នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ការបកស្រាយអំពីព្រះត្រៃឯក

ការបកស្រាយអំពីព្រះត្រៃឯក

ដោយLisa Samra

September 2, 2023

សូមអាន : ម៉ាកុស ១:៩-១១

រួច​ឮ​សំឡេង​ពីលើ​មេឃថា ឯង​ជា​កូន​ស្ងួន​ភ្ងាអញ ជាទី​ពេញ​ចិត្តអញ​ណាស់​។ ម៉ាកុស ១:១១ កាល​ខ្ញុំ​ទៅលេង​ប្រទេស​អៀរឡង់ ខ្ញុំ​មាន​ការ​ភ្ញាក់​ផ្អើល ចំពោះ​រូប​ស្លឹក​ដើម​ជន្ទល់​ភ្នំ ដែលគេ​បាន​ប្រើ​ធ្វើ​ជា​គ្រឿង​តុប​តែង តាម​របៀប​ជា​ច្រើន​ណាស់​។ ដើម​ជន្ទល់​ភ្នំ​មាន​ដើម​តូចៗ មាន​ស្លឹក​ពណ៌​បៃតង​ឆែក​រាង​មូល ទង​នីមួយៗ​មាន​បី​ស្លឹក​។ នៅ​ក្នុង​ហាង​ទំនិញ​នីមួយៗ ខ្ញុំ​ឃើញ​រូប​ស្លឹក​ដើម​ជន្ទល់​ភ្នំ ត្រូវ​គេ​យក​មក​តុប​តែង​ពីលើ​ទំនិញ​ស្ទើរ​ទាំង​អស់ ដែល​មាន​ដូចជា សំលៀក​បំពាក់ មួក គ្រឿង​អលង្ការ ។​ល​។ ដើម​ជន្ទល់​ភ្នំ​មិន​គ្រាន់តែ​ជា​រុក្ខជាតិ​ដែល​មាន​ដុះ​ច្រើន នៅ​ប្រទេស​អៀរឡង់​ប៉ុណ្ណោះ​ទេ តែ​ក៏​ត្រូវ​បាន​គ្រីស្ទបរិស័ទ​នៅ​ទីនោះ​ជា​ច្រើន​ជំនាន់ យក​មក​ប្រើ​ដើម្បី​រំឭក​អំពី​អត្ថន័យ​នៃ​ព្រះត្រៃឯក តាម​របៀប​ដ៏​សាមញ្ញ ដោយ​ពួក​គេ​ជឿ​ថា ព្រះ​ពិតតែ​មួយ មាន​បី​អង្គ គឺ​ព្រះវរបិតា ព្រះរាជបុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ ដែល​រួម​គ្នា​មក​ជា​ព្រះ​តែមួយ ដែល​មាន​តាំងពី​អស់​កល្ប​រៀងមក​។ ការ​បក​ស្រាយ​របស់​មនុស្ស អំពី​ព្រះត្រៃឯក មិន​មាន​ភាព​ឥត​ខ្ចោះ​នោះ​ទេ តែ​ការ​ប្រើ​ស្លឹក​ដើម​ជន្ទល់​ភ្នំ​ធ្វើ​ជា​ការ​រំឭក​ មាន​អត្ថ​ប្រយោជន៍ ចំពោះ​ប្រជាជន​នៅ​ប្រទេស​អៀរឡង់ ដោយសារ​ស្លឹក​ដែល​ឆែក​ជា​បី គឺជា​ស្លឹក​តែមួយ​។ យើង​មិន​ឃើញ​ពាក្យ​ព្រះត្រៃឯក នៅ​ក្នុង​ព្រះ​គម្ពីរ​ទេ តែ​ពាក្យ​នេះ​បាន​សង្ខេប អំពី​សេចក្តី​ពិត​ក្នុង​ទេវសាស្រ្ត ដូច​ដែល​បាន​បក​ស្រាយ​យ៉ាង​ច្បាស់ ក្នុង​បទ​គម្ពីរ​ជា​ច្រើន ដែល​បាន​ចែង​អំពី​អង្គ​ទាំង​បី​នៃ​ព្រះត្រៃឯក ដែល​ជា​ព្រះ​តែមួយ មាន​វត្ត​មាន ក្នុង​ពេល​តែមួយ​។ ឧទារហណ៍ ពេល​ដែល​ព្រះយេស៊ូវ ជា​ព្រះរាជបុត្រា​នៃ​ព្រះ ទទួល​បុណ្យ​ជ្រមុជទឹក ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​យាងចុះ​មកពី​ស្ថាន​សួគ៌ មាន​សណ្ឋាន “ដូច​សត្វ​ព្រាប” ហើយ​ព្រះវរបិតា​ក៏បាន​មាន​បន្ទូល​ប្រកាស​ឮ​ៗពី​ស្ថាន​សួគ៌​មក​ថា ព្រះយេស៊ូវ​ជា​កូន​ស្ងួន​ភ្ងា​របស់​ព្រះអង្គ(ម៉ាកុស ១:១១)។ អ្នកជឿ​ព្រះ​នៅ​ប្រទេស​អៀរឡង់​បាន​ប្រើ​រូប​ភាព​ស្លឹកឈើ​នោះ ព្រោះ​ពួក​គេ​ចង់​ជួយ​មនុស្ស​ឲ្យ​ស្គាល់​ព្រះអង្គ​។ យើង​ចាំបាច់​ត្រូវ​យល់​អត្ថន័យ​នៃ​ព្រះត្រៃឯក ព្រោះ​ការ​យល់​ដឹង​នេះ ជួយ​ឲ្យ​យើង​ស្គាល់​លក្ខណៈ​សម្បត្តិ​របស់​ព្រះ កាន់តែ​ច្បាស់ ហើយ​ជួយ​ឲ្យ​យើង​អាច​មាន​ភាព​ស៊ី​ជម្រៅ នៅ​ក្នុង​ការ​ថ្វាយបង្គំ​ព្រះអង្គ ដោយ​វិញ្ញាណ និង​សេចក្តី​ពិត(យ៉ូហាន ៤:២៤)។—Lisa M. Samra

តើ​អ្នក​មាន​ការ​យល់​ដឹង​យ៉ាងណា​ខ្លះ អំពី​ព្រះត្រៃឯក? តើ​ហេតុ​អ្វី​បានជា​យើង​ចាំ​បាច់​ត្រូវ​ជឿ​ថា ព្រះ​ពិតតែ​មួយ មាន​បី​អង្គ?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ធ្វើ​ការ​រួម​គ្នា ជាមួយ​ព្រះរាជបុត្រា និង​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​ប្រទាន​សេចក្តី​សង្គ្រោះ​ដល់​មនុស្ស​ទាំង​អស់​។

គម្រោងអានរយៈពេល១ឆ្នាំ : ទំនុក​ដំកើង ១៣៧-១៣៩ និង ១កូរិនថូស ១៣

ល្ងាច

Devotional illustration

នឹងនរជាងភ្នំអេវើរេស

ដោយJohn Piper

September 2, 2023

តែ​យើង​ដឹង​ថា គ្រប់ការ​ទាំងអស់​ផ្សំគ្នា សំរាប់​សេចក្តីល្អ​ដល់​ពួក​អ្នក​ដែល​ស្រឡាញ់​ព្រះ គឺ​ដល់​ពួក​អ្នក​ដែល​ទ្រង់​ហៅ​មក តាម​ព្រះ​ដំ​រិះ​ទ្រង់។ រ៉ូម ៨:២៨ បើ​អ្នក​រស់នៅ ក្នុង​ព្រះបន្ទូល​សន្យា​ដ៏​អស្ចារ្យ​នេះ ជីវិត​អ្នក​នឹង​មាន​ភាពរឹងមាំ និង​នឹងនរ ជាង​ភ្នំ​អេ​រើ​រេស​ទៅទៀត។ គ្មានអ្វី​អាច​បក់​ឲ្យ​អ្នក​ប៉ើង​បាន​ឡើយ ពេលណា​អ្នក​ស្ថិតនៅ​ក្នុង​ការ​ហ៊ុមព័ទ្ធ​ដោយ​កំផែង​នៃ​បទ​គម្ពីរ រ៉ូម ៨:២៨។ នៅ​ខាង​ក្រៅ​បទ​គម្ពីរ​រ៉ូម ៨:២៨ អ្វី​ៗ​សុទ្ធ​តែ​មាន​ភាព​ភាន់ភាំង ការ​ថប់បារម្ភ ការភ័យខ្លាច និង​ភាព​មិន​ច្បាស់លាស់។ នៅ​ក្រៅ​ព្រះបន្ទូល​សន្យា អំពី​ព្រះគុណ​ជា​បរិបូរ​នៅពេលអនាគត គឺ​មានតែ​ផ្ទះស្បូវ ដែល​មាន​ថ្នាំញៀន និង​រូប​អាសអាភាស និង​ការ​បង្វែរ​អារម្មណ៍​ដែល​គ្មាន​ប្រយោជន៍​រាប់​សិប​មុខ ឲ្យ​ងាក​ចេញ​ពី​ព្រះ។ មាន​ជញ្ជាំង​ប្រហោង និង​ដំបូល​ស័ង្កសី​នៃ​យុទ្ធសាស្ត្រ​វិនិយោគ​ដ៏​ផុយ​ស្រួយ និង​ការធានា​រ៉ាប់​រង​រយៈពេល​ខ្លី និង​គម្រោង​ចូលនិវត្តន៍​មិន​ច្បាស់លាស់។ មាន​គន្លឹះទ្វារ ប្រព័ន្ធ​ប្រកាស​អាសន្ន ប្រព័ន្ធ​ការពារ​អាកាស​ធ្វើ​ពី​ក្រដាស​ឡាំង។ នៅ​ខាងក្រៅ​នោះ មនុស្ស​ព្យាយាម​ជំនួស បទ​គម្ពីរ រ៉ូម ៨:២៨ ដោយ​មធ្យោបាយ​រាប់ពាន់​មុខ។ ពេលណា​អ្នកដើរ​កាត់តាម​ទ្វារ​នៃ​សេចក្តី​ស្រឡាញ់ ចូល​ទៅ​ក្នុង​សំណង់​ដ៏​ធំ​សម្បើម និង​មិន​ចេះ​រង្គោះ​រង្គើ នៃ​បទ​គម្ពីរ រ៉ូម ៨:២៨ អ្វីៗ​គ្រប់​យ៉ាង​មានការ​ផ្លាស់​ប្តូរ។ ភាព​នឹងនរ ភាព​ស៊ីជម្រៅ និង​សេរីភាព​នឹង​ចូល​ទៅ​ក្នុង​ជីវិត​អ្នក។ គ្មានអ្វី​អាច​បក់​ឲ្យ​អ្នក​ប៉ើង​បាន​ទៀត​ឡើយ។ យើង​ត្រូវ​មានទំនុក​ចិត្ត​ថា ព្រះ​ដែល​មាន​អធិបតេយ្យ​ភាព ទ្រង់​គ្រប់គ្រង​លើ​អ្វីៗ​គ្រប់​យ៉ាង គឺ​ទាំង​ការឈឺចាប់ និង​ភាព​សប្បាយ​រីករាយ ដើម្បី​ជា​ប្រយោជន៍​យើង ព្រោះ​ការ​មានទំនុក​ចិត្ត​ដូចនេះ គឺជា​ទីជ្រកកោន សុវត្ថិភាព ក្តី​សង្ឃឹម និង​អំណាច ក្នុង​ជីវិត​អ្នក ដែល​គ្មានអ្វី​អាច​ប្រៀបផ្ទឹម​បាន​ឡើយ។ ពេលណា​រាស្រ្ត​របស់​ព្រះ ពិតជា​រស់នៅ ដោយ​ព្រះគុណ​​នៃ​អនាគត​កាល  ដែល​មាន​ចែង​ក្នុង​បទ​គម្ពីរ រ៉ូម ៨:២៨ រាប់​ចាប់តាំងពី​ពេល​មាន​ជម្ងឺ រហូតដល់​ពេល​ស្លាប់​ក្តី ពួក​គេ​ជា​មនុស្ស​ដែល​មាន​សេរីភាព​បំផុត ខ្លាំង​បំផុត និង​សប្បុរស​បំផុត ក្នុង​ពិភពលោក។ ពន្លឺ​របស់​ពួក​គេ​បាន​ចែងចាំង ជាហេតុ​នាំឲ្យ​គេ​សរសើរ​ដំកើង​ព្រះវរបិតា ដែល​គង់នៅ​ស្ថានសួគ៌ (ម៉ាថាយ ៥:១៦)។

ប្រភេទ