ព្រះទ្រង់គ្របបាំងអំពើបាបយើង

សូមអាន : យ៉ូហាន ៨:១-១១

ព្រះយេស៊ូវ​មាន​ព្រះ​បន្ទូល​ទៅ​ថា ខ្ញុំ​ក៏​មិន​កាត់​ទោស​នាង​ដែរ អញ្ជើញ​ទៅចុះ តែ​កុំ​ធ្វើបាប​ទៀត​ឡើយ​។ យ៉ូហាន ៨:១១

ពេល​ដែល​ស្រ្តី​មេម៉ាយ​ម្នាក់​​ស្វែងរក​ការងារ ដើម្បី​ចិញ្ចឹម​គ្រួសារ នៅ​ទសវត្សរ៍​ឆ្នាំ១៩៥០ គាត់​ក៏​រក​បាន​ការងារ​ជា​អ្នក​វាយ​អង្គុលីលេខ​។ តែ​គាត់​បាន​ជួប​បញ្ហា ដោយសារ​គាត់​មិន​មាន​ជំនាញ​វាយ​អង្គុលីលេខ ហើយក៏​បាន​វាយ​អក្សរ​ខុស​ម្តង​ហើយ​ម្តង​ទៀត​។ គាត់​ក៏បាន​រិះរក​វិធី​គ្រប​បាំង​កំហុស​របស់​គាត់ ហើយ​ទី​បំផុត​ក៏បាន​ផលិត​ទឹកលុប ដែល​មាន​ទឹក​ពណ៌ស សម្រាប់​លប់​ពីលើ​អក្សរ​ដែល​គាត់​វាយ​ខុស​។ ពេល​ទឹក​លប់​នោះ​ស្ងួត គាត់​អាច​វាយ​អក្សរ​ពីលើ​កន្លែង​លប់​នោះ ដែល​ធ្វើ​ឲ្យ​គេ​ហាក់​ដូចជា​មិន​អាច​មើល​ដឹង​ថា គាត់​បាន​វាយ​អក្សរ​ខុស​។

ព្រះយេស៊ូវ​បាន​ប្រទាន​យើង​នូវ​វិធី​ដែល​មាន​អំណាច​ជាង និង​សំខាន់​ជាង សម្រាប់​ដោះ​ស្រាយ​បញ្ហា​អំពើបាប​របស់​យើង ដែល​មិន​គ្រាន់តែ​គ្រប​បាំង​អំពើបាប​នោះ​ទេ តែ​បាន​អត់​ទោស​ឲ្យ​អំពើបាប​យើង​ទាំងស្រុង​។ ឧទាហរណ៍ បទ​គម្ពីរ​យ៉ូហាន ជំពូក៨ បាន​ចែង​អំពី​ស្រ្តី​ម្នាក់ ដែលគេ​ចាប់​បាន ពេល​នាង​កំពុង​ប្រព្រឹត្ត​អំពើ​សហាយ​ស្មន់(ខ.៣-៤)។ ពួក​គ្រូ​ក្រឹត្យ​វិន័យ​ចង់​ឲ្យ​ព្រះយេស៊ូវ​ធ្វើ​អ្វី​ម្យ៉ាង ចំពោះ​បញ្ហា​នៃ​អំពើបាប​របស់​នាង​។ ក្រឹត្យ​វិន័យ​បាន​ចែងថា គេ​ត្រូវ​កាត់​ទោស​នាង ដោយ​ចោល​នឹង​ថ្ម​សម្លាប់ តែ​ព្រះអង្គ​មិន​បាន​ធ្វើ​តាម​ក្រឹត្យ​វិន័យ​នោះ​ទេ​។ ព្រះអង្គ​គ្រាន់តែ​បាន​រំឭក​គេ​ទាំង​អស់​គ្នា​ថា មនុស្ស​ទាំង​អស់​សុទ្ធតែ​មាន​បាប(មើល​រ៉ូម ៣:២៣) ហើយក៏​បាន​ប្រាប់​ពួក​គេ​ថា “អ្នកណា​ដែល​គ្មាន​បាប​សោះ ចូរ​ឲ្យ​អ្នក​នោះ​ចោល​នាង​នឹង​ថ្ម​ជាមុន​គេ​ចុះ”(យ៉ូហាន ៨:៧)។ ពេល​នោះ គ្មាន​នរណា​ម្នាក់​ហ៊ាន​ចោល​នាង​នឹង​ថ្ម​ទេ​។

ព្រះយេស៊ូវ​បាន​ប្រទាន​ការ​ចាប់​ផ្តើម​ជា​ថ្មី​ដល់​នាង​។ ព្រះអង្គ​មាន​បន្ទូល​ថា ព្រះអង្គ​មិន​បាន​កាត់​ទោស​នាង​ទេ ហើយក៏​បាន​បង្គាប់​នាង​ឲ្យ​ឈប់​ប្រព្រឹត្ត​អំពើបាប​ទៀត(ខ.១១)។ ព្រះគ្រីស្ទ​បាន​ប្រទាន​នាង នូវ​ដំណោះ​ស្រាយ ដើម្បី​អត់​ទោស​បាប​ឲ្យ​នាង ហើយ​បាន​ប្រទាន​ផ្លូវ​នៃ​ជីវិត​ថ្មី​មួយ សម្រាប់​ចាក​ចេញពី​អតីត​កាល​របស់​នាង​។ ព្រះអង្គ​ក៏បាន​ប្រទាន​ផ្លូវ​ដូច​គ្នា​នេះ សម្រាប់​យើង​រាល់​គ្នា ដោយសារ​ព្រះគុណ​ព្រះអង្គ​ផង​ដែរ​។—Katara Patton

តើ​ព្រះយេស៊ូវ និង​ការ​អត់​ទោស​បាប​ដែល​ព្រះអង្គ​ប្រទាន បាន​ផ្តល់​ឲ្យ​អ្នក​នូវ​ជីវិត​ថ្មី យ៉ាង​ដូច​ម្តេច​ខ្លះ? តើ​ការ​ផ្លាស់​ប្រែ​នេះ​បាន​ជួយ​ឲ្យ​អ្នក​ប្រព្រឹត្ត​យ៉ាង​ដូច​ម្តេច​ខ្លះ ចំពោះ​មនុស្ស​ដែល​កំពុង​ប្រព្រឹត្ត​អំពើបាប?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​លាង​សម្អាត​បាប​ទូល​បង្គំ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​រស់នៅ​ក្នុង​ជីវិត​ថ្មី ក្នុង​ព្រះអង្គ​។

Learn more at odb.org/personal-relationship-with-god/

គម្រោងអានរយៈពេល១ឆ្នាំ : សា​ស្តា ៧-៩ និង ២កូរិនថូស ១៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles