រឿង​មិន​សប្បាយ​ចិត្ត​បន្ទាប់ពី​ថ្ងៃ​ណូអែល

លូកា ២១៥-២០

តែ​ម៉ារា នាង​រក្សា​ទុក​រឿង​ទាំង​នោះ ដោយ​រំពឹង​គិតតែ​ក្នុង​ចិត្ត​។ លូកា ២:១៩

បន្ទាប់ពី​ខ្ញុំ​នឹង​ក្រុម​គ្រួសារ​ខ្ញុំ​បាន​ប្រារព្ធ​ថ្ងៃ​ណូអែល ដោយ​អំណរ ថ្ងៃ​បន្ទាប់​យើង​ជួប​រឿង​ដែល​មិន​សប្បាយ​ចិត្ត​ជា​ច្រើន​។ យើង​បាន​ស្នាក់​នៅ​ក្នុង​ផ្ទះ​មិត្ត​ភក្តិ​របស់​យើង តែ​មិន​បាន​គេង​គ្រប់​គ្រាន់​។ បន្ទាប់មក ឡាន​របស់​យើង​ក៏​បាន​ខូច ខណៈ​ពេល​ដែល​យើង​កំពុង​ធ្វើ​ដំណើរ​តាម​ផ្លូវ​ត្រឡប់​មក​ផ្ទះ​វិញ​។ ហើយ​ព្រិល​ក៏បាន​ធ្លាក់​ចុះ​មក​។ យើង​ក៏​បាន​ទុក​ឡាន​ចោល ហើយ​ឡើង​ជិះ​ឡាន​តាក់​ស៊ី​បន្ត​ដំណើរ​មក​ផ្ទះ ខណៈ​ពេល​ព្រិល​នៅតែ​បន្ត​ធ្លាក់ ហើយ​យើង​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត​។

មិន​មែន​តែ​យើង​ទេ ដែល​មាន​អារម្មណ៍​មិន​សប្បាយ​ចិត្ត បន្ទាប់ពី​ថ្ងៃ​ណូអែល​បាន​កន្លង​ផុត​ទៅ​។ យើង​មិន​សប្បាយ​ចិត្ត អាច​ដោយសារ​យើង​បរិភោគ​អាហារ​ច្រើន​ពេក ឬ​បទ​ចម្រៀង​ណូអែល​ស្រាប់តែ​លែង​មាន​គេ​ចាក់​ផ្សាយ​ក្នុង​វិទ្យុ​ទៀត ឬមួយ​អំណោយ​ដែល​យើង​ទិញ​សប្តាហ៍​មុន ឥឡូវ​នេះ មាន​តម្លៃថោក​ជាង​មុន​ពាក់​កណ្តាល​។ ទោះ​ដោយសារ​មូល​ហេតុ​អ្វី​ក៏ដោយ ភាព​សប្បាយ​រីករាយ​នៅ​ថ្ងៃ​ណូអែល អាច​រលាយ​បាត់​ទៅវិញ​យ៉ាង​ឆាប់​រហ័ស​។

ព្រះ​គម្ពីរ​មិន​ដែល​ប្រាប់​យើង​ថា នៅ​ក្រោយ​ពេល​ដែល​ព្រះយេស៊ូវ​បាន​ប្រសូត មាន​រឿង​អ្វី​ខ្លះ​កើត​ឡើង​នៅ​ថ្ងៃ​បន្ទាប់​។ តែ​យើង​អាច​ស្រមៃ​ថា បន្ទាប់ពី​នាង​ម៉ារា និង​លោក​យ៉ូសែប​បាន​ដើរ​ទៅ​ភូមិ​បេថ្លេហិម មិន​អាច​រក​កន្លែង​ស្នាក់​នៅ​បាន នាង​ម៉ារា​ក៏​បាន​ប្រសូត​បុត្រ​ដោយ​ការ​ឈឺ​ចាប់​ខាង​រូបកាយ ហើយ​ស្រាប់តែ​មាន​ពួក​អ្នក​គង្វាល​មក​រក​ពួកគេ ដោយ​មិន​បាន​ឲ្យ​ដំណឹង​ជាមុន(លូកា ២:៤-១៨) នាង​ម៉ារា និង​លោក​យ៉ូសែប​មុខជា​មាន​ការ​ហត់​នឿយ​ណាស់​ហើយ​។ តែ​ខ្ញុំ​អាច​ស្រមៃ​ផង​ដែរ​ថា នៅពេល​ដែល​នាង​ម៉ារា​បី​ព្រះ​ឱរស នាង​ប្រាកដ​ជា​នឹក​ចាំ​អំពី​ពេល​ដែល​ទេវតា​មក​ជួប​នាង(១:៣០-៣៣) និង​ពេល​នាង​អេលី​ហ្សាបិត​ឲ្យពរ​នាង(ខ.៤២-៤៥) ហើយ​នាង​ក៏បាន​ដឹង​អំពី​ជោគវាសនា​របស់​បុត្រ​តូច(ខ.៤៦-៥៥)។ នាង​ម៉ារា “បាន​រំពឹង​គិត” រឿង​នោះ នៅ​ក្នុង​ចិត្ត(២:១៩) ដែល​ប្រាក​ជា​បាន​កាត់​បន្ថយ​ភាព​នឿយហត់ និង​ការ​ឈឺ​ចាប់​ផ្នែក​រូបកាយ​នៅ​ថ្ងៃ​នោះ​។

យើង​រាល់​គ្នា​សុទ្ធតែ​មាន​ថ្ងៃ​ដែល​យើង​មិន​សប្បាយ​ចិត្ត ប្រហែល​សូម្បីតែ​នៅ​ថ្ងៃ​បន្ទាប់ពី​ថ្ងៃ​ណូអែល​ក៏​ដោយ។ ចូរ​យើង​ប្រឈម​មុខ​ដាក់​រឿង​ដែល​មិន​សប្បាយ​ចិត្ត ដោយ​ជញ្ជឹង​គិត​អំពី​ព្រះ​មួយ​អង្គ​ដែល​បាន​យាង​ចុះ​មក​ក្នុង​លោកិយ ដោយ​បាន​ប្រទាន​ពន្លឺ ដែល​ភ្លឺ​ជាប់​ជានិច្ច ដោយ​ព្រះ​វត្ត​មាន​ព្រះអង្គ​។—Sheridan Voysey

តើ​អ្នក​មាន​អារម្មណ៍​ថា មិន​សប្បាយ​ចិត្ត ឬ​សប្បាយ​ចិត្ត​នៅ​ពេលណា​ខ្លះ? តើ​អ្នក​អាច​ជញ្ជឹង​គិត​អំពី​ការ​អ្វី​ដែល​ព្រះយេស៊ូវ​បាន​ប្រទាន​លោកិយ​នេះ យ៉ាង​ដូច​ម្តេច​ខ្លះ?

ឱ​ព្រះយេស៊ូវ ទូល​បង្គំ​សូម​សរសើរ​ដំកើង​ព្រះអង្គ ដែល​បាន​យាង​ចូល​ក្នុង​លោកិយ​ងងឹត ដោយ​ប្រទាន​ពន្លឺ នៃ​​ព្រះ​វត្ត​មាន​ព្រះអង្គ​ជា​រៀង​រហូត​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ហាកាយ ១-២ និង វិវរណៈ ១៧

Share this post:
Facebook
Twitter
LinkedIn
WhatsApp

More articles