នំម៉ាណាប្រចាំថ្ងៃ

ព្រឹក

ព្រះអង្គ​ទទួល​យក​អំពើ​បាប

ព្រះអង្គ​ទទួល​យក​អំពើ​បាប

ដោយWinn Collier

January 14, 2024

លោកុប្បត្ដិ ៣៣-៣៥ និង ម៉ាថាយ ១០:១-២០

អេសាយ ៥៣:១-៦

ទ្រង់​បាន​ទ្រាំទ្រ រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង​។ អេសាយ ៥៣:៤

គ្រោះ​មហន្ត​រាយ​នៃ​រោង​ចក្រ​នុយក្លេអ៊ែរ នៅ​ខេត្ត​ហ្វ៊ូ​គូស៊ីម៉ា ប្រទេស​ជប៉ុន កាលពី​ឆ្នាំ២០១១ ដែល​បណ្តាល​មកពី​​គ្រោះ​រញ្ជួយ​ដី បាន​បញ្ចេញ​ជាតិ​ពុល​វិទ្យុ​សកម្ម​ដ៏​ច្រើន​លើស​លប់ ហើយ​បាន​បង្ខំ​ពលរដ្ឋ​ជាង១៥ម៉ឺន​នាក់ ឲ្យ​ចាក​ចេញពី​តំបន់​ដែល​ទទួល​ផល​ប៉ះ​ពាល់​។ អ្នក​ស្រុក​ម្នាក់​បាន​រៀប​រាប់​ថា “គ្រោះ​មហន្ត​រាយ​នេះ ប្រៀប​ដូចជា​ព្រិល​ដែលគេ​មើល​មិន​ឃើញ ធ្លាក់​មក​លើ​ខេត្ត​ហ្វ៊ូ​គូស៊ីម៉ា ហើយ​បន្ត​ធ្លាក់ និង​គ្រប​ដណ្តប់​ពីលើ​តំបន់​នោះ”។ គេ​បាន​រក​ឃើញ​ជាតិ​វិទ្យុ​សកម្ម​ក្នុង​កំរិត​ខ្ពស់​នៅ​ក្នុង​បន្លែ សាច់ និង​តំបន់​ទេសចរណ៍ ដែល​ស្ថិត​នៅ​ចម្ងាយ​ជា​ច្រើន​គីឡូម៉ែត្រ​ពី​រោង​ចក្រ​នុយក្លេអ៊ែ​។ ដើម្បី​ប្រយុទ្ធ​ប្រឆាំង​នឹង​ជាតិពុល​នោះ អ្នក​រស់នៅ​ក្នុង​តំបន់​នោះ ក៏បាន​ចាប់​ផ្តើម​ដាំ​ដើម​ផ្កាឈូក​រ័ត្ន ដែល​​គេ​ឮ​ល្បី​ថា ពួកវា​អាច​ស្រូប​យក​ជាតិ​វិទ្យុ​សកម្ម​បាន​។ ពួក​គេ​បាន​យក​គ្រាប់​ផ្កាឈូក​រ័ត្ន​ជាង២សែន​គ្រាប់​ទៅ​ដាំ​នៅ​ទីនោះ ហើយ​សព្វថ្ងៃ​នេះ ដើម​ផ្កាឈូក​រ័ត្ន​រាប់​លាន​ដើម កំពុង​មាន​ផ្ការីក​ស្គុះ​ស្គាយ ក្នុង​ខេត្ត​ហ៊្វ​គូស៊ីម៉ា​។

ព្រះ​ទ្រង់​បាន​រចនា និង​បង្កើត​ដើម​ផ្កាឈូក​រ័ត្ន ឲ្យ​មាន​អត្ថ​ប្រយោជន៍​ច្រើន​លើស​ពី​ការ​រំពឹង​គិត​របស់​យើង​។ ការ​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ អំពី​ដំណោះ​ស្រាយ​ដែល​ព្រះយេស៊ូវ​បាន​ប្រើ ដើម្បី​ប្រោស​ពិភពលោក​ទាំងមូល​ឲ្យ​ជា​។ ព្រះគ្រីស្ទ​បាន​ទទួលយក​ការ​ឈឺ​ចាប់​របស់​យើង ដាក់​នៅ​លើ​ព្រះ​កាយ​ព្រះអង្គ ហើយ​បាន “រង​អស់​ទាំង​សេចក្តី​ឈឺ​ចាប់​របស់​យើង”(អេសាយ ៥៣:៤)។ ព្រះអង្គ​បាន​ទទួលយក​គ្រប់​ទាំង​ការ​អាក្រក់ អំពើបាប និង​ការ​រីក​សាយ​ភាយ​នៃ​អំពើ​បាប​ក្នុង​លោកិយ និង​មធ្យោបាយ​ទាំង​អស់​ដែល​មនុស្ស​បាន​ប្រើ ដើម្បី​បំផ្លាញ​ខ្លួនឯង​។

