ម៉ាថាយ ៦:២៥-៣៤
ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង។ ម៉ាថាយ ៦:៣៣
មានពេលមួយ ខ្ញុំបានចាប់ផ្តើមសកម្មភាពនៅពេលព្រឹក ដោយធ្វើអ្វីៗយ៉ាងរហ័សរហួន ដូចការរត់ប្រណាំងចម្ងាយឆ្ងាយ។ ខ្ញុំបានស្ទុះងើបពីលើគ្រែ ហើយក៏ខិតខំធ្វើអ្វីៗឲ្យទាន់ពេលវេលា តាមបញ្ជីកិច្ចការដែលត្រូវធ្វើប្រចាំថ្ងៃ។ ដែលមានដូចជា ការជូនកូនទៅរៀន និងការទៅធ្វើការជាដើម ដែលស្ថិតក្នុងចំណោមកិច្ចការ១៨មុខ ជាកិច្ចការផ្ទាល់ខ្លួន និងកិច្ចការដែលត្រូវធ្វើសម្រាប់ការងារ ដែលកំពុងគរលើគ្នា ដែលមានដូចជា ការកែសម្រួលអត្ថបទ ការសម្អាតការិយាល័យ ការធ្វើផែនការយុទ្ធសាស្ត្រជាក្រុម ការសរសេរអត្ថបទអំពីបច្ចេកវិទ្យា ការសម្អាតបន្ទប់ក្រោមដី ការអធិស្ឋាន ។ល។
ដល់ពេលដែលខ្ញុំត្រូវអធិស្ឋាន ជាកិច្ចការទី១៨ដែលត្រូវធ្វើ ខ្ញុំក៏បាននឹកចាំថា ខ្ញុំត្រូវការជំនួយរបស់ព្រះអង្គ។ ប៉ុន្តែ បន្ទាប់ពីខ្ញុំបានធ្វើកិច្ចការប្រចាំថ្ងៃច្រើនយ៉ាងនេះហើយ ខ្ញុំក៏បានដឹងថា ខ្ញុំកំពុងធ្វើអ្វីៗគ្រប់យ៉ាងតែម្នាក់ឯង ដោយព្យាយាមបង្កើនល្បឿន ដោយមិនបានពឹងផ្អែកព្រះអង្គ។
ព្រះយេស៊ូវជ្រាបអំពីបញ្ហានេះ។ ព្រះអង្គជ្រាបថា ការរស់នៅរបស់យើង មានកិច្ចការជាច្រើនដែលយើងធ្វើទាំងប្រញាប់ប្រញាល់ និងមានការបន្ទាន់ឥតឈប់ឈរ។ ហេតុនេះហើយ ព្រះអង្គមានបន្ទូលថា “ចូរស្វែងរកនគរ និងសេចក្តីសុចរិតនៃព្រះជាមុនសិន ទើបគ្រប់របស់ទាំងនោះ នឹងបានប្រទានមកអ្នករាល់គ្នាថែមទៀតផង”(ម៉ាថាយ ៦:៣៣)។
វាជារឿងធម្មតាទេ ដែលយើងបានឮព្រះបន្ទូលបង្គាប់របស់ព្រះយេស៊ូវ។ ព្រះបន្ទូលទាំងនោះជាព្រះរាជបញ្ជារបស់ព្រះអង្គមែន។ តែព្រះអង្គក៏មានបន្ទូលជាលក្ខណៈអញ្ជើញផងដែរ។ ក្នុងបទគម្ពីរម៉ាថាយ ជំពូក៦ ព្រះយេស៊ូវបានអញ្ជើញយើង ឲ្យជម្រុះចោលការថប់បារម្ភដ៏វីវក់របស់លោកិយ(ខ.២៥-៣២) ហើយងាកមករកការរស់នៅដោយជំនឿ ពីមួយថ្ងៃទៅមួយថ្ងៃ។ ចូរយើងពឹងផ្អែកលើជំនួយរបស់ព្រះអង្គ ក្នុងកិច្ចការនីមួយៗដែលយើងធ្វើ ជារៀងរាល់ថ្ងៃ ហើយកុំភ្លេចមើលទៅជីវិត តាមទស្សនៈរបស់ព្រះអង្គ។—Adam R. Holz
តើធ្វើដូចម្តេច ឲ្យយើងអាចងាកទៅរកព្រះអង្គ មុននឹងធ្វើកិច្ចការជាច្រើន នៅថ្ងៃនីមួយៗ? នៅថ្ងៃដ៏តប់ប្រមល់ តើធ្វើដូចម្តេចឲ្យអ្នកអាចទុកចិត្តព្រះយេស៊ូវ នៅក្នុងកិច្ចការដ៏ចាំបាច់ ជារៀងរាល់ថ្ងៃ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការអញ្ជើញទូលបង្គំឲ្យលះបង់ចោលការថប់បារម្ភ ហើយឲ្យឱបក្រសោបយកជីវិតដែលពឹងផ្អែកលើជំនួយព្រះអង្គ ជារៀងរាល់ថ្ងៃ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៥៦-៥៨ និង ២ថែស្សាឡូនិច ២