នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះទ្រង់ធ្វើការដែលមនុស្សមិននឹកស្មានដល់

ព្រះទ្រង់ធ្វើការដែលមនុស្សមិននឹកស្មានដល់

ដោយJames Banks

October 15, 2023

១កូរិនថូស ១:២១-២៩ ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់​ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស​វិញ​។ ១កូរិនថូស ១:២៧ មាន​ពេល​មួយ លោក​គ្រូ​គង្វាល យ៉ូណាថាន អេដវើត(Jonathan Edwards) បាន​អធិប្បាយ​ព្រះបន្ទូល ដោយ​លើក​ព្រះ​គម្ពីរ​ដាក់​នៅ​ជិត​ភ្នែក​គាត់​យ៉ាង​ខ្លាំង ដើម្បី​ឲ្យ​គាត់​អាច​មើល​អក្សរ​ឃើញ​ច្បាស់​។ ភ្នែក​គាត់​មាន​បញ្ហា​មីញ៉ូប មិន​អាច​មើល​ឃើញ​វត្ថុ​នៅ​ជិត​គាត់​បាន​ច្បាស់ តែ​គាត់​បាន​ខំ​ប្រឹង​មើល​អក្សរ​ហើយ​អាន​ឃ្លា​នីមួយៗ​យ៉ាង​ប្រុង​ប្រយ័ត្ន ដោយ​គ្មាន​វ៉ែនតា​ជា​ជំនួយ និង​បាន​បញ្ចេញ​សម្លេង​ដែល​មិន​ពីរោះ​។ តែ​ព្រះ​វិញ្ញាណ​នៃ​ព្រះ​បាន​ធ្វើ​ការ តាមរយៈ​ការ​អធិប្បាយ​ព្រះបន្ទូល​របស់​លោក​គ្រូ យ៉ូណាថាន អេដវើត ដើម្បី​បញ្ឆេះ​ភ្លើង​នៃ​ការ​ផុសផុល ហើយ​នាំ​មនុស្ស​ជា​ច្រើន​​ទទួល​ជឿ​ព្រះគ្រីស្ទ​។ ជា​ញឹក​ញាប់ ព្រះ​ទ្រង់​ប្រើ​រឿង​ដែល​មនុស្ស​មិន​នឹក​ស្មាន​ដល់ ដើម្បី​សម្រេច​គោលបំណង​ដ៏​ឥត​ខ្ចោះ​របស់​ព្រះអង្គ​។ ក្នុង​សំបុត្រ​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ផ្ញើទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស គាត់​បាន​ពិពណ៌នា​អំពី​ផែនការ​របស់​ព្រះអង្គ ដែល​ត្រូវ​នាំ​មនុស្ស​ជាតិ​ចូល​មក​ជិត​ព្រះអង្គ តាមរយៈ​ការ​សុគត​របស់​ព្រះអង្គ នៅ​លើ​ឈើ​ឆ្កាង ដើម្បី​លោះ​បាប​យើង​។ ហើយ​គាត់​ក៏បាន​ធ្វើ​ការ​សន្និដ្ឋាន​ថា “ព្រះ​ទ្រង់​បាន​រើស​ពួក​ល្ងង់​ល្ងើ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​អ្នក​ប្រាជ្ញ​មាន​សេចក្តី​ខ្មាស​វិញ ទ្រង់​បាន​រើស​ពួក​កម្សោយ​នៅ​លោកីយ៍​នេះ ដើម្បី​នឹង​ធ្វើ​ឲ្យ​ពួក​ខ្លាំង​ពូកែ​មាន​សេចក្តី​ខ្មាស”(១កូរិនថូស ១:២៧)។ លោកិយ​រំពឹង​ថា ប្រាជ្ញា​របស់​ព្រះអង្គ មាន​លក្ខណៈ​ដូច​ប្រាជ្ញា​មនុស្ស ហើយ​ចុះពី​ស្ថាន​សួគ៌​មក ដោយ​អំណាច​ដែល​មនុស្ស​មិន​អាច​បដិសេធន៍​បាន​។ តែ​ផ្ទុយ​ទៅវិញ ព្រះ​យេស៊ូវ​បាន​យាង​មក ដោយ​ការ​បន្ទាប​ខ្លួន ហើយ​ក៏​បាន​សង្គ្រោះ​យើង​យ៉ាង​សុភាព ឲ្យ​រួច​ពី​បាប ហើយ​ជា “ប្រាជ្ញា​ដែល​មកពី​ព្រះ ហើយ​ជា​សេចក្តី​សុចរិត សេចក្តី​បរិសុទ្ធ និង​សេចក្តី​ប្រោស​លោះ​ដល់​យើង​ផង”(ខ.៣០)។ ព្រះ​ដ៏​អស់​កល្ប និង​មាន​ប្រាជ្ញា​សព្វ​គ្រប់ បាន​យក​កំណើត​ជា​ទារក​តូច ដែល​បាន​ចម្រើន​វ័យ​ធំឡើង​ជា​មនុស្ស​ពេញវ័យ ហើយ​ក៏​បាន​រង​ទុក្ខ និង​សុគត ហើយ​មាន​ព្រះ​ជន្ម​រស់​ឡើង​វិញ ដើម្បី​បង្ហាញ​ផ្លូវ​យើង ដោយ​សេចក្តី​ស្រឡាញ់ ឲ្យ​យើង​បាន​ទៅ​នៅ​ជាមួយ​ព្រះអង្គ​។ ព្រះអង្គ​ចូល​ចិត្ត​ប្រើ​មធ្យោបាយ និង​មនុស្ស​ដែល​បន្ទាប​ខ្លួន ដើម្បី​សម្រេច​ការ​អស្ចារ្យ ដែល​យើង​មិន​អាច​ធ្វើ​ដោយ​ពឹង​អាង​កម្លាំង​ខ្លួនឯង​​។ ព្រះអង្គ​នឹង​ប្រើ​យើង បើសិន​ជា​យើង​ស្ម័គ្រ​ចិត្ត​ឲ្យ​ព្រះអង្គ​ប្រើ​។—James Banks

តើមាន​រឿង​នឹក​ស្មាន​មិន​ដល់​​អ្វី​ខ្លះ ដែល​អ្នក​ឃើញ​ព្រះអង្គ​ធ្វើ? តើ​អ្នក​អាច​ឲ្យ​ព្រះអង្គ​ប្រើ​អ្នក នៅ​ថ្ងៃ​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះវរបិតា​នៃ​សេចក្តី​ស្រឡាញ់ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ ដែល​បាន​ធ្វើ​ការ​តាម​របៀប​ដែល​ទូល​បង្គំ​មិន​នឹក​ស្មាន​ដល់​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ដើរ​តាម​ព្រះអង្គ យ៉ាង​ប្រកិត ជា​រៀង​រាល់​ថ្ងៃ ដើម្បី​ឲ្យ​ព្រះអង្គ​អាច​ប្រើ​ទូល​បង្គំ ដើម្បី​ធ្វើ​ការ​អ្វី​ដែល​ព្រះអង្គ​សព្វ​ព្រះទ័យ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៤៥-៤៦ និង ១ថែស្សាឡូនិច ៣

ល្ងាច

Devotional illustration

តើការមានភាពស្លូតត្រង់មានន័យដូចម្តេចខ្លះ?

ដោយJohn Piper

October 15, 2023

“មាន​ពរ​ហើយ អស់អ្នក​ដែល​ស្លូតត្រង់ ដ្បិត​អ្នក​ទាំងនោះ​នឹង​គ្រង​ផែនដី​ជាម​រដក”(ម៉ាថាយ ៥:៥)។ ភាព​ស្លូតត្រង់​ចាប់ផ្តើម​កើតមាន ពេលណា​យើង​ទុកចិត្ត​ព្រះ។ ដូចនេះ ដោយសារ​យើង​ទុកចិត្ត​ព្រះអង្គ យើង​ទុកដាក់​ផ្លូវ​របស់​យើង​នឹង​ព្រះអង្គ។ យើង​ថ្វាយ​ដាច់​ដល់​ព្រះអង្គ នូវ​ការ​ថប់បារម្ភ ភាព​នឿយណាយ ផែនការ ទំនាក់ទំនង ការងារ និង​សុខភាព​របស់​យើង។ ហើយ​បន្ទាប់មក យើង​រង់ចាំ​ព្រះអម្ចាស់ ដោយចិត្ត​អត់ធ្មត់។ យើង​ទុកចិត្ត​ថា ព្រះអង្គ​រៀបចំ​ពេលវេលា មាន​ព្រះ​ចេស្តា និង​ប្រទាន​ព្រះគុណ ដើម្បី​ធ្វើ​ឲ្យ​អ្វីៗ​មាន​ដំណើរ​ការ តាមរបៀប​ដ៏​ល្អ​បំផុត ដើម្បី​ថ្វាយ​សិរីល្អ​ដល់​ព្រះអង្គ និង​ដើម្បី​ប្រយោជន៍​យើង។ ការ​ទុកចិត្ត​ព្រះ និង​ការ​ថ្វាយ​ការ​ថប់បារម្ភ​របស់​យើង​ដល់​ព្រះអង្គ និង​រង់ចាំ​ព្រះអង្គ​ដោយចិត្ត​អត់ធ្មត់ នឹង​ជួយ​ឲ្យ​យើង​មានចិត្ត​ធ្ងន់ គឺ​មិន​ងាយ​ធ្វើ​អ្វី​ភ្លាមៗ តាម​កំហឹង​របស់​យើង​ដែល​មាន​ភាព​ឆេវឆាវ និង​ការ​ថប់បារម្ភ​នោះ​ទេ។ តែ​ផ្ទុយទៅវិញ យើង​ជម្នះ​សេចក្តី​កំហឹង ដោយ​ថ្វាយ​រឿងរ៉ាវ​របស់​យើង​ដល់​ព្រះអង្គ ហើយ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ជា​អ្នក​សម្រេច​នរណា​ត្រូវ​នរណា​ខុស តាមបំណង​ព្រះទ័យ​ព្រះអង្គ។ ហើយ​បន្ទាប់​មក យើង​ត្រូវ​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ គឺ​ដូចដែល​សាវ័ក​យ៉ាកុប​បាន​បង្រៀន(យ៉ាកុប ១:១៩)។ យើង​ប្រែក្លាយ​ជា​មនុស្ស​មានហេតុ​ផល និង​បើក​ចិត្ត​ទទួលការ​កែ​តម្រង់(យ៉ាកុប ៣:១៧)។ សាវ័ក​យ៉ាកុប​បាន​ហៅ​លក្ខណៈ​សម្បត្តិ​នេះ​ថា “សេចក្តី​សុភាព​នៃ​ប្រាជ្ញា”(យ៉ាកុប ៣:១៣)។ ភាព​ស្លូតត្រង់ គឺជា​ការ​ចូលចិត្ត​រៀនសូត្រ។ ហើយក៏​ចាត់ទុក​ការ​កែ​តម្រង់​របស់​មិត្ត​ភក្តិ​ថា​មានតម្លៃ(សុភាសិត ២៧:៦)។ ហើយ​ពេលណា​មនុស្ស​ស្លូតត្រង់​កែ​តម្រង់​នរណា​ម្នាក់ ដែល​មាន​បាប ឬ​កំហុស គឺ​គាត់​និយាយ ដោយ​ដឹង​ច្បាស់​ក្នុង​ជម្រៅ​ចិត្ត អំពី​ភាព​ខ្វះចន្លោះ និង​ភាព​ងាយ​ធ្លាក់​ចូលក្នុង​អំពើបាប​របស់​ខ្លួន និង​អំពី​ការពឹងផ្អែក​ទាំងស្រុង​ទៅលើ​ព្រះគុណ​ព្រះ(កាឡាទី ៦:១)។ ភាព​ស្ងប់ស្ងាត់ និង​ការ​បើក​ចំហ ក៏ដូចជា​ភាព​ងាយ​រងគ្រោះ របស់​មនុស្ស​ស្លូតត្រង់ មាន​ភាព​ស្រស់​ស្អាត និង​ការឈឺចាប់​ខ្លាំង​ណាស់។ វា​ទាស់​ប្រឆាំង​នឹង​លក្ខណៈ​គ្រប់យ៉ាង​របស់​យើង ផ្អែក​ទៅលើ​និស្ស័យ​សាច់ឈាម​របស់​យើង។ យើង​ត្រូវការ​ជំនួយ​មក​ពី​ព្រះ។ បើ​អ្នកជា​សិស្សរបស់​ព្រះយេស៊ូវ​គ្រីស្ទ​ បើ​អ្នកជឿ​ព្រះអង្គ ហើយ​ទុកដាក់​ផ្លូវ​អ្នក​នឹង​ព្រះអង្គ ហើយ​រង់ចាំ​ព្រះអង្គ​ដោយចិត្ត​អត់ធ្មត់ នោះ​ព្រះ​ទ្រង់​បាន​ចាប់ផ្តើម​ជួយ​អ្នក​ហើយ ហើយនឹង​ជួយ​អ្នក​ថែមទៀត។ ហើយ​មធ្យោបាយ​ជាបឋម ដែល​ព្រះអង្គ​នឹង​ប្រើ ដើម្បី​ជួយ​អ្នក គឺ​ត្រូវ​ធានា​ថា​ អ្នកជា​អ្នកស្នង​មរតក​ជាមួយ​ព្រះយេស៊ូវ​គ្រីស្ទ​ សេចក្តី​ស្លាប់ របស់​នៅ​ជំនាន់​សព្វថ្ងៃ ឬ​ទៅ​មុខ​ក្តី នោះ​សុទ្ធតែ​ជា​របស់​ផង​អ្នករាល់គ្នា​ទាំងអស់(១កូរិនថូស ៣:២១-២៣)។ អ្នក​ដែល​ស្លូតត្រង់​បាន​គ្រង​ផែនដី​ជាម​រត​ក។  

ប្រភេទ