លោកុប្បតិ្ត ៣២:២២-៣២
កាលគាត់ឆ្លងត្រង់ព្នីអែលរួចហើយ នោះថ្ងៃបានរះឡើង គាត់ក៏ដើរខ្ញើចៗ។ លោកុប្បត្ដិ ៣២:៣១
អ្នកស្រីហ្វេយ(Faye) បានពិនិត្យមើលស្នាមសម្លាក នៅលើពោះរបស់គាត់។ គាត់បានស៊ូទ្រាំនឹងការវះកាត់មួយលើកទៀត ដើម្បីយកដុំសាច់មហារីកចេញពីក្រពះគាត់។ លើកនេះ ក្រុមវេជ្ជបណ្ឌិតបានកាត់ដុំសាច់នោះចេញពីក្រពះរបស់គាត់ ហើយបានបន្សល់ទុកនូវស្នាមសម្លាក ដែលបានឆ្លុះបញ្ចាំងអំពីការប្រឹងប្រែងរបស់ពួកគេ។ គាត់ក៏បានប្រាប់ស្វាមីគាត់ថា ស្នាមសម្លាកនោះជាតំណាងឲ្យការឈឺចាប់ដោយសារជំងឺមហារីក ឬជាតំណាងឲ្យការចាប់ផ្តើមនៃការជាសះស្បើយ។ តែគាត់បានសម្រេចចិត្តចាត់ទុកស្នាមសម្លាកនោះ ជានិមិត្តរូបនៃការជាសះស្បើយ។
លោកយ៉ាកុបក៏ធ្លាប់ប្រឈមមុខដាក់ការសម្រេចចិត្តស្រដៀងនេះផងដែរ បន្ទាប់ពីគាត់បានបោកចំបាប់ជាមួយព្រះអម្ចាស់ ពេញមួយយប់។ ដោយសារលោកយ៉ាកុបមិនព្រមបោះបង់ការប្រកួត ព្រះអង្គក៏បានពាល់ត្រង់សន្លាក់ត្រគាកគាត់ ធ្វើឲ្យត្រគាកគាត់ថ្លស់ បានជាគាត់ដើរខ្ញើចៗ។ ប៉ុន្មានខែក្រោយមក ពេលដែលលោកយ៉ាកុបស្ទាបត្រគាករបស់គាត់ ដែលបានថ្លស់នោះ តើគាត់បានរៀនសូត្រអ្វីខ្លះ ពីហេតុការណ៍នោះ?
តើចិត្តរបស់គាត់មានពេញដោយការស្តាយក្រោយ ដោយសារគាត់បានរស់នៅដោយការបោកបញ្ឆោតអ្នកដទៃ ដែលនាំឲ្យគាត់ឈានទៅដល់ការបោកចំបាប់នោះ? ព្រះអម្ចាស់បានប្រើទុក្ខលំបាកឲ្យគាត់ភ្លឺភ្នែក មើលឃើញសេចក្តីពិត ដោយព្រះអង្គបានបដិសេធន៍មិនព្រមប្រទានពរគាត់ ទាល់តែគាត់បានដឹងច្បាស់ថា ខ្លួនឯងជានរណា។ គាត់មានឈ្មោះយ៉ាកុប ដែលមានន័យថា “អ្នកតោងកែងជើង” (មើល លោកុប្បត្ដិ ២៥:២៦)។ គាត់បានបោកបញ្ឆោតលោកអេសាវជាបងប្រុសគាត់ និងលោកឡាបាន់ ជាឪពុកក្មេកគាត់ ដើម្បីប្រយោជន៍ផ្ទាល់ខ្លួន។ ព្រះទ្រង់ក៏បានប្រទានឈ្មោះថ្មីដល់លោកយ៉ាកុបថា “អ៊ីស្រាអែល” ព្រោះគាត់បានតយុទ្ធនឹងព្រះ និងមនុស្ស ហើយក៏បានឈ្នះផង(៣២:២៨)។
ដំណើរខ្ញើចរបស់លោកយ៉ាកុប គឺជាតំណាងឲ្យការស្លាប់នៃជីវិតចាស់របស់គាត់ដែលមានការបោកប្រាស់ និងជាតំណាងឲ្យការចាប់ផ្តើមជីវិតថ្មីជាមួយព្រះ។ ជាចុងបញ្ចប់នៃឈ្មោះយ៉ាកុប និងការចាប់ផ្តើមនៃឈ្មោះអ៊ីស្រាអែល។ ដំណើរខ្ញើចរបស់គាត់បាននាំឲ្យគាត់ពឹងផ្អែកលើព្រះអម្ចាស់ ដែលកំពុងធ្វើការដោយអំណាចចេស្ដា នៅក្នុង និងតាមរយៈគាត់។—Mike Wittmer
តើអ្នកមានរបួសខាងវិញ្ញាណអ្វីខ្លះ? តើវាជានិមិត្តរូបនៃការបញ្ចប់ការអាក្រក់ និងការចាប់ផ្តើមការអ្វីដែលថ្មី យ៉ាងដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ ដែលបានជួយទូលបង្គំឲ្យមានការចាប់ផ្តើមជាថ្មី។
To learn more about finding God in life’s hurts, visit ODBU.org/resource-library/videos/help-for-my-life.
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : យ៉ូណាស ១-៤ និង វិវរណៈ ១០