ជនគណនា ៣:៥-៩
ត្រូវឲ្យគេរក្សាអស់ទាំងប្រដាប់ប្រដា នៃត្រសាលជំនុំ ព្រមទាំងបញ្ញើរបស់ពួកកូនចៅអ៊ីស្រាអែលផង ដើម្បីនឹងធ្វើការងារ ដែលត្រូវខាងរោងឧបោសថ។ ជនគណនា ៣:៨
ពេលដែលក្សត្រីអេលីហ្សាប៊ែត(Elizabeth) នៃចក្រភពអង់គ្លេសបានសោយទិវង្គត នៅខែកញ្ញា ឆ្នាំ២០២២ ទាហានរាប់ពាន់នាក់បានដើរក្បួនជាជួរ ដើម្បីដង្ហែព្រះសព។ តួនាទីរបស់ពួកគេម្នាក់ៗស្ទើរតែគ្មានអ្វីគួរឲ្យកត់សម្គាល់ ក្នុងចំណោមហ្វូងមនុស្សដ៏ច្រើនសន្ធឹក តែមនុស្សជាច្រើនបានមើលឃើញការចូលរួមរបស់ទាហានទាំងនោះ ជាកិត្តិយសដ៏ធំបំផុតសម្រាប់ពួកគេ។ ទាហានម្នាក់បាននិយាយថា “វាជាឱកាស សម្រាប់ឲ្យពួកគាត់បំពេញភារៈកិច្ចចុងក្រោយ សម្រាប់ក្សត្រីអេលីហ្សាប៊ែត”។ សម្រាប់គាត់ កិច្ចការនេះសំខាន់ មិនមែនដោយសារអ្វីដែលគាត់កំពុងធ្វើនោះទេ តែដោយសារមនុស្សដែលគាត់បានធ្វើកិច្ចការនោះជូន។
ពួកលេវីដែលបានទទួលការចាត់តាំង ឲ្យចាត់ចែងការតុបតែងលម្អរោងឧបោសថ ក៏មានគោលដៅស្រដៀងនេះផងដែរ។ កូនចៅរបស់គ្រួសារគើសុន កេហាត់ និងម្រ៉ារី មិនមានតួនាទីដូចពួកសង្ឃនោះទេ តែមានតួនាទីដែលហាក់ដូចជាសាមញ្ញ ដូចជា ការលាងសម្អាតគ្រឿងសង្ហារឹម ជើងចង្កៀង វាំងនន បង្គោល ត្រសាល និងខ្សែពួរជាដើម(ជនគណនា ៣:២៥-២៦,២៨,៣១,៣៦-៣៧)។ តែការងាររបស់ពួកគេបានទទួលការចាត់តាំងយ៉ាងជាក់លាក់ពីព្រះអម្ចាស់ “ឲ្យធ្វើការងារផ្នែករោងឧបោសថ”(ខ.៨) ហើយបានកត់ទុកក្នុងព្រះគម្ពីរ ដើម្បីឲ្យមនុស្សជំនាន់ក្រោយបានដឹង។
រឿងនេះបានលើកទឹកចិត្តយើងណាស់។ សព្វថ្ងៃនេះ កិច្ចការជាច្រើនដែលយើងធ្វើ នៅកន្លែងធ្វើការ នៅផ្ទះ ឬនៅព្រះវិហារក្តី ប្រហែលហាក់ដូចជាមិនសំខាន់ ចំពោះលោកិយដែលឲ្យតម្លៃមកលើមុខតំណែង និងប្រាក់ខែខ្ពស់។ តែព្រះទ្រង់មិនបានទតឃើញដូចនេះទេ។ បើយើងធ្វើការ និងបម្រើ ដោយយល់ដល់ព្រះអង្គ ដោយខិតខំធ្វើការឲ្យបានល្អអស់ពីចិត្ត ថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ សូម្បីតែក្នុងកិច្ចការដែលតូចបំផុតក៏ដោយ នោះកិច្ចការរបស់យើងសំខាន់ ព្រោះយើងកំពុងធ្វើ ដើម្បីបម្រើព្រះដ៏ធំប្រសើរ។—Leslie Koh
តើការដឹងថា អ្នកកំពុងធ្វើការបម្រើព្រះ បានផ្លាស់ប្តូររបៀបដែលអ្នកធ្វើការងារដូចម្តេចខ្លះ? តើអ្នកអាចធ្វើកិច្ចការនោះ ដោយចិត្តក្លាហាន អស់ពីចិត្តថ្វាយព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការប្រទានទូលបង្គំ នូវឱកាសបម្រើព្រះអង្គ។ សូមព្រះអង្គជួយទូលបង្គំមានចិត្តស្មោះត្រង់ ចំពោះអំណោយទាន និងកម្លាំងដែលព្រះអង្គបានប្រទានទូលបង្គំ ឲ្យធ្វើការថ្វាយព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៣០-៣២ និង ១ពេត្រុស ៤