ដួងព្រះទ័យរបស់ព្រះសម្រាប់មនុស្សទាំងអស់

ម៉ាថាយ ១១:២៧-៣០

អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក​។ ម៉ាថាយ ១១:២៨

ឌែន ហ្គីល(Dan Gill) ជា​ក្មេង​ប្រុស​អាយុ៩ឆ្នាំ បាន​ទៅ​ចូល​រួម​ពិធីខួប​កំណើត​ជាមួយ​មិត្ត​ជិត​ស្និទ្ធ​បំផុត​របស់​គាត់​ឈ្មោះ អាឈី(Archie)។ ប៉ុន្តែ ទោះជា​យ៉ាងណា​ក៏ដោយ ពេល​ដែល​ម្តាយ​របស់​ក្មេង​ប្រុស​ជា​ម្ចាស់​ខួប​កំណើត ឃើញ​អាឈី គាត់​បាន​បដិសេធន៍​មិន​ឲ្យ​អាឈី​ចូល​រួម​ពិធី​ខួប​កំណើត​ឡើយ​។ គាត់​ថា មិន​មាន​កៅអី​ទំនេរ សម្រាប់​ឲ្យ​អាឈី​អង្គុយ​ទេ​។ ពេល​នោះ​ឌែន​សុខ​ចិត្ត​អង្គុយ​នៅ​លើ​កម្រាល​ឥដ្ឋ ដើម្បី​ឲ្យ​មិត្ត​ភក្តិ​គាត់ ដែល​ជា​ជនជាតិ​ស្បែក​ខ្មៅ​បាន​អង្គុយ​នៅ​លើ​កៅ​អី តែ​ម្តាយ​ក្មេង​នោះ​នៅតែ​បដិសេធន៍​មិន​ឲ្យ​អាឈី​ចូល​រួម​។ ដូច​នេះ​ឌែន​ក៏បាន​ប្រគល់​អំណោយ​របស់​គាត់ និង​អំណោយ​របស់​អាឈី ទៅ​ស្រ្តី​នោះ ហើយ​ក៏​បាន​ត្រឡប់​ទៅ​ផ្ទះ​វិញ​ជា​មួយ​អាឈី​។ ថ្ងៃ​នោះ ការ​បដិសេធន៍​ដែល​មិត្ត​ភក្តិ​គាត់​បាន​ទទួលរង បាន​ធ្វើ​ឲ្យ​គាត់​មាន​ការ​ឈឺ​ចិត្ត​យ៉ាង​ខ្លាំង​។

ប៉ុន្មាន​ទសវត្សរ៍​ក្រោយមក សព្វថ្ងៃ​នេះ ឌែន​បាន​ក្លាយ​ជា​គ្រូ​បង្រៀន ដែល​តែងតែ​ដាក់​កៅអី​ទំនេរ​មួយ ក្នុង​ថ្នាក់​រៀន​របស់​គាត់​។ ពេល​សិស្ស​របស់​គាត់​សួរ​អំពី​មូល​ហេតុ​ដែល​គាត់​ធ្វើ​ដូច​នេះ គាត់​ក៏​បាន​ពន្យល់​ថា គាត់​ធ្វើ​ដូច​នេះ ដើម្បី​រំឭក​ខ្លួន​ឯង​ថា ថ្នាក់​រៀន​គាត់​តែងតែ​មាន​កន្លែង​ទំនេរ​សម្រាប់​មនុស្ស​គ្រប់​គ្នា ដោយ​គ្មាន​ការ​រើសអើង​។

ព្រះយេស៊ូវ​មាន​ព្រះទ័យ​បើក​ចំហ​សម្រាប់​មនុស្ស​ទាំង​អស់ គឺ​ដូច​ដែល​ព្រះអង្គ​មាន​បន្ទូល​ស្វាគមន៍​ថា “អស់​អ្នក​ដែល​នឿយ​ព្រួយ ហើយ​ផ្ទុក​ធ្ងន់​អើយ ចូរ​មក​ឯ​ខ្ញុំ ខ្ញុំ​នឹង​ឲ្យ​អ្នក​រាល់​គ្នា​ឈប់​សំរាក”(ម៉ាថាយ ១១:២៨)។ ការ​អញ្ជើញ​នេះ​មិន​បាន​ប្រាស​ចាក​គោលដៅ​នៃ​ព្រះ​រាជ​កិច្ច​របស់​ព្រះយេស៊ូវ​ឡើយ(រ៉ូម ១:១៦)។ អំណោយ​នៃ​សេចក្តី​សង្រ្គោះ គឺ​មាន​សម្រាប់​មនុស្ស​ទាំង​អស់ ដែល​ទទួល​ជឿ​ព្រះយេស៊ូវ គឺ “សំរាប់​គ្រប់​អស់​អ្នកណា​ដែល​ជឿ​ផង ដ្បិត​គ្មាន​ខុស​អំពី​គ្នា​ទេ”​(៣:២២)។

ដូច​នេះ យើង​អាច​អរ​សប្បាយ ចំពោះ​ការ​អញ្ជើញ​របស់​ព្រះគ្រីស្ទ​ដល់​មនុស្ស​ទាំង​អស់ យ៉ាង​ដូច​នេះ​ថា “ចូរ​ទទួល​នឹម​ខ្ញុំ ហើយ​រៀន​នឹង​ខ្ញុំ​ចុះ ដ្បិត​ខ្ញុំ​ស្លូត ហើយ​មាន​ចិត្ត​សុភាព នោះ​អ្នក​រាល់​គ្នា​នឹង​បាន​សេចក្តី​សំរាក​ដល់​ព្រលឹង”(ម៉ាថាយ ១១:២៩)។ ព្រះទ័យ​ព្រះអង្គ​តែង​តែ​បើក​ចំហ សម្រាប់​មនុស្ស​ទាំង​អស់​ដែល​កំពុង​ស្វែងរក​ការ​សម្រាក​ដ៏​ពិត​។—Patricia Raybon

តើ​អ្នក​កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​បែប​ណា ពេល​ដែល​អ្នក​ទទួល​អំណោយ​នៃ​សេចក្តី​សង្គ្រោះ​របស់​ព្រះអង្គ? តើ​អ្នក​ដឹង​ថា ព្រះយេស៊ូវ​កំពុង​មាន​បន្ទូល​ត្រាស់​ហៅ​មក​កាន់​ចិត្ត​មនុស្ស​ណា​ខ្លះ?

ឱ​ព្រះយេស៊ូវ ព្រះ​អង្គ​បាន​ហៅ​ទូល​បង្គំ ពេល​ដែល​អ្នក​ដទៃ​មិន​រាប់​រក​ទូល​បង្គំ​។ ទូល​បង្គំ​សូម​អរ​ព្រះគុណ​ព្រះអង្គ សម្រាប់​ការ​ប្រទាន​ទូល​បង្គំ នូវ​សេចក្តី​សង្គ្រោះ និង​សេចក្តី​ស្រឡាញ់​។

For further study, read Keeping the Faith: The Cost of Following Christ at DiscoverySeries.org/Q0614.

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : អេសេគាល ៤០-៤១ និង ២ពេត្រុស ៣

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles