លូកា ១៤:២៥-៣៣
អស់អ្នកណាក្នុងពួកអ្នករាល់គ្នា ដែលមិនលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់ នោះធ្វើជាសិស្សខ្ញុំមិនបានទេ។ លូកា ១៤:៣៣
រ៉ូនីត(Ronit) បានចម្រើនវ័យធំឡើង ក្នុងគ្រួសារមានជំនឿសាសនា ដែលមិនមែនជាគ្រីស្ទបរិស័ទទេ។ ក្រុមគ្រួសារនាងមិនចំណាប់អារម្មណ៍នៅក្នុងការពិភាក្សាអំពីរឿងខាងវិញ្ញាណនោះទេ។ នាងបាននិយាយថា នាងបានអធិស្ឋានសព្វបែបយ៉ាង តែនាងមិនដែលបានឮព្រះមានបន្ទូលមកកាន់នាងទេ។
នាងក៏បានចាប់ផ្តើមរៀនព្រះគម្ពីរ ហើយក៏បានធ្វើដំណើរបន្តិចម្តងៗ ទៅរកការទទួលជឿព្រះយេស៊ូវ ជាព្រះមែស៊ី។ រ៉ូនីតក៏បានពិពណ៌នា អំពីពេលដ៏មានន័យ ដែលនាងបានទទួលការបណ្តាលចិត្តពីព្រះអង្គ ឲ្យទទួលជឿព្រះអង្គ ដោយគ្មានការស្ទាក់ស្ទើរទៀត។ តែនាងមានបញ្ហាជាមួយឪពុករបស់នាង។ នាងនឹកចាំថា កាលនោះកំហឹងរបស់ឪពុកនាងក៏បានផ្ទុះឡើង។
កាលព្រះយេស៊ូវកំពុងបំពេញព្រះរាជកិច្ចនៅផែនដីនេះ មានមនុស្សដើរតាមព្រះអង្គ ទាំងហ្វូងៗ(លូកា ១៤:២៥)។ យើងមិនដឹងច្បាស់ថា ពួកគេកំពុងតែដើរតាមព្រះអង្គ ក្នុងគោលបំណងស្វែងរកអ្វីទេ តែយើងដឹងច្បាស់ថា ព្រះអង្គកំពុងស្វែងរកមនុស្សធ្វើជាសិស្សព្រះអង្គ។ ហើយដើម្បីធ្វើជាសិស្សព្រះអង្គ គេត្រូវមានការលះបង់ គឺដូចដែលព្រះអង្គមានបន្ទូលថា “បើអ្នកណាមកឯខ្ញុំ ដោយមិនបានលះអាល័យពីឪពុកម្តាយ ប្រពន្ធកូន បងប្អូនប្រុសស្រី និងជីវិតខ្លួនឯងផង អ្នកនោះនឹងធ្វើជាសិស្សខ្ញុំមិនបានទេ”(ខ.២៦)។ ព្រះអង្គក៏បានសួរគេថា “ដ្បិតក្នុងពួកអ្នករាល់គ្នា បើមានអ្នកណាចង់សង់ផ្ទះពីថ្ម តើមិនអង្គុយលៃលកមើលជាមុនទេឬអី ដើម្បីឲ្យដឹងជាមានល្មមនឹងធ្វើបង្ហើយបានឬមិនបាន?”(ខ.២៨)។ ព្រះយេស៊ូវមិនបានមានបន្ទូលក្នុងន័យត្រង់ថា យើងត្រូវតែស្អប់ក្រុមគ្រួសារយើងនោះទេ តែផ្ទុយទៅវិញ យើងត្រូវតែជ្រើសរើសយកព្រះអង្គជាសំខាន់លើសអ្វីៗទាំងអស់។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ដូច្នេះ អស់អ្នកណាក្នុងពួកអ្នករាល់គ្នា ដែលមិនលះអាល័យពីរបស់ទ្រព្យខ្លួនទាំងអស់ នោះធ្វើជាសិស្សខ្ញុំមិនបានទេ”(ខ.៣៣)។
រ៉ូនីតស្រឡាញ់ក្រុមគ្រួសាររបស់នាងណាស់ តែនាងបានធ្វើការសន្និដ្ឋានថា ទោះនាងត្រូវមានការលះបង់យ៉ាងណាក៏ដោយ នាងដឹងច្បាស់ថា នាងនឹងមិនស្តាយក្រោយឡើយ។ តើអ្នកចាំបាច់ត្រូវលះបង់អ្វីខ្លះ ដើម្បីដើរតាមព្រះយេស៊ូវ ខណៈពេលដែលព្រះអង្គដឹកនាំជីវិតអ្នក?—Tim Gustafson
តើអ្នកចង់ចែកចាយទីបន្ទាល់ អំពីពេលដែលអ្នកបានទទួលជឿព្រះយេស៊ូវដូចម្តេចខ្លះ? តើអ្នកបានធ្វើការលះបង់អ្វីខ្លះ ដើម្បីដើរតាមព្រះអង្គ?
ឱព្រះវរបិតា សូមព្រះអង្គជួយទូលបង្គំ ឲ្យជ្រើសរើសយកព្រះរាជបុត្រាព្រះអង្គ លើសអ្វីៗទាំងអស់ ក្នុងលោកិយ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ២៤-២៦ និង ទីតុស ២