មើល ដោយជំនឿ

ហេព្រើរ ១១:១-៨

រីឯ​សេចក្តី​ជំនឿ នោះ​គឺជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​ដូច​សង្ឃឹម ជា​សំ​គាល់​ពី​ការ​ដែល​មើល​មិន​ឃើញ​។ ហេព្រើរ ១១:១

ក្នុង​អំឡុង​ពេល​ខ្ញុំ​ដើរ​ហាត់​ប្រាណ​នៅពេល​ព្រឹក ពន្លឺ​ថ្ងៃរះ​បាន​ចាំង​ត្រូវ​ទឹក​បឹង​មីឈឺហ្គិន ចំ​ប្លង់​ដ៏​ល្អ​ឥត​ខ្ចោះ បង្កើត​បានជា​ផ្ទាំង​ទេសភាព​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​។ ខ្ញុំ​ក៏បាន​ប្រាប់​មិត្ត​ភក្តិ​ខ្ញុំ​ឲ្យ​ឈប់​សិន ហើយ​រង់​ចាំ​ខ្ញុំ​មួយ​ភ្លែត ខណៈ​ពេល​ដែល​ខ្ញុំ​បាន​ដក​ទូរស័ព្ទ​ចេញ​មក​ថតរូប​។ ដោយសារ​ទីតាំង​របស់​ព្រះ​អាទិត្យ​ចំ​ពីមុខ​ខ្ញុំ ខ្ញុំ​មិន​បាន​មើល​ឃើញ​រូប​ភាព​នៅ​លើ​ទូរស័ព្ទ​ខ្ញុំ​ច្បាស់ មុន​ពេល​ខ្ញុំ​ចុច​ប៊ូតុង​ថត​យក​រូប​ភាព​នោះ​ទេ​។ តែ​ខ្ញុំ​បាន​ធ្វើ​ដូច​នេះ​ពី​មុន​មក ដូច​នេះ ខ្ញុំ​មាន​អារម្មណ៍​ថា រូបថត​នោះ​នឹង​មាន​ភាព​ស្រស់​ស្អាត​។ ខ្ញុំ​ក៏បាន​ប្រាប់​មិត្ត​ភក្តិ​ខ្ញុំ​ថា “យើង​មិន​អាច​មើល​រូបថត​នោះ​ឃើញ​ច្បាស់ ដោយសារ​ចាំង​ពន្លឺ​ថ្ងៃ តែ​រូបថត​ដូច​នេះ តែងតែ​មាន​ភាព​ស្រស់​ស្អាត”។

ការ​ដើរ​ដោយ​ជំនឿ ឆ្លង​កាត់​ជីវិត​នេះ ច្រើនតែ​មាន​លក្ខណៈ​មិន​ខុសពី​ការ​ថតរូប​យ៉ាង​ដូច​នេះ​។ យើង​មិន​តែងតែ​អាច​មើល​ឃើញ​រូប​ភាព​ជា​លម្អិត​នៅ​លើ​អេក្រង់​ទូរស័ព្ទ តែ​មិន​មាន​ន័យ​ថា យើង​មិន​អាច​ថត​បាន​រូប​ភាព​ស្រស់​ស្អាត​នោះ​ទេ​។ អ្នក​មិន​តែងតែ​អាច​មើល​ឃើញ​ព្រះ​ធ្វើ​ការ តែ​អ្នក​អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​កំពុងតែ​ធ្វើ​ការ​។ គឺ​ដូច​ដែល​កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ចែងថា “សេចក្តី​ជំនឿ នោះ​គឺជា​ចិត្ត​ដែល​ដឹង​ជាក់​ថា​នឹង​បាន​ដូច​សង្ឃឹម ជា​សំ​គាល់​ពី​ការ​ដែល​មើល​មិន​ឃើញ”(១១:១)។ ដោយ​ជំនឿ យើង​ទុកចិត្ត​ព្រះអម្ចាស់ ជា​ពិសេស​នៅពេល​ដែល​យើង​មិន​អាច​មើល​ឃើញ ឬ​យល់​អំពី​ការ​អ្វី​ដែល​ព្រះអង្គ​កំពុង​ធ្វើ​។

ដោយ​ជំនឿ ការ​មិន​អាច​មើល​ឃើញ​រូប​ច្បាស់ មិន​បាន​រា​រាំង​យើង​មិន​ឲ្យ​ថតរូប​បាន​ឡើយ​។ វា​អាច​នាំ​ឲ្យ​យើង​អធិស្ឋាន​កាន់តែ​ច្រើន និង​ស្វែងរក​ទិសដៅ​ពី​ព្រះអង្គ​។ យើង​ក៏​អាច​ពឹង​ផ្អែក​ទៅលើ​ទី​បន្ទាល់​របស់​អ្នក​ដែល​បាន​ដើរ​ដោយ​ជំនឿ​(ខ.៤-១២) ក៏​ដូច​ជា​តាម​រយៈ​ទី​បន្ទាល់​ផ្ទាល់​ខ្លួន គឺ​ទី​បន្ទាល់​អំពី​ការ​អ្វី​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​កាលពី​មុន និង​អាច​ធ្វើ​បន្ត​ទៀត​។—Katara Patton

តើ​អ្នក​កំពុងតែ​ទុក​ចិត្ត​ថា ព្រះ​ទ្រង់​នឹង​ធ្វើ​អ្វី តាមរយៈ​អ្នក ទោះ​អ្នក​មិន​អាច​មើល​ឃើញ​ច្បាស់​ក៏ដោយ? តើ​ព្រះអង្គ​បាន​រំដោះ​អ្នក និង​ក្រុម​គ្រួសារ​អ្នក​ចេញពី​បញ្ហា យ៉ាង​ដូច​ម្តេច​ខ្លះ កាលពី​មុន?

ឱ​ព្រះវរបិតា ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​​ផ្លូវ​ដែល​ព្រះអង្គ​បាន​ប្រទាន​ទូល​បង្គំ​កាលពី​មុន​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ដើរ​ដោយ​ជំនឿ ទោះ​ទូល​បង្គំ​មិន​អាច​មើល​ឃើញ​ការ​អ្វី​ដែល​ព្រះអង្គ​កំពុង​ធ្វើ​ក៏ដោយ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ២៤-២៦ និង ១ពេត្រុស ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles