ព្រះទ្រង់គ្របបាំងអំពើបាបយើង
សូមអាន : យ៉ូហាន ៨:១-១១ ព្រះយេស៊ូវមានព្រះបន្ទូលទៅថា ខ្ញុំក៏មិនកាត់ទោសនាងដែរ អញ្ជើញទៅចុះ តែកុំធ្វើបាបទៀតឡើយ។ យ៉ូហាន ៨:១១ ពេលដែលស្រ្តីមេម៉ាយម្នាក់ស្វែងរកការងារ ដើម្បីចិញ្ចឹមគ្រួសារ នៅទសវត្សរ៍ឆ្នាំ១៩៥០ គាត់ក៏រកបានការងារជាអ្នកវាយអង្គុលីលេខ។ តែគាត់បានជួបបញ្ហា ដោយសារគាត់មិនមានជំនាញវាយអង្គុលីលេខ ហើយក៏បានវាយអក្សរខុសម្តងហើយម្តងទៀត។ គាត់ក៏បានរិះរកវិធីគ្របបាំងកំហុសរបស់គាត់ ហើយទីបំផុតក៏បានផលិតទឹកលុប ដែលមានទឹកពណ៌ស សម្រាប់លប់ពីលើអក្សរដែលគាត់វាយខុស។ ពេលទឹកលប់នោះស្ងួត គាត់អាចវាយអក្សរពីលើកន្លែងលប់នោះ ដែលធ្វើឲ្យគេហាក់ដូចជាមិនអាចមើលដឹងថា គាត់បានវាយអក្សរខុស។ ព្រះយេស៊ូវបានប្រទានយើងនូវវិធីដែលមានអំណាចជាង និងសំខាន់ជាង សម្រាប់ដោះស្រាយបញ្ហាអំពើបាបរបស់យើង ដែលមិនគ្រាន់តែគ្របបាំងអំពើបាបនោះទេ តែបានអត់ទោសឲ្យអំពើបាបយើងទាំងស្រុង។ ឧទាហរណ៍ បទគម្ពីរយ៉ូហាន ជំពូក៨ បានចែងអំពីស្រ្តីម្នាក់ ដែលគេចាប់បាន ពេលនាងកំពុងប្រព្រឹត្តអំពើសហាយស្មន់(ខ.៣-៤)។ ពួកគ្រូក្រឹត្យវិន័យចង់ឲ្យព្រះយេស៊ូវធ្វើអ្វីម្យ៉ាង ចំពោះបញ្ហានៃអំពើបាបរបស់នាង។ ក្រឹត្យវិន័យបានចែងថា គេត្រូវកាត់ទោសនាង ដោយចោលនឹងថ្មសម្លាប់ តែព្រះអង្គមិនបានធ្វើតាមក្រឹត្យវិន័យនោះទេ។ ព្រះអង្គគ្រាន់តែបានរំឭកគេទាំងអស់គ្នាថា មនុស្សទាំងអស់សុទ្ធតែមានបាប(មើលរ៉ូម ៣:២៣) ហើយក៏បានប្រាប់ពួកគេថា “អ្នកណាដែលគ្មានបាបសោះ ចូរឲ្យអ្នកនោះចោលនាងនឹងថ្មជាមុនគេចុះ”(យ៉ូហាន ៨:៧)។ ពេលនោះ គ្មាននរណាម្នាក់ហ៊ានចោលនាងនឹងថ្មទេ។ ព្រះយេស៊ូវបានប្រទានការចាប់ផ្តើមជាថ្មីដល់នាង។ ព្រះអង្គមានបន្ទូលថា ព្រះអង្គមិនបានកាត់ទោសនាងទេ ហើយក៏បានបង្គាប់នាងឲ្យឈប់ប្រព្រឹត្តអំពើបាបទៀត(ខ.១១)។…
Read article