ទីក្រុង​នៃ​សេចក្តី​សុចរិត

ហេព្រើរ ១៣:១៤-២១

ទ្រង់​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ … ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា បាន​ធ្វើ​តាម​បំណង​ព្រះហឫទ័យ​របស់​ទ្រង់​។ ហេព្រើរ ១៣:២១

នៅពេល​ល្ងាច​ថ្ងៃ​ចូល​ឆ្នាំ​ថ្មី ឆ្នាំ២០០០ ក្រុម​មន្ត្រី នៅ​ទីក្រុង​ដេត្រយ​បាន​បើក​ប្រអប់​មូល ដែល​មាន​អាយុ១រយ​ឆ្នាំ​យ៉ាង​ប្រុង​ប្រយ័ត្ន​។ នៅ​ក្នុង​ប្រអប់​មូល​ធ្វើ​ពី​ទង់ដែង​នោះ មាន​លិខិត​ដែល​អ្នក​ដឹកនាំ​ទីក្រុង​ដេត្រយ ក្នុង​សម័យ​មុន​បាន​សរសេរ​ការ​ព្យាករណ៍​អំពី​ពេល​អនាគត ដោយ​បង្ហាញ​ចក្ខុ​វិស័យ​ដែល​ពួកគេ​មាន ចំពោះ​ភាព​ចម្រុង​ចម្រើន​។ ទោះជា​យ៉ាងណា​ក៏ដោយ អតីត​អភិបាល​ក្រុង​ដែល​បាន​សរសេរ​លិខិត​នោះ បាន​សរសេរ​អំពី​ប្រធានបទ​ខុសពី​នេះ​។ ជាក់​ស្តែង គាត់​បាន​សរសេរ​ថា “ក្នុង​នាម​អ្នក​ជា​ជាតិ​សាសន៍ និង​ប្រជាជន​ក្នុង​ទីក្រុង​នេះ សូម​ព្រះ​ទ្រង់​អនុញ្ញាត​ឲ្យ​យើង​បង្ហាញ​ចេញ​នូវ​សេចក្តី​សង្ឃឹម​មួយ ដែល​ខ្ពង់​ខ្ពស់​លើស​សេចក្តី​សង្ឃឹម​ទាំង​អស់…គឺ​សង្ឃឹមថា យើង​នឹង​បាន​ចម្រើន​ឡើង​ខាង​ឯ​សេចក្តី​សុចរិត ព្រោះ​សេចក្តី​សុចរិត​លើក​ដំកើង​ជាតិ​សាសន៍​របស់​យើង”។

លោក​អភិបាល​ក្រុង​រូប​នេះ​បាន​អធិស្ឋាន​ទូល​សូម​ឲ្យ​ពលរដ្ឋ​ទាំងឡាយ នៅពេល​អនាគត ចម្រើន​ឡើង​នៅ​ក្នុង​ភាព​សុចរិត និង​ពិត​ត្រង់​។ គាត់​ប្រហែល​ជា​យក​គំរូ​តាម​ព្រះយេស៊ូវ ដែល​បាន​ប្រទាន​ព្រះពរ​ដល់​អ្នក​ដែល​ស្រេក​ឃ្លាន​សេចក្តី​សុចរិត(ម៉ាថាយ ៥:៦)។ តែ​យើង​ក៏​ងាយ​នឹង​បាក់​ទឹក​ចិត្ត ពេល​ដែល​យើង​ពិចារណា​អំពី​ខ្នាត​គំរូ​ឥត​ខ្ចោះ​របស់​ព្រះអង្គ ដែល​យើង​មិន​អាច​ឈោង​ដល់​។

តែ​អរ​ព្រះគុណ​ព្រះអង្គ ដែល​យើង​មិន​ចាំ​បាច់​ត្រូវ​ពឹង​ផ្អែក​កម្លាំង​ខ្លួនឯង ដើម្បី​ឲ្យ​មាន​ការ​លូត​លាស់​។ កណ្ឌ​គម្ពីរ​ហេព្រើរ​បាន​ចែងថា “សូម​ឲ្យ​ព្រះ​នៃ​សេចក្តី​សុខ​សាន្ត … ទ្រង់​ប្រោស​ឲ្យ​អ្នក​រាល់​គ្នា​បាន​គ្រប់​លក្ខណ៍ ក្នុង​ការ​ល្អ​គ្រប់​ជំពូក​ដោយសារ​ព្រះ​លោហិត នៃ​សញ្ញា​ដ៏​នៅ​អស់​កល្ប​ជានិច្ច ប្រយោជន៍​ឲ្យ​អ្នក​រាល់​គ្នា បាន​ធ្វើ​តាម​បំណង​ព្រះហឫទ័យ​របស់​ទ្រង់ ដោយ​ទ្រង់​ធ្វើ​ការ​ក្នុង​អ្នក​រាល់​គ្នា ដែល​គាប់​ដល់​ព្រះហឫទ័យ​នៃ​ទ្រង់ ដោយសារ​ព្រះយេស៊ូវគ្រីស្ទ”(ហេព្រើរ ១៣:២០-២១)។ យើង​ដែល​នៅ​ជាប់​ក្នុង​ព្រះគ្រីស្ទ​បាន​បរិសុទ្ធ ដោយសារ​ព្រះ​លោហិត​ព្រះអង្គ នៅពេល​ដែល​យើង​ទទួល​ជឿ​ព្រះអង្គ(ខ.‌១២) តែ​ព្រះអង្គ​ធ្វើ​ការ​យ៉ាង​សកម្ម ដើម្បី​ឲ្យផល​ផ្លែ​នៃ​សេចក្តី​សុចរិត​កើត​មាន​ក្នុង​ចិត្ត​យើង ពេញ​មួយ​ជីវិត​។ យើង​មាន​ការ​ជំពប់​ដួល​ជា​ញឹក​ញាប់ ក្នុង​ការ​ធ្វើ​ដំណើរ​ខាង​វិញ្ញាណ តែ​យើង​នៅតែ​បន្ត​សម្លឹង​ឆ្ពោះ​ទៅ​រក “ទីក្រុង​ដែល​ត្រូវ​មក” ដែល​នៅ​ទីនោះ សេចក្តី​សុចរិត​របស់​ព្រះអម្ចាស់​នឹង​​គ្រង​រាជ​ជា​រៀង​រហូត(ខ.១៤)។—Karen Pimpo

តើ​អ្នក​ចង់​ឲ្យ​គេ​មើល​ឃើញ​លក្ខណៈ​សម្បត្តិ​អ្វី​ខ្លះ ក្នុង​ជីវិត​អ្នក ដែល​ដូច​ព្រះគ្រីស្ទ?
តើ​អ្នក​អាច​លើក​ទឹក​ចិត្ត​អ្នក​ដទៃ​ដូច​ម្តេច​ខ្លះ ឲ្យ​ស្វែងរក​សេចក្តី​សុចរិត​របស់​ព្រះអង្គ?

ឱ​ព្រះអម្ចាស់ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ ឲ្យ​ធ្វើ​ការ​អ្វី​ដែល​ព្រះអង្គ​សព្វ​ព្រះទ័យ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : ម៉ាឡាគី ១-៤ និង វិវរណៈ ២២

Share this post:
Facebook
Twitter
LinkedIn
WhatsApp

From the same category:

More articles