តើមានកិច្ចការអ្វីដែលល្អជាង?

១ធីម៉ូថេ ៤:៦-១៦

ដ្បិតគឺ​ដោយហេតុ​នោះ​បានជា​យើង​ខ្ញុំខំ​ធ្វើ​ការ ទាំង​ត្រូវ​គេ​ត្មះ​តិះដៀល ពីព្រោះ​យើង​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម ដល់​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់​។ ១ធីម៉ូថេ ៤:១០

កាល​លោក​អេរិក(Eric) ស្ថិត​ក្នុង​វ័យ​ជាង២០ឆ្នាំ គាត់​បានឮ​គេ​ចែក​ចាយ​ថា ព្រះយេស៊ូវ​ស្រឡាញ់​គាត់​។ គាត់​ក៏បាន​ចាប់​ផ្តើម​ចូល​រួម​កម្មវិធី​ថ្វាយបង្គំ​នៅ​ព្រះវិហារ ដែល​នៅ​ទីនោះ គាត់​ក៏​បាន​ជួប​មនុស្ស​ម្នាក់ ដែល​បាន​ជួយ​គាត់​ឲ្យ​លូត​លាស់ និង​ស្គាល់​ព្រះគ្រីស្ទ​កាន់តែ​ច្បាស់​។ មិន​យូរ​ប៉ុន្មាន គ្រូ​បង្គោល​របស់​គាត់​ក៏បាន​ចាត់​តាំង​គាត់ ឲ្យ​បង្រៀន​ក្មេង​ប្រុសៗ ក្នុង​ក្រុម​តូច​មួយ នៅ​ព្រះវិហារ​។ ក្នុងរយៈ​ពេល​ប៉ុន្មាន​ឆ្នាំ​នោះ ព្រះ​ទ្រង់​បាន​បណ្តាល​ចិត្ត​អេរិក ឲ្យ​ជួយ​យុវជន​ដែល​ងាយ​រង​គ្រោះ ក្នុង​ទីក្រុង​របស់​គាត់ និង​ទៅ​សួរ​សុខ​ទុក្ខ​មនុស្ស​ចាស់ ហើយក៏​បាន​បង្ហាញ​ភាព​រួសរាយ ចំពោះ​អ្នក​ជិត​ខាង​របស់​គាត់ ដើម្បី​ថ្វាយ​ព្រះ​កិត្តិនាម​ដល់​ព្រះអង្គ​។ សព្វថ្ងៃ​នេះ ក្នុង​វ័យ​ជិត៦០ឆ្នាំ លោក​អេរិក​បាន​បង្ហាញ​ការ​ដឹង​គុណ ចំពោះ​ព្រះអម្ចាស់​ដែល​បាន​បង្រៀន​គាត់ ឲ្យ​ចេះ​បម្រើ​អ្នក​ដទៃ កាល​គាត់​នៅ​ក្មេង​។ គឺ​ដូច​ដែល​គាត់​បាន​បក​ស្រាយ​ថា គាត់​មាន​ចិត្ត​ឆេះ​ឆួល​ចង់​ចែក​ចាយ អំពី​សេចក្តី​សង្ឃឹម ដែល​គាត់​បាន​រក​ឃើញ​ក្នុង​ព្រះយេស៊ូវ​។ តើមាន​អ្វី​ដែល​ប្រសើរ​ជាង​ការ​បម្រើ​ព្រះអង្គ?

ម្តាយ និង​ជីដូន​របស់​លោក​ធីម៉ូថេ​បាន​ចែកចាយ​សេចក្តី​ជំនឿ​ដល់​គាត់ តាំងពី​គាត់​នៅ​ក្មេង(២ធីម៉ូថេ ១:៥)។ គាត់​ទំនងជា​ស្ថិត​ក្នុង​វ័យ​ជំទង់ កាល​គាត់​បាន​ជួប​សាវ័ក​ប៉ុល ដែល​បាន​មើល​ឃើញ​សក្ដានុពល​របស់​ការងារ​ដែល​គាត់​ធ្វើ​ថ្វាយ​ព្រះគ្រីស្ទ ហើយ​ក៏​បាន​នាំ​គាត់ ទៅ​ធ្វើ​ដំណើរ​បេសកកម្ម(កិច្ចការ ១៦:១-៣)។ សាវ័ក​ប៉ុល​ក៏បាន​ក្លាយ​ជា​គ្រូ​បង្គោល​របស់​គាត់ ក្នុង​ការងារ​បម្រើ​ព្រះ និង​ការ​រស់នៅ​។ សាវ័ក​ប៉ុល​បាន​លើក​ទឹក​ចិត្ត​គាត់ ឲ្យ​សិក្សា​ព្រះបន្ទូល​ព្រះ ឲ្យ​មាន​ចិត្ត​ក្លាហាន ក្នុង​ការ​ប្រឈម​មុខ​ដាក់​ការ​បង្រៀន​ខុស​ឆ្គង ហើយ​ប្រើ​អំណោយ​ទាន​របស់​គាត់ បម្រើ​ព្រះ(១ធីម៉ូថេ ៤:៦-១៦)។

ហេតុ​អ្វី​សាវ័ក​ប៉ុល​ចង់​ឲ្យ​លោក​ធីម៉ូថេ​មាន​ចិត្ត​ស្មោះ​ត្រង់ ក្នុង​ការ​បម្រើ​ព្រះ? ទាក់ទង​នឹង​សំណួរ​នេះ គាត់​បាន​សរសេរ​ក្នុង​សំបុត្រ​របស់​គាត់​ថា “ពីព្រោះ​យើង​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម ដល់​ព្រះ​ដ៏​មាន​ព្រះ​ជន្ម​រស់ ដែល​ទ្រង់​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​មនុស្ស​ទាំងឡាយ”(ខ.១០)។ ព្រះ​យេស៊ូវ​ជា​ក្តី​សង្ឃឹម​របស់​យើង និង​ជា​ព្រះ​អង្គ​សង្គ្រោះ​នៃ​ពិភពលោក​។ តើ​យើង​អាច​ធ្វើ​កិច្ចការ​អ្វី ដែល​ប្រសើរ​ជាង​ការ​បម្រើ​ព្រះអង្គ?—Anne Cetas

តើ​អ្នក​បាន​រៀន​សូត្រ​អ្វី​ខ្លះ​អំពី​ព្រះគ្រីស្ទ ដែល​អ្នក​ចង់​ឲ្យ​នរណា​ម្នាក់​ដឹង? តើមាន​នរណា​ខ្លះ ដែល​អ្នក​អាច​ជួយ​បាន ហើយ​តើ​អ្នក​ត្រូវ​ការ​ជំនួយ​ពី​នរណា ក្នុង​ការ​ចម្រើន​ឡើង​នៃ​សេចក្តី​ជំនឿ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ​នូវ​ចិត្ត​ដែល​ចង់​នាំមក​នូវ​ក្តី​សង្ឃឹម​របស់​ព្រះអង្គ ដល់​មនុស្ស​ជុំ​វិញ​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ២៦-២៧ និង ភីលីព ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles