November 16, 2023

You are here:
ចែកចាយអំពីសេចក្តីល្អរបស់ព្រះអង្គ

ទំនុក​ដំកើង ៦៦:៥-១២,១៦-២០ ខ្ញុំ​នឹង​ថ្លែង​ប្រាប់​ពី​ការ​ដែល​ទ្រង់​បាន​ប្រោស​ដល់​ព្រលឹង​ខ្ញុំ​។ ទំនុក​ដំកើង ៦៦:១៦ ក្នុង​កម្មវិធី​ថ្វាយបង្គំ​ព្រះ នៅ​ថ្ងៃ​អា​ទិត្យ នៅ​ព្រះវិហារ​របស់​ខ្ញុំ ក៏​មាន​ម៉ោង​ចែក​ចាយ​ទី​បន្ទាល់​ផង​ដែរ ដែល​ក្នុង​នោះ ពួក​យើង​អាច​ចែក​ចាយ​អំពី​របៀប​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ជីវិត​យើង​។ ក្នុង​គ្រួសារ​ពួក​ជំនុំ​យើង ខ្លះ​បាន​ហៅ​អ្នក​ស្រី​លែង​ហ្វ៊ដ​(Langford) បង​ស្រី ឬ​អ្នកមីង​លែង​ហ្វ៊ដ​។ គាត់​បាន​បញ្ចូល​ការ​សរសើរ​ដំកើង​ព្រះអង្គ ជា​ច្រើន​នៅ​ក្នុង​ទី​បន្ទាល់​របស់​គាត់​។ នៅពេល​ដែល​គាត់​បាន​ចែក​ចាយ​ទី​បន្ទាល់​អំពី​ពេល​ដែល​គាត់​បាន​ទទួល​ជឿ​ព្រះ គេ​បាន​រំពឹង​ថា គាត់​ប្រហែល​ជា​និយាយ​ស៊ី​ម៉ោង​បន្តិច ក្នុង​កម្មវិធី​ថ្វាយបង្គំ​ថ្ងៃ​នោះ​។ គាត់​បាន​បង្ហាញ​ចេញ​នូវ​ចិត្ត​ពេញ​ហៀរហូរ​ដោយ​ការ​សរសើរ​ដំកើង​ព្រះ ដែល​បាន​កែ​ប្រែ​ជីវិត​គាត់ ដោយ​ព្រះគុណ​ព្រះអង្គ​។ ស្រដៀង​គ្នា​នេះ​ដែរ អ្នក​និពន្ធ​បទ​គម្ពីរ​ទំនុក​ដំកើង​ជំពូក៦៦ ក៏បាន​បង្ហាញ​ចេញ​នូវ​ការ​សរសើរ​ដំកើង​ព្រះ​ផង​ដែរ ខណៈ​ពេល​ដែល​គាត់​ធ្វើ​បន្ទាល់ អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ សម្រាប់​រាស្រ្ត​ព្រះអង្គ​។ គឺ​ដូច​ដែល​គាត់​បាន​ពោល​ថា “មកនេះ ចូរ​មក​មើល​ការ​ទាំង​ប៉ុន្មាន​របស់​ព្រះ ទ្រង់​គួរ​ស្ញែង​ខ្លាច ក្នុង​ការ​ដែល​ទ្រង់​ធ្វើ​ដល់​ពួក​មនុស្ស​ជាតិ”(ខ.៥)។ ការ​ដែល​ព្រះអង្គ​បាន​ធ្វើ បាន​រាប់​បញ្ចូល​ការ​ជួយ​សង្គ្រោះ​ដោយ​ការ​អស្ចារ្យ(ខ.៦) ការ​ថែរក្សា(ខ.៩) និង​ការ​ល្បងល និង​ការ​លត់ដំ ដែល​នាំ​រាស្រ្ត​ព្រះអង្គ ទៅ​រក​កន្លែង​ល្អជា​មុន(ខ.១១-១២)។ មាន​បទ​ពិសោធន៍​ជា​ច្រើន​ដែល​យើង​អាច​មាន​ជាមួយ​ព្រះអង្គ ដូច​អ្នកជឿ​ដទៃ​ទៀត​ដែរ តែ​ក៏​មាន​ការ​ដក​ពិសោធន៍​​ពិសេស​រៀង​ខ្លួន ក្នុង​ការ​ធ្វើ​ដំណើរ​ផ្ទាល់​ខ្លួន ក្នុង​ព្រះអង្គ​។ តើមាន​ពេលណា​ខ្លះ ក្នុង​ជីវិត​អ្នក ដែល​ព្រះ​ទ្រង់​បាន​បើក​សម្ដែង​អង្គ​ទ្រង់​ឲ្យ​អ្នក​ស្គាល់​ព្រះ​អង្គ​កាន់​តែ​ច្បាស់ តាម​របៀប​ដ៏​ពិសេស? ទី​បន្ទាល់​ទាំង​អស់​នេះ គឺ​សុទ្ធតែ​សក្តិ​សមនឹង​ឲ្យ​អ្នក​ចែក​ចាយ ដល់​អ្នក​ដទៃ ដែល​ត្រូវ​ការ​ដឹង​អំពី​របៀប​ដែល​ព្រះអង្គ​ធ្វើ​ការ​ក្នុង​ជីវិត​អ្នក​។…

Read article