លូកា ២:១-៧
តែឯង ឱបេថ្លេហិម-អេប្រាតាអើយ … នឹងមានម្នាក់កើតចេញពីឯងមកឲ្យអញ អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល។ មីកា ៥:១
កាលពីខែវិច្ឆិកា ឆ្នាំ១៩៦២ អ្នកវិទ្យាសាស្ត្រផ្នែករូបវិទ្យាឈ្មោះ ចន ដាប់ប៊លយូ ម៉ូចលី(John W. Mauchly) មានប្រសាសន៍ថា “យើងគ្មានហេតុផលដែលត្រូវសន្និដ្ឋានថា ក្មេងៗនឹងមិនអាចចេះប្រើកុំព្យូទ័រផ្ទាល់ខ្លួនយ៉ាងស្ទាត់ជំនាញនោះឡើយ”។ ការព្យាករណ៍របស់លោកម៉ូចលីហាក់ដូចជាមានលក្ខណៈគួរឲ្យកត់សំគាល់ណាស់ នៅសម័យនោះ តែវាបានក្លាយជាការពិត ក្នុងពេលបច្ចុប្បន្ន។ សព្វថ្ងៃនេះ ការប្រើប្រាស់កុំព្យូទ័រ ឬឧបករណ៍យួរដៃ ស្ថិតក្នុងចំណោមជំនាញដំបូងបំផុត ដែលក្មេងៗរៀន។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកឃើញបទទំនាយជាច្រើន ក្នុងព្រះគម្ពីរ ដែលបានទាយអំពីការយាងមកចាប់កំណើតរបស់ព្រះគ្រីស្ទ។ ជាបទទំនាយដែលបានសម្រេច និងសំខាន់ជាងការព្យាករណ៍របស់អ្នកវិទ្យាសាស្ត្រទៅទៀត។ ឧទាហរណ៍ បទគម្ពីរមីកា ៥:២ បានប្រកាសថា “តែឯង ឱបេថ្លេហិម-អេប្រាតាអើយ ឯងដែលតូចនៅក្នុងពួកយូដាទាំងពាន់ៗ នឹងមានម្នាក់កើតចេញពីឯងមកឲ្យអញ អ្នកនោះត្រូវឡើងជាអ្នកគ្រប់គ្រងលើអ៊ីស្រាអែល ដើមកំណើតរបស់អ្នកនោះបានចាប់តាំងពីបុរាណ គឺពីអស់កល្បរៀងមក”។ ព្រះវរបិតាបានចាត់ព្រះយេស៊ូវ ឲ្យយាងមកចាប់កំណើត ក្នុងភូមិបេថ្លេហិម ជាភូមិតូចមួយ ក្នុងទឹកដីអ៊ីស្រាអែល ក្នុងជំនួរវង្សរបស់ស្តេចដាវីឌ(មើលលូកា ២:៤-៧)។
ព្រះគម្ពីរក៏បានថ្លែងទំនាយយ៉ាងត្រឹមត្រូវ អំពីការយាងមកជាលើកទីមួយរបស់ព្រះយេស៊ូវ ហើយក៏បានសន្យាថា ព្រះអង្គនឹងយាងមកវិញម្តងទៀត(កិច្ចការ ១:១១)។ ព្រះយេស៊ូវក៏បានសន្យាថា ព្រះអង្គនឹងយាងមកវិញ ដើម្បីទទួលអ្នកជឿព្រះអង្គទាំងអស់ទៅនៅជាមួយព្រះអង្គ(យ៉ូហាន ១៤:១-៤)។
ក្នុងរដូវកាលនៃបុណ្យណូអែលឆ្នាំនេះ ខណៈពេលដែលយើងពិចារណា អំពីបទទំនាយអំពីព្រះយេស៊ូវ ដែលបានសម្រេច ចូរយើងគិតអំពីការយាងមកវិញរបស់ព្រះអង្គ តាមព្រះបន្ទូលសន្យា ហើយអនុញ្ញាតឲ្យព្រះអង្គរៀបចំខ្លួនយើង សម្រាប់ពេលដ៏អស្ចារ្យ ដែលយើងនឹងឃើញព្រះអង្គមុខទល់នឹងមុខ។—Bill Crowder
តើអ្នកនឹងថ្វាយបង្គំព្រះអង្គដូចម្តេចខ្លះ ដើម្បីឆ្លើយតបចំពោះសេចក្តីពិត នៃបទទំនាយអំពីការប្រសូតរបស់ព្រះគ្រីស្ទ? តើការសន្យារបស់ព្រះអង្គថា នឹងយាងមកវិញ បានជះឥទ្ធិពលមកលើការសម្រេចចិត្តរបស់អ្នកដូចម្តេចខ្លះ?
ឱព្រះវរបិតានៃសេចក្តីស្រឡាញ់ ទូលបង្គំសូមអរព្រះគុណព្រះអង្គខ្លាំងណាស់ ដែលបានចាត់ព្រះយេស៊ូវឲ្យមកប្រសូត និងបំពេញបេសកកម្មសង្គ្រោះ និងប្រោសលោះមនុស្សឲ្យរួចពីបាប។ ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការសន្យាថា នឹងយាងមកយកទូលបង្គំទៅនៅជាមួយព្រះអង្គ យ៉ាងពិតប្រាកដ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : សេផានា ១-៣ និង វិវរណៈ ១៦