លោកុប្បត្តិ ៧-៩ និង ម៉ាថាយ ៣
ទំនុកដំកើង ៣៣:៦-៩,១២-២២
ឱព្រះយេហូវ៉ាអើយ សូមឲ្យសេចក្តីសប្បុរសរបស់ទ្រង់ សណ្ឋិតនៅលើយើងខ្ញុំ តាមដែលយើងខ្ញុំសង្ឃឹមដល់ទ្រង់។ ទំនុកដំកើង ៣៣:២២
អ្នកវិទ្យាសាស្ត្រផ្នែកទឹកសមុទ្រ ឈ្មោះ ស៊ីលវា អឺល(Sylvia Earle) បានសង្កេតឃើញការថយចុះនៃផ្កាសមុទ្រ នៅបាតសមុទ្រ។ គាត់ក៏បានបង្កើតអង្គការបេសកកម្មពណ៌ខៀវ ជាអង្គការដែលមានការប្ដេជ្ញាចិត្ត ចំពោះការអភិវឌ្ឍន៍ “តំបន់នៃក្តីសង្ឃឹម” នៃពិភពលោក។ តំបន់ពិសេសទាំងនេះ មានទីតាំងនៅជុំវិញពិភពលោក មាន “សារៈសំខាន់យ៉ាងខ្លាំង ចំពោះសុខភាពនៃមហាសមុទ្រ” ដែលមានផលប៉ះពាល់មកលើជីវិតរបស់មនុស្ស នៅលើផែនដី។ តាមរយៈការថែរក្សាតំបន់ផ្កាថ្មទាំងនេះ អ្នកវិទ្យាសាស្ត្រទាំងឡាយក៏បានស្តាទំនាក់ទំនងរវាងជីវចម្រុះនៅបាតសមុទ្រឡើងវិញ និងបានអភិរក្សពូជសត្វជាច្រើនដែលជិតផុតពូជ។
ក្នុងបទគម្ពីរទំនុកដំកើង ជំពូក៣៣ អ្នកនិពន្ធបទគម្ពីរទំនុកដំកើងបានទទួលស្គាល់ថា ព្រះទ្រង់មានបន្ទូល ឲ្យអ្វីៗកើតមាន ហើយក៏បានធានាថា ស្នាព្រះហស្តទាំងអស់ដែលព្រះអង្គបានបង្កើតនឹងឈរមាំ(ខ.៦-៩)។ ដោយសារព្រះទ្រង់បានសោយរាជ្យលើជំនាន់មនុស្ស និងជាតិសាសន៍ទាំងឡាយ(ខ.១១-១៩) នោះមានតែព្រះអង្គទេ ដែលអាចស្អាងទំនាក់ទំនងឲ្យល្អឡើងវិញ និងសង្គ្រោះជីវិតមនុស្ស ហើយជួយឲ្យពួកគេមានក្តីសង្ឃឹមឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ ព្រះអង្គបានអញ្ជើញយើងឲ្យចូលរួមជាមួយព្រះអង្គ នៅក្នុងការថែរក្សាពិភពលោក និងមនុស្សដែលព្រះអង្គបានបង្កើតឲ្យមាននៅលើពិភពលោក។
រៀងរាល់ពេលដែលយើងសរសើរដំកើងព្រះអង្គ សម្រាប់ការបង្កើតឥន្ទធនូដែលលាតសន្ធឹងនៅលើផ្ទៃមេឃ ដែលមានពពក ឬការបង្កើតទឹករលក ក្នុងមហាសមុទ្រឲ្យបក់បោកច្រាំង ដែលមានផ្ទាំងថ្មធំៗ នោះយើងក៏អាចប្រកាស អំពី “សេចក្តីស្រឡាញ់ និងព្រះវត្តមានដ៏ស្ថិតស្ថេរ” របស់ព្រះអង្គ ខណៈពេលដែលយើងសង្ឃឹមដល់ព្រះអង្គ(ខ.២២)។
ពេលណាយើងជួបការល្បួង ឲ្យមានការបាក់ទឹកចិត្ត ឬការភ័យខ្លាច ដោយសារយើងបានគិតអំពីស្ថានភាពនៃពិភពលោក ក្នុងពេលបច្ចុប្បន្ន យើងប្រហែលជាចាប់ផ្តើមជឿថា យើងមិនអាចនាំមកនូវការផ្លាស់ប្តូរបានឡើយ។ ទោះជាយ៉ាងណាក៏ដោយ ពេលណាយើងបានបំពេញតួនាទីរបស់យើង ជាផ្នែកមួយនៃក្រុមថែរក្សារបស់ព្រះអង្គ យើងអាចថ្វាយព្រះកិត្តិនាមដល់ព្រះអង្គ ជាព្រះអាទិករ ហើយជួយអ្នកដទៃឲ្យរកឃើញក្តីសង្ឃឹម នៅក្នុងការជឿព្រះយេស៊ូវ។ —Xochitl Dixon
តើព្រះទ្រង់បានប្រើធម្មជាតិ ដើម្បីលើកទឹកចិត្តអ្នកឲ្យមានក្តីសង្ឃឹម យ៉ាងដូចម្តេចខ្លះ? តើអ្នកអាចធ្វើការបម្រើ ជាផ្នែកមួយនៃក្រុមថែរក្សារបស់ព្រះអង្គ ដោយរបៀបណា?
ឱព្រះអាទិករ និងព្រះដ៏ទ្រទ្រង់ដែលមានក្តីស្រឡាញ់ សូមព្រះអង្គជួយទូលបង្គំឲ្យនាំអ្នកដទៃ ឲ្យមានក្តីសង្ឃឹមដល់ព្រះអង្គ ខណៈពេលដែលទូលបង្គំធ្វើការបម្រើព្រះអង្គក្នុងក្រុមថែរក្សា។
គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្តិ ៧-៩ និង ម៉ាថាយ ៣