ព្រះអង្គ​បាន​ទទួល​យក​បាប​របស់​យើង​ទាំង​អស់​។ នៅ​លើ​ឈើ​ឆ្កាង សាច់​ព្រះអង្គ​ត្រូវ​គេ “ចាក់​ទំលុះ” មិនមែន​ដោយសារ​ព្រះអង្គ​មាន​កំហុស តែ​ដោយសារ “អំពើ​រំលង​របស់​យើង”(ខ.៥)។ ហើយ​ដោយសារ​ព្រះអង្គ​បាន​សុគត ដើម្បី​លោះ​បាប​យើង យើង​អាច​មាន​ភាព​ពេញលេញ​។ “យើង​រាល់​គ្នា​បាន​ប្រោស​ឲ្យ​ជា ដោយសារ​ស្នាម​រំពាត់​នៅ​អង្គ​ទ្រង់”(ខ.៥)។

ព្រះគ្រីស្ទ​មិន​គ្រាន់តែ​បាន​អត់​ទោស​ឲ្យ​យើង​តាំងពី​យូរ​មក​ហើយ​ប៉ុណ្ណោះ​ទេ តែ​ក៏​បាន​ផ្ទុក​លើ​អង្គ​ទ្រង់ ដោយ​អំពើ​អាក្រក់​របស់​យើង​។ ព្រះយេស៊ូវ​បាន​ទទួល​យក​ទាំង​អស់​។ ហើយ​បន្ទាប់មក ព្រះអង្គ​ក៏បាន​ប្រោស​យើង​ឲ្យ​ជា​ខាង​វិញ្ញាណ​។—Winn Collier

តើមាន​ការ​អាក្រក់​ណា ដែល​ព្រះ​យេស៊ូវ​បាន​អត់​ទោស​ឲ្យ​អ្នក? តើ​ការ​ដែល​ព្រះ​អង្គ​ទទួលយក​កំហុស​របស់​អ្នក បាន​កែ​ប្រែ​ការ​យល់​របស់​អ្នក អំពី​ការ​អត់​ទោស​របស់​ព្រះអង្គ ដូច​ម្តេច​ខ្លះ?

ឱ​ព្រះអម្ចាស់ ព្រះអង្គ​បាន​ការពារ និង​ឃុំ​គ្រង​ទូល​បង្គំ ហើយ​ក៏​បាន​យាង​មក​គង់នៅ​ជា​មួយ​ទូល​បង្គំ​។ សូម​ព្រះ​អង្គ​ជួយ​ទូល​បង្គំ​ឲ្យ​ធ្វើ​ការ​ល្អជា​ប្រយោជន៍​ដល់​អ្នក​ដទៃ​។

គម្រោងអានព្រះគម្ពីររយៈពេល១ឆ្នាំ : លោកុប្បត្ដិ ៣៣-៣៥ និង ម៉ាថាយ ១០:១-២០

ល្ងាច

Devotional illustration

ក្តី​សង្ឃឹម​សម្រាប់​គ្រីស្ទបរិស័ទ​ដែល​មិនល្អ​ឥត​ខ្ចោះ

ដោយJohn Piper

January 14, 2024

ដ្បិត​ទ្រង់​ធ្វើឲ្យ​ពួក​អ្នក ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់លក្ខណ៍​អស់​កល្ប​ជានិច្ច ដោយសារ​ដង្វាយ​តែ១នោះ។ ហេព្រើរ ១០:១៤

ខគម្ពីរ​នេះ មាន​ពេញ​ទៅ​ដោយ​ការ​លើកទឹកចិត្ត សម្រាប់​មនុស្ស​មាន​បាប ដែល​មិន​គ្រប់លក្ខណ៍​ដូច​យើង ហើយក៏​មាន​ពេញ​ទៅ​ដោយ​ការ​លើកទឹកចិត្ត ឲ្យ​មាន​សេចក្តី​បរិសុទ្ធ​ផង​ដែរ។

