ការលះបង់តាមគំរូព្រះគ្រីស្ទ

រ៉ូម ១២:១-៣

ឲ្យ​បាន​ថ្វាយ​រូបកាយ​ទុកជា​យញ្ញ​បូជា​រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ ជា​ការ​គោរព​នៃ​អ្នក​រាល់​គ្នា ដែល​មាន​ទំនង​។ រ៉ូម ១២:១

អ្នក​និពន្ធ​ជនជាតិ​អាមេរិក ឈ្មោះ អូ ហេនរី(O. Henry) សរសេរ​អំពី​រឿង​ថ្ងៃ​ណូអែល នៅ​ឆ្នាំ១៩០៥ ជា​រឿង​ដ៏​ពេញ​និយម មាន​ចំណង​ជើង​ថា “អំណោយ​របស់​ពួក​ហោរ”។ កាល​នោះ គាត់​កំពុងតែ​មាន​បញ្ហា​ផ្ទាល់​ខ្លួន ដែល​ធ្វើ​ឲ្យ​គាត់​ដួល​ចុះ ពិបាក​ក្រោកឈរ​ឡើង​វិញ​។ តែ​គាត់​នៅតែ​បាន​និពន្ធ​រឿង​ដែល​បាន​លើក​ទឹក​ចិត្ត​មនុស្ស​ជា​ច្រើន ដោយ​បាន​ផ្ដោត​ទៅ​លើ​តួ​អង្គ​ដែល​មាន​ចារិក​លក្ខណៈ​ដូច​ព្រះគ្រីស្ទ នៅ​ត្រង់​ការ​លះបង់​។ ក្នុង​រឿង​នេះ ស្ត្រី​ជា​ភរិយា​ក្រី​ក្រ​ម្នាក់​បាន​លក់​សក់​ដ៏​ស្រស់​ស្អាត​របស់​ខ្លួន នៅពេល​ល្ងាច​មុន​ថ្ងៃ​ណូអែល​ចូល​មកដល់ ដើម្បី​ទិញ​ខ្សែ​មាស​សម្រាប់​ដាក់​នាឡិ​ការ​របស់​ស្វាមី​គាត់​។ ទោះជា​យ៉ាងណា​ក៏ដោយ ក្រោយមក នាង​ក៏​បាន​ដឹង​ថា ស្វាមី​របស់​នាង​បាន​លក់​នាឡិ​ការ​របស់​គាត់ ដើម្បី​ទិញ​ក្រាស់​សិត​សក់​សម្រាប់​សក់​ដ៏​ស្រស់​ស្អាត​របស់​នាង​។

ក្នុង​រឿង​នេះ ការ​លះបង់​គឺជា​អំណោយ​ដែល​មាន​តម្លៃ​បំផុត ដែល​ពួកគេ​បាន​ផ្តល់​ឲ្យ​គ្នា​ទៅវិញ​ទៅមក​។ កាយ​វិការ​នៃ​ការ​លះបង់​របស់​អ្នក​ទាំង​ពីរ សុទ្ធតែ​បាន​បង្ហាញ​ចេញ​នូវ​សេចក្តី​ស្រឡាញ់​ដ៏​អស្ចារ្យ​។

រឿង​នេះ​បាន​រំឭក​យើង អំពី​អំណោយ​នៃ​សេចក្តី​ស្រឡាញ់ ដែល​ហោ​រទាំង៣(ឬ​អ្នក​ប្រាជ្ញ​ទាំង​បី) បាន​យក​មក​ថ្វាយ​ព្រះយេស៊ូវ បន្ទាប់​ពី​ព្រះអង្គ​ទើបតែ​បាន​ប្រសូត ដោយ​សេចក្តី​បរិសុទ្ធ(មើល ម៉ាថាយ ២:១,១១)។ ទោះជា​យ៉ាងណា​ក៏ដោយ ក្រោយមក ព្រះអង្គ​ក៏​បាន​ចម្រើន​វ័យ​ធំឡើង ហើយក៏​បាន​លះបង់​ព្រះ​ជន្ម​ព្រះអង្គ សម្រាប់​លោកិយ​ទាំងមូល​។

ក្នុង​ការ​រស់នៅ​របស់​យើង​ជា​រៀង​រាល់​ថ្ងៃ ជា​អ្នកជឿ​ព្រះគ្រីស្ទ​ យើង​ក៏​អាច​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ស្គាល់​អំណោយ​ដ៏​អស្ចារ្យ​របស់​ព្រះអង្គ ដោយ​លះបង់​ពេល​វេលា និង​ធនធាន សម្រាប់​អ្នក​ដទៃ ហើយ​បង្ហាញ​ចេញ​នូវ​អាកប្ប​កិរិយា​នៃ​សេចក្តី​ស្រឡាញ់​។ គឺ​ដូច​ដែល​សាវ័ក​ប៉ុល​បាន​សរសេរ​ថា “បង​ប្អូន​អើយ ខ្ញុំ​ទូន្មាន​អ្នក​រាល់​គ្នា ដោយ​សេចក្តី​មេត្តា​ករុណា​នៃ​ព្រះ ឲ្យ​បាន​ថ្វាយ​រូបកាយ​ទុកជា​យញ្ញ​បូជា​រស់ ហើយ​បរិសុទ្ធ ដែល​គាប់​ព្រះហឫទ័យ​ដល់​ព្រះ ជា​ការ​គោរព​នៃ​អ្នក​រាល់​គ្នា ដែល​មាន​ទំនង”(រ៉ូម ១២:១)។ គ្មាន​អំណោយ​អ្វី​ដែល​ប្រសើរ​ជាង​ការ​លះបង់​សម្រាប់​អ្នក​ដទៃ ដោយ​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះយេស៊ូវ​។—Patricia Raybon

តើ​អ្នក​បាន​ទទួល​អំណោយ​នៃ​ការ​លះបង់​អ្វី​ខ្លះ ពី​នរណា​ម្នាក់ ដែល​បង្ហាញ​សេចក្តី​ស្រឡាញ់​របស់​ព្រះគ្រីស្ទ? តើ​អ្នក​អាច​ផ្តល់​ឲ្យ​អ្នក​ដទៃ នូវ​អំណោយ​នៃ​ការ​លះបង់​អ្វី​ខ្លះ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​បង្ហាញ​ដល់​អ្នក​ដទៃ ​ឲ្យ​ស្គាល់​ព្រះយេស៊ូវ ដោយ​ធ្វើ​ការ​លះបង់ ដើម្បី​បំពេញ​តម្រូវការ​ពួកគេ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ :  ដានីយ៉ែល ៥-៧ និង ២យ៉ូហាន

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles