ប្រាជ្ញាដែលយើងត្រូវការ

សុភាសិត ៤:១០-១៩

ឯ​ផ្លូវ​របស់​មនុស្ស​អាក្រក់ នោះ​ធៀប​ដូច​ជា​សេចក្តី​ងងឹត​វិញ គេ​មិន​ដឹង​ថា​ចំពប់​នឹង​អ្វី​ទេ​។ សុភាសិត ៤:១៩

ក្នុង​សៀវភៅ​ដ៏​ល្បី​ល្បាញ ដែល​លោក​ចន អ៊ែម ប៊ែរី(John M. Barry) បាន​និពន្ធ​មាន​ចំណង​ជើង​ថា ជំងឺ​រាតត្បាត​ដ៏​កាច​សាហាវ គាត់​ពិពណ៌នា អំពី​ប្រវត្តិ​នៃ​ជំងឺ​រាតត្បាត ដែល​បាន​កើត​ឡើង​នៅ​ឆ្នាំ១៩១៨​។ លោក​ប៊ែរី​បាន​បើក​បង្ហាញ អំពី​របៀប​ដែល​មន្រ្តី​សុខាភិបាល​បាន​រំពឹង​ទុក​ជា​មុន​ថា ជំងឺ​រាតត្បាត​ដ៏​ធំ​មួយ​នឹង​កើត​មាន ក្នុង​ពេល​ឆាប់ៗ គឺ​មិនមែន​មិន​បាន​ត្រៀម​ខ្លួន​នោះ​ទេ​។ ពួកគេ​មាន​ការ​ភ័យ​ខ្លាច​ថា នៅ​សម័យ​សង្រ្គាម​លោក​លើកទី១ មាន​កងទ័ព​រាប់​លាន​នាក់​បាន​រស់នៅ​ប្រជ្រៀត​គ្នា​ក្នុង​លាន​ដ្ឋាន ហើយ​បាន​ឆ្លង​កាត់​ខ្សែ​បន្ទាត់​ព្រំដែន​ពី​ប្រទេស​មួយ​ចូល​ប្រទេស​មួយ​ទៀត ដូច​នេះ ការ​ឆ្លង​វីរុស​ថ្មី​មួយ អាច​ផ្ទុះ​ឡើង​នៅពេល​ណាមួយ​មិនខាន​។ តែ​ការ​យល់​ដឹង​ដូច​នេះ មិន​មាន​ប្រយោជន៍​អ្វី នៅ​ក្នុង​ការ​ទប់​ស្គាត់​គ្រោះ​មហន្ត​រាយ​នោះ​ឡើយ​។ អ្នក​ដឹកនាំ​ប្រទេស​ដ៏​មាន​អំណាច បាន​បន្ត​ទូង​ស្គរ​សង្រ្គាម ឲ្យ​កងទ័ព​សំរុក​ចូល​ប្រយុទ្ធ​ក្នុង​សមរ​ភូមិ ដោយ​ផ្តោត​ទៅ​លើ​ការ​ដណ្តើម​យកជ័យ​ជម្នះ​ក្នុង​សង្រ្គាម​។ អ្នក​ជំនាញ​ផ្នែក​ជំងឺ​រាតត្បាត​បាន​ធ្វើ​ការ​ប៉ាន់​ប្រមាណ​ថា នៅពេល​នោះ​មនុស្ស៥០លាន​នាក់​បាន​ស្លាប់​ក្នុង​ការ​រាតត្បាត​របស់​ជំងឺ​ដ៏​កាច​សាហាវ​នោះ បន្ថែម​ពីលើ​ចំនួន​ប្រហែល២០លាន​នាក់ ដែល​បាន​ស្លាប់ ដោយសារ​ភាព​សាហាវ​ព្រៃ​ផ្សៃ​នៃ​សង្រ្គាម​។

មាន​ការ​បង្ហាញ​ម្តង​ហើយ​ម្តង​ទៀត​ថា ចំណេះ​ដឹង​របស់​យើង​ជា​មនុស្ស​មិន​ដែល​គ្រប់​គ្រាន់​ល្មម​នឹង​សង្រ្គោះ​យើង​ឲ្យ​រួច​ផុត​ពី​ការ​អាក្រក់​ឡើយ(សុភាសិត ៤:១៤-១៦)។ ទោះ​យើង​រកបាន​ចំណេះ​ដឹង​ច្រើន​ប៉ុណ្ណោះ ហើយ​បាន​បង្ហាញ​ការ​យល់​ដឹង​ដែល​គួរ​ឲ្យ​កត់​សំគាល់​យ៉ាងណា ក៏​យើង​នៅតែ​មិន​អាច​បញ្ឈប់​ការ​ឈឺ​ចាប់ ដែល​យើង​បាន​ធ្វើ​មក​លើ​គ្នា​ទៅវិញ​ទៅមក​។ យើង​មិន​អាច​រាំង​ខ្ទប់ “ផ្លូវ​របស់​មនុស្ស​អាក្រក់” ជា​ផ្លូវ​ដ៏​ល្ងង់​ខ្លៅ ដែល​នាំ​ទៅ​រក “សេចក្តី​ងងឹត​ដ៏​សែន​ជ្រៅ”។ ទោះ​យើង​មាន​ចំណេះ​ដឹង​ល្អ​បំផុត ក៏​យើង​ពិតជា​មិន​ដឹង​ថា មាន​អ្វី​ខ្លះ​ដែល​បាន​ធ្វើ​ឲ្យ​យើង​ជំពប់​ដួល​នោះ​ឡើយ(ខ.‌១៩)។

ហេតុ​នេះ​ហើយ យើង​ត្រូវ​តែខំ​ឲ្យ​បាន​ប្រាជ្ញា និង​ខំ​ឲ្យ​បាន​យោបល់ ដែល​មកពី​ព្រះ(ខ.៥)។ ប្រាជ្ញា​បង្រៀន​យើង​អំពី​ការ​អ្វី​ដែល​យើង​ត្រូវ​ធ្វើ​ដោយ​ប្រើ​ប្រាជ្ញា​។ ហើយ​ប្រាជ្ញា​ដ៏​ពិត​ដែល​យើង​ស្រេក​ឃ្លាន គឺ​មកពី​ព្រះ​។ ចំណេះ​ដឹង​របស់​យើង​តែងតែ​មាន​ការ​ខ្វះខាត តែ​ប្រាជ្ញា​ព្រះអង្គ​ផ្តល់​ឲ្យ​យើង​នូវ​អ្វី​ដែល​យើង​ត្រូវ​ការ​។—Winn Collier

តើ​អ្នក​សង្កេត​ឃើញថា ចំណេះ​ដឹង​របស់​មនុស្ស​មាន​ចំណុច​ខ្វះខាត​អ្វី​ខ្លះ? តើ​ប្រាជ្ញា​មកពី​ព្រះ​អាច​បង្រៀន​អ្នក​ដូច​ម្តេច​ខ្លះ ឲ្យ​ស្គាល់​ផ្លូវ​ពិត ដែល​ល្អ​ជាង?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ជម្នះ​សេចក្តី​អំនួត​។ ចំណេះ​ដឹង​របស់​ទូល​បង្គំ​ជា​មនុស្ស​មិន​អាច​សង្រ្គោះ​ទូល​បង្គំ​បានទេ​។ សូម​ព្រះ​អង្គ​បង្រៀន​ទូល​បង្គំ​នូវ​សេចក្តី​ពិត​របស់​ព្រះអង្គ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៣០-៣១ និង​ភីលីព ៤

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles