ព្រឹក

ការបកស្រាយអំពីព្រះត្រៃឯក
ដោយLisa Samra
September 1, 2023
សូមអាន : ម៉ាកុស ១:៩-១១
រួចឮសំឡេងពីលើមេឃថា ឯងជាកូនស្ងួនភ្ងាអញ ជាទីពេញចិត្តអញណាស់។ ម៉ាកុស ១:១១ កាលខ្ញុំទៅលេងប្រទេសអៀរឡង់ ខ្ញុំមានការភ្ញាក់ផ្អើល ចំពោះរូបស្លឹកដើមជន្ទល់ភ្នំ ដែលគេបានប្រើធ្វើជាគ្រឿងតុបតែង តាមរបៀបជាច្រើនណាស់។ ដើមជន្ទល់ភ្នំមានដើមតូចៗ មានស្លឹកពណ៌បៃតងឆែករាងមូល ទងនីមួយៗមានបីស្លឹក។ នៅក្នុងហាងទំនិញនីមួយៗ ខ្ញុំឃើញរូបស្លឹកដើមជន្ទល់ភ្នំ ត្រូវគេយកមកតុបតែងពីលើទំនិញស្ទើរទាំងអស់ ដែលមានដូចជា សំលៀកបំពាក់ មួក គ្រឿងអលង្ការ ។ល។ ដើមជន្ទល់ភ្នំមិនគ្រាន់តែជារុក្ខជាតិដែលមានដុះច្រើន នៅប្រទេសអៀរឡង់ប៉ុណ្ណោះទេ តែក៏ត្រូវបានគ្រីស្ទបរិស័ទនៅទីនោះជាច្រើនជំនាន់ យកមកប្រើដើម្បីរំឭកអំពីអត្ថន័យនៃព្រះត្រៃឯក តាមរបៀបដ៏សាមញ្ញ ដោយពួកគេជឿថា ព្រះពិតតែមួយ មានបីអង្គ គឺព្រះវរបិតា ព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ដែលរួមគ្នាមកជាព្រះតែមួយ ដែលមានតាំងពីអស់កល្បរៀងមក។ ការបកស្រាយរបស់មនុស្ស អំពីព្រះត្រៃឯក មិនមានភាពឥតខ្ចោះនោះទេ តែការប្រើស្លឹកដើមជន្ទល់ភ្នំធ្វើជាការរំឭក មានអត្ថប្រយោជន៍ ចំពោះប្រជាជននៅប្រទេសអៀរឡង់ ដោយសារស្លឹកដែលឆែកជាបី គឺជាស្លឹកតែមួយ។ យើងមិនឃើញពាក្យព្រះត្រៃឯក នៅក្នុងព្រះគម្ពីរទេ តែពាក្យនេះបានសង្ខេប អំពីសេចក្តីពិតក្នុងទេវសាស្រ្ត ដូចដែលបានបកស្រាយយ៉ាងច្បាស់ ក្នុងបទគម្ពីរជាច្រើន ដែលបានចែងអំពីអង្គទាំងបីនៃព្រះត្រៃឯក ដែលជាព្រះតែមួយ មានវត្តមាន ក្នុងពេលតែមួយ។ ឧទារហណ៍ ពេលដែលព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះ ទទួលបុណ្យជ្រមុជទឹក ព្រះវិញ្ញាណបរិសុទ្ធបានយាងចុះមកពីស្ថានសួគ៌ មានសណ្ឋាន “ដូចសត្វព្រាប” ហើយព្រះវរបិតាក៏បានមានបន្ទូលប្រកាសឮៗពីស្ថានសួគ៌មកថា ព្រះយេស៊ូវជាកូនស្ងួនភ្ងារបស់ព្រះអង្គ(ម៉ាកុស ១:១១)។ អ្នកជឿព្រះនៅប្រទេសអៀរឡង់បានប្រើរូបភាពស្លឹកឈើនោះ ព្រោះពួកគេចង់ជួយមនុស្សឲ្យស្គាល់ព្រះអង្គ។ យើងចាំបាច់ត្រូវយល់អត្ថន័យនៃព្រះត្រៃឯក ព្រោះការយល់ដឹងនេះ ជួយឲ្យយើងស្គាល់លក្ខណៈសម្បត្តិរបស់ព្រះ កាន់តែច្បាស់ ហើយជួយឲ្យយើងអាចមានភាពស៊ីជម្រៅ នៅក្នុងការថ្វាយបង្គំព្រះអង្គ ដោយវិញ្ញាណ និងសេចក្តីពិត(យ៉ូហាន ៤:២៤)។—Lisa M. Samraតើអ្នកមានការយល់ដឹងយ៉ាងណាខ្លះ អំពីព្រះត្រៃឯក? តើហេតុអ្វីបានជាយើងចាំបាច់ត្រូវជឿថា ព្រះពិតតែមួយ មានបីអង្គ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានធ្វើការរួមគ្នា ជាមួយព្រះរាជបុត្រា និងព្រះវិញ្ញាណបរិសុទ្ធ ដើម្បីបង្ហាញសេចក្តីស្រឡាញ់ និងប្រទានសេចក្តីសង្គ្រោះដល់មនុស្សទាំងអស់។
គម្រោងអានរយៈពេល១ឆ្នាំ : ទំនុកដំកើង ១៣៧-១៣៩ និង ១កូរិនថូស ១៣
ល្ងាច

នឹងនរជាងភ្នំអេវើរេស
ដោយJohn Piper
September 1, 2023
តែយើងដឹងថា គ្រប់ការទាំងអស់ផ្សំគ្នា សំរាប់សេចក្តីល្អដល់ពួកអ្នកដែលស្រឡាញ់ព្រះ គឺដល់ពួកអ្នកដែលទ្រង់ហៅមក តាមព្រះដំរិះទ្រង់។ រ៉ូម ៨:២៨ បើអ្នករស់នៅ ក្នុងព្រះបន្ទូលសន្យាដ៏អស្ចារ្យនេះ ជីវិតអ្នកនឹងមានភាពរឹងមាំ និងនឹងនរ ជាងភ្នំអេរើរេសទៅទៀត។ គ្មានអ្វីអាចបក់ឲ្យអ្នកប៉ើងបានឡើយ ពេលណាអ្នកស្ថិតនៅក្នុងការហ៊ុមព័ទ្ធដោយកំផែងនៃបទគម្ពីរ រ៉ូម ៨:២៨។ នៅខាងក្រៅបទគម្ពីររ៉ូម ៨:២៨ អ្វីៗសុទ្ធតែមានភាពភាន់ភាំង ការថប់បារម្ភ ការភ័យខ្លាច និងភាពមិនច្បាស់លាស់។ នៅក្រៅព្រះបន្ទូលសន្យា អំពីព្រះគុណជាបរិបូរនៅពេលអនាគត គឺមានតែផ្ទះស្បូវ ដែលមានថ្នាំញៀន និងរូបអាសអាភាស និងការបង្វែរអារម្មណ៍ដែលគ្មានប្រយោជន៍រាប់សិបមុខ ឲ្យងាកចេញពីព្រះ។ មានជញ្ជាំងប្រហោង និងដំបូលស័ង្កសីនៃយុទ្ធសាស្ត្រវិនិយោគដ៏ផុយស្រួយ និងការធានារ៉ាប់រងរយៈពេលខ្លី និងគម្រោងចូលនិវត្តន៍មិនច្បាស់លាស់។ មានគន្លឹះទ្វារ ប្រព័ន្ធប្រកាសអាសន្ន ប្រព័ន្ធការពារអាកាសធ្វើពីក្រដាសឡាំង។ នៅខាងក្រៅនោះ មនុស្សព្យាយាមជំនួស បទគម្ពីរ រ៉ូម ៨:២៨ ដោយមធ្យោបាយរាប់ពាន់មុខ។ ពេលណាអ្នកដើរកាត់តាមទ្វារនៃសេចក្តីស្រឡាញ់ ចូលទៅក្នុងសំណង់ដ៏ធំសម្បើម និងមិនចេះរង្គោះរង្គើ នៃបទគម្ពីរ រ៉ូម ៨:២៨ អ្វីៗគ្រប់យ៉ាងមានការផ្លាស់ប្តូរ។ ភាពនឹងនរ ភាពស៊ីជម្រៅ និងសេរីភាពនឹងចូលទៅក្នុងជីវិតអ្នក។ គ្មានអ្វីអាចបក់ឲ្យអ្នកប៉ើងបានទៀតឡើយ។ យើងត្រូវមានទំនុកចិត្តថា ព្រះដែលមានអធិបតេយ្យភាព ទ្រង់គ្រប់គ្រងលើអ្វីៗគ្រប់យ៉ាង គឺទាំងការឈឺចាប់ និងភាពសប្បាយរីករាយ ដើម្បីជាប្រយោជន៍យើង ព្រោះការមានទំនុកចិត្តដូចនេះ គឺជាទីជ្រកកោន សុវត្ថិភាព ក្តីសង្ឃឹម និងអំណាច ក្នុងជីវិតអ្នក ដែលគ្មានអ្វីអាចប្រៀបផ្ទឹមបានឡើយ។ ពេលណារាស្រ្តរបស់ព្រះ ពិតជារស់នៅ ដោយព្រះគុណនៃអនាគតកាល ដែលមានចែងក្នុងបទគម្ពីរ រ៉ូម ៨:២៨ រាប់ចាប់តាំងពីពេលមានជម្ងឺ រហូតដល់ពេលស្លាប់ក្តី ពួកគេជាមនុស្សដែលមានសេរីភាពបំផុត ខ្លាំងបំផុត និងសប្បុរសបំផុត ក្នុងពិភពលោក។ ពន្លឺរបស់ពួកគេបានចែងចាំង ជាហេតុនាំឲ្យគេសរសើរដំកើងព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ (ម៉ាថាយ ៥:១៦)។