លោកុប្បត្ដិ ២:៨-៩ ៣:១៦-១៩
រួចព្រះយេហូវ៉ាដ៏ជាព្រះទ្រង់ធ្វើសួនច្បារ១នៅស្រុកអេដែនទិសខាងកើត ក៏ដាក់មនុស្សដែលទ្រង់បានសូនធ្វើឲ្យនៅទីនោះ។ លោកុប្បត្តិ ២:៨
ប៉ារបស់ខ្ញុំចូលចិត្តសកម្មភាពកម្សាន្តក្រៅផ្ទះ នៅក្នុងធម្មជាតិដែលព្រះទ្រង់បានបង្កើត ដែលមានដូចជា ការទៅបោះតង់ ការស្ទូចត្រី និងការដើររើសថ្មស្អាតៗ។ គាត់ក៏ចូលចិត្តធ្វើនេះធ្វើនោះនៅក្នុងទីធ្លាផ្ទះ និងសួនដំណាំរបស់គាត់ផងដែរ។ តែគាត់ត្រូវចំណាយពេលរាប់ម៉ោង ដើម្បីលោះមែកឈើ កាប់ដី បណ្ដុះគ្រាប់ពូជ ឬដាំដើមផ្កា ដករុក្ខជាតិចង្រៃចោល កាត់ស្មៅ ស្រោចទឹកក្នុងទីធ្លាផ្ទះ និងច្បារដំណាំជាដើម។ លទ្ធផលដែលទទួលបានគឺសក្តិសមនឹងការប្រឹងប្រែងរបស់គាត់ ដោយយើងទទួលបានទីធ្លាផ្ទះដ៏ស្រស់ស្អាត ផ្លែប៉េងប៉ោះមានរសជាតិឆ្ងាញ់ និងផ្កាកូឡាបគួរពេចពិលរមឹលមើល។ ជារៀងរាល់ឆ្នាំ គាត់បានលោះដើមផ្កាកូឡាបជិតដល់គល់ ហើយជារៀងរាល់ឆ្នាំពួកវាក៏បានដុះឡើងវិញ ដោយចេញផ្កាដ៏ស្រស់ស្អាត មានក្លិនក្រអូប។
ក្នុងកណ្ឌគម្ពីរលោកុប្បត្ដិ យើងឃើញថា លោកអ័ដាម និងនាងអេវ៉ាបានរស់នៅ ចម្រើនឡើង និងដើរជាមួយព្រះអម្ចាស់ នៅក្នុងសួនច្បារអេដែន។ នៅទីនោះ “ព្រះទ្រង់ក៏ធ្វើឲ្យដីដុះគ្រប់អស់ទាំងដើមឈើដែលគួរពេចពិលរមឹលមើល ហើយសំរាប់ជាអាហារផង”(លោកុប្បត្តិ ២:៩)។ ខ្ញុំស្រមៃថា ក្នុងសួនច្បារដ៏ល្អឥតខ្ចោះនោះ ក៏មានដើមផ្កាដ៏ស្រស់ស្អាត ដែលបញ្ចេញក្លិនក្រអូបផងដែរ ហើយប្រហែលជាមានដើមផ្កាកូឡាប ដែលមិនមានបន្លា!
បន្ទាប់ពីលោកអ័ដាម និងនាងអេវ៉ាបានបះបោរប្រឆាំងនឹងព្រះ ពួកគេត្រូវព្រះអង្គបណ្តេញចេញពីសួនច្បារ ហើយចាំបាច់ត្រូវធ្វើការដាំដុះ និងថែទាំច្បារដំណាំរបស់ពួកគេ ដោយការគាស់កាយដីរឹងៗ កាប់ឆ្ការដើមបន្លា និងខិតខំជម្នះបញ្ហាប្រឈមជាច្រើនទៀត(៣:១៧-១៩, ២៣-២៤)។ តែព្រះទ្រង់បានបន្តផ្គត់ផ្គង់ពួកគេ(ខ.២១)។ ហើយព្រះអង្គមិនបានឲ្យមនុស្សជាតិរស់នៅ ដោយមិនបានស្គាល់សម្រស់នៃស្នាព្រះហស្ត ដែលនាំយើងទៅរកព្រះអង្គនោះឡើយ(រ៉ូម ១:២០)។ ផ្កានៅសួនច្បាបានរំឭកយើង អំពីសេចក្តីស្រឡាញ់ ដែលព្រះអង្គនៅតែមានចំពោះយើង និងព្រះបន្ទូលសន្យាអំពីការបង្កើតអ្វីៗឡើងវិញ ជានិមិត្តរូបនៃក្តីសង្ឃឹម និងការកម្សាន្តចិត្ត!—Alyson Kieda
តើពេលណាខ្លះ ស្នាព្រះហស្តព្រះអង្គបាននាំអ្នកឲ្យសរសើរដំកើងព្រះអង្គ ជាព្រះអាទិករ? តើអ្នកបានមើលឃើញព្រះអង្គ នៅក្នុងស្នាព្រះហស្តព្រះអង្គយ៉ាងដូចម្តេចខ្លះ?
ឱព្រះអម្ចាស់ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការរំឭកទូលបង្គំ ឲ្យនឹកចាំអំពីព្រះអង្គ តាមរយៈស្នាព្រះហស្តព្រះអង្គ។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការបង្កើតភាពស្រស់ស្អាត នៅក្នុងចំណោមគុម្ពបន្លា។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៥៩-៦១ និង ២ថែស្សាឡូនិច ៣