នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

សេចក្តីពិតទាំងអស់ជាសេចក្តីពិតរបស់ព្រះ

សេចក្តីពិតទាំងអស់ជាសេចក្តីពិតរបស់ព្រះ

ដោយUltimately with R.C. Sproul

October 17, 2023

សព្វ​ថ្ងៃ​នេះ ព្រះ​ទ្រង់​មាន​បន្ទូល​មក​កាន់​យើង តាម​រយៈ​ព្រះគម្ពីរ​តែ​មួយ​មុខ​ទេ។ តែ​ការ​បើក​សម្ដែង​នូវ​សេចក្តី​ពិត​របស់​ព្រះអង្គ មិនមែន​មាន តែ​នៅក្នុង​ទំព័រ​ព្រះគម្ពីរ​​ប៉ុណ្ណោះ​ទេ។ នៅ​ថ្ងៃនេះ​ដែរ លោកគ្រូ អរ ស៊ី ស្ព្រោល (R.C. Sproul) សូម​លើកឡើង​អំពី​ហេតុផល ដែល​គ្រីស្ទបរិស័ទ​ត្រូវ​ចូលរួម នៅក្នុង​ការសិក្សា​មុខ​វិជ្ជា​ផ្សេងៗ ព្រោះ​សេចក្តី​ពិត​ទាំងអស់​សុទ្ធតែ​ចង្អុលបង្ហាញ​ទៅ​រក​ព្រះអម្ចាស់។ អត្ថបទ លោកគ្រូ​អូ​គូស្ទីន(Augustine) មិនបាន​ជឿ​ថា ហេតុផល​របស់​មនុស្ស​មាន​អំណាច​ឡើង​កាំជណ្តើរ​ទៅ​រក​សេចក្តី​ពិត​ដ៏​អស់​កល្ប ដោយខ្លួនឯង ដោយ​មិនបាន​ទទួល​ជំនួយ​ពី​ការ​បើក​សម្ដែង​របស់​ព្រះ​នោះ​ឡើយ។ ហើយ​គាត់​ក៏បាន​មានប្រសាសន៍​ផង​ដែរ​ថា យើង​ពឹងផ្អែក​ទៅលើ​ការ​បើក​សម្ដែង​របស់​ព្រះ ដើម្បីឲ្យ​យើង​អាច​យល់​សេចក្តី​ពិត ទោះ​សេចក្តី​ពិត​នោះ​មាន​ចែង​ក្នុង​ព្រះគម្ពីរ សេចក្តី​ពិត​បែប​ទេវ​សាស្រ្ត ឬ​បែប​វិទ្យា​សាស្រ្ត​ក៏ដោយ។ លោកគ្រូ​អូគូស្ទីន ក៏បាន​លើកឡើង​ផង​ដែរ​ថា ក្នុងនាម​យើង​ជា​មនុស្ស យើង​ពឹងផ្អែក​ទៅលើ​ការ​បើក​សម្ដែង​របស់​ព្រះ ដើម្បី​ស្វែងយល់​អំពី​សេចក្តី​ពិត​នៃ​វិទ្យាសាស្រ្ត គឺ​មិន​ខុសពី​ភ្នែក​របស់​យើង​ដែល​ត្រូវ​ពឹងផ្អែក​ទៅលើ​ប្រភព​នៃ​ពន្លឺ ដើម្បីឲ្យ​អាច​មើលឃើញ​នោះ​ឡើយ។ ព្រះ​បាន​ប្រទាន​យើង​នូវ​ភ្នែក ដែល​មាន​ប្រព័ន្ធ​ប្រសាទ​ចក្ខុ​សម្រាប់​ឲ្យ​យើង​មើល​ឃើញ​អ្វីៗ​ដែល​នៅ​ជុំវិញ​ខ្លួន​យើង​បាន។ បើ​គ្មានពន្លឺ​នៅ​ក្រៅ​ខ្លួន​យើង​ទេ នោះ​យើង​មិន​អាច​មើលឃើញ​អ្វី​ទាំងអស់។ ដូចនេះ លោកគ្រូ​អូគូស្ទីន​បាន​មានប្រសាសន៍​ថា គ្រីស្ទបរិស័ទ​ចាំបាច់​ត្រូវ​រៀន​មុខ​វិជ្ជា​ផ្សេងៗ និង​ចំណេះដឹង​ទូទៅ ឲ្យបាន​ច្រើន​បំផុត​តាមដែល​អាច​ធ្វើ​ទៅ​បាន ព្រោះ​សេចក្តី​ពិត​ទាំងអស់​ជា​សេចក្តី​ពិត​របស់​ព្រះ។ ហើយ​ការ​បើក​សម្ដែង​របស់​ព្រះ មិនមែន​មានតែ​នៅក្នុង​ទំព័រ​ព្រះគម្ពីរ​ប៉ុណ្ណោះទេ ព្រោះ​ព្រះគម្ពីរ​បាន​ចែងថា ព្រះ​ទ្រង់​បាន​បើក​សម្ដែង​អង្គ​ទ្រង់ នៅក្នុង និង​តាមរយៈ​ធម្មជាតិ នៅ​ក្រៅ​ព្រះគម្ពីរ​ផង​ដែរ។ នៅ​សាលា​ព្រះគម្ពីរ ខ្ញុំ​បាន​សួរ​សិស្សរបស់​ខ្ញុំ​ថា “តើន​រណា​ខ្លះ​ជឿ​ថា ការ​បើក​សម្ដែង​ក្នុង​ព្រះគម្ពីរ សុទ្ធតែ​ត្រឹមត្រូវ?” ពួក​គេ​ក៏បាន​លើកដៃ​ព្រមគ្នា។ ហើយ​ពេល​ខ្ញុំ​សួរ​ថា “តើន​រណា​ខ្លះ​ជឿ​ថា ការ​បើក​សម្ដែង​របស់​ព្រះ នៅក្នុង​ធម្មជាតិ សុទ្ធតែ​ត្រឹមត្រូវ​មិន​ចេះ​ខុស?” ពួក​គេ​មិនបាន​លើក​ទៀត​ទេ។ ខ្ញុំ​ក៏បាន​សួរ​ពួក​គេ​ទៀត​ថា “បើ​ការ​បើក​សម្ដែង​ទាំងនោះ​ជា​របស់​ព្រះអង្គ ហេតុអ្វី​យើង​យល់ថា ការ​បើក​សម្ដែង​ទាំងនោះ​អាច​ខុស?” សេចក្តី​ពិត​របស់​ព្រះអង្គ ដែល​បាន​បង្ហាញ​ក្នុង​ព្រះគម្ពីរ​មិន​អាច​ខុស ហើយ​សេចក្តី​ពិត​របស់​ព្រះអង្គ ដែល​បង្ហាញ​ក្នុង​ធម្មជាតិ ក៏​មិន​អាច​ខុស​ដែរ។ ការ​គិត​របស់​យើង​ទៅវិញ​ទេ ដែល​អាច​ខុស តែ​ព្រះ​ទ្រង់​មិនដែល​ខុស​ឡើយ។

ប្រភេទ

ល្ងាច

យុថ្កានៃសេចក្តីសង្ឃឹមរបស់យើង

យុថ្កានៃសេចក្តីសង្ឃឹមរបស់យើង

ដោយKaren Huang

October 17, 2023

ហេព្រើរ ៦:១៦-២០ យើង​ខ្ញុំ​មាន​សេចក្តី​សង្ឃឹម​នោះ ទុក​ដូចជា​យុថ្កា​នៃ​ព្រលឹង​ដ៏​ជាប់​លាប់​មាំមួន ដែល​ចូល​ទៅ​ខាង​ក្នុង​នៃ​វាំងនន​។ ហេព្រើរ ៦:១៩ មាន​ពេល​មួយ​ខ្ញុំ​បាន​យក​រូបថត​មួយ​សន្លឹក បង្ហាញ​សិស្ស​សាលា​រៀន​ថ្ងៃ​អា​ទិត្យ ថ្នាក់ទី៦​។ ក្នុង​រូបថត​នោះ យើង​អាច​ឃើញ​ជន​អនាថា​ដេក​នៅ​ក្រោម​ដំបូល​ធ្វើ​ក្រដាស​ឡាំង នៅ​ច្រក​ផ្លូវឌឿងហែម​ដែល​មិន​សូវ​មាន​ពន្លឺ​។ ខ្ញុំ​ក៏បាន​សួរ​ពួក​គេ​ថា តើ​ជន​អនាថា​ទាំង​នោះ​កំពុងតែ​ត្រូវ​ការ​អ្វី? ខ្លះ​ឆ្លើយ​ថា “ពួកគេ​ត្រូវ​ការ​អាហារ”។ ខ្លះ​ទៀត​ឆ្លើយ​ថា “ពួកគេ​ត្រូវ​ការ​លុយ”។ ក្មេង​ប្រុស​ម្នាក់​ក៏បាន​ឆ្លើយ​យ៉ាង​ប្រុង​ប្រយ័ត្ន​ថា “ពួកគេ​ត្រូវ​ការ​កន្លែង​រស់នៅ​មាន​សុវត្ថិភាព”។ បន្ទាប់មក ក្មេង​ស្រី​ម្នាក់​ក៏​បាន​និយាយ​ថា “ពួកគេ​ត្រូវ​ការ​សេចក្តី​សង្ឃឹម”។ នាង​ក៏​បាន​ពន្យល់​ថា “សេចក្តី​សង្ឃឹម គឺជា​ការ​រំពឹង​ថា ការ​ល្អ​នឹង​កើត​ឡើង”។ ខ្ញុំ​មាន​ការ​ចាប់​អារម្មណ៍​ចំពោះ​ពាក្យ​សម្ដី​របស់​នាង ពេល​ដែល​នាង​​រំពឹង​ថា ការ​ល្អ​នឹង​កើត​ឡើង ព្រោះ​មនុស្ស​យើង​ងាយ​នឹង​ឈប់​រំពឹង​ថា ការ​ល្អ​នឹង​កើត​មាន​ឡើង ដោយសារ​បញ្ហា​ប្រឈម​ជា​ច្រើន​។ ពាក្យ​សម្ដី​របស់​នាង​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ការ​បក​ស្រាយ​ក្នុង​ព្រះ​គម្ពីរ​។ “បើ​សេចក្តី​ជំនឿ គឺជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​ដូច​សង្ឃឹម”(ហេព្រើរ ១១:១) នោះ​មានន័យថា អ្នក​ដែល​មាន​ជំនឿ​លើ​ព្រះយេស៊ូវ អាច​រំពឹង​ថា ការ​ល្អ​នឹង​កើត​ឡើង​ផង​ដែរ​។ តើមាន​ការ​អ្វី​ដែល​ល្អ​បំផុត ដែល​អ្នកជឿ​ព្រះយេស៊ូវ​អាច​សង្ឃឹមថា នឹង​ទទួល​បាន ដោយ​សេចក្តី​ជំនឿ? គឺ “ព្រះ​បន្ទូល​សន្យា​ថា នឹង​បាន​ចូល​ទៅ​ក្នុង​ការ​សម្រាក​របស់​ព្រះអង្គ”(៤:១)។ សម្រាប់​អ្នកជឿ ការ​សម្រាក​របស់​ព្រះអង្គ​រាប់​បញ្ចូល សន្តិភាព​របស់​ព្រះអង្គ ការ​ទុក​ចិត្ត​ថា​បាន​សង្គ្រោះ ការ​ពឹង​ផ្អែក​ទៅលើ​កម្លាំង​របស់​ព្រះអង្គ និង​ការ​ដឹង​ច្បាស់​ថា នឹង​បាន​ទៅ​នៅ​នគរ​ស្ថាន​សួគ៌​នៅពេល​អនាគត​។ ការ​ធានា និង​សេចក្តី​សង្គ្រោះ​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន គឺជា​មូល​ហេតុ​ដែល​យើង​អាច​មាន​សេចក្តី​សង្ឃឹម ធ្វើ​ជា​យុថ្កា ដោយ​ឈរ​យ៉ាង​មាំមួន នៅ​ក្នុង​ទុក្ខ​លំបាក(៦:១៨-២០)។ ជា​ការ​ពិត​ណាស់ លោកិយ​ត្រូវ​ការ​សេចក្តី​សង្ឃឹម ដោយ​ការ​ធានា​ពិត​ប្រាកដ​ពី​ព្រះ​អង្គ​ថា ព្រះអង្គ​ជា​អ្នក​សម្រេច​លទ្ធផល​ចុង​ក្រោយ ហើយ​នឹង​មិន​ធ្វើ​ឲ្យ​យើង​ខក​ចិត្ត​ឡើយ ទោះ​យើង​ស្ថិត​ក្នុង​ពេល​ដែល​ល្អ ឬ​អាក្រក់​យ៉ាងណា​ក៏ដោយ​។ ពេលណា​យើង​ទុកចិត្ត​ព្រះអង្គ យើង​ដឹង​ថា ព្រះអង្គ​នឹង​សម្រេច​អ្វីៗ​ទាំង​អស់ យ៉ាង​ត្រឹម​ត្រូវ តាម​ពេល​វេលា​របស់​ព្រះអង្គ​។—Karen Huang

តើ​ព្រះ​គម្ពីរ​បាន​លើក​ទឹក​ចិត្ត ហើយ​ផ្តល់​ឲ្យ​អ្នក​នូវ​សេចក្តី​សង្ឃឹម និង​ទំនុក​ចិត្ត​ដូច​ម្តេច​ខ្លះ? តើមាន​ការ​អ្វី​ខ្លះ ដែល​អ្នក​អាច​អរ​ព្រះគុណ​ព្រះអង្គ?

ឱ​ព្រះអម្ចាស់ សេចក្តី​សង្ឃឹម​ដែល​ទូល​បង្គំ​មាន​ក្នុង​ព្រះអង្គ មាន​ភាព​រឹងមាំ និង​ស្ថិត​ស្ថេរ មិនមែន​ដោយសារ​ទូល​បង្គំ​មាន​ជំនឿ​ខ្លាំង តែ​ដោយសារ​ព្រះអង្គ​មាន​ព្រះទ័យ​ស្មោះ​ត្រង់ ក្នុង​ការ​អ្វី​ដែល​ព្រះអង្គ​បាន​សន្យា​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៥០-៥២ និង ១ថែស្សាឡូនិច ៥