែកមួយនៃពួកជំនុំព្រះអង្គ សូមព្រះអង្គបន្តជួយទូលបង្គំឲ្យចម្រើនឡើង ក្នុងព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុកដំកើង ១១០-១១២ និង ១កូរិនថូស ៥