មិនឲ្យកូនចចកចូលមកបំផ្លាញទំនាក់ទំនង

សូមអាន : បទចម្រៀងសាឡូម៉ូន ២:៨-១៧

ចូរ​យើង​ទៅ​ចាប់​ចចក គឺជា​កូន​ចចក​ទាំង​ប៉ុន្មាន ដែល​បំផ្លាញ​ចំការ​ទំពាំង​បាយ​ជូរ​ទៅ​។ បទចម្រៀងសាឡូម៉ូន ២:១៥

មាន​ពេល​មួយ ខ្ញុំ​មាន​ចិត្ត​រំភើប​រីករាយ​ណាស់ ដែល​បាន​ដាំ​ដំណាំ​ហូប​ផ្លែ និង​ដាំ​បន្លែ ក្នុង​ទី​ធ្លា​ក្រោយ​ផ្ទះ​។ បន្ទាប់មក ខ្ញុំ​ក៏​បាន​កត់សំ​គាល់​ឃើញ​រន្ធ​តូចៗ នៅ​ក្នុង​ដី​។ ពេល​ដែល​ដើម​ស្តូបឺរី​ចេញ​ផ្លែ​ដំបូង​មិន​ទាន់​ទំ​ផង ផ្លែ​ទាំង​នោះ​ក៏បាន​បាត់​។ ថ្ងៃ​មួយ ខ្ញុំ​មាន​ការ​បាក់​ទឹក​ចិត្ត ពេល​ដែល​រក​ឃើញថា ដើម​ស្តូបឺរី​ដែល​ធំជាង​គេ​បាន​រលើង​ឫស​ទាំងស្រុង ហើយក៏​បាន​ក្រៀម​ស្វិត​អស់ នៅ​ក្រោម​កម្តៅ​ថ្ងៃ ដោយសារ​សត្វ​ទន្សាយ​មួយ​ក្បាល ដែល​កំពុង​រស់នៅ​ក្នុង​រន្ធ​ក្រោយ​ផ្ទះ​ខ្ញុំ​។ ខ្ញុំ​មាន​ការ​សោក​ស្តាយ ដែល​មិន​បាន​យក​ចិត្ត​ទុកដាក់ ចំពោះ​រន្ធ​តូចៗ​ជា​សញ្ញា​ដាស់តឿន ដែល​ខ្ញុំ​បាន​ឃើញ​នៅ​ថ្ងៃ​មុន​។

បទ​កំណាព្យ​នៃ​សេចក្តី​ស្រឡាញ់​ដ៏​មានន័យ ក្នុង​កណ្ឌ​គម្ពីរ​បទចម្រៀងសាឡូម៉ូន បាន​កត់ទុក​នូវ​ការ​សន្ទនា​រវាង​បុរស និង​នារី​វ័យ​ក្មេង​មួយគូ​។ បុរស​នោះ​ក៏បាន​ដាស់តឿន​នារី​ជាទី​ស្រឡាញ់​របស់​ខ្លួន អំពី​សត្វ​ចង្រៃ​ដែល​នឹង​មក​បំផ្លាញ​សួន​ច្បារ​នៃ​សេចក្តី​ស្រឡាញ់​របស់​ពួកគេ ជា​ពាក្យ​ប្រៀប​ប្រដូច​អំពី​ទំនាក់​ទំនង​របស់​ពួកគេ​។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា “ចូរ​យើង​ទៅ​ចាប់​ចចក គឺជា​កូន​ចចក​ទាំង​ប៉ុន្មាន​ដែល​បំផ្លាញ​ចំការ​ទំពាំង​បាយ​ជូរ​ទៅ ដ្បិត​ទំពាំងបាយជូរ​របស់​យើង​កំពុងតែ​ផ្កា​ហើយ”(បទចម្រៀងសាឡូម៉ូន ២:១៥)។ គាត់​ប្រហែល​ជា​បាន​ឃើញ​តម្រុយ​អំពី​សត្វ​ចចក ដែល​អាច​មក​បំផ្លាញ​សេចក្តី​ស្រឡាញ់​របស់​ពួកគេ ដែល​មាន​ដូចជា​ការ​ច្រណែន កំហឹង ការ​កុហក ឬ​ការ​ព្រងើយ​កន្តើយ​។ ព្រោះ​គាត់​ពេញ​ចិត្ត​នឹង​សម្រស់​របស់​កូន​ក្រមុំ​គាត់(ខ.១៤) បានជា​គាត់​មិន​បណ្តោយ​ឲ្យ​មាន​វត្ត​មាន​នៃ​សេចក្តី​អាក្រក់​ឡើយ​។ នាង​មាន​តម្លៃ​យ៉ាង​ខ្លាំង​ចំពោះ​គាត់ ប្រៀប​ដូចជា “ផ្កា​កំភ្លឹង​ដុះ​នៅ​កណ្តាល​គុម្ព​បន្លា”(ខ.២)។ ហេតុ​នេះ​ហើយ​គាត់​ស្ម័គ្រ​ចិត្ត​ធ្វើ​ការ​ការពារ​ទំនាក់​ទំនង​របស់​គាត់​។

ទំនាក់​ទំនងជា​មួយ​គ្រួសារ និង​មិត្ត​ភក្តិ​ស្ថិត​ក្នុង​ចំណោម​អំណោយ​មាន​តម្លៃ​បំផុត ទោះ​ទំនាក់​ទំនង​ទាំង​នេះ​មិន​តែងតែ​ងាយ​ស្រួល​ថែរក្សា​ក៏ដោយ​។ តែ​យើង​អាច​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ជួយ​ឲ្យ​ទំនាក់​ទំនង​ទាំង​នោះ​មានផល​ផ្លែ​ដ៏​ល្អ ដោយ​ការ​អត់​ធ្មត់ ការ​ថែរក្សា និង​ការ​ការពារ​មិន​ឲ្យ​សេចក្តី​អាក្រក់​ចូល​មក​បំផ្លាញ​។—Karen Pimpo

តើ​អ្នក​មាន​ការ​ពេញ​ចិត្ត​នឹង​ទំនាក់​ទំនង​ដ៏​ជិត​ស្និទ្ធ​ណា​ខ្លះ? តើមាន​កូន​ចចក​ណា​ខ្លះ​ដែល​អ្នក​បាន​បណ្តោយ​ឲ្យ​ចូល​មក​ក្នុង​ទំនាក់​ទំនង​របស់​អ្នក?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ស្រឡាញ់​ទូល​បង្គំ​យ៉ាង​ខ្លាំង​។

គម្រោងអានរយៈពេល១ឆ្នាំ : អេសាយ ៥-៦ និង អេភេសូរ ១

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles