អំណោយដែលល្អបំផុត

“មើល នាង​ព្រហ្ម​ចារី​នឹង​មានគភ៌​ប្រសូត​បាន​បុត្រា១ ហើយ​ព្រះ​នាម​បុត្រ​នោះ​ត្រូវ​ហៅថា អេម៉ាញូអែល” ដែល​ប្រែ​ថា ព្រះ​អង្គ​ទ្រង់​គង់​ជាមួយនឹង​យើង​ខ្ញុំ​។ ម៉ាថាយ ១:២៣

ម៉ាថាយ ១:១៨-២៥

“មើល នាង​ព្រហ្ម​ចារី​នឹង​មានគភ៌​ប្រសូត​បាន​បុត្រា១ ហើយ​ព្រះ​នាម​បុត្រ​នោះ​ត្រូវ​ហៅថា អេម៉ាញូអែល” ដែល​ប្រែ​ថា ព្រះ​អង្គ​ទ្រង់​គង់​ជាមួយនឹង​យើង​ខ្ញុំ​។ ម៉ាថាយ ១:២៣

លោក​គ្រូ​នីកូឡាស បាន​ចាប់​កំណើត ក្នុង​ឆ្នាំ២៧០នៃ​គ្រីស្ទ​សករាជ ក្នុង​គ្រួសារ​ជនជាតិ​ក្រិក ដែល​មាន​ទ្រព្យ​សម្បត្តិ​ស្តុកស្តម្ភ​។ គួរ​ឲ្យ​សោក​ស្តាយ​ណាស់ ឪពុក​ម្តាយ​គាត់​បាន​បាត់បង់​ជីវិត កាល​គាត់​នៅ​ក្មេង​នៅឡើយ ហើយ​គាត់​ក៏បាន​រស់នៅ​ជា​មួយ​ពូ​របស់​គាត់ ដែល​ស្រឡាញ់​គាត់ និង​បង្រៀន​គាត់ ឲ្យ​ដើរ​តាម​ផ្លូវ​ព្រះអម្ចាស់​។ មាន​រឿង​ព្រេង​មួយ​បាន​ដំណាល​ថា កាល​លោក​គ្រូ​នី​កូឡាស​ស្ថិត​ក្នុង​វ័យ​យុវជន គាត់​បាន​ដឹង​ថា មាន​បង​ប្អូន​ស្រីៗ៣នាក់ មិន​មាន​ប្រាក់​បណ្ណាការ​សម្រាប់​រៀប​ការ ហើយ​ហៀបនឹង​ក្លាយ​ជា​ជន​ទុរគត​ បើ​គ្មាន​អ្នក​រៀប​ការ​ជា​មួយ​។ គាត់​ចង់​ប្រព្រឹត្ត​តាម​ព្រះបន្ទូល​ព្រះយេស៊ូវ​ឲ្យ​ដាក់​ទាន​ដល់​អ្នក​ដែល​ខ្វះខាត ដូច​នេះ គាត់​ក៏​បាន​យក​កាក់​មាស​ដែល​ជា​កេរ​អាករ ឲ្យ​ទៅ​អ្នក​ទាំង​បី​នាក់​នោះ ម្នាក់១ថង់​ៗ។ ក្នុង​អំឡុង​ប៉ុន្មាន​ឆ្នាំ​ក្រោយមក​ទៀត គាត់​បាន​បន្ត​បរិច្ចាគ​ទ្រព្យ​សម្បត្តិ​របស់​គាត់ ដើម្បី​ចែក​អាហារ​ដល់​អ្នកក្រ និង​ទំនុក​បម្រុង​អ្នក​ដទៃ​។ ជា​ច្រើន​សតវត្សរ៍​ក្រោយមក គំរូ​នៃ​ការ​ឲ្យ​អំណោយ​របស់​គាត់ ដោយ​សេចក្តី​សប្បុរស បាន​បណ្តាល​ចិត្ត​គេ ឲ្យ​និពន្ធ​រឿង​តា​សាន់តាក្លូស ជា​រឿង​ប្រឌិត សម្រាប់​បុណ្យ​ណូអែល​។

តួ​អង្គ​តា​សាន់តាក្លូស ឬ​តា​ណូអែល ជា​តួ​អង្គ​ប្រឌិត តែ​ភាព​សប្បុរស​របស់​លោក​គ្រូ​នីកូឡាស ក្នុង​ការ​ឲ្យ​អំណោយ​ដល់​អ្នក​ដទៃ ក្នុង​នាម​គាត់​ជា​គ្រីស្ទបរិស័ទ បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ព្រះគ្រីស្ទ​ដែល​បាន​យាង​មក​ចាប់​កំណើត​ជា​មនុស្ស ធ្វើ​ជា​អំណោយ​មាន​តម្លៃ​បំផុត ដល់​មនុស្ស​ទាំង​អស់​។ ព្រះយេស៊ូវ​ជា “ព្រះ​គង់នៅ​ជាមួយ​យើង”(ម៉ាថាយ ១:២៣)។ ហើយ​ព្រះអង្គ​ក៏បាន​ប្រទាន​យើង​នូវ​អំណោយ​នៃ​ជីវិត​អស់​កល្ប​។ ក្នុង​លោកិយ​ដែល​មាន​សេចក្តី​ស្លាប់ ព្រះ​អង្គ​បាន​សង្គ្រោះ​រាស្រ្ត​ព្រះអង្គ​ឲ្យ​រួច​ពី​បាប(ខ.២១)។

អ្នកជឿ​ព្រះយេស៊ូវ​ពិត​ប្រាកដ តែងតែ​បង្ហាញ​ចេញ​នូវ​សេចក្តី​សប្បុរស ដោយ​ការ​លះបង់​។ ពួក​គេ​យក​ចិត្ត​ទុកដាក់​ចំពោះ​ការ​ខ្វះខាត​របស់​អ្នក​ដទៃ ហើយ​ក៏​ជួយ​ទំនុក​បម្រុង​គេ ដោយ​អំណរ ដូច​ដែល​ព្រះ​ទ្រង់​បាន​ផ្គត់ផ្គង់​ពួកគេ​ផង​ដែរ​។ ព្រះយេស៊ូវ​ជា​អំណោយ​ដែល​ល្អ​បំផុត​សម្រាប់​មនុស្ស​ជាតិ​។—Winn Collier

តើ​អ្នក​បាន​ឲ្យ​អំណោយ​ដល់​អ្នក​ដទៃ ដោយ​ការ​បង្ខំ​ចិត្ត ឬ​ដោយ​អំណរ? តើ​ព្រះយេស៊ូវ​បាន​ប្រទាន​គំរូ​នៃ​សេចក្តី​សប្បុរស ដល់​អ្នក​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​បើក​ភ្នែក​ទូល​បង្គំ ឲ្យ​មើល​ឃើញ​ការ​ខ្វះខាត​របស់​អ្នក​ដទៃ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​យក​អសារ​ពួកគេ ដោយ​ចិត្ត​សប្បុរស​ពិត​ប្រាកដ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ដានីយ៉ែល ៣-៤ និង ១យ៉ូហាន ៥

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles