នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះគ្រីស្ទជាពន្លឺដ៏ពិតរបស់យើង

ព្រះគ្រីស្ទជាពន្លឺដ៏ពិតរបស់យើង

ដោយPatricia Raybon

October 21, 2023

យ៉ូហាន ១:១-១៤ ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នកណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ​។ យ៉ូហាន ៨:១២ ថ្មីៗ​នេះ នៅពេល​រសៀល​ថ្ងៃ​អា​ទិត្យ យើង​បាន​ទៅ​សួរ​សុខ​ទុក្ខ​មិត្ត​ភក្តិ​ម្នាក់ នៅ​មន្ទីរ​ពេទ្យ​ធំ​មួយ ក្នុង​ទីក្រុង​។ ពេល​យើង​ដើរ​ចេញ​ពី​ជណ្តើរ​យន្ត ដោយសារ​ថ្ងៃ​នោះ​ជា​ថ្ងៃ​អា​ទិត្យ យើង​មិន​អាច​រក​ឃើញ​មនុស្ស ដើម្បី​សួររក​ផ្លូវ​ចេញ​ក្រៅ​មន្ទីរ​ពេទ្យ ឬ​ចេញ​ទៅ​រក​ពន្លឺ​ថ្ងៃ​នៃ​រដ្ឋ​ខូឡូរ៉ាដូ នៅ​ខាង​ក្រៅ​ឡើយ។ យើង​ក៏បាន​ដើរ​ទៅ​ដើរមក ក្នុង​ផ្លូវ​ដើរ​ក្នុង​មន្ទីរ​ពេទ្យ ដែល​មាន​ពន្លឺ​ភ្លើង​ភ្លឺ​ព្រឹមៗ ហើយ​ទី​បំផុត​យើង​ក៏​បាន​ជួប​បុរស​ម្នាក់ ដែល​មើល​ដឹង​ថា យើង​កំពុង​វង្វេង​ផ្លូវ​។ គាត់​ប្រាប់​យើង​ថា “ផ្លូវ​ដើរ​ក្នុង​មន្ទីរ​ពេទ្យ​នេះ​សុទ្ធតែ​ដូច​គ្នា​ទេ តែ​ផ្លូវ​ចេញ​ក្រៅ នៅ​ខាង​នោះ”។ យើង​ក៏បាន​ទៅតាម​ទិសដៅ​ដែល​គាត់​ប្រាប់ ហើយ​ក៏​បាន​រក​ឃើញ​ទ្វារ​ចេញ ឆ្ពោះ​ទៅ​រក​ពន្លឺ​ថ្ងៃ​ចិញ្ចែង​ចិញ្ចាច​។ ព្រះយេស៊ូវ​ក៏បាន​អញ្ជើញ​អ្នក​មិន​ជឿ​ដែល​កំពុង​វង្វេង ឲ្យ​ដើរ​តាម​ព្រះអង្គ ចេញពី​ភាព​ងងឹត​ខាង​វិញ្ញាណ​ផង​ដែរ​។ គឺ​ដូច​ព្រះអង្គ​មាន​បន្ទូល​ថា “ខ្ញុំ​ជា​ពន្លឺ​លោកីយ៍ អ្នកណា​ដែល​តាម​ខ្ញុំ នោះ​មិន​ដែល​ដើរ​ក្នុង​សេចក្តី​ងងឹត​ឡើយ គឺ​នឹង​មាន​ពន្លឺ​នៃ​ជីវិត​វិញ”(យ៉ូហាន ៨:១២)។ នៅ​ក្នុង​ពន្លឺ​របស់​ព្រះអង្គ យើង​អាច​មើល​ឃើញ​ថ្ម​ដែល​ធ្វើ​ឲ្យ​ជំពប់​ដួល អំពី​បាប និង​អ្វីៗ​ដែល​បាំង​ពីមុខ​យើង ដោយ​អនុញ្ញាត​ឲ្យ​ព្រះអង្គ​ដក​ភាព​ងងឹត​ចេញពី​ជីវិត​យើង ខណៈ​ពេល​ដែល​ព្រះ​អង្គ​ចែងចាំង​ពន្លឺ​ចូល​ក្នុង​ចិត្ត​យើង និង​ផ្លូវ​ដែល​យើង​ដែរ​។ ពន្លឺ​របស់​ព្រះគ្រីស្ទ​នាំ​យើង​ចូល​ទៅ​ក្នុង​ព្រះ​វត្ត​មាន ការ​ការពារ និង​ការ​ដឹកនាំ​របស់​ព្រះអង្គ ដូច​ដែល​ព្រះអង្គ​បាន​ដឹកនាំ​ពួក​អ៊ីស្រាអែល ដោយ​បង្គោល​ភ្លើង និង​ពពក កាត់​តាម​វាល​រហោស្ថាន​។ គឺ​ដូច​ដែល​សាវ័ក​យ៉ូហាន​បាន​ពន្យល់​ថា ព្រះយេស៊ូវ​ជា “ពន្លឺ​ដ៏​ពិត”(យ៉ូហាន ១:៩) ហើយ “សេចក្តី​ងងឹត​យល់​មិន​ដល់​ពន្លឺ​ទេ”(ខ.៥)។ យើង​អាច​ទូល​សូម​ព្រះអង្គ​បង្ហាញ​ទិសដៅ ខណៈ​ពេល​ដែល​ព្រះអង្គ​បំភ្លឺ​ផ្លូវ​យើង ជា​ជាង​ដើរ​វិលវល់​ក្នុង​ជីវិត​។—Patricia Raybon

តើ​ផ្នែក​ណា​ខ្លះ​ក្នុង​ជីវិត​អ្នក ដែល​ត្រូវ​ការ​ពន្លឺ​របស់​ព្រះគ្រីស្ទ ដែល​បន្សុទ្ធ​ជីវិត​យើង​ឲ្យ​ស្អាត? ពេល​អ្នក​ស្វែងរក​ពន្លឺ​ព្រះអង្គ តើ​អ្នក​ត្រូវ​ជៀសវាង​ការ​អ្វី​ខ្លះ​ដែល​នាំ​ឲ្យ​ជំពប់​ដួល?

ឱ​ព្រះយេស៊ូវ ក្នុង​លោកិយ ដែល​មាន​ពេញ​ដោយ​ភាព​ងងឹត សូម​ព្រះអង្គ​បញ្ចេញ​ពន្លឺ​ដ៏​ពិត​របស់​ព្រះអង្គ ចូល​ក្នុង​ចិត្ត និង​ផ្លូវ​ដើរ​របស់​ទូល​បង្គំ​។

For further study, read The Intimacy of Prayer: Stepping into God’s Presence at DiscoverySeries.org.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៦២-៦៤ និង ១ធីម៉ូថេ ១

ល្ងាច

Devotional illustration

ព្រះទ្រង់ធ្វើការសម្រាប់អ្នក

ដោយJohn Piper

October 21, 2023

ខ្ញុំ​នឹង​ងើប​ភ្នែក​មើលទៅ​ឯ​ភ្នំ តែ​សេចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពីណា សេចក្តី​ជំនួយ​របស់ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ គឺជា​ព្រះ​ដែល​បង្កើត​ផ្ទៃមេឃ និង​ផែនដី ទ្រង់​នឹង​មិន​ឲ្យ​ជើង​អ្នក​រឥល​ភ្លាត់​ឡើយ ព្រះអង្គ​ដែល​រក្សា​អ្នក ទ្រង់​នឹង​មិន​ផ្ទំ​រលីវ​ឡើយ។ (ទំនុកដំកើង ១២១:១-៣) តើ​អ្នក​ត្រូវការ​ជំនួយ​ទេ? ខ្ញុំ​ត្រូវការ។ តើ​អ្នក​ត្រូវ​ទៅ​ស្វែងរក​ជំនួយ​នៅ​ទីណា? ពេល​ដែល​អ្នកនិពន្ធ​បទ​គម្ពីរ​ទំនុកដំកើង ងើប​ភ្នែក​មើលទៅ​ភ្នំ ហើយ​សួរ​ថា “តើ​សេចក្តី​ជំនួយ​ជួយ​ដល់​ខ្ញុំ​មក​ពីណា?” គាត់​ក៏បាន​ឆ្លើយ​ថា “សេចក្តី​ជំនួយ​របស់ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា​ទេ” គឺ​មិនមែន​មក​ពី​ភ្នំ តែ​មក​ពី​ព្រះ​ដែល​បាន​បង្កើត​ភ្នំ​ទាំងនោះ​មក។ “សេចក្តី​ជំនួយ​របស់ខ្ញុំ​មក​តែ​ពី​ព្រះយេហូវ៉ា គឺជា​ព្រះ​ដែល​បង្កើត​ផ្ទៃមេឃ និង​ផែនដី”។ ដូចនេះ គាត់​បាន​រំឭក​ខ្លួនឯង អំពី​សេចក្តី​ពិត​ដ៏​អស្ចារ្យ​ពីរ​យ៉ាង​គឺ : ទីមួយ ព្រះ​ទ្រង់​ជា​ព្រះ​អាទិករ​ដ៏មានអំណាច​មក​លើ​បញ្ហា​ទាំងអស់​ក្នុង​ជីវិត​យើង ទីពីរ ព្រះ​ទ្រង់​មិនដែល​ផ្ទំ​ឡើយ។ “ព្រះអង្គ​ដែល​រក្សា​អ៊ីស្រាអែល ទ្រង់​នឹង​មិនដែល​ងោកងុយ ក៏​មិនដែល​ផ្ទំ​លក់​ឡើយ”។ ព្រះ​ទ្រង់​ជា​អ្នកធ្វើការ​ដែល​មិន​ចេះ​ហត់នឿយ។ ព្រះអង្គ​ក៏​មិនដែល​ខ្សោះ​ល្វើយ។ សូម​យើង​គិត​អំពី​ព្រះ​ថា ព្រះអង្គ​ជា​អ្នកធ្វើការ ក្នុង​ជីវិត​យើង។ គឺ​ពិតជា​អស្ចារ្យ​ណាស់។ យើង​មាន​ទំនោរ​ទៅ​រក​ការ​គិតថា យើង​គឺជា​អ្នកធ្វើការ ក្នុង​ព្រះជន្ម​របស់​ព្រះ។ តែ​ព្រះគម្ពីរ​ចង់​ឲ្យ​យើង​មានចិត្ត​ស្ញប់ស្ញែង ដោយ​ដឹង​ថា ព្រះ​ទ្រង់​ជា​អ្នកធ្វើការ​ក្នុង​ជីវិត​យើង ដូច​មាន​សេចក្តី​ចែងថា “ដ្បិត​ចាប់តាំងពី​ចាស់​បុរាណ​មក មនុស្សលោក​មិនដែល​ឮ ក៏​មិនដែល​ដឹង​ដោយសារ​ត្រចៀក ហើយ​ភ្នែក​មិនដែល​ឃើញ​ព្រះ​ឯណា​ក្រៅពី​ទ្រង់ ដែល​ធ្វើការ​ជំនួស​អ្នក​ដែល​សង្ឃឹម​ដល់​ទ្រង់​ឡើយ”(អេសាយ ៦៤:៤)។ ព្រះ​ទ្រង់​ធ្វើការ​ជំនួស​យើង២៤ម៉ោង។ ព្រះអង្គ​មិនដែល​ឈប់សម្រាក ហើយក៏​មិនដែល​ផ្ទំ។ តាមពិត ព្រះអង្គ​សព្វព្រះទ័យ​នឹង​ធ្វើការ​ជំនួស​យើង បាន​ជា​ព្រះអង្គ​ស្វែងរក​ការងារ​បន្ថែម​ទៀត ដើម្បី​ធ្វើ​សម្រាប់​អ្នក​ដែល​ទុកចិត្ត​ព្រះអង្គ។ “ដ្បិត​ព្រះនេត្រ​នៃ​ព្រះយេហូវ៉ា​ចេះតែ​ទត​ច្រវាត់ នៅ​គ្រប់​លើ​ផែនដី​ទាំងមូល ដើម្បីនឹង​សំដែង​ព្រះ​ចេស្តា ជួយ​ដល់​អស់អ្នក​ណា​ដែល​មានចិត្ត​ស្មោះត្រង់​ចំពោះ​ទ្រង់”(២របាក្សត្រ ១៦:៩)។ ព្រះ​ទ្រង់​ចូលចិត្ត​បង្ហាញ​ព្រះ​ចេស្តា ប្រាជ្ញា និង​សេចក្តីល្អ ដោយ​មិន​ចេះ​នឿយហត់ ដោយធ្វើ​ការ​ជំនួស​អ្នក​ដែល​ទុកចិត្ត​ព្រះអង្គ។ តាមរយៈ​ការ​ចាត់​ព្រះរាជបុត្រា ព្រះយេស៊ូវ​គ្រីស្ទ​ ឲ្យ​យាងចុះ​មក​ផែនដី គឺ​ព្រះវរបិតា​បាន​បង្ហាញ​ឲ្យ​យើង​ដឹង​ថា “ដ្បិត​កូន​មនុស្ស​ក៏បាន​មក មិនមែន​ឲ្យ​គេ​បំរើ​ដែរ គឺ​ដើម្បីនឹង​បំរើ​គេ​វិញ”(ម៉ាកុស ១០:៤៥)។ ព្រះយេស៊ូវ​បាន​ធ្វើការ​ជំនួយ​អ្នកដើរតាម​ព្រះអង្គ។ ព្រះអង្គ​បម្រើ​ពួក​គេ។ ដំណឹងល្អ​មិនមែន​ជា​ផ្លាក​សញ្ញា “សុំ​ជំនួយ” នោះ​ទេ តែ​ជា​ផ្លាក​សញ្ញា “ផ្តល់​ជំនួយ”។ នេះ​ជា​អ្វី​ដែល​យើង​ត្រូវតែ​ជឿ គឺ​ពិតជា​ជឿ​មែន ដើម្បីឲ្យ​យើង​អាច​មាន​អំណរ​ជានិច្ច(១ថែ​ស្សា​ឡូ​និច ៥:១៦) ហើយ “ទាំង​អរព្រះគុណ​ដល់​ព្រះ​ដ៏​ជា​ព្រះវរបិតា​ជាដរាប ក្នុង​គ្រប់ការ​ទាំងអស់”(អេភេសូរ ៥:២០) និង​មាន “សេចក្តី​សុខសាន្ត​របស់​ព្រះ ដែល​ហួស​លើស​ពី​អស់ទាំង​គំនិត”(ភីលីព ៤:៧) ហើយ “កុំ​ឲ្យ​ខ្វល់ខ្វាយ​អ្វី​ឡើយ”(ភីលីព ៤:៦) ហើយ​ស្អប់​ជីវិត​ខ្លួនឯង “ក្នុង​លោកិយ​នេះ”(យ៉ូហាន ១២:២៥) ហើយនិង “ស្រឡាញ់​អ្នកជិតខាង​ដូច​ខ្លួនឯង”(ម៉ាថាយ ២២:៣៩)។ នេះ​ជា​សេចក្តី​ពិត ដែល​មានន័យ​ខ្លាំង​ណាស់! ព្រះ​ទ្រង់​មិនបាន​ផ្ទំ ទាំងយប់​ថ្ងៃ ដើម្បី​ធ្វើការ​សម្រាប់​អ្នក​ដែល​រង់ចាំ​ព្រះអង្គ។  

ប្រភេទ