ព្រឹក

ព្រះទ្រង់មានផែនការដែលយើងមិនដឹង
ដោយJames Banks
September 4, 2023
សូមអាន : លោកុប្បត្ដិ ៤២:២៩-៣៦ បើសិនជាព្រះកាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន? រ៉ូម ៨:៣១ មានពេលមួយអតីតប្រធានាធិបតីអាមេរិក គឺលោក យូលីស៊ី អេស គ្រែន(Ulysses S. Grant)បានមានប្រសាសន៍ថា “កាលពីពេលព្រឹកនេះ ខ្ញុំគិតឃើញថា ខ្ញុំមានលុយច្រើនណាស់ តែឥឡូវ ខ្ញុំមិនបានដឹងទេថា ខ្ញុំមានលុយតែ១ដុល្លាប៉ុណ្ណោះ”។ គាត់បានមានប្រសាសន៍ដូចនេះ បន្ទាប់ពីគាត់ត្រូវដៃគូរក្នុងមុខជំនួញបោកប្រាស់ ធ្វើឲ្យគាត់បាត់បង់ប្រាក់ ដែលគាត់បានសន្សំអស់ពេលជាច្រើនឆ្នាំ។ ប៉ុន្មានខែក្រោយមក ពេទ្យបានពិនិត្យសុខភាពរកឃើញថា គាត់មានជំងឺមហារីកដែលមិនអាចព្យាបាលបាន។ គាត់មានការព្រួយបារម្ភអំពីលទ្ធភាពក្នុងការផ្គត់ផ្គង់ក្រុមគ្រួសារគាត់ ដូចនេះ គាត់ក៏បានយល់ព្រម ឲ្យលោកម៉ាក ធ្វេន(Mark Twain) ជាអ្នកនិពន្ធដ៏ល្បីល្បាញ ធ្វើការបោះពុម្ពផ្សាយសៀវភៅជីវិប្រវត្តិរបស់គាត់។ ហើយបន្ទាប់ពីលោកម៉ាក ធ្វេនបានបោះពុម្ពផ្សាយសៀវភៅគាត់បានមួយសប្តាហ៍ គាត់ក៏បានលាចាកលោក។ ព្រះគម្ពីរក៏បានចែងអំពីតួអង្គម្នាក់ដែលបានជួបទុក្ខលំបាកក្រៃលែង។ គេបានប្រាប់គាត់ថា លោកយ៉ូសែប ដែលជាកូនប្រុសគាត់ ត្រូវសត្វព្រៃហែកស៊ីបាត់ហើយ(លោកុប្បត្ដិ ៣៧:៣៣)។ បន្ទាប់មក លោកស៊ីម្មាន ដែលជាកូនប្រុសម្នាក់ទៀត កំពុងត្រូវគេឃុំខ្លួន នៅក្នុងប្រទេសដទៃ ហើយគាត់ក៏ខ្លាចគេយកលោកបេនយ៉ាមីន ដែលជាកូនពៅរបស់គាត់ ចេញពីគាត់ផងដែរ។ គាត់មានអារម្មណ៍ពិបាកខ្លាំងពេក ហើយក៏បានស្រែកឡើងថា សេចក្តីទាំងនេះជាទំនាស់នឹងគាត់ហើយ(៤២:៣៦)។ តែគាត់មិនបានដឹងអំពីផែនការព្រះទេ។ គាត់មិនបានដឹងសោះថា លោកយ៉ូសែប នៅមានជីវិត ហើយព្រះទ្រង់កំពុងធ្វើការក្នុងជីវិតគាត់ ដើម្បីស្ដារគ្រួសារគាត់ឡើងវិញ។ រឿងរបស់ពួកគេបានឆ្លុះបញ្ចាំងឲ្យយើងបានដឹងថា យើងនៅតែអាចទុកចិត្តព្រះអង្គ ទោះពេលខ្លះយើងមិនអាចមើលឃើញព្រះហស្តព្រះអង្គធ្វើការ ក្នុងកាលៈទេសៈរបស់យើង។ ការបោះពុម្ពផ្សាយសៀវភៅជីវប្រវត្តិរបស់លោកគ្រែនបានទទួលជោគជ័យយ៉ាងខ្លាំង ហើយប្រាក់កំរៃដែលទទួលបានពីការលក់សៀវភៅនោះ បានជួយផ្គត់ផ្គង់គ្រួសាររបស់គាត់ ឲ្យមានជីវភាពដ៏សមរម្យ។ លោកគ្រែនបានលាចាកលោកហើយ ដូចនេះ មិនបានដឹងអំពីរឿងនេះទេ តែភរិយាគាត់បានដឹង។ ចក្ខុវិស័យរបស់យើងមានដែនកំណត់ តែព្រះទ្រង់គ្មានដែនកំណត់ឡើយ។ ដោយសារព្រះយេស៊ូវជាក្តីសង្ឃឹមរបស់យើង នោះ “បើព្រះទ្រង់កាន់ខាងយើង តើអ្នកណាអាចទាស់នឹងយើងបាន?”(រ៉ូម ៨:៣១)។ ចូរយើងបន្តទុកចិត្តព្រះអង្គជារៀងរាល់ថ្ងៃ។—James Banks
តើអ្នកបានឃើញព្រះទ្រង់នាំសេចក្តីល្អ ចេញពីទុក្ខលំបាកក្នុងជីវិតអ្នក យ៉ាងដូចម្តេចខ្លះ? តើអ្នកចាំបាច់ត្រូវទុកចិត្តព្រះអង្គត្រង់ចំណុចណាខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំឲ្យបន្តផ្ដោតទៅលើព្រះអង្គ មិនមែនផ្ដោតទៅលើបញ្ហារបស់ទូលបង្គំឡើយ។ ព្រោះព្រះអង្គតែងតែស្មោះត្រង់ជានិច្ច។
គម្រោងអានរយៈពេល១ឆ្នាំ : ទំនុកដំកើង ១៤៦-១៤៧ និង ១កូរិនថូស ១៥:១-២៨
ល្ងាច

តើវាជារឿងធម្មតា? ឬជារឿងអាក្រក់?
ដោយUltimately with R.C. Sproul
September 4, 2023
មានរឿងជាច្រើនដែលលោកិយនេះបានទ្រាំទ្រ ដោយចាត់ទុករឿងទាំងនោះ ជា “រឿងធម្មតា”តែតាមពិត រឿងទាំងនោះជារឿងអាក្រក់ និងស្មោកគ្រោកនៅចំពោះព្រះ។ នៅថ្ងៃនេះដែរ លោកគ្រូ អរ ស៊ី ស្ព្រោល(R.C. Sproul) សូមលើកឡើង អំពីសារៈសំខាន់នៃការកែតម្រង់ទស្សនៈរបស់យើង ឲ្យស្របនឹងភាពបរិសុទ្ធរបស់ព្រះ។ អត្ថបទ ពេលណាខ្ញុំបានយល់កាន់តែច្រើន អំពីចារិកលក្ខណៈរបស់ព្រះ នោះខ្ញុំក៏កាន់តែងាយស្រឡាញ់ព្រះអង្គ ហើយក៏ងាយយល់ថា ការអ្វីដែលលោកិយនេះបានឱបក្រសោប និងទ្រាំទ្រ គឺជាទីស្អប់ខ្ពើមដល់ព្រះអង្គ។ ដូចនេះ ការអ្វីដែលព្រះទ្រង់បានចាត់ទុកថា ស្មោកគ្រោក យើងបានចាត់ទុកថា រឿងធម្មតា។ តាមពិត យើងបានប្រើពាក្យ “រឿងធម្មតា” ជំនួសឲ្យពាក្យ “ស្មោកគ្រោក” លើសពាក្យណាទាំងអស់។ តាមធម្មតា រឿងអ្វីដែលយើងហៅថា រឿងធម្មតា នោះព្រះទ្រង់បានហៅថា រឿងអាក្រក់ ពេលណាព្រះអង្គវិនិច្ឆ័យរឿងនោះ ស្របតាមចារិកលក្ខណៈដ៏បរិសុទ្ធរបស់ព្រះអង្គ។