នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

គ្មានអ្វីអាចកើតឡើងដោយចៃដន្យឡើយ

គ្មានអ្វីអាចកើតឡើងដោយចៃដន្យឡើយ

ដោយUltimately with R.C. Sproul

September 19, 2023

ចក្រវាល​មិន​អាច​កើតមានឡើង “ដោយ​ចៃដន្យ” នោះ​ឡើយ ព្រោះ​ភាព​ចៃដន្យ​មិន​មានអំណាច​ធ្វើអ្វី​កើត​ឡើយ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្រ្ពោល(R.C. Sproul) សូម​ធ្វើការ​បកអាក្រាត​ការកុហក​របស់​រឿង​ទេវកថា ដែល​ជា​ការ​សន្និដ្ឋាន​របស់​អ្នករិះគន់​ជាច្រើន ដែល​បាន​បដិសេធ​ថា ព្រះ​មិនមែន​ជា​ប្រភព ដែល​ធ្វើឲ្យ​ពិភពលោក​កើតមានឡើង។ អត្ថបទ តើមាន​ឱកាស​ប៉ុន្មាន​ភាគរយ ដែល​អាច​ឲ្យ​អ្វី​ៗ​កើត​មាន ដោយ​ចៃដន្យ​បាន? គ្មាន​អ្វី​អាច​កើតឡើង ដោយ​ចៃដន្យ​បាន​ឡើយ ព្រោះ​ភាព​ចៃដន្យ​មិន​អាច​ធ្វើអ្វី​កើត​ទេ។ ខ្ញុំ​ធ្លាប់​មានការ​ពិភាក្សា​ជាមួយ​សាស្ត្រាចារ្យ​ម្នាក់ នៅ​សកលវិទ្យាល័យ​ហា​វើត ដែល​បាន​ប្រាប់​ខ្ញុំ​ថា ចក្រវាល​នេះ​បាន​កើតមានឡើង ដោយ​ចៃដន្យ។ ខ្ញុំ​ក៏បាន​លើក​ឧទាហរណ៍ ដោយ​ប្រើ​កាក់​មួយ ដើម្បី​ធ្វើការ​ពន្យល់​គាត់។ ខ្ញុំ​ប្រាប់​គាត់​ថា “បើ​ខ្ញុំ​មាន​កក់៥០សេន​មួយ ដែល​ផ្ទៃ​ម្ខាង​មាន​រូប​ក្បាលមនុស្ស ផ្ទៃ​ម្ខាងទៀត​មាន​លេខ៥០ ហើយ​បោះ​វា​ឡើង​ទៅលើ តើមាន​ឱកាស​ប៉ុន្មាន​ភាគរយ ដែល​វា​នឹង​ធ្លាក់ចុះ​មក​ដី ដោយ​មាន​រូប​ក្បាលមនុស្ស​ផ្ងារ​ទៅលើ?” គាត់​ក៏បាន​ឆ្លើយ​ថា “គឺ​មានឱកាស៥០ភាគរយ”។ ខ្ញុំ​ក៏​សួរ​គាត់​ទៀត​ថា “តើ​ឱកាស៥០ភាគរយ​នោះ មាន​ឥទ្ធិពល​ខ្លាំង​ប៉ុណ្ណា មក​លើ​កាក់​នោះ ដើម្បីឲ្យ​វា​ធ្លាក់ចុះ​មក មាន​រូប​ក្បាល​មនុស្ស​ផ្ងារ​ទៅលើ?” គាត់​ក៏បាន​សួរ​ខ្ញុំ​វិញ​ថា “តើ​អ្នក​ចង់​មាន​ដូចម្តេច?” ខ្ញុំ​ក៏​ប្រាប់​គាត់​ថា “ដែល​កាក់​នោះ​ធ្លាក់ចុះ​មក ដោយ​ផ្ទៃ​ម្ខាង​មាន​រូប​ក្បាល​មនុស្ស​ផ្ងា​ទៅលើ ហើយ​ផ្ទៃ​ម្ខាងទៀត​ដែល​មាន​លេខ៥០ផ្កាប់​ទៅ​ក្រោម គឺ​អាស្រ័យ​ទៅលើ​កត្តា​សម្ពាធ ដែល​បាន​ជំរុញ​វា​ខ្លាំង​ប៉ុណ្ណា និង​កត្តា​ដង់ស៊ីតេ​នៃ​ខ្យល់ និង​កត្តា​នៃ​ការ​ធ្លាក់​មក​លើ​ដី ធ្វើឲ្យ​វា​ត្រឡប់​យ៉ាងដូច​ម្តេច។ កត្តា​ទាំងនេះ​សុទ្ធតែ​មានការ​ផ្លាស់​ប្តូរ។ តើ​ភាព​ចៃដន្យ​អាច​មាន​ឥទ្ធិពល​ច្រើន​ប៉ុណ្ណា​មក​លើ​ការ​ធ្លាក់​របស់​កាក់​នេះ” ។ គាត់​នៅតែ​មិន​យល់។ ខ្ញុំ​ក៏បាន​ប្រាប់​គាត់​ថា “បើ​អ្នកប្រើ​ពាក្យ​ចៃដន្យ ក្នុង​ការ​និយាយ​អំពី​ប្រូ​បាប ឬ​ភាព​អាច​កើតមានឡើង ក្នុង​គណិតវិទ្យា នោះ​ពាក្យ​នេះ​ពិតជា​មានប្រយោជន៍​មែន។ ប៉ុន្តែ ពេលណា​យើង​និយាយ​ថា ភាព​ចៃដន្យ​ជា​អំណាច​មួយ ដែល​អាច​ឲ្យ​អ្វី​មួយ​កើត​ឡើង​បាន នោះ​មាន​ន័យ​ថា យើង​កំពុងតែ​ថា ភាព​ចៃដន្យ​គឺជា​អ្វីមួយ​ហើយ។ បើ​ដូច្នោះ​មែន? តើមាន​កត្តា​ដ៏​អាថ៌កំបាំង​អ្វី ដែល​បណ្តាល​ឲ្យ​កាក់​នោះ ធ្លាក់​មក ដោយ​ផ្ទៃ​ម្ខាង​ដែល​មាន​រូប​មនុស្ស​បែរ​ទៅលើ ហើយ​ម្ខាងទៀត​ផ្កាប់?” គាត់​នៅតែ​មើល​មុខ​ខ្ញុំ។ ខ្ញុំ​ក៏​ប្រាប់​គាត់​ទៀត​ថា “ភាព​ចៃដន្យ​មិន​អាច​ធ្វើអ្វី​បានទេ ព្រោះ​ភាព​ចៃដន្យ​មិនមែន​ជា​អ្វីមួយ​ទេ”។ ដើម្បីឲ្យ​អ្វីមួយ​អាច​មាន​សកម្មភាព ជាដំបូង​វា​ត្រូវ​មាន​វត្តមាន​ជា​អ្វីមួយ​សិន។ ភាព​ចៃដន្យ​មិនមែន​ជា​អ្វីមួយ​ទេ។ ពេល​អ្នក​និយាយ​ថា ចក្រវាល​នេះ​បាន​កើតមានឡើង ដោយចៃដន្យ នោះ​មានន័យថា អ្នក​កំពុងតែ​ថា ចក្រវាល​នេះ​កើតឡើង​ដោយ​ឯក​ឯង មិនមែន​កើត​មាន​ឡើង​ពី​អ្វីមួយ​ទេ។ ហើយ​អ្នក​ក៏បាន​ប្រើ​ពាក្យ​ចៃដន្យ សម្រាប់​ពិពណ៌នា​អំពី​ភាព​អាច​កើតមានឡើង ក្នុង​គណិតវិទ្យា ហើយ​បែរជា​និយាយ​អំពី​វា ធ្វើ​មើលតែ​វា​មាន​វេទមន្ត​អ្វីមួយ។ អ្នក​ថា ភាព​ចៃដន្យ​ពិតជា​មាន​មែន ហើយ​អ្នក​ថា វា​មានអំណាច​ធ្វើអ្វី​មួយ តែ​តាមពិត​វា​មិនមែន​ជា​អ្វីមួយ​ទេ។ នេះ​គ្រាន់តែ​ជា​ការយល់ឃើញ ដែលគេ​បាន​ប្រើ ដើម្បី​ជំនួស​ឲ្យ​ការបង្កើត​របស់​ព្រះ។ ខ្ញុំ​ក៏​ដឹង​ដែរ​ថា មាន​អ្នកខ្លះ​បាន​ប្រកែក​ថា ចក្រវាល​មាន​ភាព​អស់​កល្ប​ជានិច្ច គឺ​មានស្រាប់​តាំងពី​អស់​កល្ប​ជានិច្ច​មក។ នេះ​ជា​បញ្ហា​ចោទ​មួយទៀត តែសព្វថ្ងៃ​នេះ សម្រាប់​អ្នករិះគន់​ភាគច្រើន ដែល​បាន​បដិសេធន៍​ថា ព្រះ​មិនបាន​បង្កើត​របស់​សព្វសារពើ​មក បាន​លើកឡើង​ថា អ្វីៗ​គ្រប់​យ៉ាង​បាន​កើតមានឡើង​ដោយខ្លួនឯង។ គឺ​ប្រៀប​ដូចជា​សត្វទន្សាយ ដែល​ចេញពី​ក្នុង​មួក នៅក្នុង​ការ​លេង​សៀក។ បើ​គ្មាន​មួក ក៏​គ្មាន​ទន្សាយ បើ​គ្មាន​អ្នកលេងសៀក​ក៏​គ្មាន​មួក គ្មាន​ទន្សាយ។ ការយល់ឃើញ​ដូចនេះ គឺ​អាក្រក់​ជាង​ការ​ជឿ​លើ​មន្តអាគម​ន៍​ទៅទៀត ព្រោះ​វា​ជា​ទេវកថា។

ប្រភេទ

ល្ងាច

ព្រះអង្គមិនដែលភ្លេចការល្អដែលយើងបានធ្វើ

ព្រះអង្គមិនដែលភ្លេចការល្អដែលយើងបានធ្វើ

ដោយLeslie Koh

September 19, 2023

សូមអាន : ហេព្រើរ ១១:៣២-៤០ ពួក​អ្នក​ទាំង​នោះ ទោះបើ​មាន​សេចក្តី​បន្ទាល់​ពី​គេ​ថា គេ​មាន​សេចក្តី​ជំនឿ​ក៏ដោយ គង់តែ​គេ​មិន​បាន​ទទួល​សេចក្តី ដែល​បាន​សន្យា​នោះ​ទេ​។ ហេព្រើរ ១១:៣៩ កាល​សន(Sean) កំពុង​ច្រើន​វ័យ​ធំឡើង គាត់​បាន​ដឹង​តិចតួច​ណាស់ អំពី​អត្ថន័យ​នៃ​ការ​មាន​គ្រួសារ​។ ម្តាយ​របស់​គាត់​បាន​លាចាក​លោក កាល​គាត់​នៅ​ក្មេង ហើយ​ឪពុក​គាត់​ស្ទើរតែ​មិន​ដែល​នៅ​ផ្ទះ​។ ជា​ញឹក​ញាប់ គាត់​មាន​អារម្មណ៍​ថា គេ​បោះបង់​គាត់​ចោល និង​ឯកោ​។ ទោះជា​យ៉ាងណា​ក៏ដោយ ប្តី​ប្រពន្ធ​មួយ​គូរ​រស់នៅ​ក្បែរ​ផ្ទះ​គាត់ បាន​ឈោង​ទៅ​រក​គាត់​។ ពួកគេ​បាន​នាំ​គាត់​ចូល​រស់នៅ​ក្នុង​គ្រួសារ​របស់​ពួកគេ ហើយ​ឲ្យ​កូនៗ​របស់​ពួកគេ​រាប់អាន​គាត់​ជា​បង​ប្អូន ដោយ​ផ្តល់​ឲ្យ​នូវ​ការ​ធានា​ដល់​គាត់​ថា ពួកគេ​ស្រឡាញ់​គាត់​។ ពួកគេ​ក៏បាន​នាំ​គាត់​ទៅ​ព្រះវិហារ ហើយ​សព្វថ្ងៃ​នេះ សន​ក៏បាន​ក្លាយ​ជា​យុវជន​ដែល​មាន​ទំនុក​ចិត្ត និង​ជា​អ្នក​ដឹកនាំ​យុវជន នៅ​ព្រះវិហារ​នោះ​។ ទោះ​ប្តី​ប្រពន្ធ​មួយ​គូរ​នេះ​មាន​តួនាទី​ដ៏​សំខាន់ ក្នុង​ការ​កែ​ប្រែ​ជីវិត​របស់​យុវជន​ម្នាក់​នេះ​ក៏ដោយ ក៏​ពួក​ជំនុំ​របស់​ពួកគេ មិន​មាន​ការ​យល់​ដឹង​ទូលំ​ទូលាយ អំពី​ការ​អ្វី​ដែល​ពួកគេ​បាន​ធ្វើ​សម្រាប់​គាត់​នោះ​ទេ​។ តែ​ព្រះ​ទ្រង់​ជ្រាប ហើយ​ខ្ញុំ​ជឿ​ថា