នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

មានលក្ខណៈសម្បត្តិមិនសក្ដិសម

មានលក្ខណៈសម្បត្តិមិនសក្ដិសម

ដោយKenneth Petersen

September 30, 2023

សូមអាន : អេសាយ ២:១-៤,៩-១៤ ដ្បិត​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​អ្នក​រាល់​គ្នា ទ្រង់​ជា​ព្រះ​លើ​ស្ថាន​សួគ៌ ហើយ​ជា​ព្រះ​លើ​ផែន​ដីផង​។ យ៉ូស្វេ ២:១១ នៅ​ក្នុង​ខ្សែ​ភាព​យន្ត​ហូលីវូដ​ជា​ច្រើន យើង​សង្កេត​ឃើញ​តួ​អង្គ​ចារបុរស ចារនារី បាន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​យ៉ាង​ខ្លាំង ដោយ​ពួកគេ​​មាន​ភាព​​ឆ្លាតវៃ​អស្ចារ្យ ហើយ​អាច​បើកឡាន​ទំនើប​លឿនៗ ក្នុង​ស្ថានភាព​គ្រោះ​ថ្នាក់​បំផុត​។ តែ​អ្នក​ស្រី​យ៉ូណា មែនដេស(Jonna Mendez) ជា​អតីត​ប្រធាន​ភ្នាក់ងារ​ចារ​កម្ម​ស៊ីអាយអេ បាន​ធ្វើ​ការ​លើក​ឡើងជា​វិជ្ជមាន អំពី​រឿង​ពិត​ដែល​បាន​កើត​ឡើង​។ គាត់​មាន​ប្រសាសន៍​ថា ភ្នាក់ងារ​ចារ​កម្ម “ត្រូវតែ​មាន​រូប​សម្បត្តិ​ខាង​ក្រៅ ដែល​មិន​ទាក់ទាញ​ការ​ចាប់​អារម្មណ៍​ពី​មនុស្ស​នៅ​ជុំ​វិញ​ពួកគេ ហើយ​អ្នក​ដទៃ​មិន​គិតថា ពួកគេ​ជា​មនុស្ស​ឆ្លាត”។ ភ្នាក់ងារ​សម្ងាត់​ដែល​ល្អ​បំផុត មាន​លក្ខណៈ​សម្បត្តិ​ខាង​ក្រៅ​តិច​បំផុត​ដែល​សក្តិ​សមជា​ភ្នាក់ងារ​សម្ងាត់​។ ពេល​ដែល​ពួក​អ្នក​ស៊ើប​ការ​ពីរ​នាក់​របស់​សាសន៍​អ៊ីស្រាអែល បាន​បន្លំ​ខ្លួន​ចូល​ទៅ​ក្នុង​ទីក្រុង​យេរីខូ នាង​រ៉ាហាប​ក៏​បាន​ជួយ​លាក់​បំពួន​ពួកគេ កុំ​ឲ្យ​ទាហាន​របស់​ស្តេច​រក​ឃើញ(យ៉ូស្វេ ២:៤)។ នាង​ហាក់​ដូចជា​មាន​លក្ខណៈ​សម្បត្តិ​តិច​បំផុត ដែល​សក្តិ​សមជា​មនុស្ស​ដែល​ព្រះ​អាច​ប្រើ ជា​ភ្នាក់ងារ​សម្ងាត់ ព្រោះ​នាង​មាន​ចំណុច​ខ្វះខាត​ធំៗ​បី ដែល​មាន​ដូចជា នាង​ជា​ជនជាតិ​កាណាន នាង​ជា​មនុស្ស​ស្រី និង​ជា​ស្រី​រកស៊ី​ផ្លូវភេទ​។ តែ​នាង​រ៉ាហាប​បាន​ជឿ​ថា ព្រះ​របស់​សាសន៍​អ៊ីស្រាអែល “ទ្រង់​ជា​ព្រះ​លើ​ស្ថាន​សួគ៌”(ខ.១១)។ នាង​បាន​លាក់​បំពួន​អ្នក​ស៊ើប​ការ​របស់​ព្រះ នៅ​លើ​ដំបូល​ផ្ទះ​របស់​នាង ហើយ​ក៏​បាន​ជួយ​ពួកគេ​គេច​ខ្លួន ដោយ​សុវត្ថិភាព​។ ព្រះ​ទ្រង់​ក៏បាន​ប្រទាន​រង្វាន់ សម្រាប់​សេចក្តី​ជំនឿ​របស់​នាង ដោយ​លោក​យ៉ូស្វេ​បាន​ទុក​ជីវិត​ឲ្យ​នាង និង​គ្រួសារ​នាង(៦:២៥)។ ជួនកាល យើង​ប្រហែល​មាន​អារម្មណ៍​ថា យើង​មាន​លក្ខណៈ​សម្បត្តិ​ដែល​មិន​ទំនង​ឲ្យ​ព្រះ​ទ្រង់​ប្រើ​ទេ​។ យើង​ប្រហែល​មិន​មាន​កាយ​សម្បទា​គ្រប់​គ្រាន់ ឬ​មិន​មាន​អារម្មណ៍​ថា​ឆ្លាត មិន​អាច​ដឹកនាំ​គេ​បាន ឬ​ក៏​មាន​ប្រវត្តិ​មិន​ល្អ​។ តាម​ប្រវត្តិ​សាស្ត្រ​ក្នុង​ព្រះ​គម្ពីរ យើង​ឃើញថា ព្រះ​ទ្រង់​បាន​ប្រោស​លោះ និង​ប្រើ​មនុស្ស​ជា​ច្រើន ដែល​មិន​មាន​លក្ខណៈ​សម្បត្តិ​ដែល​គួរ​ឲ្យ​ទាក់ទាញ គឺ​មនុស្ស​ដូច​នាង​រ៉ាហាប ដែល​ព្រះអង្គ​បាន​ឲ្យ​បំពេញ​បេសកកម្ម​ដ៏​ពិសេស សម្រាប់​នគរ​ព្រះអង្គ​។ ចូរ​យើង​ទុក​ចិត្ត​ថា ព្រះអង្គ​មាន​គោលបំណង​ដ៏​ល្អ​ឥត​ខ្ចោះ សូម្បីតែ​សម្រាប់​មនុស្ស​ដែល​មិន​ទំនង​បំផុត​។ —Kenneth Petersen

តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា គេ​មិន​ឲ្យ​តម្លៃ​អ្នក ឬ​មើល​រំលង​អ្នក​ឬ​ទេ? តើ​មាន​កត្តា​អ្វី​ខ្លះ​ដែល​បាន​ធ្វើ​ឲ្យ​អ្នក​គិតថា អ្នក​មិន​មាន​លក្ខណៈ​សម្បត្តិ​គ្រប់​គ្រាន់ ដើម្បី​បំពេញ​បេសកកម្ម​ដែល​ព្រះអង្គ​មាន​សម្រាប់​អ្នក?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ត្រៀម​ខ្លួន​ជា​ស្រេច សម្រាប់​ការ​ត្រាស់ហៅ​របស់​ព្រះអង្គ ឬ​សម្រាប់​បេសកកម្ម​ដែល​ព្រះអង្គ​មាន​សម្រាប់​ទូល​បង្គំ​។

គម្រោងអានរយៈពេល១ឆ្នាំ : អេសាយ ៩-១០ និង អេភេសូរ ៣

ល្ងាច

Devotional illustration

យុទ្ធសាស្ត្រទាំង១៥យ៉ាង ដើម្បីឲ្យមានក្តីអំណរ

ដោយJohn Piper

September 30, 2023

ទ្រង់​នឹង​បង្ហាញ​ឲ្យ​ទូលបង្គំ​ឃើញ​ផ្លូវ​ជីវិត​វិញ នៅ​ចំពោះ​ទ្រង់​មាន​សេចក្តី​អំណរ​ដ៏​ពោរពេញ នៅ​ព្រះហស្ត​ស្តាំ​ទ្រង់​មាន​សេចក្តី​អរ​សប្បាយ ជាដរាប​តទៅ។ ទំនុកដំកើង ១៦:១១ ក្នុង​ជីវិត​ដែល​មាន​បាប និង​ការឈឺចាប់ យើង​មិន​ងាយ​មាន​ក្តី​អំណរ។ គឺ​មិន​ខុស​ពីការ​មាន​ជំនឿ​នោះ​ឡើយ។ ហើយ​សាវ័ក​ប៉ុល​បាន​ផ្តាំ​លោក​ធីម៉ូថេ​ថា “ចូរ​ខំប្រឹង​តស៊ូ ដោយ​ការ​ត​យុទ្ធ​យ៉ាង​ល្អ​នៃ​សេចក្តី​ជំនឿ”(១ធីម៉ូថេ ៦:១២)។ យើង​ក៏​ត្រូវ​អនុវត្ត​ដូចនេះ ឲ្យ​មាន​ក្តី​អំណរ​ផង​ដែរ។ យើង​ត្រូវ​ព្យាយាម និង​តយុទ្ធ​ឲ្យ​មាន​អំណរ។ គឺ​ដូចដែល​សាវ័ក​ប៉ុល​បាន​ប្រាប់​ពួក​ជំនុំ​នៅ​ក្រុង​កូរិនថូស​ថា ពួក​គាត់​បាន​តយុទ្ធ​ជា​មួយ​ពួក​គេ ដើម្បី​ជួយ​ឲ្យ​ពួក​គេ​មាន​ក្តី​អំណរ (២កូរិនថូស ១:២៤)។ ដូចនេះ តើ​យើង​ត្រូវ​តយុទ្ធ​ឲ្យ​មាន​ក្តី​អំណរ ដោយ​របៀបណា? យើង​ត្រូវ​ប្រើ​យុទ្ធ​សាស្ត្រ​ទាំង១៥ ដូចតទៅ ៖

  1. ត្រូវ​ដឹង​ថា ក្តី​អំណរ​ពិតប្រាកដ​ក្នុង​ព្រះ គឺជា​អំណោយ។
  2. ត្រូវ​ដឹង​ថា យើង​ត្រូវ​តយុទ្ធ​ឥត​ឈប់ឈរ ដើម្បីឲ្យ​មាន​ក្តី​អំណរ​នោះ។ ហើយ​មិន​ត្រូវ​មាន​ភាពយឺត​យ៉ាវ ដោយសារ​ការ​ភ័ន្ត​ច្រឡំ អំពី​២​ចំណុច​​ដំបូង​​ឡើយ។
  3. ចូរ​ប្ដេជ្ញា​ចិត្ត​តយុទ្ធ​នឹង​អំពើបាប ដែល​អ្នក​ឃើញ​មាន​ក្នុង​ជីវិត​អ្នក ដោយអំណាច​នៃ​ព្រះវិញ្ញាណ​បរិសុទ្ធ។
  4. ចូរ​រៀន​អំពី​អាថ៌កំបាំង​នៃ​ការ​ងាក​មក​​រក​ព្រះ​ភ្លាម បន្ទាប់​ពី​បាន​ធ្វើអំពើ​បាប ពោល​គឺ​រៀន​តយុទ្ធ​ដូច​មនុស្ស​មាន​បាប​ដែល​បាន​រាប់​ជា​សុចរិត។
  5. ត្រូវ​ដឹង​ថា ការ​តយុទ្ធ​នេះ ជា​ការ​ប្រយុទ្ធ​ជាបឋម ឲ្យបាន​ស្គាល់ គឺ​ស្គាល់​ព្រះ​ច្បាស់។
  6. ចូរ​ជញ្ជឹងគិត​ព្រះបន្ទូល​ព្រះ ទាំងយប់ទាំង​ថ្ងៃ។
  7. ចូរ​អធិស្ឋាន​អស់ពី​ចិត្ត និង​ឥត​ឈប់ឈរ ដើម្បីឲ្យ​ព្រះ​ទ្រង់​បើកភ្នែក​យើង និង​មាន​ចិត្ត​ចង់​ចូល​ទៅ​រក​ព្រះអង្គ។
  8. ចូរ​រៀន​ប្រៀន​ប្រដៅ​ខ្លួន​ឯង ជា​ជាង​ស្តាប់​សម្លេង​ខ្លួនឯង។
  9. ចូរ​ចំណាយពេល​ជាមួយ​មនុស្ស​ដែលស្រឡាញ់​​ព្រះ ដែល​ជួយ​អ្នកឲ្យ​មើលឃើញ​ព្រះអង្គ និង​មានការ​តយុទ្ធ​ដ៏​ល្អ។
  10. ចូរ​មានចិត្ត​អត់ធ្មត់ នៅពេល​យប់ ដែល​ព្រះ​ទ្រង់​ហាក់ដូចជា​អវត្តមាន។
  11. ចូរ​សម្រាក ហាត់ប្រាណ និង​បរិភោគ​អាហារ​ឲ្យបាន​ត្រឹមត្រូវ ដែល​រូបកាយ​របស់​អ្នក​ត្រូវការ តាម​ការរៀបចំ​របស់​ព្រះ
  12. ចូរ​ប្រើ​ធម្មជាតិ ដែល​ព្រះ​បាន​បង្កើត​ឲ្យបាន​ត្រឹមត្រូវ ដោយ​ការ​ដើរកម្សាន្ត​ក្នុង​ព្រៃ​ជាដើម
  13. ចូរ​អាន​សៀវភៅ​ល្អៗ អំពី​ព្រះ និង​សៀវភៅ​ជីវប្រវត្តិ​របស់​ពួក​បរិសុទ្ធ​ដ៏​អស្ចារ្យ
  14. ចូរ​ធ្វើ​កិច្ចការ​ពិបាក​ៗ ដោយ​ក្តី​ស្រឡាញ់ ដើម្បី​ប្រយោជន៍​អ្នកដទៃ (ការ​ធ្វើ​បន្ទាល់ និង​ប្រព្រឹត្ត​ដោយ​សេចក្តី​មេត្តា)
  15. ចូរ​មាន​ចក្ខុវិស័យ​អន្តរជាតិ​មួយ ដើម្បី​បុព្វហេតុ​ព្រះគ្រីស្ទ ហើយ​ធ្វើការ​លះបង់​ផ្ទាល់ខ្លួន ដើម្បី​មនុស្ស​ដែល​មិនទាន់​ឮដំណឹង​ល្អ។ ចំណុច​នី​មួយៗ ខាងលើ​នេះ សុទ្ធតែ​មាន​ខគម្ពីរ​យោង។ អ្នក​អាច​រកមើល​ខយោង​នោះ ក្នុង​សៀវភៅ When I Don’t Desire God: How to Fight for Joy.
 

ប្រភេទ