បទ​គម្ពីរ​នេះ​មានន័យថា អ្នក​អាច​មានការ​ធានា​ថា អ្នក​អាច​ឈរ​ដោយ​ភាព​គ្រប់​លក្ខណៈ និង​ពេញលេញ នៅក្នុង​ព្រះ​នេត្រ​ព្រះ​វរបិតា​ដែល​គង់នៅ​ស្ថានសួគ៌ មិនមែន​ដោយសារ​អ្នក​ល្អឥតខ្ចោះ​ក្នុង​ពេលឥឡូវនេះ​នោះ​ទេ គឺ​ដោយសារ​អ្នក​មិនល្អ​ឥត​ខ្ចោះ តែ​កំពុង “ទទួល​ការ​ញែក​ចេញ” និង“ធ្វើ​ឲ្យ​បរិសុទ្ធ” ដោយ​ចាកចេញ​ពី​ភាព​មិនល្អ​ឥត​ខ្ចោះ ឆ្ពោះទៅ​រក​សេចក្តី​បរិសុទ្ធ​កាន់តែ​ខ្លាំង​ឡើង​ៗ។ នេះ​ជា​ចំណុច​សំខាន់​នៃ​បទ​គម្ពីរ​ហេព្រើរ ១០:១៤។

តើ​ជំនឿ​របស់​អ្នក​ធ្វើ​ឲ្យ​អ្នក​មាន​ចិត្ត​អន្ទះសា​ចង់​បោះបង់​ចោល​អំពើបាប ហើយ​មានការ​ចម្រើន​ឡើង ក្នុង​សេចក្តី​បរិសុទ្ធ​ឬទេ? ជំនឿ​នោះ​ជា​ប្រភេទ​ជំនឿ​ដែល​អាច​មើល​ទៅ​ព្រះគ្រីស្ទ ក្នុង​ភាព​មិនល្អ​ឥត​ខ្ចោះ​របស់​ខ្លួន ហើយ​ទូល​ព្រះអង្គ​ថា “ព្រះអង្គ​បាន​ធ្វើឲ្យ​ទូលបង្គំ​ល្អឥតខ្ចោះ ក្នុង​ព្រះនេត្រព្រះ​អង្គ​ហើយ”។

ជំនឿ​នេះ​នាំឲ្យ​យើង​អធិស្ឋាន​ថា “ឱ​ព្រះគ្រីស្ទ​អើយ ថ្ងៃនេះ​ទូលបង្គំ​បាន​ធ្វើអំពើ​បាប​ហើយ។ ទូលបង្គំ​ស្អប់​បាប​របស់​ទូលបង្គំ។ ដ្បិត​ព្រះអង្គ​បាន​ចារ​ក្រឹត្យវិន័យ​ព្រះអង្គ ពីលើ​ចិត្ត​ទូលបង្គំ ហើយ​ទូលបង្គំ​ចង់​ស្តាប់​បង្គាប់​ព្រះអង្គ។ ហើយ​ព្រះអង្គ​កំពុង​ធ្វើការ​ក្នុង​ទូលបង្គំ នូវ​អ្វី​ដែល​គាប់​ព្រះទ័យ​ព្រះអង្គ(ហេព្រើរ ១៣:២១)។ ដូចនេះ ទូលបង្គំ​ស្អប់​អំពើ​បាប ដែល​ទូលបង្គំ​នៅ​តែ​បន្ត​ប្រព្រឹត្ត ហើយ​ស្អប់​គំនិត​ដែល​មាន​បាប ដែល​ទូលបង្គំ​កំពុងតែ​មាន”។

នេះ​ជា​ជំនឿ​ដ៏​ពិត និង​ត្រឹមត្រូវ ដែល​នាំឲ្យ​បាន​សង្គ្រោះ។ នេះ​ជា​ជំនឿ ដែល​អាច​យល់​ច្បាស់​ អំពី​សេចក្តី​ដែល​ចែងថា “ទ្រង់​ធ្វើឲ្យ​ពួក​អ្នក​ដែល​បាន​ញែក​ជា​បរិសុទ្ធ​ហើយ បាន​គ្រប់លក្ខណ៍​អស់​កល្ប​ជានិច្ច ដោយសារ​ដង្វាយ​តែ១នោះ”។

នេះ​មិនមែន​ជា​អំនួត​របស់​អ្នក​ខ្លាំងពូកែ​នោះ​ទេ។ តែ​ជា​ការ​ស្រែកយំ​របស់​មនុស្ស​ទន់ខ្សោយ ដែល​ត្រូវការ​ព្រះអង្គ​សង្គ្រោះ​។

ខ្ញុំ​សូម​អញ្ជើញ ខ្ញុំ​សូម​ជំរុញ​អ្នក ឲ្យ​មាន​ភាព​ទន់ខ្សោយ ល្មម​នឹងអាច​ទុកចិត្ត​ព្រះគ្រីស្ទ​យ៉ាងដូច​នេះ​ដែរ។

ប្រភេទ