
ប្រភពពិតប្រាកដនៃព្រះពរ
ដោយT. Gustafson
November 10, 2023
១សាំយ៉ូអែល ៤:១-១១ អញជាយេហូវ៉ា នេះហើយជាឈ្មោះរបស់អញ អញមិនព្រមប្រគល់សិរីល្អរបស់អញដល់អ្នកណាទៀត។ អេសាយ ៤២:៨ មានពេលមួយ លោកថម(Tom) បានដើរជាន់របស់អ្វីម្យ៉ាង នៅក្នុងដី លាន់សូរក្រិក ពីក្រោមស្បែកជើងកវែងរបស់គាត់។ គាត់មានអារម្មណ៍ភ័យស្រៀវឆ្អឹងខ្នង ហើយគិតថា គាត់ហួសពេលហើយ។ តែសភាវគតិរបស់គាត់ បានបណ្តាលឲ្យគាត់ស្ទុះលោតមួយទំហឹង ឲ្យរួចផុតពីគ្រោះថ្នាក់។ អរព្រះគុណព្រះអង្គ គ្រឿងផ្ទុះដែលកប់ក្នុងដី មិនបានផ្ទុះនៅពេលនោះទេ។ ក្រោយមក ក្រុងអ្នកដោះមីនក៏បានចុះមកកាយបានគ្រឿងផ្ទុះមានទម្ងន់ប្រហែល៤០គីឡូក្រាម ចេញពីកន្លែងនោះ។ លោកថម បានបន្តពាក់ស្បែកជើងកវែងនោះ ទាល់តែវាដាច់រហែក ពាក់លែងកើត។ គាត់បានហៅស្បែកជើងមួយគូរនោះថា “ស្បែកជើងនាំសំណាងល្អ”។ លោកថម ប្រហែលជាបានជាប់ជិតនឹងស្បែកជើងនោះ ដកមិនរួច ដោយសារគាត់នឹកចាំពេលដែលគាត់ជាន់គ្រាប់មីនប៊ិះនឹងស្លាប់។ តែមនុស្សច្រើនតែជួបការល្បួងឲ្យចាត់ទុកវត្ថុប្រើប្រាស់ថា “នាំសំណាងល្អ” ឬថែមទាំងបានបន្ថែមតម្លៃខាងវិញ្ញាណថា ពួកវាជាវត្ថុដែល “មានពរ”។ ទោះជាយ៉ាងណាក៏ដោយ តាមពិត គ្រោះថ្នាក់កើតមាន នៅពេលដែលយើងលើកដំកើងវត្ថុអ្វីមួយ ឬសូម្បីតែនិមិត្តសញ្ញាអ្វីមួយ ថាជាប្រភពនៃព្រះពរ។ ពួកអ៊ីស្រាអែលបានរៀនសូត្រនូវមេរៀនមួយនេះ តាមរបៀបដ៏ពិបាក។ មួយពេលមួយ ពួកគេបានចាញ់សង្រ្គាម ហើយត្រូវកងទ័ពសាសន៍ភីលីស្ទីនដេញតាម។ ខណៈពេលដែលពួកអ៊ីស្រាអែលកំពុងគិតពិចារណា អំពីបរាជ័យរបស់ខ្លួន ពួកចាស់ទុំរបស់ពួកគេមានគំនិតយក “ហិបសញ្ញារបស់ព្រះអម្ចាស់” ចូលទៅក្នុងការប្រយុទ្ធ(១សាំយ៉ូអែល ៤:៣)។ ពួកគេហាក់ដូចជាយល់ឃើញថា នេះជាគំនិតដ៏ល្អ(ខ.៦-៩)។ សរុបមក ហិបសញ្ញាជាវត្ថុដ៏បរិសុទ្ធមួយ។ តែពួកគេមានការយល់ឃើញមិនត្រឹមត្រូវ អំពីហឹបសញ្ញា។ ហិបសញ្ញានោះមិនអាចផ្តល់ឲ្យពួកគេនូវអ្វី ដែលពួកគេចង់បានទេ។ ដោយសារពួកគេបានដាក់ជំនឿមកលើវត្ថុ ជាជាងដាក់ជំនឿមកលើព្រះវត្តមាននៃព្រះពិតតែមួយ ពួកគេក៏បានទទួលបរាជ័យកាន់តែធ្ងន់ធ្ងរជាងមុនទៅទៀត ហើយខ្មាំងសត្រូវក៏បានចាប់យកហិបសញ្ញាទៅបាត់(ខ.១០-១១)។ វត្ថដែលធ្វើឲ្យយើងនឹកចាំអធិស្ឋាន ឬអរព្រះគុណព្រះអង្គ សម្រាប់សេចក្តីល្អរបស់ព្រះអង្គ គឺជាវត្ថុដែលមានប្រយោជន៍។ តែពួកវាមិនមែនជាប្រភពនៃព្រះពររបស់ព្រះអង្គនោះទេ។ គឺមានតែព្រះទេ ដែលជាប្រភពនៃព្រះពរ និងការការពារ។—Tim Gustafson
តើអ្នកមានភស្តុតាងអ្វីបង្ហាញថា អ្នកពិតជាមានជំនឿលើព្រះអង្គមែន? ពេលណាអ្នកជួបរឿងវិបត្តិ តើអ្នកផ្ដោតទៅលើអ្វី ធ្វើជាជំនួយដល់អ្នក?
ឱព្រះវរបិតានៃសេចក្តីស្រឡាញ់ សូមព្រះអង្គអត់ទោសឲ្យទូលបង្គំ ពេលណាទូលបង្គំជួបការល្បួង ឲ្យទុកចិត្តលើអ្វីមួយ ជាជាងទុកចិត្តព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យេរេមា ៥០ និង ហេព្រើរ ៨