សូមអាន : ម៉ាថាយ ៤:១៨-២២
គេក៏ទុកសំណាញ់ចោល ទៅតាមទ្រង់ភ្លាម។ ម៉ាថាយ ៤:២០
មានពេលមួយខ្ញុំមានឱកាសចូលរួមសន្និបាតគ្រីស្ទាន ជាមួយនិស្សិតមហាវិទ្យាល័យរាប់ពាន់នាក់។ ពេលគេបិទភ្លើងនៅក្នុងសាលសន្និសិទ ឲ្យនៅសល់ពន្លឺតែបន្តិចបន្តួច អ្នកចូលរួមទាំងឡាយក៏បានឱនក្បាល ខណៈពេលដែលគ្រូអធិប្បាយម្នាក់បានដឹកនាំយើង ក្នុងការអធិស្ឋានប្តេជ្ញាចិត្ត។ គាត់ក៏បានអញ្ជើញអ្នកចូលរួមទាំងឡាយ ឲ្យក្រោកឈរឡើង បើសិនជាពួកគេបានទទួលការត្រាស់ហៅពីព្រះអម្ចាស់ ឲ្យចេញទៅធ្វើបេសកកម្មនៅក្រៅប្រទេស។ ពេលនោះ ខ្ញុំអាចដឹងថា មិត្តភក្តិខ្ញុំម្នាក់ ឈ្មោះលីនែត(Lynette) បានក្រោកឈរឡើង ហើយដើរចេញពីកន្លែងអង្គុយ ហើយក៏បានធ្វើការប្តេជ្ញាចិត្តថា គាត់នឹងទៅរស់នៅ និងបម្រើព្រះ នៅប្រទេសភីលីពីន។ តែខ្ញុំមិនមានអារម្មណ៍ចង់ក្រោកឈរទេ។ ខ្ញុំមើលឃើញតម្រូវការខាងវិញ្ញាណ នៅក្នុងសហរដ្ឋអាមេរិក ច្រើនជាងប្រទេសដទៃ ដូចនេះ ខ្ញុំចង់ចែករំលែកក្តីស្រឡាញ់របស់ព្រះ ក្នុងទឹកដីកំណើតរបស់ខ្ញុំ។ ប៉ុន្តែ មួយទសវត្សរ៍ក្រោយមក ខ្ញុំក៏បានផ្លាស់ទៅរស់នៅក្នុងប្រទេសអង់គ្លេស ដោយព្យាយាមធ្វើការបម្រើព្រះ ក្នុងចំណោមមនុស្សដែលព្រះទ្រង់បានប្រទានមក ធ្វើជាអ្នកជិតខាងខ្ញុំ។ ការយល់ដឹងរបស់ខ្ញុំ អំពីរបៀបដែលខ្ញុំត្រូវរស់នៅ ក៏បានមានការផ្លាស់ប្តូរ ពេលដែលខ្ញុំបានដឹងថា ព្រះទ្រង់បានត្រាស់ហៅខ្ញុំ ឲ្យចេញទៅបម្រើព្រះអង្គ ខុសពីការរំពឹងគិតរបស់ខ្ញុំ។
ព្រះយេស៊ូវច្រើនតែបានធ្វើឲ្យមានការភ្ញាក់ផ្អើល ដល់មនុស្សដែលព្រះអង្គបានជួប ដោយរាប់បញ្ចូលទាំង អ្នកនេសាទត្រី ដែលព្រះអង្គបានត្រាស់ហៅឲ្យដើរតាមព្រះអង្គ។ កាលព្រះអង្គប្រទានបេសកកម្មថ្មីមួយ ឲ្យពួកគេទៅនេសាទមនុស្ស សាវ័កពេត្រុស និងសាវ័កអនដ្រេ ក៏បានទុកសំណាញ់ចោល ហើយតាមព្រះអង្គ “ភ្លាម”(ម៉ាថាយ ៤:២០) ហើយសាវ័កយ៉ាកុប និងសាវ័កយ៉ូហាន ក៏បានចាកចេញពីទូកភ្លាមៗផងដែរ(ខ.២២)។ ពួកគេក៏បានចេញដំណើរទៅបំពេញបេសកកម្មថ្មីមួយនេះ ជាមួយព្រះយេស៊ូវ ដោយទុកចិត្តព្រះអង្គ ទោះមិនទាន់បានដឹងអំពីកន្លែងដែលពួកគេកំពុងទៅក៏ដោយ។
ជាការពិតណាស់ ព្រះទ្រង់បានត្រាស់ហៅមនុស្សជាច្រើន ឲ្យបម្រើព្រះក្នុងតំបន់ដែលពួកគេកំពុងរស់នៅ។ ទោះព្រះអង្គឲ្យយើងបន្តនៅកន្លែងដដែល ឬត្រូវចេញទៅកន្លែងផ្សេងក៏ដោយ ក៏យើងរាល់គ្នាអាចមើលទៅព្រះអង្គ ដោយចិត្តភ្ញាក់ផ្អើល ពេលដែលព្រះអង្គប្រទានបទពិសោធន៍ និងឱកាសដ៏អស្ចារ្យ សម្រាប់រស់នៅថ្វាយព្រះអង្គ តាមរបៀបដែលយើងមិនដែលគិតស្មានថា យើងអាចធ្វើបាន។—Amy Boucher Pye
តើអ្នកមានការឆ្លើយតបដូចម្តេចខ្លះ ពេលដែលបានដឹងថា ព្រះទ្រង់កំពុងធ្វើការក្នុងជីវិតអ្នកដទៃ? តើអ្នកមានការភ្ញាក់ផ្អើលយ៉ាងណាខ្លះ?
ឱព្រះនៃសេចក្តីស្រឡាញ់ ព្រះអង្គបានត្រាស់ហៅរាស្រ្តព្រះអង្គ ឲ្យដើរតាមព្រះអង្គ តាមរបៀបដ៏ពិសេស និងគួរឲ្យភ្ញាក់ផ្អើល។ សូមព្រះអង្គបង្រៀនទូលបង្គំឲ្យស្គាល់សម្លេងព្រះអង្គ ហើយឆ្លើយតប ចំពោះការត្រាស់ហៅរបស់ព្រះអង្គ។
គម្រោងអានរយៈពេល១ឆ្នាំ : សុភាសិត ៣៥ និង ២កូរិនថូស ១