ការទុកចិត្តព្រះ

ទំនុក​ដំកើង ២០

អ្នក​ខ្លះ​ពឹង​នឹង​រទេះ​ចំបាំង ខ្លះ​ទៀត​ពឹង​នឹង​សេះ តែ​យើង​ខ្ញុំ​នឹង​នឹក​ចាំ​ពី​ព្រះ​នាម​ព្រះយេហូវ៉ា ជា​ព្រះ​នៃ​យើង​ខ្ញុំ​វិញ​។ ទំនុក​ដំកើង ២០:៧

មាន​ពេល​មួយ ខ្ញុំ​ត្រូវ​ការ​ការ​ព្យាបាល​ដោយ​ថ្នាំ​ពេទ្យ​ជា​បន្ទាន់​។ ថ្នាំ​ពេទ្យ​ទីមួយ គឺ​សម្រាប់​ជំងឺ​អាឡេហ្ស៊ី​របស់​ម្តាយ​ខ្ញុំ ហើយ​ថ្នាំ​មួយ​ទៀត គឺ​សម្រាប់​ជំងឺ​សើ​ស្បែក​ធ្ងន់ធ្ងរ​របស់​ក្មួយ​ស្រី​ខ្ញុំ​។ ជំងឺ​ទាំង​នេះ​បាន​ធ្វើ​ឲ្យ​ពួកគេ​កាន់តែ​មាន​អារម្មណ៍​ពិបាក​ទ្រាំ តែ​ថ្នាំ​ទាំង​ពីរ​ប្រភេទ​នេះ មិន​មាន​លក់​នៅ​តាម​ឱសថ​ស្ថាន​ក្នុង​តំបន់​ដែល​ខ្ញុំ​រស់នៅ​ទៀត​ទេ​។ ខ្ញុំ​មិន​ដឹង​ថា ត្រូវ​ទៅ​រក​ជំនួយ​នៅ​កន្លែងណា ហើយ​មាន​អារម្មណ៍​ទាល់​ច្រក ដូច​នេះ ខ្ញុំ​ក៏​បាន​អធិស្ឋាន​ម្តង​ហើយ​ម្តង​ទៀត សូម​ព្រះ​អង្គ​ជួយ​ពួក​គាត់​។

ប៉ុន្មាន​សប្តាហ៍​ក្រោយមក ជំងឺ​របស់​ពួក​គាត់​មាន​ភាព​ធូរ​ស្រាល ស្ថិត​ក្នុង​ស្ថានភាព​ដែល​អាច​គ្រប់​គ្រង​បាន​។ ព្រះ​ទ្រង់​ហាក់​ដូចជា​កំពុង​មាន​បន្ទូល​ថា មាន​ពេល​ខ្លះ ព្រះអង្គ​ប្រើ​ថ្នាំ​ពេទ្យ​ដើម្បី​ព្យាបាល​ជំងឺ​របស់​យើង តែ​ដែល​ជា​ឬ​អត់ ថ្នាំ​ពេទ្យ​មិនមែន​ជា​អ្នក​សម្រេច​នោះ​ឡើយ គឺ​ព្រះអង្គ​ទេ​ដែល​ជា​អ្នក​សម្រេច​។ ដូច​នេះ យើង​មិន​តែងតែ​អាច​ទុក​ចិត្ត​លើ​ថ្នាំ​ពេទ្យ តែ​យើង​អាច​ទុកចិត្ត​ព្រះអង្គ​ជានិច្ច​។

ក្នុង​បទ​គម្ពីរ​ទំនុក​ដំកើង ជំពូក២០ ស្តេច​ដាវីឌ​បាន​រក​ឃើញ​ការ​កម្សាន្ត​ចិត្ត នៅ​ក្នុង​ភាព​ដែល​អាច​ទុកចិត្ត​បាន​របស់​ព្រះអង្គ​។ កាល​ពួក​អ៊ីស្រាអែល​មាន​កងទ័ព​ដ៏​ខ្លាំង​ពូកែ ​ពួក​គេ​ដឹង​ថា ចំណុច​ខ្លាំង​បំផុត​របស់​ពួកគេ ជា​ការ​ទុក​ចិត្ត​លើ​ព្រះ​នាម​ព្រះអង្គ(ខ.៧)។ ពួកគេ​បាន​ទុក​ចិត្ត​លើ​ព្រះ​នាម​ព្រះអង្គ គឺ​ទុក​ចិត្ត​ថា ព្រះអង្គ​ជា​នរណា មាន​ចារិក​លក្ខណៈ​ដែល​មិន​ចេះ​ប្រែ​ប្រួល និង​មិន​ដែល​ខាន​នឹង​ធ្វើ​តាម​ព្រះបន្ទូល​សន្យា​។ ពួកគេ​បាន​ប្រកាន់​ខ្ជាប់​តាម​សេចក្តី​ពិត​ដែល​ថា ព្រះ​ដែល​មាន​អំណាច​គ្រប់​គ្រង​លើ​អ្វីៗ​ទាំង​អស់ នឹង​ស្តាប់​ឮ​ពួក​គេ​អធិស្ឋាន ហើយ​រំដោះ​ពួកគេ ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ(ខ.៦)។

ព្រះ​ទ្រង់​អាច​ប្រើ​ធនធាន​ក្នុង​លោកិយ​នេះ ដើម្បី​ជួយ​យើង តែ​ជ័យ​ជម្នះ​មក​លើ​បញ្ហា​របស់​យើង គឺ​កើត​ចេញពី​ព្រះអង្គ​។ ទោះ​ព្រះ​អង្គ​ប្រទាន​យើង​នូវ​ដំណោះ​ស្រាយ ឬ​ព្រះ​គុណ​សម្រាប់​ស៊ូ​ទ្រាំ​ក៏ដោយ ក៏​យើង​អាច​ទុក​ចិត្ត​ថា ព្រះអង្គ​នៅតែ​ជា​ព្រះ​នៃ​សេចក្តី​ស្រឡាញ់​។ យើង​មិន​ចាំបាច់​ត្រូវ​មាន​អារម្មណ៍​ថា​ពិបាក​ពេក ដោយសារ​បញ្ហា​របស់​យើង តែ​យើង​អាច​ប្រឈម​មុខ​ដាក់​បញ្ហា​យើង ដោយ​ក្តី​សង្ឃឹម និង​សន្តិភាព​មកពី​ព្រះអង្គ​។—Karen Huang

ក្នុង​ការ​ត​យុទ្ធ​ផ្ទាល់​ខ្លួន​របស់​អ្នក តើ​អ្នក​ទុក​ចិត្ត​លើ​អ្វី? តើ​ការ​ទុក​ចិត្ត​លើ​ព្រះ​នាម​ព្រះ អាច​ផ្លាស់​ប្តូរ​របៀប ដែល​អ្នក​ប្រឈម​មុខ​ដាក់​បញ្ហា​ប្រឈម​ទាំង​នោះ យ៉ាងណា​ខ្លះ?

ឱ​ព្រះវរបិតា​ដែល​គង់នៅ​ស្ថាន​សួគ៌ សូម​ព្រះ​អង្គ​ប្រទាន​ទូល​បង្គំ​នូវ​ចិត្ត​ដែល​ហ៊ាន​ទុកចិត្ត​ព្រះអង្គ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ជឿ​ថា ព្រះអង្គ​មិន​ដែល​ប្រែ​ប្រួល​ឡើយ គឺ​ដូច​ដែល​ព្រះអង្គ​បាន​សន្យា​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៣៧-៣៩ និង ២ពេត្រុស ២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles