
អត្តសញ្ញាណថ្មី ក្នុងព្រះយេស៊ូវ
ដោយJames Banks
December 31, 2023
លោកុប្បត្ដិ ១-៣ និង ម៉ាថាយ ១
២កូរិនថូស ៥:១៤-២១
មើល សេចក្តីស្រឡាញ់យ៉ាងណាហ្ន៍ ដែលព្រះវរបិតាបានផ្តល់មកយើងរាល់គ្នា។ ១យ៉ូហាន ៣:១
“ខ្ញុំឥឡូវមិនដូចខ្ញុំកាលពីមុនទេ។ ខ្ញុំបានក្លាយជាមនុស្សថ្មីហើយ”។ នេះជាពាក្យសម្តីដ៏សាមញ្ញ ដែលកូនប្រុសខ្ញុំបានថ្លែងទៅកាន់សិស្សទាំងឡាយ នៅក្នុងការជួបជុំគ្នានៅសាលា ដោយរៀបរាប់អំពីការផ្លាស់ប្តូរ ដែលព្រះទ្រង់បានប្រទានក្នុងជីវិតគាត់។ កាលពីមុន ជេហ្វហ្វ្រ៊ី(Geoffrey) គឺជាមនុស្សញៀនថ្នាំម្នាក់ តែក្រោយមក គាត់បានទទួលស្គាល់អំពើបាប និងកំហុសរបស់ខ្លួនឯង។ ហើយឥឡូវនេះ គាត់បានមើលឃើញខ្លួនគាត់ ជាកូនព្រះ។
ព្រះគម្ពីរបានលើកទឹកចិត្តយើង ដោយព្រះបន្ទូលដែលសន្យាថា “បានជាបើអ្នកណានៅក្នុងព្រះគ្រីស្ទ នោះឈ្មោះថាបានកើតជាថ្មីហើយ អស់ទាំងសេចក្តីចាស់បានកន្លងបាត់ទៅ មើល គ្រប់ទាំងអស់បានត្រឡប់ជាថ្មីវិញ”(២កូរិនថូស ៥:១៧)។ យើងក្លាយជាមនុស្សថ្មី ទោះកាលពីមុន យើងជានរណា ឬបានធ្វើអ្វីក៏ដោយ ពេលណាយើងទទួលជឿព្រះយេស៊ូវ ដើម្បីទទួលយកសេចក្តីសង្គ្រោះ និងការអត់ទោសបាប ដែលព្រះអង្គប្រទានតាមរយៈការសុគតនៅលើឈើឆ្កាង។ ចាប់តាំងពីសម័យសួនច្បារអេដែន ទោសកំហុសនៃអំពើបាបបានកាត់ផ្តាច់យើងចេញពីព្រះ តែព្រះអង្គបាន “ផ្សះផ្សាយើងនឹងព្រះអង្គទ្រង់ ដោយសារព្រះយេស៊ូវគ្រីស្ទ” “ឥតប្រកាន់ទោស” យើងទៀត(ខ.១៨-១៩)។ យើងជាកូនស្ងួនភ្ងារបស់ព្រះអង្គ(១យ៉ូហាន ៣:១-២) ដែលព្រះអង្គបានលាងសម្អាត និងធ្វើឲ្យយើងកើតជាថ្មី ឲ្យមានលក្ខណៈដូចព្រះរាជបុត្រាព្រះអង្គ។
ព្រះយេស៊ូវបានរំដោះយើងឲ្យរួចពីបាប និងអំណាចរបស់បាបដែលគ្រប់គ្រងជីវិតយើង ហើយស្អាងយើងឡើងវិញ ឲ្យមានទំនាក់ទំនងថ្មីមួយ ជាមួយព្រះអង្គ បានជាយើងមានសេរីភាព ក្នុងការរស់នៅ មិនមែនសម្រាប់ខ្លួនឯង តែសម្រាប់ព្រះអង្គ ដែលបានសុគតជួសយើង និងបានមានព្រះជន្មរស់ឡើងវិញ(២កូរិនថូស ៥:១៥)។ នៅថ្ងៃចូលឆ្នាំថ្មីនេះ ចូរយើងនឹកចាំថា សេចក្តីស្រឡាញ់របស់ព្រះដែលកែប្រែជីវិតយើង បានជំរុញយើងឲ្យរស់នៅ ដោយអត្តសញ្ញាណ និងគោលបំណងថ្មី។ សេចក្តីស្រឡាញ់របស់ព្រះអង្គក៏បានចង្អុលបង្ហាញអ្នកដទៃ ឲ្យងាកទៅរកព្រះអង្គសង្គ្រោះយើង ជាព្រះដែលអាចកែប្រែពួកគេឲ្យក្លាយជាមនុស្សថ្មីផងដែរ!—James Banks
តើអ្នកមានអារម្មណ៍យ៉ាងណា ពេលដែលបានដឹងថា ការចាប់ផ្តើមជាថ្មីអាចកើតមាន ជាមួយព្រះអម្ចាស់? តើអ្នកអាចរស់នៅ ជា “ស្នាព្រះហស្តថ្មី” របស់ព្រះអង្គ ដូចម្តេចខ្លះ?
ឱព្រះវរបិតា ទូលបង្គំសូមអរព្រះគុណព្រះអង្គ សម្រាប់ការចាត់ព្រះរាជបុត្រាព្រះអង្គ ឲ្យសង្គ្រោះទូលបង្គំ។ សូមព្រះអង្គចាត់ទូលបង្គំឲ្យទៅកាន់មនុស្ស ដែលត្រូវការព្រះអង្គផងដែរ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្ដិ ១-៣ និង ម៉ាថាយ ១