លោកុប្បត្តិ ៤-៦ និង ម៉ាថាយ ២
សាស្តា ១:១-១១
ថ្ងៃក៏រះឡើង ហើយលិចទៅវិញ។ សាស្តា ១:៥
រឿងប្រលោមលោក ដែលលោកអឺណេស ហេមមីងវេយ(Ernest Hemingway) បាននិពន្ធ គាត់បាននិយាយអំពីមនុស្សប្រមឹកពីរនាក់ជាមិត្តសំឡាញ់នឹងគ្នា ដែលបានស៊ូទ្រាំនឹងទុក្ខលំបាក ក្នុងអំឡុងសម័យសង្គ្រាមលោកលើកទី១។ ពួកគេមានស្នាមសម្លាកនៅលើរូបកាយ និងក្នុងចិត្ត ដោយសារគ្រោះមហន្តរាយនៃសង្គ្រាម ហើយបានព្យាយាមជម្នះវា ដោយការជប់លៀង ដំណើរផ្សងព្រេងធំៗ និងការសប្បាយក្នុងផ្លូវភេទ។ ពួកគេក៏តែងតែផឹកស្រា ដើម្បីបំបាត់ការឈឺចាប់ តែពួកគេនៅតែមិនសប្បាយចិត្ត។
លោកហេមមីងវេយក៏បានដាក់ចំណងជើងឲ្យរឿងប្រលោមលោកនេះថា ព្រះអាទិត្យក៏បានរះដែរ ដោយផ្អែកទៅលើបទគម្ពីរសាស្តា ១:៥។ ក្នុងកណ្ឌគម្ពីរសាស្តា ស្តេចសាឡូម៉ូនបានហៅខ្លួនឯងថា “គ្រូប្រដៅ”(ខ.១)។ ទ្រង់បានសង្កេតឃើញថា អ្វីៗទាំងអស់សុទ្ធតែ “ឥតប្រយោជន៍”(ខ.២) ហើយក៏បានសួរថា “តើមនុស្សមានកំរៃអ្វីខ្លះ ពីអស់ទាំងការដែលខ្លួនខំធ្វើ ដោយនឿយហត់នៅក្រោមថ្ងៃ?”(ខ.៣)។ ស្តេចសាឡូម៉ូនក៏បានទតឃើញរបៀបដែលថ្ងៃរះ និងលិចទៅវិញ ខ្យល់បកពីទិសណាទៅទិសណា និងទឹកទន្លេរហូរមិនចេះឈប់ ចូលទៅក្នុងសមុទ្រដែលមិនចេះឆ្អែតឆ្អន់(ខ.៥-៧)។ ទីបំផុត គ្មាននរណានឹកចាំអំពីពួកវាទៀតទេ(ខ.១១)។
ត្រង់ចំណុចនេះ លោកហេមមីងវេយ និងអ្នកនិពន្ធកណ្ឌគម្ពីរសាស្តាសុទ្ធតែចង់ឲ្យយើងត្រិះរិះពិចារណា អំពីភាពឥតប្រយោជន៍នៃការរស់នៅ លើផែនដីនេះ។ ទោះជាយ៉ាងណាក៏ដោយ ស្តេចសាឡូម៉ូនបានផ្តល់ឲ្យនូវតម្រុយដ៏ភ្លឺស្វាងនៃសេចក្តីសង្ឃឹមមកពីស្ថានសួគ៌ នៅក្នុងកណ្ឌគម្ពីរសាស្តា។ យើងអាចមានក្តីសង្ឃឹមពិតប្រាកដ និងស្ថិតស្ថេរ។ កណ្ឌគម្ពីរសាស្តាបានបង្ហាញធាតុពិតរបស់យើងជាមនុស្ស តែក៏បានបង្ហាញឲ្យយើងដឹងថា ព្រះជានរណា។ គឺដូចដែលស្តេចសាឡូម៉ូនមានបន្ទូលថា “ការអ្វីដែលព្រះទ្រង់ធ្វើ នោះនឹងស្ថិតស្ថេរនៅជាដរាប”(៣:១៤) ហេតុនេះហើយ យើងអាចមានសេចក្តីសង្ឃឹមដ៏អស្ចារ្យ។ ដ្បិតព្រះទ្រង់បានប្រទានព្រះរាជបុត្រា ព្រះនាមយេស៊ូវ ជាអំណោយដល់យើងរាល់គ្នា។
បើយើងមិនបាននៅជាប់ព្រះអង្គទេ យើងនឹងរសាត់អណ្តែត ក្នុងសមុទ្រដែលគ្មានកោះត្រើយ។ តែតាមរយៈព្រះយេស៊ូវ ជាព្រះរាជបុត្រានៃព្រះដែលមានព្រះជន្មរស់ យើងបានទទួលការប្រោសឲ្យជានឹងព្រះ ហើយរកឃើញជីវិតមានន័យ មានតម្លៃ និងគោលបំណង។—Tim Gustafson
តើអ្នកបានចំណាយពេលភាគច្រើនធ្វើការអ្វីខ្លះ? តើវាមានន័យអ្វីចំពោះអ្នកទេ? តើអ្នកអាចផ្លាស់ប្តូរអាទិភាពរបស់អ្នកដូចម្តេចខ្លះ ដើម្បីដើរតាមព្រះយេស៊ូវ?
ឱព្រះវរបិតានៃសេចក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំឲ្យរកឃើញភាពពេញលេញក្នុងព្រះអង្គ។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ៤-៦ និង ម៉ាថាយ ២