ដាំក្បាលចុះទៅរកគ្រោះមហន្តរាយ

សុភាសិត ២៧:៨-១២

មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន តែ​មនុស្ស​ល្ងង់​ខ្លៅ គេ​ចេះតែ​ដើរទៅ​ហើយក៏​ត្រូវ​មាន​ទុក្ខ​។ សុភាសិត ២៧:១២

កាលពី​ឆ្នាំ១៨៩២ ប្រជាជន​ម្នាក់​កើត​ជំងឺ​អាសន្ន​រោគ បាន​ចម្លង​ជំងឺ​នេះ​ដោយ​មិន​ដឹង​ខ្លួន តាមរយៈ​ទឹក​ទន្លេ​អ៊ែលបឺ ដែល​ហូរ​កាត់​ទីក្រុង​ហ៊ែមបឺក ជា​ទន្លេ​ដែល​ផ្គត់ផ្គង់​ទឹក​ប្រើ​ប្រាស់​ដល់​ប្រទេស​អាឡឺម៉ង់​។ ពលរដ្ឋ​រាប់​ម៉ឺន​នាក់​បាន​ស្លាប់ ក្នុងរយៈ​ពេល​តែ​ប៉ុន្មាន​សប្ដាហ៍​ប៉ុណ្ណោះ​។ កាល៨ឆ្នាំ​មុន លោក​រ៉ូបឺត កូច(Robert Koch) ជា​ជីវវិទូ​ជំនាញ​មី​ក្រុប បាន​រក​ឃើញថា ជំងឺ​អាសន្ន​រោគ​ជា​ជំងឺ​ឆ្លង​តាម​ទឹក​។ ការ​រក​ឃើញ​របស់​លោក​កូច បាន​ជំរុញ​ចិត្ត​អាជ្ញាធរ​នៅ​តាម​បណ្តា​ទីក្រុង​ធំៗ​នៅ​ទ្វីបអឺរ៉ុប ឲ្យ​ធ្វើ​ការ​ចំណាយ​ទៅ​លើ​ការ​សង​សង់​ប្រព័ន្ធ​បន្សុទ្ធ​ទឹក ដើម្បី​ការពារ​ទឹក​ប្រើ​ប្រាស់​របស់​ពួកគេ​។ ទោះជា​យ៉ាងណា​ក៏ដោយ អាជ្ញាធរ​នៅ​ទីក្រុង​ហ៊ែមបឺក មិន​បាន​ធ្វើ​អ្វី​ទាំង​អស់​។ ពួកគេ​បាន​លើក​ឡើង អំពី​ការ​ចំណាយ និង​មាន​ការ​សង្ស័យ​មក​លើ​ការ​ស្រាវ​ជ្រាវ​បែប​វិទ្យាសាស្ត្រ​នោះ ដូច​នេះ ពួកគេ​ក៏​មិន​បាន​អើពើ​ចំពោះ​ការ​ដាស់តឿន​ដ៏​ច្បាស់​លាស់ ខណៈ​ពេល​ដែល​ទីក្រុង​របស់​ពួកគេ​បាន​ដាំ​ក្បាល​ចុះ​ទៅ​រក​គ្រោះ​មហន្ត​រាយ​។

កណ្ឌ​គម្ពីរ​សុភាសិត​បាន​ចែង​អំពី​មនុស្ស​ដែល​ដឹង​ថា គ្រោះ​ថ្នាក់​នឹង​កើត​មាន តែ​បដិសេធន៍​មិន​បញ្ចៀស​គ្រោះ​ថ្នាក់​នោះ​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “មនុស្ស​ដែល​មាន​គំនិត​ឆ្លៀវឆ្លាត គេ​ឃើញ​ការ​អាក្រក់​មក ក៏​ពួន​ខ្លួន”(២៧:១២)។ ពេលណា​ព្រះ​ទ្រង់​ជួយ​យើង​ឲ្យ​មើល​ឃើញ​គ្រោះ​ថ្នាក់​នៅ​ខាង​មុខ យើង​ចាំបាច់​ត្រូវ​ធ្វើ​អ្វី​ម្យ៉ាង ដើម្បី​ស្វែងរក​ដំណោះ​ស្រាយ​។ យើង​អាច​ផ្លាស់​ប្តូរ​ទិសដៅ ដោយ​ប្រាជ្ញា​។ ឬ​យើង​រៀបចំ​ខ្លួន ដោយ​​វិធាន​ការ​ដ៏​ត្រឹម​ត្រូវ​ដែល​ព្រះអង្គ​ប្រទាន​។ តែ​ទោះជា​យ៉ាងណា​ក៏ដោយ យ៉ាង​ហោច​ណាស់ យើង​បាន​ធ្វើ​អ្វី​ម្យ៉ាង​។ ការ​មិន​ធ្វើ​អ្វី​សោះ គឺ​ល្ងង់​សុទ្ធសាធ​។ តែបើ​យើង​មិន​អើពើ​ចំពោះ​សញ្ញា​ដាស់តឿន នោះ​យើង​នឹង​បោះពួយ​ទៅ​រក​មហន្ត​រាយ​។ គឺ​ដូច​មាន​សេចក្តី​ចែងថា “តែ​មនុស្ស​ល្ងង់​ខ្លៅ គេ​ចេះតែ​ដើរទៅ​ហើយក៏​ត្រូវ​មាន​ទុក្ខ”(ខ.១២)។

តាមរយៈ​ព្រះ​គម្ពីរ និង​ព្រះ​ជន្ម​របស់​ព្រះ​យេស៊ូវ​នៅ​លើ​ផែនដី ព្រះ​ទ្រង់​បាន​បង្ហាញ​ផ្លូវ ឲ្យ​យើង​ដើរ​តាម និង​ដាស់តឿន​យើង អំពី​បញ្ហា​ដែល​យើង​មុខ​ជា​នឹង​ជួប​ប្រទះ​។ បើ​យើង​ល្ងង់​ខ្លៅ ដោយ​មិន​ស្តាប់​បង្គាប់ យើង​នឹង​ដួល​ចុះ ឬ​ធ្លាក់​ចូល​ទៅ​ក្នុង​គ្រោះ​ថ្នាក់​មិនខាន​។ ផ្ទុយ​ទៅវិញ ខណៈ​ពេល​ដែល​ព្រះអង្គ​ដឹកនាំ​យើង ដោយ​ព្រះគុណ​ព្រះអង្គ ចូរ​យើង​ស្តាប់​តាម​ប្រាជ្ញា​របស់​ព្រះអង្គ ហើយ​ផ្លាស់​ប្តូរ​ទិសដៅ​របស់​យើង​។—Winn Collier

តើ​អ្នក​បាន​បដិសេធន៍​មិន​ស្តាប់​តាម​ប្រាជ្ញា​មកពី​ព្រះ នៅ​ពេលណា​ខ្លះ? តើ​អ្នក​អាច​រៀន​ស្តាប់​បង្គាប់​តាម​ការ​ដាស់តឿន​របស់​ព្រះអង្គ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ស្តាប់​តាម​ព្រះអង្គ ហើយ​ងាក​បែរ​ចេញពី​គ្រោះ​ថ្នាក់​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសាយ ៦៥-៦៦ និង ១ធីម៉ូថេ ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles