នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ចុះចូលនឹងការដឹកនាំរបស់ព្រះវិញ្ញាណ

ចុះចូលនឹងការដឹកនាំរបស់ព្រះវិញ្ញាណ

ដោយJennifer Benson Schuldt

September 9, 2023

សូមអាន : យ៉ាកុប ៣:២-១១ តែឯអណ្តាត​វិញ នោះ​គ្មាន​អ្នកណា​អាច​នឹង​ផ្សាំង​បាន​ឡើយ​។ យ៉ាកុប ៣:៨ ខ្យល់​ដែល​បក់​មក​មាន​ក្លិន​ក្រោល​សត្វ និង​ស្រូវ​សាឡី​សម្រាប់​សត្វ​សេះ ខណៈ​ពេល​ដែល​យើង​កំពុង​ឈរ នៅ​កន្លែង​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ឈ្មោះ មីស៊ែល(Michelle) កំពុង​បង្រៀន​កូន​ស្រី​ខ្ញុំ​អំពី​របៀប​ជិះ​សេះ​។ កូន​សេះ​របស់​មីស៊ែល​បាន​ហា​រមាត់​ឡើង ខណៈ​ពេល​ដែល​នាង​កំពុង​បង្ហាញ​របៀប​ដាក់​បង្ហៀរ​នៅ​ក្នុង​មាត់​របស់​វា​។ មីស៊ែល​ក៏​បាន​បត់​ខ្សែ​បង្ហៀរ​មកដល់​ខាង​ក្រោយ​ត្រចៀក​របស់​វា ហើយក៏​បាន​ពន្យល់​ថា បង្ហៀរ​សំខាន់​ណាស់ ព្រោះ​វា​ជួយ​អ្នក​ជិះ​សេះ ឲ្យ​អាច​បន្ថយ​ល្បឿន​របស់​សេះ ហើយ​បត់​វា​ទៅ​ឆ្វេង ឬ​ទៅ​ស្តាំ​បាន​។ បង្ហៀរ​របស់​សត្វ​សេះ​តូច​ទេ តែ​មាន​សារៈសំខាន់ មិន​ខុស​ពី​អណ្តាត​របស់​យើង​ទេ​។ គឺ​សុទ្ធតែ​មាន​ឥទ្ធិពល​ខ្លាំង​មក​លើ​អ្វី​ដែល​ធំ និង​មាន​អំណាច​។ គឺ​ដូច​ដែល​បង្ហៀរ​មាន​អំណាច​មក​លើ​សត្វ​សេះ ហើយ​អណ្តាត​មាន​អំណាច​មក​លើ​ពាក្យ​សម្តី​របស់​យើង(យ៉ាកុប ៣:៣,៥)។ ពាក្យ​សម្តី​របស់​យើង​អាច​បន្លឺ​ចេញ​មក ទៅតាម​ទិសដៅ​ខុស​គ្នា​។ “ដោយសារ​អណ្តាត នោះ​យើង​សរសើរ​ដំកើង​ដល់​ព្រះអម្ចាស់​ដ៏​ជា​ព្រះវរបិតា​ផង ហើយ​ដាក់​បណ្តាសា​ដល់​មនុស្ស ដែល​កើតមក​តាម​រូប​អង្គ​ព្រះ​ផង”(ខ.៩)។ គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ព្រះ​គម្ពីរ​បាន​ដាស់តឿន​យើង​ថា យើង​ពិបាក​គ្រប់​គ្រង​ពាក្យ​សម្តី​របស់​យើង​ខ្លាំង​ណាស់ ព្រោះ​ពាក្យ​សម្តី​ចេញពី​ចិត្ត​របស់​យើង(លូកា ៦:៤៥)។ តែ​អរ​ព្រះគុណ​ព្រះអង្គ ដ្បិត​ព្រះ​វិញ្ញាណ​របស់​ព្រះអង្គ ដែល​គង់នៅ​ក្នុង​ចិត្ត​អ្នកជឿ​ម្នាក់ៗ ជួយ​យើង​មាន​ភាព​អត់​ធ្មត់ ស្លូតបូត និង​ដឹង​ខ្មាត(កាឡាទី ៥:២២-២៣)។ ពេលណា​យើង​ចុះ​ចូល​នឹង​ការ​ដឹកនាំ​របស់​ព្រះវិញ្ញាណបរិសុទ្ធ ចិត្ត​របស់​យើង​ក៏បាន​ផ្លាស់​ប្រែ ហើយ​ការ​និយាយ​ស្តី​របស់​យើង​មាន​ការ​ផ្លាស់​ប្តូរ​ផង​ដែរ​។ ការ​ប្រទេច​ផ្តាសា​ក៏បាន​ប្រែ​ជា​ការ​សរសើរ​ដំកើង​។ ការ​និយាយ​កុហក​ក៏​ប្រែ​ជា​ការ​និយាយ​តែ​ការ​ពិត​។ ការរិះគន់​ក៏​បាន​កែ​ប្រែ​ជា​ការ​លើក​ទឹក​ចិត្ត​។ ការ​ផ្សាំង​អណ្តាត​មិន​គ្រាន់តែ​ជា​ការ​ហ្វឹក​ហាត់​ខ្លួន​យើង ឲ្យ​និយាយ​អ្វី​ដែល​ត្រឹម​ត្រូវ​ប៉ុណ្ណោះ​ទេ​។ វា​ក៏​ជា​ការ​ទទួលយក​ការ​ដឹកនាំ​នៃ​ព្រះវិញ្ញាណបរិសុទ្ធ ដើម្បី​ឲ្យ​ពាក្យ​សម្ដី​របស់​យើង បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស និង​ការ​លើក​ទឹក​ចិត្ត ដែល​ពិភពលោក​កំពុង​ត្រូវ​ការ​។—Jennifer Benson Schuldt

តើ​ពាក្យ​សម្តី​របស់​អ្នក បាន​បង្ហាញ​ចេញ​នូវ​អ្វី​ខ្លះ​ដែល​មាន​ក្នុង​ចិត្ត​អ្នក? តើ​ការ​ចុះ​ចូល​ការ​ដឹកនាំ​របស់​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ជួយ​ឲ្យ​ពាក្យ​សម្តី​អ្នក​មាន​ការ​ផ្លាស់​ប្តូរ​យ៉ាងណា​ខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​កែ​ប្រែ​ចិត្ត​ទូល​បង្គំ ដើម្បី​ឲ្យ​ពាក្យ​សម្តី​ទូល​បង្គំ​បាន​លើក​ទឹក​ចិត្ត​អ្នក​ដទៃ និង​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ​។

គម្រោងអានរយៈពេល១ឆ្នាំ : សុភាសិត ៦-៧ និង ២កូរិនថូស ២

ល្ងាច

Devotional illustration

ចូរនិយាយទៅកាន់ព្រះ គឺមិនគ្រាន់តែនិយាយអំពីព្រះអង្គឡើយ

ដោយJohn Piper

September 9, 2023

ទោះ​បើ​ទូលបង្គំ​ដើរកាត់​ច្រកភ្នំ​នៃ​ម្លប់​សេចក្តី​ស្លាប់​ក៏ដោយ គង់តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ ដ្បិត​ទ្រង់​គង់នៅ​ជាមួយនឹង​ទូលបង្គំ។ ទំនុកដំកើង ២៣:៤ ទម្រង់​នៃ​ការប្រើ​ប្រាស់​ពាក្យ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក២៣ ពិតជា​មានប្រយោជន៍​ណាស់។ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ២៣:១-៣ ស្តេច​ដាវីឌ​បាន​មាន​បន្ទូល​សំដៅ​ទៅលើ​ព្រះអម្ចាស់ ដោយ​ប្រើ​ពាក្យ “ទ្រង់” ជា​សព្វ​នាម​ទី៣ (ដូច​ពាក្យ “គាត់”)៖

  • ព្រះយេហូវ៉ា​ទ្រង់​ជា​អ្នកគង្វាល​ខ្ញុំ​…
  • ទ្រង់​ឲ្យ​ខ្ញុំ​ដេក​សំរាក​នៅ​ទី​មាន​ស្មៅ​ខៀវខ្ចី​…
  • ទ្រង់​នាំ​ខ្ញុំ​ទៅ​ក្បែរ​មាត់ទឹក​ដែល​ហូរ​គ្រឿនៗ…
  • ទ្រង់​កែ​ព្រលឹង​ខ្ញុំ​ឡើងវិញ​…
បន្ទាប់មក ក្នុង​ខ៤ និង៥ ស្តេច​ដាវីឌ មាន​បន្ទូល​សំដៅ​ទៅលើ​ព្រះអម្ចាស់ ដោយ​ប្រើ​ពាក្យ “ទ្រង់” ជា​សព្វ​នាម​ទី២ (ដូច​ពាក្យ “អ្នក”)៖
  • គង់តែ​មិន​ខ្លាច​សេចក្តី​អាក្រក់​ណា​ឡើយ
  • ដ្បិត​ទ្រង់​គង់នៅ​ជាមួយនឹង​ទូលបង្គំ
  • ព្រនង់ ហើយនឹង​ដំបង​របស់​ទ្រង់​កំសាន្តចិត្ត​ទូលបង្គំ
  • ទ្រង់​រៀបតុ​នៅមុខ​ទូលបង្គំ ចំពោះ​ពួក​ខ្មាំងសត្រូវ​ផង
  • ទ្រង់​ចាក់​ប្រេង​លាប​លើ​ក្បាល​ទូលបង្គំ។
បន្ទាប់មក ក្នុង​ខ.៦ ទ្រង់​ក៏បាន​ប្តូរ​សព្វនាម យ៉ាងដូច​នេះ​វិញ ៖
  • ខ្ញុំ​នឹង​នៅ​ក្នុង​ដំណាក់​នៃ​ព្រះយេហូវ៉ា​ជារៀងដរាប​ទៅ។
មេរៀន​ដែល​យើង​អាច​រៀន​បាន ពី​ទម្រង់​នៃ​ការប្រើ​ពាក្យ​នេះ​គឺថា យើង​ចាំបាច់​ត្រូវ​និយាយទៅ​កាន់​ព្រះ គឺ​មិនគ្រាន់​តែ​និយាយ​អំពី​ព្រះអង្គ​ប៉ុណ្ណោះទេ។ គ្រីស្ទបរិស័ទ​ម្នាក់​ៗ​យ៉ាង​ហោច​ណាស់ ជា​ទេវវិទូ​មិន​ផ្លូវការ គឺ​អ្នក​ដែល​ព្យាយាម​យល់​អំពី​ចារិក​លក្ខណៈ និង​ផ្លូវ​របស់​ព្រះ ហើយ​បន្ទាប់មក ក៏​ប្រើ​ពាក្យ ដើម្បី​បកស្រាយ​អំពីអ្វី​ដែល​ខ្លួន​បាន​យល់​នោះ។ បើ​យើង​មិនមែន​ជា​ទេវវិទូ​តូចតាច​ទេ នោះ​យើង​នឹង​មិន​និយាយ​អ្វី​ទាំងអស់​ទៅ​រកគ្នា ឬ​ទៅ​រក​ព្រះ អំពី​ព្រះ និង​មិន​អាច​ជួយ​អ្វី​ច្រើន​ ដល់​ជំនឿ​របស់​យើង​ឡើយ។ តែ​អ្វី​ដែល​ខ្ញុំ​រៀន​បាន​ពី​ស្តេច​ដាវីឌ ក្នុង​បទ​គម្ពីរ​ទំនុកដំកើង ជំពូក​២៣ និង​បទ​គម្ពីរ​ទំនុកដំកើង​ដទៃទៀត​នោះ​គឺ ខ្ញុំ​គួរតែ​គួបផ្សំ​ទេវ​សាស្ត្រ​របស់ខ្ញុំ ជា​មួយ​ការអធិស្ឋាន។ ខ្ញុំ​គួរតែ​បង្អាក់​ការ​និយាយ​របស់ខ្ញុំ អំពី​ព្រះ​ដោយ​និយាយទៅ​កាន់​ព្រះអង្គ។ ពេល​ដែល​យើង​និយាយ​អំពី​ព្រះ​ថា “ព្រះ​ទ្រង់​មាន​ព្រះទ័យ​សប្បុរស” យើង​ក៏​គួរតែ​ទូល​ព្រះអង្គ​ផង​ដែរ​ថា “ទូលបង្គំ​សូម​ព្រះគុណ​ព្រះអង្គ​ជួយ​ទូលបង្គំ​ឲ្យ​ទទួល​សេចក្តី​សប្បុរស​របស់​ព្រះអង្គ”។ ពេល​យើង​និយាយ​ថា “ព្រះ​ទ្រង់​មាន​ពេញដោយ​សិរីល្អ” យើង​ក៏​គួរតែ​និយាយ​ផង​ដែរ​ថា “ទូលបង្គំ​គោរព​ស្រឡាញ់​សិរីល្អ​របស់​ព្រះអង្គ”។ នេះ​ជា​របៀប​ដែល​យើង​ត្រូវ​និយាយ បើ​យើង​មាន​អារម្មណ៍​ថា សេចក្តី​ពិត​អំពី​ព្រះ មាននៅ​ក្នុងចិត្ត​យើង ក៏ដូចជា គិត​អំពី​សេចក្តី​ពិត​អំពី​ព្រះអង្គ ក្នុង​ខួរក្បាល​យើង ហើយ​ពិពណ៌នា ដោយ​បបូរមាត់​យើង។

ប្រភេទ