ព្រះទ្រង់រៀបចំផ្លូវសម្រាប់យើងបោះជំហានទៅមុខ

សូមអាន : អេសាយ ២៦:១-១៣

ឱ​ព្រះ​ដ៏​ទៀង​ត្រង់​អើយ ទ្រង់​ពិនិត្យ​ពិចារណា​អស់​ទាំង​ផ្លូវ​ច្រក​របស់​មនុស្ស​សុចរិត​។ អេសាយ ២៦:៧

នៅ​ក្នុង​កីឡា​វាយ​កូន​បាល់​បេសប៊ល​ដែល​ពឹង​ផ្អែក​សម្លេង កីឡាករ​ទាំង​អស់​ដែល​ពិការ​ភ្នែក ត្រូវ​រង់​ចាំ​ស្តាប់​សម្លេង​រោទ៍​ចេញពី​កូន​បាល់ ឬ​ចេញ​ពី​ទី ក្នុង​លើ​ទីលាន ដើម្បី​ឲ្យ​ដឹង​ថា ត្រូវ​ធ្វើ​អ្វី និង​រត់​ទៅ​កន្លែងណា​។ អ្នក​វាយ​កូន​បាល់​ដែល​គេ​មាន​ក្រ​ណាត់​រុំ​ភ្នែក(មាន​កំរិត​ពិការ​ភ្នែក​ផ្សេង​គ្នា) និង​អ្នក​គប់​កូន​បាល់​ដែល​អាច​មើល​ឃើញ នៅ​ក្នុង​ក្រុម​ជាមួយ​គ្នា​។ ពេលណា​អ្នក​វាយ​កូន​បាល់​វាយ​ត្រូវ​បាល់​ដែល​បញ្ចេញ​សម្លេង គាត់​ត្រូវ​រត់​ទៅ​រក​ទី តាម​សម្លេង​ដែល​បាន​លាន់​ឡើង​។ អ្នក​វាយ​កូន​បាល់​ត្រូវ​រត់​ឲ្យ​ដល់ទី មុន​ពេល​អ្នក​រើស​បាល់​របស់​គូរ​ប្រកួត​រើស​បាន​កូន​បាល់​នោះ ដើម្បី​ឲ្យ​បាន​ពិន្ទុ​។ កីឡាករ​ម្នាក់​បាន​លើក​ឡើង​ថា គាត់​មាន​អារម្មណ៍​ថា គាត់ “មាន​សេរី​ភាព​ពេញលេញ ក្នុង​ការ​រត់” ព្រោះ​គាត់​ដឹង​ថា ផ្លូវ និង​ទិសដៅ​ដែល​គាត់​ត្រូវ​រត់​ទៅ មាន​ភាព​ស្រឡះ​ល្អ​។ គាត់​ថា នេះ​ជា​ចំណុច​ល្អ​បំផុត​របស់​ការ​ប្រកួត​នេះ​។

កណ្ឌ​គម្ពីរ​អេសាយ​បាន​ប្រាប់​យើង​ថា ព្រះអម្ចាស់​ជា​ព្រះ​ដ៏​ទៀង​ត្រង់ “ទ្រង់​ពិនិត្យ​ពិចារណា​អស់​ទាំង​ផ្លូវ​ច្រក​របស់​មនុស្ស​សុចរិត” (២៦:៧)។ កាល​ហោរា​អេសាយ​បាន​និពន្ធ​កណ្ឌ​គម្ពីរ​នេះ ពួក​សាសន៍​អ៊ីស្រាអែល​មិន​បាន​ដើរ​តាម​ផ្លូវ​ដែល​ត្រឹម​ត្រូវ​ឡើយ បានជា​ពួកគេ​បាន​ទទួល​ការ​ជំនុំ​ជម្រះ​ពី​ព្រះអង្គ ដោយសារ​ពួកគេ​មិន​ស្តាប់​បង្គាប់​ព្រះអង្គ​។ ហោរា​អេសាយ​ក៏បាន​លើក​ទឹក​ចិត្ត​ពួកគេ​ឲ្យ​ដើរ ដោយ​ជំនឿ និង​ការ​ស្តាប់​បង្គាប់ ដែល​ច្រើនតែ​មាន​ការ​ពិបាក​។ ហើយ​ចិត្ត​របស់​ពួក​គេ​ត្រូវ​ផ្តោត​ទៅលើ​ការ​លើក​ដំកើង​ព្រះ​នាម​ព្រះអង្គ និង​នឹក​ចាំ​អំពី​ព្រះអង្គ(ខ.៨)។

ក្នុង​នាម​យើង​ជា​អ្នកជឿ​ព្រះយេស៊ូវ យើង​ស្គាល់​ព្រះអង្គ​កាន់តែ​ច្បាស់ ហើយ​ទុក​ចិត្ត​លើ​ចារិក​លក្ខណៈ​ដ៏​ស្មោះ​ត្រង់​របស់​ព្រះអង្គ ពេលណា​យើង​ដើរ​តាម​ផ្លូវ​ព្រះអង្គ ដោយ​ការ​ស្តាប់​បង្គាប់​។ ផ្លូវ​នៃ​ជីវិត​របស់​យើង​មិន​តែងតែ​រាប​ស្មើ តែ​យើង​អាច​ដឹង​ច្បាស់​ថា កាលណា​យើង​ទុកចិត្ត​ព្រះអង្គ ព្រះអង្គ​នឹង​រៀបចំ​ផ្លូវ​ឲ្យ​យើង ហើយ​ដឹកនាំ​យើង​។ យើង​ក៏​អាច​មាន​អារម្មណ៍​ថា យើង​មាន​សេរី​ភាព នៅ​ក្នុង​ការ​រត់​ទៅមុខ ដោយ​ការ​ស្តាប់​បង្គាប់ នៅ​លើ​ផ្លូវ​ដ៏​ល្អ​បំផុត ដែល​ព្រះ​ទ្រង់​បាន​រៀបចំ​សម្រាប់​យើង​។—Anne Cetas

តើ​អ្នក​ត្រូវ​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាងណា​ខ្លះ ដើម្បី​ស្តាប់​បង្គាប់​តាម​ព្រះអម្ចាស់? តើ​អ្នក​នឹង​មាន​ការ​ផ្លាស់​ប្តូរ​នោះ​នៅ​ពេលណា?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​សេរី​ភាព ឲ្យ​ទូល​បង្គំ​ដើរ​ក្នុង​ផ្លូវ​ដ៏​ល្អ​របស់​ព្រះអង្គ​។ សូម​ព្រះអង្គ​បន្ត​បង្ហាញ​ផ្លូវ​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ទំនុក​ដំកើង ១២៩-១៣១ និង ១កូរិនថូស ១១:១-១៦

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles