ទំនុកដំកើង ៦៦:៥-១២,១៦-២០
ខ្ញុំនឹងថ្លែងប្រាប់ពីការដែលទ្រង់បានប្រោសដល់ព្រលឹងខ្ញុំ។ ទំនុកដំកើង ៦៦:១៦
ក្នុងកម្មវិធីថ្វាយបង្គំព្រះ នៅថ្ងៃអាទិត្យ នៅព្រះវិហាររបស់ខ្ញុំ ក៏មានម៉ោងចែកចាយទីបន្ទាល់ផងដែរ ដែលក្នុងនោះ ពួកយើងអាចចែកចាយអំពីរបៀបដែលព្រះទ្រង់បានធ្វើការក្នុងជីវិតយើង។ ក្នុងគ្រួសារពួកជំនុំយើង ខ្លះបានហៅអ្នកស្រីលែងហ្វ៊ដ(Langford) បងស្រី ឬអ្នកមីងលែងហ្វ៊ដ។ គាត់បានបញ្ចូលការសរសើរដំកើងព្រះអង្គ ជាច្រើននៅក្នុងទីបន្ទាល់របស់គាត់។ នៅពេលដែលគាត់បានចែកចាយទីបន្ទាល់អំពីពេលដែលគាត់បានទទួលជឿព្រះ គេបានរំពឹងថា គាត់ប្រហែលជានិយាយស៊ីម៉ោងបន្តិច ក្នុងកម្មវិធីថ្វាយបង្គំថ្ងៃនោះ។ គាត់បានបង្ហាញចេញនូវចិត្តពេញហៀរហូរដោយការសរសើរដំកើងព្រះ ដែលបានកែប្រែជីវិតគាត់ ដោយព្រះគុណព្រះអង្គ។
ស្រដៀងគ្នានេះដែរ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងជំពូក៦៦ ក៏បានបង្ហាញចេញនូវការសរសើរដំកើងព្រះផងដែរ ខណៈពេលដែលគាត់ធ្វើបន្ទាល់ អំពីការអ្វីដែលព្រះទ្រង់បានធ្វើ សម្រាប់រាស្រ្តព្រះអង្គ។ គឺដូចដែលគាត់បានពោលថា “មកនេះ ចូរមកមើលការទាំងប៉ុន្មានរបស់ព្រះ ទ្រង់គួរស្ញែងខ្លាច ក្នុងការដែលទ្រង់ធ្វើដល់ពួកមនុស្សជាតិ”(ខ.៥)។ ការដែលព្រះអង្គបានធ្វើ បានរាប់បញ្ចូលការជួយសង្គ្រោះដោយការអស្ចារ្យ(ខ.៦) ការថែរក្សា(ខ.៩) និងការល្បងល និងការលត់ដំ ដែលនាំរាស្រ្តព្រះអង្គ ទៅរកកន្លែងល្អជាមុន(ខ.១១-១២)។ មានបទពិសោធន៍ជាច្រើនដែលយើងអាចមានជាមួយព្រះអង្គ ដូចអ្នកជឿដទៃទៀតដែរ តែក៏មានការដកពិសោធន៍ពិសេសរៀងខ្លួន ក្នុងការធ្វើដំណើរផ្ទាល់ខ្លួន ក្នុងព្រះអង្គ។ តើមានពេលណាខ្លះ ក្នុងជីវិតអ្នក ដែលព្រះទ្រង់បានបើកសម្ដែងអង្គទ្រង់ឲ្យអ្នកស្គាល់ព្រះអង្គកាន់តែច្បាស់ តាមរបៀបដ៏ពិសេស? ទីបន្ទាល់ទាំងអស់នេះ គឺសុទ្ធតែសក្តិសមនឹងឲ្យអ្នកចែកចាយ ដល់អ្នកដទៃ ដែលត្រូវការដឹងអំពីរបៀបដែលព្រះអង្គធ្វើការក្នុងជីវិតអ្នក។ គឺដូចមានសេចក្តីចែងថា “មកនេះ ចូរស្តាប់ចុះ អស់អ្នក ដែលកោតខ្លាចដល់ព្រះអើយ ខ្ញុំនឹងថ្លែងប្រាប់ពីការដែលទ្រង់បានប្រោសដល់ព្រលឹងខ្ញុំ”(ខ.១៦)។—Arthur Jackson
តើអ្នកអាចចែកចាយទីបន្ទាល់អំពីសេចក្តីល្អរបស់ព្រះក្នុងជីវិតអ្នក ដល់អ្នកដទៃ ដូចម្តេចខ្លះ? ពេលដែលអ្នកបានស្តាប់ទីបន្ទាល់អំពីកិច្ចការដ៏អស្ចារ្យរបស់ព្រះអង្គ តើអ្នកបានទទួលការលើកទឹកចិត្ត ឲ្យទុកចិត្តព្រះអង្គកាន់តែខ្លាំងឬទេ?
ឱព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ទូលបង្គំអរសប្បាយ ចំពោះរបៀបផ្សេងៗ ដែលព្រះអង្គបានបង្ហាញសេចក្តីសប្បុរស ចំពោះទូលបង្គំ។ សូមព្រះអង្គជួយទូលបង្គំ កុំឲ្យលាក់ទុករឿងនេះសម្រាប់តែខ្លួនឯង តែឲ្យចែកចាយដល់អ្នកដទៃផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៣-៤ និង ហេព្រើរ ១១:២០-៤០