ព្រឹក

មានលក្ខណៈសម្បត្តិមិនសក្ដិសម
ដោយKenneth Petersen
September 29, 2023
សូមអាន : អេសាយ ២:១-៤,៩-១៤ ដ្បិតព្រះយេហូវ៉ា ជាព្រះនៃអ្នករាល់គ្នា ទ្រង់ជាព្រះលើស្ថានសួគ៌ ហើយជាព្រះលើផែនដីផង។ យ៉ូស្វេ ២:១១ នៅក្នុងខ្សែភាពយន្តហូលីវូដជាច្រើន យើងសង្កេតឃើញតួអង្គចារបុរស ចារនារី បានទាក់ទាញការចាប់អារម្មណ៍យ៉ាងខ្លាំង ដោយពួកគេមានភាពឆ្លាតវៃអស្ចារ្យ ហើយអាចបើកឡានទំនើបលឿនៗ ក្នុងស្ថានភាពគ្រោះថ្នាក់បំផុត។ តែអ្នកស្រីយ៉ូណា មែនដេស(Jonna Mendez) ជាអតីតប្រធានភ្នាក់ងារចារកម្មស៊ីអាយអេ បានធ្វើការលើកឡើងជាវិជ្ជមាន អំពីរឿងពិតដែលបានកើតឡើង។ គាត់មានប្រសាសន៍ថា ភ្នាក់ងារចារកម្ម “ត្រូវតែមានរូបសម្បត្តិខាងក្រៅ ដែលមិនទាក់ទាញការចាប់អារម្មណ៍ពីមនុស្សនៅជុំវិញពួកគេ ហើយអ្នកដទៃមិនគិតថា ពួកគេជាមនុស្សឆ្លាត”។ ភ្នាក់ងារសម្ងាត់ដែលល្អបំផុត មានលក្ខណៈសម្បត្តិខាងក្រៅតិចបំផុតដែលសក្តិសមជាភ្នាក់ងារសម្ងាត់។ ពេលដែលពួកអ្នកស៊ើបការពីរនាក់របស់សាសន៍អ៊ីស្រាអែល បានបន្លំខ្លួនចូលទៅក្នុងទីក្រុងយេរីខូ នាងរ៉ាហាបក៏បានជួយលាក់បំពួនពួកគេ កុំឲ្យទាហានរបស់ស្តេចរកឃើញ(យ៉ូស្វេ ២:៤)។ នាងហាក់ដូចជាមានលក្ខណៈសម្បត្តិតិចបំផុត ដែលសក្តិសមជាមនុស្សដែលព្រះអាចប្រើ ជាភ្នាក់ងារសម្ងាត់ ព្រោះនាងមានចំណុចខ្វះខាតធំៗបី ដែលមានដូចជា នាងជាជនជាតិកាណាន នាងជាមនុស្សស្រី និងជាស្រីរកស៊ីផ្លូវភេទ។ តែនាងរ៉ាហាបបានជឿថា ព្រះរបស់សាសន៍អ៊ីស្រាអែល “ទ្រង់ជាព្រះលើស្ថានសួគ៌”(ខ.១១)។ នាងបានលាក់បំពួនអ្នកស៊ើបការរបស់ព្រះ នៅលើដំបូលផ្ទះរបស់នាង ហើយក៏បានជួយពួកគេគេចខ្លួន ដោយសុវត្ថិភាព។ ព្រះទ្រង់ក៏បានប្រទានរង្វាន់ សម្រាប់សេចក្តីជំនឿរបស់នាង ដោយលោកយ៉ូស្វេបានទុកជីវិតឲ្យនាង និងគ្រួសារនាង(៦:២៥)។ ជួនកាល យើងប្រហែលមានអារម្មណ៍ថា យើងមានលក្ខណៈសម្បត្តិដែលមិនទំនងឲ្យព្រះទ្រង់ប្រើទេ។ យើងប្រហែលមិនមានកាយសម្បទាគ្រប់គ្រាន់ ឬមិនមានអារម្មណ៍ថាឆ្លាត មិនអាចដឹកនាំគេបាន ឬក៏មានប្រវត្តិមិនល្អ។ តាមប្រវត្តិសាស្ត្រក្នុងព្រះគម្ពីរ យើងឃើញថា ព្រះទ្រង់បានប្រោសលោះ និងប្រើមនុស្សជាច្រើន ដែលមិនមានលក្ខណៈសម្បត្តិដែលគួរឲ្យទាក់ទាញ គឺមនុស្សដូចនាងរ៉ាហាប ដែលព្រះអង្គបានឲ្យបំពេញបេសកកម្មដ៏ពិសេស សម្រាប់នគរព្រះអង្គ។ ចូរយើងទុកចិត្តថា ព្រះអង្គមានគោលបំណងដ៏ល្អឥតខ្ចោះ សូម្បីតែសម្រាប់មនុស្សដែលមិនទំនងបំផុត។ —Kenneth Petersen
តើអ្នកធ្លាប់មានអារម្មណ៍ថា គេមិនឲ្យតម្លៃអ្នក ឬមើលរំលងអ្នកឬទេ? តើមានកត្តាអ្វីខ្លះដែលបានធ្វើឲ្យអ្នកគិតថា អ្នកមិនមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ ដើម្បីបំពេញបេសកកម្មដែលព្រះអង្គមានសម្រាប់អ្នក?
ឱព្រះអម្ចាស់ សូមព្រះអង្គជួយទូលបង្គំ ឲ្យត្រៀមខ្លួនជាស្រេច សម្រាប់ការត្រាស់ហៅរបស់ព្រះអង្គ ឬសម្រាប់បេសកកម្មដែលព្រះអង្គមានសម្រាប់ទូលបង្គំ។
គម្រោងអានរយៈពេល១ឆ្នាំ : អេសាយ ៩-១០ និង អេភេសូរ ៣
ល្ងាច

យុទ្ធសាស្ត្រទាំង១៥យ៉ាង ដើម្បីឲ្យមានក្តីអំណរ
ដោយJohn Piper
September 29, 2023
ទ្រង់នឹងបង្ហាញឲ្យទូលបង្គំឃើញផ្លូវជីវិតវិញ នៅចំពោះទ្រង់មានសេចក្តីអំណរដ៏ពោរពេញ នៅព្រះហស្តស្តាំទ្រង់មានសេចក្តីអរសប្បាយ ជាដរាបតទៅ។ ទំនុកដំកើង ១៦:១១ ក្នុងជីវិតដែលមានបាប និងការឈឺចាប់ យើងមិនងាយមានក្តីអំណរ។ គឺមិនខុសពីការមានជំនឿនោះឡើយ។ ហើយសាវ័កប៉ុលបានផ្តាំលោកធីម៉ូថេថា “ចូរខំប្រឹងតស៊ូ ដោយការតយុទ្ធយ៉ាងល្អនៃសេចក្តីជំនឿ”(១ធីម៉ូថេ ៦:១២)។ យើងក៏ត្រូវអនុវត្តដូចនេះ ឲ្យមានក្តីអំណរផងដែរ។ យើងត្រូវព្យាយាម និងតយុទ្ធឲ្យមានអំណរ។ គឺដូចដែលសាវ័កប៉ុលបានប្រាប់ពួកជំនុំនៅក្រុងកូរិនថូសថា ពួកគាត់បានតយុទ្ធជាមួយពួកគេ ដើម្បីជួយឲ្យពួកគេមានក្តីអំណរ (២កូរិនថូស ១:២៤)។ ដូចនេះ តើយើងត្រូវតយុទ្ធឲ្យមានក្តីអំណរ ដោយរបៀបណា? យើងត្រូវប្រើយុទ្ធសាស្ត្រទាំង១៥ ដូចតទៅ ៖
- ត្រូវដឹងថា ក្តីអំណរពិតប្រាកដក្នុងព្រះ គឺជាអំណោយ។
- ត្រូវដឹងថា យើងត្រូវតយុទ្ធឥតឈប់ឈរ ដើម្បីឲ្យមានក្តីអំណរនោះ។ ហើយមិនត្រូវមានភាពយឺតយ៉ាវ ដោយសារការភ័ន្តច្រឡំ អំពី២ចំណុចដំបូងឡើយ។
- ចូរប្ដេជ្ញាចិត្តតយុទ្ធនឹងអំពើបាប ដែលអ្នកឃើញមានក្នុងជីវិតអ្នក ដោយអំណាចនៃព្រះវិញ្ញាណបរិសុទ្ធ។
- ចូររៀនអំពីអាថ៌កំបាំងនៃការងាកមករកព្រះភ្លាម បន្ទាប់ពីបានធ្វើអំពើបាប ពោលគឺរៀនតយុទ្ធដូចមនុស្សមានបាបដែលបានរាប់ជាសុចរិត។
- ត្រូវដឹងថា ការតយុទ្ធនេះ ជាការប្រយុទ្ធជាបឋម ឲ្យបានស្គាល់ គឺស្គាល់ព្រះច្បាស់។
- ចូរជញ្ជឹងគិតព្រះបន្ទូលព្រះ ទាំងយប់ទាំងថ្ងៃ។
- ចូរអធិស្ឋានអស់ពីចិត្ត និងឥតឈប់ឈរ ដើម្បីឲ្យព្រះទ្រង់បើកភ្នែកយើង និងមានចិត្តចង់ចូលទៅរកព្រះអង្គ។
- ចូររៀនប្រៀនប្រដៅខ្លួនឯង ជាជាងស្តាប់សម្លេងខ្លួនឯង។
- ចូរចំណាយពេលជាមួយមនុស្សដែលស្រឡាញ់ព្រះ ដែលជួយអ្នកឲ្យមើលឃើញព្រះអង្គ និងមានការតយុទ្ធដ៏ល្អ។
- ចូរមានចិត្តអត់ធ្មត់ នៅពេលយប់ ដែលព្រះទ្រង់ហាក់ដូចជាអវត្តមាន។
- ចូរសម្រាក ហាត់ប្រាណ និងបរិភោគអាហារឲ្យបានត្រឹមត្រូវ ដែលរូបកាយរបស់អ្នកត្រូវការ តាមការរៀបចំរបស់ព្រះ
- ចូរប្រើធម្មជាតិ ដែលព្រះបានបង្កើតឲ្យបានត្រឹមត្រូវ ដោយការដើរកម្សាន្តក្នុងព្រៃជាដើម
- ចូរអានសៀវភៅល្អៗ អំពីព្រះ និងសៀវភៅជីវប្រវត្តិរបស់ពួកបរិសុទ្ធដ៏អស្ចារ្យ
- ចូរធ្វើកិច្ចការពិបាកៗ ដោយក្តីស្រឡាញ់ ដើម្បីប្រយោជន៍អ្នកដទៃ (ការធ្វើបន្ទាល់ និងប្រព្រឹត្តដោយសេចក្តីមេត្តា)
- ចូរមានចក្ខុវិស័យអន្តរជាតិមួយ ដើម្បីបុព្វហេតុព្រះគ្រីស្ទ ហើយធ្វើការលះបង់ផ្ទាល់ខ្លួន ដើម្បីមនុស្សដែលមិនទាន់ឮដំណឹងល្អ។ ចំណុចនីមួយៗ ខាងលើនេះ សុទ្ធតែមានខគម្ពីរយោង។ អ្នកអាចរកមើលខយោងនោះ ក្នុងសៀវភៅ When I Don’t Desire God: How to Fight for Joy.