ព្រះអង្គ​នឹង​ប្រទាន​ពរ​ពួកគេ ដោយសារ​ភាព​ស្មោះ​ត្រង់​របស់​ពួកគេ គឺ​ដូច​ដែល​ព្រះអង្គ​បាន​ប្រទាន​ពរ​វីរ​បុរស​នៃ​សេចក្តី​ជំនឿ​ជា​ច្រើន ក្នុង​ព្រះ​គម្ពីរ​។ បទ​គម្ពីរ​ហេព្រើរ ជំពូក១១ ក៏​បាន​ចែង​អំពី​សេចក្តី​ជំនឿ​របស់​មនុស្ស​ជា​ច្រើន​ទៀត ដែល​យើង​ប្រហែល​មិន​ស្គាល់​ឈ្មោះ តែ​មាន​សេចក្តី​បន្ទាល់​ថា ពួក​គេ​មាន​សេចក្តី​ជំនឿ(ខ.៣៩)។ ហើយ​លោកិយ​មិន​មាន​ភាព​សក្តិ​សមនឹង​ពួកគេ​ទេ(ខ.៣៨)។ អំពើ​សប្បុរស​ធម៌ ដែល​យើង​បាន​ធ្វើ ប្រហែល​មិន​មាន​អ្នក​ដទៃ​ចាប់​អារម្មណ៍ តែ​ព្រះ​ទ្រង់ទត​ឃើញ ហើយ​ជ្រាប​។ ការ​អ្វី​ដែល​យើង​ធ្វើ​ហាក់​ដូចជា​រឿង​តូចតាច ដែល​មាន​ដូចជា​អំពើ​ល្អ ឬ​ការ​លើក​ទឹក​ចិត្ត តែ​ព្រះ​ទ្រង់​អាច​ប្រើ​ការ​ទាំង​នោះ ដើម្បី​នាំ​សិរី​ល្អ​ដល់​ព្រះ​នាម​ព្រះអង្គ តាម​ពេល​វេលា និង​ផ្លូវ​របស់​ព្រះអង្គ​។ ព្រះអង្គ​ជ្រាប ទោះ​អ្នក​ដទៃ​មិន​ដឹង​ក៏ដោយ​។—Leslie Koh

តើមាន​ការ​ល្អ​ដ៏​សាមញ្ញ​អ្វី​ខ្លះ ដែល​អ្នក​អាច​ធ្វើ​សម្រាប់​នរណា​ម្នាក់ នៅ​ថ្ងៃ​នេះ? តើ​អ្នក​អាច​រំឭក​ខ្លួនឯង​ដោយ​របៀបណា ថា​ព្រះ​ទ្រង់​ជ្រាប​អំពី​ចិត្ត កិច្ច​ការ​ដែល​ដៃ​អ្នក​បាន​ធ្វើ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះអង្គ​បន្ត​បង្ហាញ​ទូល​បង្គំ នូវ​ការ​ល្អ​ដែល​ព្រះអង្គ​បាន​រៀបចំ ឲ្យ​ទូល​បង្គំ​ធ្វើ ហើយ​ប្រទាន​ទូល​បង្គំ នូវ​សេចក្តី​ជំនឿ ដើម្បី​ធ្វើ​ការ​ល្អ​នោះ​ថ្វាយ​ព្រះអង្គ​។

គម្រោងអានរយៈពេល១ឆ្នាំ : សា​ស្តា ១-៣ និង ២កូរិនថូស ១១:១៦-៣៣