ទំនុកដំកើង ១៣១
ទូលបង្គំបានរំងាប់ ហើយព្រលូងព្រលឹងទូលបង្គំជាស្រេច … ព្រលឹងនៅក្នុងខ្លួនទូលបង្គំ ប្រៀបដូចជាកូនដែលលែងដោះហើយ។ ទំនុកដំកើង ១៣១:២
មានពេលមួយ ខ្ញុំបានដាក់ទូរស័ព្ទចុះ ដោយចិត្តហត់នឿយ ចំពោះរូបភាព គំនិត និងការជូនដំណឹង ដែលបានលោតឡើងនៅលើអេក្រង់ទូរស័ព្ទឥតឈប់ឈរ។ បន្ទាប់មក ខ្ញុំក៏បានលើកវាឡើង ហើយបើកវាមើលទៀត។ តើមកពីហេតុអ្វី?
ក្នុងសៀវភៅដែលលោកនីកូឡាស ខារ(Nicholas Carr) បាននិពន្ធមានចំណងជើងថា ភាពរាក់កំផែល គាត់បានពិពណ៌នា អំពីរបៀបដែលប្រព័ន្ធអ៊ីនធឺណិត បានជះឥទ្ធិពលមកលើការចំណាយពេលស្ងាត់ស្ងៀមរបស់យើង។ គាត់បានសរសេរថា “ប្រព័ន្ធអ៊ីនធឺណិតហាក់ដូចជាកំពុងតែកាត់បន្ថយសមត្ថភាពរបស់ខ្ញុំ នៅក្នុងការផ្តោតអារម្មណ៍ និងការជញ្ជឹងគិត។ ទោះខ្ញុំកំពុងចំណាយពេលអនឡាញ ឬអត់ សព្វថ្ងៃនេះ គំនិតខ្ញុំរំពឹងចង់បានព័ត៌មាន តាមរបៀបដែលប្រព័ន្ធអ៊ីនធឺណិតបានចែកផ្សាយមកខ្ញុំ គឺប្រៀបដូចជាទឹកធ្លាក់ ដែលហូរនាំភាគតូចល្អិតយ៉ាងឆាប់រហ័ស។ កាលពីមុន ខ្ញុំប្រៀបដូចជាអ្នកមុជចូលជ្រៅក្នុងសមុទ្រនៃពាក្យពេចន៍ដែលគេសរសេរ។ តែឥឡូវ ខ្ញុំប្រៀបដូចជាអ្នកជិះម៉ូតូទឹកនៅលើផ្ទៃទឹកសមុទ្រនោះ ដោយល្បឿនដ៏លឿន”។
ការរស់នៅ ដោយចិត្តដែលមិនបានគិតស៊ីជម្រៅ ដូចម៉ូតូទឹកបើកនៅលើផ្ទៃទឹកក្នុងល្បឿនលឿន មិនសូវមានប្រយោជន៍សម្រាប់យើងទេ។ ប៉ុន្តែ តើយើងអាចចាប់ផ្តើមបន្ថយល្បឿនដូចម្តេចខ្លះ ហើយមុជចូលទៅក្នុងទឹកខាងវិញ្ញាណឲ្យបានជ្រៅ ដោយរបៀបណា?
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១៣១ ស្តេចដាវីឌបានសរសេរថា “ទូលបង្គំបានរំងាប់ ហើយព្រលូងព្រលឹងទូលបង្គំជាស្រេច”(ខ.២)។ ព្រះបន្ទូលស្តេចដាវីឌត្រង់ចំណុចនេះ បានរំឭកខ្ញុំថា ខ្ញុំត្រូវមានការទទួលខុសត្រូវ។ ការផ្លាស់ប្តូរទំលាប់ចាប់ផ្តើមមាន ពេលដែលខ្ញុំសម្រេចចិត្តបន្ថយល្បឿន ហើយឈប់បង្អង់ ទោះខ្ញុំត្រូវធ្វើការសម្រេចចិត្តដូចនេះឡើងវិញម្តងហើយម្តងទៀតក៏ដោយ។ ចិត្តរបស់យើងបានសម្រាក ក្នុងការស្កប់ចិត្តដូចក្មេងតូចដែលស្កប់ស្កល់ ដោយចាំថា មានតែព្រះអង្គទេ ដែលបានប្រទានសេចក្តីសង្ឃឹម(ខ.៣) ជាការស្កប់ស្កល់ដល់វិញ្ញាណយើង គ្មានទូរស័ព្ទទំនើប ឬកម្មវិធីបណ្ដាញសង្គមណា ដែលអាចផ្តល់ឲ្យយើងបានឡើយ។—Adam R. Holz
តើបច្ចេកវិទ្យាមានឥទ្ធិពលដូចម្តេចខ្លះ មកលើសមត្ថភាពរបស់អ្នក ក្នុងការសម្រាកយ៉ាងស្ងាត់ស្ងៀម នៅចំពោះព្រះអង្គ?
តើទូរស័ព្ទរបស់អ្នកបានរួចចំណែកក្នុងការធ្វើឲ្យអ្នកមានការស្កប់ចិត្តទេ? តើហេតុអ្វី?
ឱព្រះវរបិតា លោកិយមានពេញដោយការរំខាន ដែលមិនបានធ្វើឲ្យវិញ្ញាណស្កប់ស្កល់។
សូមព្រះអង្គជួយទូលបង្គំ ឲ្យទុកចិត្តថា ព្រះអង្គនឹងប្រទានទូលបង្គំនូវការស្កប់ចិត្តពិតប្រាកដ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូអែល ១-៣ និង វិវរណៈ ៥