នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

អំណោយដែលមានតែព្រះអង្គអាចប្រទានឲ្យបាន

អំណោយដែលមានតែព្រះអង្គអាចប្រទានឲ្យបាន

ដោយKirsten Holmberg

October 14, 2023

យ៉ូហាន ១៤:២៥-៣១ ខ្ញុំ​ទុក​សេចក្តី​សុខ​នៅនឹង​អ្នក​រាល់​គ្នា គឺ​ខ្ញុំ​ឲ្យ​សេចក្តី​សុខ​សាន្ត​របស់​ខ្ញុំ​ដល់​អ្នក​រាល់​គ្នា​។ យ៉ូហាន ១៤:២៧ ខ្ញុំ​មាន​ចិត្ត​សប្បាយ​រីករាយ​យ៉ាង​ខ្លាំង ពេល​ដែល​បាន​រក​ឃើញ​អំណោយ​ដ៏​ឥត​ខ្ចោះ សម្រាប់​ថ្ងៃខួប​កំណើត​របស់​ម្តាយ​ក្មេក​ខ្ញុំ​។ អំណោយ​នោះ គឺជា​កងដៃ​ដែល​មាន​ដាំ​ត្បូង​មាន​ពណ៌​ដែល​គាត់​ចូល​ចិត្ត​។ ជានិច្ច​ជា​កាល ការ​រកបាន​អំណោយ​ដ៏​ល្អ​ដូច​នេះ សម្រាប់​នរណា​ម្នាក់ គឺជា​រឿង​ដែល​សប្បាយ​រីករាយ​ណាស់​។ ចុះ​បើសិន​ជា​អំណោយ​ដែល​បុគ្គល​នោះ​ត្រូវ​ការ មាន​តម្លៃ​លើស​សមត្ថភាព​ដែល​យើង​អាច​ផ្តល់​ឲ្យ​បាន​? មនុស្ស​ជា​ច្រើន​ចង់​ផ្តល់​ឲ្យ​អ្នក​ដទៃ នូវ​សន្តិភាព​ក្នុង​ចិត្ត ការ​សម្រាក ឬ​ថែម​ទាំង​ការ​អត់​ធ្មត់​។ ពួកគេ​មិន​ដឹង​ជា​សប្បាយ​ចិត្ត​ប៉ុណ្ណា​ទេ បើសិន​ជា​ពួក​គេ​អាច​ទិញ​សេចក្តី​ទាំង​អស់​នេះ ហើយ​វេច​ខ្ចប់​ធ្វើ​ជា​អំណោយ​បាន​នោះ​។ អំណោយ​ប្រភេទ​នេះ មិនមែន​ជា​អ្វី​ដែល​មនុស្ស​អាច​ឲ្យ​គ្នា​ទៅវិញ​ទៅមក​បានទេ​។ តែ​ព្រះយេស៊ូវ ជា​ព្រះ​ដែល​បាន​យក​កំណើត​ជា​មនុស្ស បាន​ប្រទាន​មក​អ្នកជឿ​ព្រះអង្គ នូវ​អំណោយ​ដែល​មនុស្ស​មិន​អាច​ឲ្យ​បាន​គឺ អំណោយ​នៃ​សេចក្តី​សុខ​សាន្ត ឬ​សន្តិភាព​។ មុន​ពេល​ព្រះ​យេស៊ូវ​យាង​ឡើង​ស្ថាន​សួគ៌​វិញ ហើយ​ទុក​ឲ្យ​ពួក​សាវ័ក​នៅ​បន្ត​ធ្វើ​ការ​បម្រើ​ព្រះអង្គ ព្រះអង្គ​ក៏បាន​កម្សាន្ត​ចិត្ត​ពួកគេ ដោយ​ព្រះបន្ទូល​សន្យា អំពី​ព្រះវិញ្ញាណបរិសុទ្ធ ដែល​ទ្រង់​នឹង​បង្រៀន​ពួក​គេ​ម្នាក់ៗ ពី​គ្រប់​សេចក្តី​ទាំង​អស់ ក៏​នឹង​រំឭក​ពី​គ្រប់​ទាំង​សេចក្តី ដែល​ព្រះយេស៊ូវ​បាន​ប្រាប់​ដល់​ពួកគេ​រាល់​គ្នា​ដែរ (យ៉ូហាន ១៤:២៦)។ ព្រះអង្គ​បាន​ប្រទាន​សេចក្តី​សុខ​សាន្ត​ដល់​ពួកគេ ឬ​សន្តិភាព ជា​អំណោយ​ដ៏​ស្ថិត​ស្ថេរ ពេលណា​ចិត្ត​របស់​ពួកគេ​មាន​ការ​ថប់​បារម្ភ ឬ​មាន​ការ​ភ័យ​ខ្លាច​។ ព្រះអង្គ​ក៏បាន​ប្រទាន​នូវ​ការ​ផ្សះផ្សា​ឲ្យ​យើង​បានជា​នឹង​ព្រះ ហើយ​មាន​សន្តិភាព​ជាមួយ​អ្នក​ដទៃ និង​នៅ​ក្នុង​ចិត្ត​របស់​យើង​។ យើង​ប្រហែល​មិន​មាន​សមត្ថភាព​ផ្តល់​ឲ្យ​នូវ​ការ​អត់​ធ្មត់ ឬ​សុខ​ភាព​ល្អ ដល់​មនុស្ស​ជាទី​ស្រឡាញ់​របស់​យើង ដូច​ដែល​ពួកគេ​ចង់​បាន​នោះ​ទេ​។ ហើយ​យើង​ក៏​គ្មាន​លទ្ធ​ភាព​ផ្តល់​ឲ្យ​ពួកគេ​នូវ​សន្តិភាព ដែល​យើង​រាល់​គ្នា​សុទ្ធតែ​ស្រេក​ឃ្លាន ដើម្បី​ស៊ូ​ទ្រាំ​នឹង​ទុក្ខ​លំបាក​ក្នុង​ជីវិត​។ តែ​យើង​អាច​ទទួល​ការ​ដឹកនាំ​ពី​ព្រះ​វិញ្ញាណ ដើម្បី​និយាយ​ប្រាប់​ពួកគេ​អំពី​ព្រះយេស៊ូវ ជា​អ្នក​ប្រទាន​សេចក្តី​សុខ​សាន្ត​ដ៏​ស្ថិត​ស្ថេរ និង​ពិត​ប្រាកដ​។—Kirsten Holmberg

តើ​ព្រះគ្រីស្ទ​បាន​ប្រទាន​សេចក្តី​សុខ​សាន្ត​ក្នុង​ជីវិត​អ្នក​ដូច​ម្តេច​ខ្លះ? តើ​អ្នក​អាច​នាំ​នរណា​ខ្លះ​ឲ្យ​ស្គាល់​ព្រះអង្គ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​កម្សាន្ត​ចិត្ត ដោយ​ប្រទាន​សេចក្តី​សុខ​សាន្ត​ដ៏​ស្ថិត​ស្ថេរ ក្នុង​ជីវិត​ទូល​បង្គំ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៤៣-៤៤ និង ១ថែស្សាឡូនិច ២

ល្ងាច

Devotional illustration

ទស្សនៈនាំមកនូវលទ្ធផល

ដោយJohn Piper

October 14, 2023

ហេតុ​ដែល​ហាម​យ៉ាង​ដូច្នោះ នោះ​គឺ​ប្រយោជន៍​ចង់​ឲ្យបាន​សេចក្តី​ស្រឡាញ់(១ធីម៉ូថេ ១:៥)។ លោក​វិច​ទ័រ ព្រែងគល(Victor Frankl) ត្រូវ​គេ​ឃុំខ្លួន ក្នុង​ជំរុំ​ប្រមូល​ផ្តុំ​របស់​ពួក​ណា​ហ្ស៊ី​អ៊ី​ត្លែ ក្នុង​តំបន់​អូស​វីត និង​ដា​ឆូ ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី២។ ក្នុងនាម​គាត់​ជា​សាស្ត្រាចារ្យ​ជនជាតិយូដា ឬ​ជ្វីប ឯកទេស​ប្រព័ន្ធ​ប្រសាទ និង​ចិត្ត​សាស្ត្រ គាត់​មានឈ្មោះ​ល្បី​ជា​អន្តរជាតិ ដោយសារ​សៀវភៅ​ដែល​គាត់​និពន្ធ មាន​ចំណងជើង​ថា ការ​ស្វែង​រក​អត្ថន័យ​ជីវិត​របស់​មនុស្ស។ សៀវភៅ​នេះ​ត្រូវ​បាន​គេ​បោះ​ពុម្ព​ផ្សាយ និង​លក់ដាច់​អស់៨លាន​ក្បាល។ ក្នុង​សៀវភៅ​នេះ គាត់​បាន​ធ្វើការ​បើក​បង្ហាញ​អត្ថន័យ​នៃ​ទស្សនវិជ្ជា​របស់​គាត់ ដែល​គេ​បាន​ដាក់ឈ្មោះ​ឲ្យ​ថា Logotherapy ដែល​បាន​បង្រៀន​ថា មនុស្ស​មានបំណង​ចិត្តជា​មូលដ្ឋាន​បំផុត​មួយ ដែល​ចង់​ស្វែងរក​អត្ថន័យ​ជីវិត។ នៅក្នុង​រឿង​ដ៏​តក់​ស្លុត​ជាច្រើន ដែល​បាន​កើតមាន​ក្នុង​ជំរុំ​ប្រមូល​ផ្តុំ​នោះ គាត់​បាន​ធ្វើការ​សង្កេតឃើញ​ថា មនុស្ស​អាច​ស៊ូទ្រាំ​នឹង​ជីវិត ស្ទើរតែ​គ្រប់ “បែបយ៉ាង” បើសិនជា​ពួក​គេ​មាន “ហេតុផល” ដែល​ត្រូវ​ស៊ូទ្រាំ។ កាលពី​ពេលថ្មីនេះ ខ្ញុំ​មានការ​ប៉ះពាល់​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​សម្រង់​សម្តី​មួយ ដែល​ក្នុង​នោះ​គាត់​បាន​លើកឡើង​ថា : ខ្ញុំ​មានការ​ជឿជាក់​ដាច់ខាត​ថា បន្ទប់​ប្រហារជីវិត​ដោយ​ប្រើ​ហ្កាស នៅ​ជំរុំ​ប្រមូល​ផ្តុំ នៅ​តំបន់​អូស​វីត ត្រេប្ល៊ីនកា និង​មេដានេក ត្រូវ​បាន​គេ​រៀប​គម្រោង​ឡើង មិនមែន​នៅក្នុង​ក្រសួង ឬ​ស្ថាប័ន​ណាមួយ ក្នុង​ទីក្រុង​ប៊ែរឡាំង​ឡើយ តែ​ផ្ទុយទៅវិញ វា​ត្រូវ​បាន​គេ​រៀប​គម្រោង​ឡើង នៅ​លើ​តុ និង​ក្នុង​ថ្នាក់រៀន​របស់​អ្នក​វិទ្យាសាស្រ្ត និង​ទស្សនវិទូ ដែល​បង្រៀន​ថា ជីវិត​មនុស្ស​សុទ្ធតែ​គ្មានន័យ។(“ដក​ស្រង់​ពី​ការ​សម្ភាស លោក​វិច​ទ័រ ព្រែ​ងគល ក្នុង​វ័យ៩០ឆ្នាំ” ក្នុង​សៀវភៅ First Things ខែមេសា ឆ្នាំ១៩៩៥ ទំព័រ ៤១)។ អាច​និយាយ​បាន​ម្យ៉ាងទៀត​ថា ការ​បង្រៀន​របស់​មនុស្ស​នាំឲ្យមាន​លទ្ធផល គឺ​លទ្ធផល​ដែល​នាំមក​នូវ​ព្រះពរ ឬ​ការ​បំផ្លិច​បំផ្លាញ។ អាកប្ប​កិរិយា​របស់​មនុស្ស ទោះ​ល្អ ឬ​អាក្រក់ មិនមែន​កើតមានឡើង​ដោយឯកឯង​ឡើយ។ តែ​វា​កើត​ចេញពី​ទស្សនៈ​ដែល​មនុស្ស​មាន អំពី​ការពិត ដែល​បាន​ចាក់ឫស ចូលក្នុង​គំនិត ហើយ​នាំឲ្យ​មាន​លទ្ធផល​ល្អ ឬ​អាក្រក់។ ព្រះគម្ពីរ​បាន​បកស្រាយ​យ៉ាង​ច្បាស់ អំពី​សេចក្តី​ពិត​ដែល​ថា ទស្សនៈ​នាំឲ្យមាន​លទ្ធផលជាក់​ស្តែង។ គឺ​ដូច​មាន​សេចក្តី​ចែងថា “ដ្បិត​អស់ទាំង​សេចក្តី​ដែល​បាន​ចែង​ទុក​មក​ជាមុន នោះ​បាន​ចែង​សំរាប់​នឹង​បង្រៀន​ដល់​យើង​រាល់គ្នា ដើម្បីឲ្យ​យើង​បាន​សេចក្តី​សង្ឃឹម ដោយ​សេចក្តី​អត់ធន់ និង​សេចក្តី​កំសាន្តចិត្ត ដោយសារ​គម្ពីរ”(រ៉ូម ១៥:៤)។ ដូចនេះ ទស្សនៈ​ដែល​បាន​បង្ហាញ​ក្នុង​ព្រះគម្ពីរ បាន​បង្កើត​ឲ្យ​មាន​សេចក្តី​សង្ឃឹម ជា​លទ្ធផល​ជាក់​ស្តែង។ សាវ័ក​ប៉ុល​ក៏បាន​ប្រាប់​លោក​ធីម៉ូថេ​ផង​ដែរ​ថា “ហេតុ​ដែល​ហាម​យ៉ាង​ដូច្នោះ នោះ​គឺ​ប្រយោជន៍​ចង់​ឲ្យបាន​សេចក្តី​ស្រឡាញ់”(១ធីម៉ូថេ ១:៥)។ ទស្សនៈ​នៃ​ការ​បង្រៀន ដែល​បាន​ហាម ឬ​ប្រៀន​ប្រដៅ បង្កើត​ឲ្យ​មាន​សេចក្តី​ស្រឡាញ់។ ក្តី​សង្ឃឹម និង​ក្តី​ស្រឡាញ់ មិនបាន​កើតមាន ដោយ​ឯកឯង​ឡើយ។ សេចក្តី​ទាំងពីរ​នេះ​កើត​ចេញពី​ទស្សនៈ គឺ​ការយល់ឃើញ​អំពី​ការពិត ដែល​បាន​បើក​បង្ហាញ​ក្នុង​ព្រះគម្ពីរ។ ព្រះគម្ពីរ​បាន​ប្រើ​ពាក្យ “ដូចនេះ ដូច្នេះ ឬ​ហេតុ​នោះ” ដើម្បី​ធ្វើការ​បង្ហាញ​មួយទៀត​ថា ទស្សនៈ​នាំមក​នូវ​លទ្ធផល(មាន​ប្រើ១០៣៩ដង)។ ពាក្យ “ដូច្នេះ” គឺ​មានន័យថា អ្វី​ដែល​កើតឡើង​នោះ គឺ​ដោយសារ​បុព្វហេតុ​ណាមួយ។ ឧទាហរណ៍ មាន​សេចក្តី​ចែង​ថា “ដែល​យើង​រាល់គ្នា​បាន​រាប់​ជា​សុចរិត ដោយ​ការ​ជឿ នោះ​ឈ្មោះថា​យើង​បាន​មេត្រី​នឹង​ព្រះ ដោយសារ​ព្រះយេស៊ូវ​គ្រីស្ទ​ ជា​ព្រះអម្ចាស់​នៃ​យើង​រាល់គ្នា​ហើយ”(រ៉ូម ៥:១)។ ឬ “ហេតុ​នោះ នៅ​ជាន់​នេះ អ្នកណា​ដែល​នៅក្នុង​ព្រះគ្រីស្ទយេស៊ូវ នោះ​គ្មាន​ទោស​សោះ”(រ៉ូម ៨:១)។ ឬ “ដូច្នេះ កុំ​ឲ្យ​ខ្វល់ខ្វាយ​នឹង​ថ្ងៃស្អែក​ឡើយ ពីព្រោះ​ថ្ងៃស្អែក​នឹង​ខ្វល់ខ្វាយ ចំពោះ​ការ​របស់​ថ្ងៃ​នោះ​ឯង សេចក្តី​លំបាក​នៅ​ថ្ងៃណា នោះ​គឺ​ល្មម​ត្រឹម​ថ្ងៃ​នោះ​ហើយ”(ម៉ាថាយ ៦:៣៤)។ បើ​យើង​ចង់​រស់នៅ ក្នុង​អំណាច​នៃ​ព្រះបន្ទូល​ដែល​ផ្តើម​ដោយ​ពាក្យ “ដូចនេះ” យើង​ត្រូវ​រស់នៅ​ឲ្យ​ស្របតាម​ទស្សនៈ​អំពី​ការពិត ដែល​បង្ហាញ​ចេញ​ក្នុង​ការ​បង្រៀន​ក្នុង​ព្រះគម្ពីរ អំពី​ហេតុផល​ដែល​យើង​ត្រូវ​ធ្វើអ្វី​មួយ។ ទស្សនៈ​នាំមក​នូវ​លទ្ធផល។ ដូចនេះ ចូរ​ឲ្យ​ទស្សនៈ​ទាំងអស់​របស់​យើង ស្ថិតនៅ​ក្រោយ​អំណាច​នៃ​ព្រះបន្ទូល​ព្រះ។    

ប្រភេទ